Tuesday, May 22, 2012

ក្រុម​ពលរដ្ឋ​រង​ការ​បាញ់​ប្រហារ​ត្រូវ​បាន​ឃុំ​ខ្លួន

ក្រុម​ទាហាន​ប្រដាប់​អា​វុធ ដែល​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​កំពុង​ចម្អិន​
អា​ហារ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​។ រូបថត ហេង ជីវ័ន
ម៉ៃ ទិត្យថារ៉ា/ postkhmer 
Monday, 21 May 2012
ក្រចេះ​: តុលាការ​ខេត្ត​ក្រចេះ​ បាន​សម្រេច​ឃុំ​ខ្លួន​អ្នក​ភូមិ ៨ ​នាក់ ជា​បណ្ដោះ​អាសន្ន ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត ដើម្បី​ធ្វើ​ការ​សាក​សួរ​បន្ថែម​ទៀត ទាក់ទិន​ទៅ​នឹង​អ្វី ដែល​អាជ្ញាធរ​របស់​រដ្ឋាភិបាល បាន​ចោទ​ដ៏​ចម្រូង​ចម្រាស​ថា អ្នក​ភូមិ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ ជាមួយ​ក្រុមហ៊ុន​មួយ​នេះ ជាប់​ពាក់ព័ន្ធ​នឹង​ការ​​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់ នៅ​ក្នុង​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង។
ការ​ឃុំ​ខ្លួន​ទាំង​នេះ បាន​ធ្វើ​ឡើង ខណៈ​ពេល​ពលរដ្ឋ​មួយ​ចំនួន ​ដែល​បាន​រត់​ចេញ​ពី​តំបន់ កំពុង​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​ក្រុម​កម្លាំង​ប្រដាប់​អាវុធ​រាប់រយ​នាក់ ដើម្បី​សែ្វងរក​ការ​ជួយ​អន្តរាគមន៍ ពី​សំណាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ពួក​គេ​មាន​សិទ្ធិចូល​ទៅ​រស់នៅ​ក្នុង​ភូមិ​របស់​ពួក​គេ​វិញ​។
លោក នង ធុចបញ្ចៈសន្តិភាព​ ព្រះ​រាជអាជ្ញា​រង​ខេត្ត​ក្រចេះ​ បាន​ថ្លែង​ឲ្យ​ដឹង​ថា ​អ្នក​ភូមិ​ទាំង ​៨ ​នាក់​នោះ ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ​អស់​ហើយ​ ហើយ​បច្ចុប្បន្ន​នេះ​ បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ ដើម្បី​រង់ចាំ​ធ្វើ​ការ​សាក​សួរ​បន្ថែម​ទៀត​។ លោក​និយាយ​ថា​៖ «​ខ្ញុំ​មិន​ចាំ​ថា​ ពួក​គេ​ត្រូវ​បាន​ចោទ​ពី​បទ​អី​ខ្លះ​នោះ​ទេ ពី​ព្រោះ​ពួក​គេ ត្រូវ​បាន​ចោទ​ពី ៤ ​ទៅ ​៥ ​ករណី​»។​
លោក កេត សុជាតិ​ចៅក្រម​ស៊ើប​សួរ​តុលាការ​ខេត្ត​ក្រចេះ ​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ ពី​ម្សិលមិញ ដោយ​ថ្លែង​ថា កំពុង​ជាប់​រវល់​នៅ​ទីក្រុង​ភ្នំពេញ​ និង​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។​
