Monday, May 14, 2012

សមណនិស្សខ្មែរក្រោមនិមន្តទៅទទួលសញ្ញាបត្រ នៅមហាវិទ្យាល័យ មហាចុឡាលុងកន រាជវិទ្យាល័យ


ថ្ងៃទី៣ ខែ ឧសភា ឆ្នាំ ២០១២
ដោយ៖ ឃ្លាំង វឌ្ឍនជាតិ

 បាងកកៈ មហាវិទ្យាល័យមហាចុឡាលុងកន រាជវិទ្យាល័យ បានបើកពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ដល់សមណនិស្សិត-និស្សិតប្រមាណ ៣៦០០ អង្គ និងរូប ចាប់ផ្តើមពីវេលាម៉ោង ០៩: 00 នាទីព្រឹក ដល់ម៉ោង ០៥:០០ នាទីល្ងាច ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១២ នៅសាលប្រជុំធំ នៃមហាវិទ្យាល័យមហាចុឡាលុងកន រាជវិទ្យាល័យ ស្ថិតនៅខេត្ត នគរស្រីអយុធ្យា ប្រទេសថៃ។

នៅក្នុងឱកាសទទួលសញ្ញាបត្រនាថ្ងៃទី ១៣ នេះដែរ យើងសង្កេតឃើញ មានសមណនិស្សិតខ្មែរកម្ពុជាក្រោម ប្រមាណជាង ២០ អង្គប្លាយ បាននិមន្តមកទទួលសញ្ញបត្រ កំរិត បរិញ្ញាបត្រ និងអនុបណ្ឌិត តាមឯកទេសនីមួយៗ ក្នុងនោះរួមមាន ផ្នែកខាង នីតិសាស្រ្ត សេដ្ឋកិច្ច វិទ្យាសាស្រ្តនយោបាយ ទស្សនវិទ្យាពុទ្ធសាសនា អក្សរសាស្រ្តអង់គ្លេស អង្សរសាស្រ្តថៃ ចិត្តវិទ្យា និងសាសនាទូទៅជាដើម។ល។

ព្រះតេជគុណ ស៊ន សង្វាត ដែលជាគណកម្មការនាយក នៃសម្ព័ន្ធសមណនិស្សិត -និស្សិតខ្មែរកម្ពុជាក្រោមនៅប្រទេសថៃ បាននិមន្តចូលរួមក្នុងពិធីចែក សញ្ញាបត្រផងដែរនោះ ព្រះអង្គបានមានថេរដីការប្រាប់ ក្រុមអ្នករាយការណ៍ វិទ្យុយើងថាៈ នេះជាលើកទី ១ និង ជំនាន់ទី ១ ហើយ ដែលសមណស្សិត-និស្សិតខ្មែរក្រោម តាមរយៈអង្គការ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរក្រោមនៅប្រទេសថៃ និងនៅទីក្រុងភ្នំពេញ បានធ្វើកិច្ចសហប្រតិបត្តិការគ្នា បញ្ចូនទៅសិក្សានៅ តាមបណ្តាសាលកវិទ្យាល័យនានានៅប្រទេសថៃ ពិសេសមហាវិទ្យាល័យមហាចុឡាលុងកន រាជវិទ្យាល័យ ហើយបានទទួលសញ្ញបត្រ កំរិតបរិញ្ញប័ត្រ និង អនុបណ្ឌិត។

