Thursday, May 17, 2012

អាជ្ញាធរ​បាញ់​ពលរដ្ឋ​ស្លាប់​ក្នុង​វិវាទ​ដី


ពល​រដ្ឋ​ខ្លះ​ ត្រូវ​ចាប់​ដាក់​ខ្នោះ ក្មេង​​ស្រី​​ម្នាក់​ត្រូវ​​សមត្ថ​កិច្ច​​បាញ់​​សម្លាប់​ និង​​ពល​រដ្ឋ​​ត្រូវ​​បាន​​ឃាត់​​ខ្លួន​​នៅ​​ស្រុក​​ឆ្លូង​ខេត្ត​​ក្រចេះ​ ម្សិល​មិញ​។ រូបថត សហការី

Sar Kheng
Neth Savoeun - Hun Xen's nephew in-law
Thursday, 17 May 2012 12:02
ម៉ៃ ទិត្យ​ថារ៉ា
The Phnom Penh Post

ស្លាប់​ ម្នាក់ ​ពីរ​នាក់​រង​របួស ៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​ក្នុង​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ក្នុង​ការ​បង្ក្រាប​មួយ ក្រោម​បញ្ជា​ពី​លោក ស ខេង និង​លោក នេត សាវឿន

ក្រចេះ: អ្នក​ភូមិ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​ពីរ​នាក់​របួស ហើយ​៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នៅ​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ កាសូទីម ក្នុង​ពេល​គណៈកម្មាធិការ​ចម្រុះ​ចុះ​មក​អនុវត្ត​វិធានការ​រដ្ឋបាល បណ្តេញ​អ្នក​ភូមិ​ ដែល​គេ​ចាត់​ជា​ក្រុម​អនាធិបតេយ្យ​ចេញ​ពី​ភូមិដ្ឋាន​កំពុង​រស់នៅ។

សំឡេង​គ្រាប់​កាំភ្លើង​បាន​ផ្ទុះ​ឡើង ក្នុង​ភូមិ​ប្រមា ​ឃុំ​កំពង់ដំរី នៅ​ម៉ោង​ប្រមាណ​ជា​៨​កន្លះ​ព្រឹក ម្សិលមិញ នៅ​ពេល​ក្រុម​គណៈ​កម្មាធិការ​ចម្រុះ ២០​នាក់ ដែល​មាន​ទាហាន​ កងរាជ​អាវុធហត្ថ មក​ពី​ស្រុក​ឆ្លូង ខេត្ត​កំពង់ចាម និង​ខេត្ត​ក្រចេះ បាន​មក​ដល់​កន្លែង​នោះ​តាម​ឧទ្ធម្ភាគចក្រ​។

មន្រ្តី​កង​រាជ​អាវុធហត្ថ​ម្នាក់​ ក្នុង​ស្រុក​ឆ្លូង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា យោង​តាម​របាយការណ៍​ដំបូង លោក​ទទួល​ដំណឹង​ថា មនុស្ស​ពីរ​នាក់​បាន​ត្រូវ​គ្រាប់​ស្លាប់ នៅ​ពេល​ពួក​គេ​មាន​ជម្លោះ​ជាមួយ​នឹង​គណៈកម្មាធិការ​ចម្រុះ ដែល​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ក្រោម​បញ្ជា​ពី​លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ និង​លោក នេត សាវឿន បន្ទាប់​ពី​កិច្ច​ប្រជុំ​បន្ទាន់​មួយ នៅ​សាលា​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា។

លោក​បាន​បញ្ជាក់​ថា៖ « មនុស្ស​ពីរ​នាក់​ស្លាប់ តែ​ឥឡូវ​នេះ​យើង​រក​ឃើញ​ថា ក្មេង​ស្រី​ម្នាក់​ឈ្មោះ ហេង ចន្ថា អាយុ ១៤ ឆ្នាំ»។ ​លោក​បន្ត​ថា មនុស្ស ៥ នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​ហើយ​យក​ទៅ​អធិការដ្ឋាន​ស្រុក​ឆ្លូង​ដើម្បី​អប់រំ ហើយ​ពួក​គេ​ព្យាយាម​តាម​ចាប់​លោក ប៊ុន រដ្ឋា ជា​មេ​ខ្លោង។