ជន​សង្ស័យ​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ នៅ​ក្នុង​ពន្ធនាគារ​នោះ​ មាន​ដូច​ជា​ លោក​ទូច រៀម អាយុ ៣៣​ ឆ្នាំ លោក​កាន់ សុវណ្ណ អាយុ ៥៤​ ឆ្នាំ លោក​ពុំ វណ្ណៈ អាយុ ២៤​ ឆ្នាំ លោក​ព័ន្ធ ស្រឿន អាយុ ៣២ ​ឆ្នាំ លោក ម៉ៅ វាសនា អាយុ ៣៣​ ឆ្នាំ លោក​ហង្ស ផល អាយុ ​៤៨ ​ឆ្នាំ លោក ហេង ធឿន អាយុ ៣១​ ឆ្នាំ និង​លោក សា រឿនរុំ អាយុ ២៤ ឆ្នាំ​។
ចាប់​តាំង​ពី​ថ្ងៃ ១៦ ខែ​ ឧសភា រហូត​មក​ដល់​ថ្ងៃ ២០ ខែ​ឧសភា ម្សិល​មិញ កម្លាំង​សមត្ថកិច្ច​ចម្រុះ​​ប្រដាប់​អាវុធ​រាប់​រយ​នាក់ ដែល​មាន​ចង​កន្សែង​ក្រហម​សម្គាល់​ ហាក់​ដូច​ទៅ​ប្រយុទ្ធ​ជាមួយ​ខ្មាំង​សត្រូវ នៅ​ក្នុង​សមរ​ភូមិ​នា​សម័យ​សង្គ្រាម ជា​អ្វី​ដែល​ត្រូវ​បាន​អាជ្ញាធរ ប្រើ​ពាក្យ​ថា ​ជា​ការ​ចុះ​អនុវត្ត​វិធានការ​​រដ្ឋបាល​ ទៅ​លើ​ក្រុម ​អនាធិបតេយ្យ​ ដែល​បង្កើត​តំបន់​អបគមន៍​នោះ នៅ​តែ​បន្ត​ធ្វើ​ការ​បិទ​ផ្លូវ ឆែក​ឆេរ​ពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចូល​ក្នុង​ភូមិ ​និង​ចេញ​ក្រៅ​ភូមិ​ ហើយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចូល​នៅ​ក្នុង​តំបន់​នោះ ទេ។
នៅ​ក្នុង​ប្រតិបត្តិ​ការ​ ដែល​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន កម្លាំង​ទាហាន បាន​ធ្វើ​ការ​បាញ់​រះ ​បណ្តាល​ឲ្យ​កុមារី​អាយុ ១៤ ឆ្នាំ​ម្នាក់​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​នាង។
លោក ម៉ៅ រ៉ាន្នី មេបញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ​ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច បាន​ចែក​ចេញ​ជា​ពីរ​ផ្នែក​ គឺ​ខាង​ប៉េអឹម ជា​អ្នក​ចុះ​ប្រតិបត្តិ​ និង​ចាប់​ជន​សង្ស័យ ​ ដែល​ចូល​រួម​បង្កើត​តំបន់​អបគមន៍ រីឯ​អ្នក​បញ្ជូន​សុំណុំ​រឿង​ទៅ​តុលាការ​វា​ជា​ការងារ​របស់​ប៉ូលិស។ ​បច្ចុប្បន្ន​នេះ ​ក្រុម​ការងារ​ចម្រុះ​ មិន​ទាន់​បាន​ធ្វើ​ការ​ងារ​ចប់​នោះ​ទេ​ គឺ​ពួក​គេ​កំពុង​រៀបចំ​ធ្វើ​រដ្ឋបាល​ នៅ​ក្នុង​តំបន់​នោះ​ឡើង​វិញ។ លោក​បន្ត​ថា​៖«​បាន​ជា​តំបន់​នោះ​ មាន​ការ​យាមកាម​យ៉ាង​ហ្មត់ចត់​ ដោយ​សារ​តែ​យើង​កំពុង​តែ​ស្វែងរក​ចាប់​ខ្លួន​មេ​ខ្លោង​របស់​ពួក​គេ ដូច្នេះ​ហើយ​តំបន់​នោះ ​វា​អសន្តិសុខ​ខ្លាំង​ណាស់​ តែ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​ចេញ​ចូល​តាម​ធម្មតា​»។
