Thursday, March 8, 2012

កំណាព្យ៖ កូនភ្ងាក់ខ្លួនហើយ



                                      (កំណាព្យពាក្យ៧)
          ទឹកភ្នែកជ្រែកភ័ក្រ្តធ្លាក់ហូរចុះ                 ហូរលាងកំហុសដែលកូនសាង
          នូវអំពើបាបទោសគ្រប់យ៉ាង                   ដែលកូនបានសាងលើម៉ែឪ។
          ហេតុតែកូនល្ងង់លង់គំនិត                     បានជាប្រព្រឹត្តគិតខុសផ្លូវ
          បង្អាប់បង្ខូចឈ្មោះម៉ែឪ                          ធ្វើឲ្យអាស្រូវពូជពង្សា។
          កូនក្លាយជាមនុស្សអន្ធពាល                   អវិជ្ជារោលរាលអាប់ប្រាជ្ញា
          ម៉ែឲ្យទៅរៀនគេចសាលា                       យកល្បែងស្រីស្រាធ្វើជាមិត្ត។
          វាយឫកធ្វើខ្លួនជាបងធំ                          មិនស្តាប់ចាស់ទុំអប់រំក្រិត្យ
          ថាខ្លួនគ្រាន់បើដើរប្រព្រឹត្ត                       អំពើទុច្ចរិតឥតពិចារណ៍។
          ម៉ែឪជេរស្តីមិនខ្ចីស្តាប់                            មិនតាមតម្រាប់ត្រាប់តម្រា
          ដើរលេងកាប់ចាក់ចិត្តហិង្សា                   ញាតិមិត្តគ្រប់គ្នាគេចោមស្អប់។
          ម៉ែឪអាប់យសព្រោះរូបកូន                     ស្ទើរជីវិតសូន្យភ័យធុញថប់
          ឃើញកូនក្លាយជាមនុស្សសំអប់              ខ្លាចកូនអភ័ព្វរង់គ្រោះថ្នាក់។
          ទឹកភ្នែកកូនជ្រែកបែកតំណក់                 ចេញមកតក់ៗស្រក់ហូរធ្លាក់
          ដោយក្តីសោកស្តាយកាយជាប់ធ្នាក់​​​​         ហូរមកបញ្ជាក់កូនខុសហើយ។
          អោយកូនសូមទោសអ្នកមានគុណ         បានសាងទារុណទុក្ខឥតស្បើយ
          គប់មិត្តអាក្រក់ឥតកោះត្រើយ                កូនភ្ញាក់ខ្លួយហើយណា៎ឪម៉ែ។
          សូមម្តាយអភ័យស្តីបន្ទោស                    សូមពុកដាក់ទោសអោយកូនប្រែ
          កូននឹងសាងខ្លួនតាមក្បួនខ្មែរ                 គោរពឪម៉ែកែខ្លួនល្អ៕

ខេត្តឃ្លាំង ថ្ងៃ ទី ០៣ ខែ មីនា ឆ្នាំ ២០១២
     ដោយៈ ខ្ទម កវី

0 comments:

Post a Comment