លោក​បាន​បញ្ជាក់​ថា ​មន្រ្តី​របស់​លោក​មិន​ចង់​ប្រើ​កាំភ្លើង​ទេ តែ​មនុស្ស​ជាច្រើន​នាក់​បាន​កាន់​កាំបិត ធ្នូ ដូច្នេះ​ដើម្បី​ការពារ​សុវត្ថិភាព សមត្ថកិច្ច​បាន​ប្រើ​កាំភ្លើង​ដើម្បី​ការពារ​សុវត្ថិភាព​។ លោក​បញ្ជាក់​ថា៖ «​បើ​យើង​មិន​បាញ់​ទៅ​លើ​ពួក​គេ គេ​នឹង​សម្លាប់​យើង ព្រោះ​យើង​មាន​បទពិសោធ​រួច​មក​ហើយ»។

លោក ទៀង កឹមស្រិន អាយុ ២៨ ឆ្នាំ ជា​បង​ប្រុស​ក្មេង​ស្រី ហេង ចន្ថា បាន​ថ្លែង​ថា នៅ​ម៉ោង ៨​កន្លះ​ព្រឹក ​សំឡេង​កាំភ្លើង​បាន​ផ្ទុះ​ឡើង​ក្នុង​ភូមិ ខណៈ​ក្រុម​នគរបាល​និង​កង​រាជ​អាវុធហត្ថ​បាន​មក​ដល់ ក្នុង​អំឡុង​ពេល​នោះ គាត់​កំពុង​ធ្វើ​ស្រែ​ចម្កា​ក្នុង​ភូមិ។ គាត់​បន្ត​ថា៖ «​ខ្ញុំ​មិន​ដឹង​ថា ​ហេតុ​អ្វី​ពួក​គេ​បាញ់​មក​លើ​យើង​ទេ យើង​គ្មាន​ធ្វើ​អ្វី​ពួក​គេ​ឡើយ»។

លោក​បាន​បន្ថែម​ថា កង​រាជ​អាវុធហត្ថ បាន​បាញ់​កាំភ្លើង AK-47 ពីរ​លើក ហើយ​ប្អូន​ស្រី​លោក​រង​របួស នៅ​ពេល​បាញ់​ជា​លើក​ទី២។ ​លោក​បន្ត​ថា ៖ «​ប្អូន​ស្រី​ខ្ញុំ គ្រាន់​តែ​ធ្វើ​ការ​ក្នុង​ផ្ទះ​ប៉ុណ្ណោះ តែ​នាង​រង​របួស​ត្រង់​ពោះ ហើយ​នាង​ស្លាប់​តាម​ផ្លូវ ពេល​ខ្ញុំ​យក​នាង​ទៅ​មន្ទីរ​ពេទ្យ​ស្រុក​ស្នួល​។ ខ្ញុំ​សូម​អំពាវនាវ​ទៅ​​សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មេត្តា​រក​យុតិ្តធម៌​ជូន​ប្អូន​ខ្ញុំ នាង​មិន​បាន​ដឹង​អ្វី​ទេ»។

អ្នក​ស្រី សុខ ផានី អាយុ ៣៤​ឆ្នាំ ដែល​បាន​ព្យាយាម​យក​កូន ២​នាក់​ចេញ​ពី​ភូមិ បាន​ថ្លែង​ថា នគរបាល​និង​យោធា បាន​បញ្ជា​អ្នក​ភូមិ​ឲ្យ​ចេញពី​ភូមិ​និង​ផ្ទះ និង​មិន​អនុញ្ញាត​ឲ្យ​វិល​មក​វិញ​ទេ ឥឡូវ​នេះ ពួក​គេ​ដាក់​ពង្រាយ​ជុំវិញ​ភូមិ។ អ្នក​ស្រី​ថា៖ «​ខ្ញុំ​រស់នៅ ក្នុង​ភូមិ​នេះ​៧ ឆ្នាំ មក​ហើយ ឥឡូវ​នេះ​គេ​មក​យក​ផ្ទះ​និង​ដី​ខ្ញុំ​ឲ្យ​ទៅ​ក្រុមហ៊ុន ពួក​គេ​ព្រៃផ្សៃ ពួក​គេ​បាញ់​អ្នក​ភូមិ​ដូច​សត្វ​ធាតុ»។

លោក ចាន់ សុវ៉េត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គ​ការ​សិទិ្ធ​មនុស្ស អាដហុកបាន​ថ្លែង​ថា យោង​តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន មាន​អ្នក​ភូមិ​ម្នាក់​ស្លាប់ ២នាក់​រង​របួស និង​៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​​ហើយ​អាជ្ញាធរ​ចោទ​ប្រកាន់​ពួក​គេ​ថា ចង់​បង្កើត​តំបន់​អបគមន៍ ក្នុង​ឃុំ តែ​អ្វី​ដែល​អាជ្ញាធរ​ធ្វើ​ គឺ​ចង់​យក​ដី​ពី​អ្នក​ភូមិ​ទៅ​ឲ្យ​ក្រុមហ៊ុន កាសូទីម តែ​ប៉ុណ្ណោះ។