លោក តុង សុផល អាយុ ៣៥​ ឆ្នាំ កូន​ប្រុស​របស់​លោក សុខ តុង ដែល​អាជ្ញាធរ​កំពុង​ស្វែងរក​ចាប់​ខ្លួន ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ លោក​បាន​សម្រេច​ចិត្ត​រត់​ចេញ​ពី​ភូមិ​ ដោយ​សារ​តែ​អាជ្ញាធរ ​បាន​គំរាម​ថា​ នឹង​ចាប់​មនុស្ស​ចំនួន​ ១៦​ នាក់​ផ្សេង​ទៀត ហើយ​បច្ចុប្បន្ន ​នេះ​ ខាង​កម្លាំង​ទាំងអស់​នោះ​ បាន​កាន់​រូបថត​ប្រជាពលរដ្ឋ ដើម្បី​ផ្ទៀង​មើល​មុខ​ពលរដ្ឋ ដែល​ចេញ​មក​ក្រៅ​ភូមិ​។ ​លោក​បន្ត​ថា​ ៖ «​ខ្ញុំ​សុំ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ​ក៏​ដូចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ឲ្យ​ពួក​ខ្ញុំ​ចូល​ដាំ​ដំណាំ​វិញ​ បើ​មិន​ដូច្នោះ​ទេ​ ពួក​ខ្ញុំ ច្បាស់​ជា​ដាច់​ពោះ​ស្លាប់​ជា​មិន​ខាន»។​
លោក ប៊ុន ថាវ អាយុ ២២ ឆ្នាំ ប្អូន​ប្រុស​របស់​លោក​ ប៊ុន រដ្ឋា បាន​ថ្លែង​ឲ្យ​ដឹង​ថា គ្រួសារ​របស់​លោក ​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ ​ អំពី​សុវត្ថិភាព​ឪពុក​របស់​លោក​ គឺ​លោក ប៊ុន ឆន ពីព្រោះ​តាំង​ពី​ថ្ងៃ​ដែល​មាន​បញ្ហាម​ក​ គ្រួសារ​របស់​លោក ​មិន​បាន​ទទួល​ដំណឹង​ថា​ គាត់​នៅ​ឯណា​នោះ​ទេ​។ លោក​បន្ថែម​ថា​ ៖ «​បង​ប្រុស​របស់​ខ្ញុំ ប៊ុន រដ្ឋា​ គាត់​ស្នាក់​នៅ​ទីកន្លែង​ដែល​មាន​សុវត្ថិភាព​ហើយ​ ហើយ​គាត់​ អាច​ចេញ​ធ្វើ​សន្និសីទ​កាសែត នៅ​ភ្នំពេញ​ នៅ​ថ្ងៃ​ចន្ទ​ ឬ​ក៏​ថ្ងៃ​អង្គារ​ដើម្បី​បកស្រាយ​អំពី​ការ​ចោទ​ប្រកាន់ លើរូប​គាត់​ពី​សំណាក់​រដ្ឋាភិបាល​។ គាត់​មិន​បាន​ធ្វើ​ដូច​ការ​ចោទ​ នោះ​ទេ?»។
ហេង ស្រី​មុំ អាយុ ២៧ ឆ្នាំ​ ជា​បង​ស្រី​ហេង ចន្ថា ដែល​ស្លាប់​បាន​ថ្លែងថា វា​អយុត្តិធម៌ ​បំផុត​ សម្រាប់​ប្អូន​ស្រី​របស់​នាង ពីព្រោះ​នាង ​មិន​បាន​ដឹង​រឿង​រ៉ាវ​អ្វី​ទាំងអស់ បែរ​ជា​ត្រូវ​ស្លាប់​ទៅ​វិញ។ នាង​ថ្លែងថា៖«​ពេល​ឮ​សំឡេង​ផ្ទុះ​គ្រាប់​ ខ្ញុំ​ហើយ​និង​ប្អូន​ស្រី​ បាន​ក្រាប​ចុះ​នៅ​ក្រោម​ផ្ទះ​ទាំងអស់​គ្នា​ ស្រាប់​តែ​ប្អូន​របស់​ខ្ញុំ​ត្រូវ​គ្រាប់។​ ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ មេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​ប្អូន​ស្រី​ខ្ញុំ​ផង​ នាង​មិន​ត្រូវ​ស្លាប់​ដូច​សត្វធាតុ​នោះ​ទេ​»។​
លោក ស ចំរ៉ុង ភិបាល​ខេត្ត​ក្រចេះ​ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ កាល​ពី​ម្សិលមិញ ដោយ​ប្រាប់​ថា ជាប់​រវល់​។