ចំណែកព្រះតេជគុណ ថាច់ តារា ប្រធានដឹកនាំ សមណនិស្សិត រួមនឹងពុទ្ធបរិស័ទខ្មែរក្រោមមួយក្រុមជាង ៥០រូប និមន្ត និងអញ្ជើញទៅចូលរួមក្នុងពិធីចែកសញ្ញាបត្រ មានថេរដីកាប្រាប់អោយដឹងដែរថា ថ្ងៃនេះអាត្មាភាពក្នុងនាមជាប្រធាន សមណនិស្សិត-និស្សិតខ្មែរក្រោម បានដឹកនាំសមណនិស្សិត-និស្សិត និងញាតិញោមពុទ្ធបរិស័ទខ្មែរក្រោមមួយចំនួនអង្គ និងរូប ចូលរួមអបអរសាទរ ក្នុងពិធីចែកសញ្ញាបត្រ របស់សមណនិស្សិតខ្មែរកម្ពុជាក្រោម។
ព្រះអង្គមានថេរដីការបន្តទៀតថាៈ តាមការសង្កេតមើល កន្លងមកឃើញថា ព្រះសង្ឃយើង ដែលនិមន្តចេញពីស្រុកកំណើតឃើញថា មានការខិតខំប្រឹងប្រែងរៀនសូត្រ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ហើយគ្រប់អង្គរមែងប្រឡងជាប់រៀងរាល់ឆ្នាំពុំដែលខាន ទន្ទឹមនឹងការទទួលបានចំណេះដឹងដ៏ធំធែងនេះ សមណនិស្សិតយើងគ្រប់ព្រះអង្គប្តេជ្ញាចិត្តថា នឹងយកចំណេះដឹងទាំងអំបាលនេះ ទៅសាបព្រោះនៅ មាតុភូមិកម្ពុជាក្រោម
ព្រះតេជគុណថាច់ សូមុនី ជាសមណនិស្សិតផ្នែកអក្សរសាស្រ្តអង់គ្លេស បានមានថេរដីកាថា ព្រះអង្គរំភើបចិត្តណាស់ដែលបានទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ក្នុងថ្ងៃនេះ ហើយលទ្ធផលនេះកើតចេញពីការ តស៊ូយ៉ាងស្វិតស្វាញផងដែរ ទម្រាំទទួលបាន។

ព្រះតេជគុណត្រឹងម៉ូន សេរី ជាសមណនិស្សិត ផ្នែកខាងទស្សនវិទ្យាពុទ្ធសាសនា ព្រៈអង្គបានសំដែងចំណាប់អារម្មណ៍ថាៈ ដើម្បីឈានអោយទាន់ សកលភាវូបនីយកម្ម មនុស្សជាតិនៅលើពិភពលោក ត្រូវតែតាមអោយទាន់របត់ពិភពលោក មិនថាខ្មែរក្រោម ឬសាស្រ្តដទៃទេ សុទ្ធតែចង់ចេះចង់ដឹង គ្រប់ៗគ្នា

ព្រះតេជគុណ តាំង ណារិន សមណនិស្សិតផ្នែកខាងចិត្តវិទ្យាបានមានសង្ឃដីកាថាៈ
ហេតុដែលព្រះអង្គជ្រើសរើសយកមុខវិជ្ជាផ្នែកនេះមកសិក្សា ពីព្រោះថា ធម្មតាមនុស្សយើងម្នាក់ៗធ្វើអ្វីសព្វបែបយ៉ាង ត្រូវតែមានចិត្តជាប្រធាន ដូច្នេះចិត្តនេះ សំខាន់ណាស់ ត្រូវតែកំណត់អោយទាន់ ទើបកិច្ចការងារ ទាំងឡាយទាំងពួង ទទួលបានលទ្ធផល ល្អប្រសើរ។

ក្រោយពីទទួលសញ្ញាបត្ររួចរាល់ហើយ សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានធ្វើការជួបជុំគ្នាមួយ នៅកន្លែងបន្ទប់ប្រជុំអាគារ A ដើម្បីសំណេះសំណាលគ្នា សំដែងសេចក្តីត្រេក និងលើកទឹកចិត្តដល់សមណនិស្សិត-និស្សិតខ្មែរក្រោម ដែលបានខិតខំរៀនសូត្រអស់រយៈពេល ៤ ឆ្នាំ រហូតប្រឡងជាប់ ហើយទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ នេះគឺជាការកម្រណាស់ ដែលសមណនិស្សិតយើងមានឱកាស បានចេញទៅក្រៅប្រទេសសិក្សា ព្រោះក្នុងពេលកន្លងមកព្រះសង្ឃខ្មែរក្រោម មានការលំបាកជាខ្លាំង អំពីការសិក្សាអប់រំផ្នែកពុទ្ធចក្រ ក៏ដូចជាអណាចក្រ ដោយមានការរារាំង និងការឹតបន្តឹងសេរីភាព ក្នុងការសិក្សា និងការប្រតិបត្តិសាសនារបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម​​ ពីសំណាក់រដ្ឋាភិបាលវៀតណាម៕



0 comments:

Post a Comment