លោក ចាន់ សូវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់ សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែងថា អង្គការ​របស់​លោក នឹង​ផ្តល់​មេធាវី​ការពារ​ក្តី ដល់​អ្នក​ភូមិ​ទាំង ​៨​ នាក់​ ដែល​កំពុង​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ នៅ​ក្នុង​ពន្ធនាគារ ហើយ​បច្ចុប្បន្ន​នេះ ​ពលរដ្ឋ​ដែល​បាន​រត់​គេច​ចេញ​ពី​តំបន់​នោះ​ កំពុង​តែ​ស្នើសុំ​ឲ្យ​ខាង​សិទ្ធិ​មនុស្ស​ជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ​ពួក​គេ​ អាច​មាន​សិទ្ធិ​វិល​ទៅ​រស់នៅ ​និង​ដាំ​ដំណាំ​ នៅ​ក្នុង​តំបន់​របស់​ពួក​គេ​វិញ។​ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖«យើង​ថ្កោល​ទោស​ ចំពោះ​កង​កម្លាំង​ដែល​បាន​បាញ់​ប្រជា​ពលរដ្ឋ​ឲ្យ​ស្លាប់​ នៅ​ខណៈ​ដែល​ពួក​គេ​ បាន​ចុះ​ទៅ​បណ្តេញ​ទាំង​បង្ខំ​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​»។
កាល​ពីថ្ងៃ​ទី ១៦ ខែ​ឧសភា ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ដោយ​បាន​លើក​ឡើង​ថា នៅ​ភូមិសាស្ដ្រ​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង មាន​ពួក​អនាធិបតេយ្យ​មួយ​ក្រុម មាន​តួនាទី​ជា​អ្នក​ដឹក​នាំ និង​ជា​សមាជិក​របស់​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​មាន​ឈ្មោះ ប៊ុន រដ្ឋា ជា​មេ​ខ្លោង ដោយ​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​នានា របស់​កម្ពុជា ហើយ​អាជ្ញាធរ​កំពុង​ស្វែងរក​ចាប់​ខ្លួន អ្នក​ភូមិ​ចំនួន ​៥ នាក់​ ក្នុង​នោះ​មាន​ដូចជា ឈ្មោះ ប៊ុន រដ្ឋា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ប៊ុន ឆន ភេទ​ប្រុស អាយុ ៥៥​ ឆ្នាំ ឈ្មោះ សុខ តុង ភេទ​ប្រុស អាយុ ៦១ ​ឆ្នាំ ម៉ា ឆាង ភេទ​ប្រុស អាយុ ៤៧ ​ឆ្នាំ និង​ខាត់ សារឿន ភេទ​ប្រុស អាយុ ៤២​ ឆ្នាំ។
លោក ចាន់ សូវ៉េត ​បាន​មាន​ប្រសាសន៍​ថា អង្គការ​សង្គម​ស៊ីវិល ដែល​ត្រូវ​បាន​ហាម ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​នោះ ​កំពុង​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​កង​កម្លាំង ​ដែល​កំពុង​តែ​ព្យាយាម​តាម​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ និង​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​សកម្មភាព​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ជា​បន្ត​ទៅ​ទៀត៕

0 comments:

Post a Comment