លោក​បាន​បន្ត​ថា អ្នក​ភូមិ​មិន​បាន​ប្រឆាំង​នឹង​រដ្ឋាភិបាល ឬ​មាន​កាំភ្លើង​ទេ​ គាត់​គ្មាន​អំណាច​ សួរ​ថា ​តើ​ពួក​គេ​អាច​បង្កើត​តំបន់​អបគមន៍​បាន​ដោយ​របៀប​ណា? ​លោក បាន​បន្ត​ទៀត​ថា៖ «ក្នុង​នាម​យើង​ធ្វើ​ការ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល យើង​មិន​អាច​ទទួល​យក​បាន​នូវ​សកម្មភាព​ដែល​អាជ្ញាធរ​បាន​ធ្វើ​នោះ​ទេ ពួក​គេ​គួរ​រក​វិធី​ផ្សេង​ដើម្បី​ចៀស​វាង​អំពើ​ហិង្សា»។

លោក សរ ចំរ៉ុង ​អភិបាល​ខេត្ត​ក្រចេះ​បាន​ថ្លែង​ថា មូលហេតុ​ដែល​គណៈកម្មាធិការ​ចម្រុះ​ចាត់វិធានការ​នៅ​តំបន់​នោះ ព្រោះ​អ្នក​ទាំង​នោះ​មក​តាំង​លំនៅ​អនាធិបតេយ្យ​នៅទីនោះ ហើយ​មិន​គោរព​អាជ្ញាធរ​មូលដ្ឋាន។ ពួក​គេ​បង្កើត​អាជ្ញាធរ​ផ្ទាល់​ ហើយ​ពួក​គេ​យក​ប្រាក់​ពី​រថយន្ត​ដឹក​ទំនិញ​ឆ្លង​កាត់​តំបន់​នោះ​ ក្នុង​រថយន្ត​មួយ​គ្រឿង​ត្រូវ​បង់​ប្រាក់ ១​ម៉ឺន​រៀល ហើយថែម​ទាំង​គំរាម​សម្លាប់​អ្នក​ភូមិ​ណា ដែល​មិន​ចូល​រួម​ក្នុង​សមាគម​ប្រជាធិបតេយ្យ​របស់​ពួក​គេ។

លោក​បាន​បន្ថែម​ថា៖ «​អ្នក​ភូមិ​ជា​ច្រើន​នាក់​រីករាយ​ចំពោះ​វិធានការ​របស់​យើង ​ឥឡូវ​នេះ​យើង​អាច​គ្រប់​គ្រង​តំបន់​នោះ ហើយ​អ្នក​ភូមិ​ឯ​ទៀត​បាន​ចាក​ចេញ​ពី​តំបន់​នោះ​រួច​ហើយ»។ ​លោក​បន្ត​ថា ហេតុ​ដែល​អ្នក​ភូមិ​ម្នាក់​ស្លាប់ ដោយ​សារ​ពួក​គេ​ប្រើ​ធ្នូ​បាញ់​មក​លើ​អាជ្ញាធរ ហើយ​ដើម្បី​សុវត្ថិភាព ​គេ​គ្រាន់​តែ​បាញ់​គំរាម​អ្នក​ភូមិ​ឲ្យ​ឈប់​តែ​គ្រាប់​ប្លាត​ទៅ​ត្រូវ​ អ្នក​ភូមិ​ម្នាក់​។ លោក​បន្ត​ថា៖ «យើង​សោកស្តាយ ហើយ​ឧទ្ធម្ភាគចក្រ​ហោះ​ជុំវិញ​ភូមិ​ គ្រាន់​តែ​បញ្ជូន​ព័ត៌មាន​ឲ្យ​អ្នក​ភូមិ​ដឹង​ប៉ុណ្ណោះ»។

លោក​បន្ថែម​ថា អ្នក​ភូមិ​ចំណាក​ស្រុក​មក​យក​ដី​ក្រុម​ហ៊ុន ហើយ​បង្កើត​ជា​ឃុំ​ មាន​មន្រ្តី​វាស់វែង​ដី​ចែក​ឲ្យ​ទៅ​អ្នក​ភូមិ​។ លោក​ថា​៖ «យើង​គ្រាន់​តែ​ឃាត់​អ្នក​ភូមិ​មក​សាក​សួរ បន្ទាប់​មក​ពួក​គេ​នឹង​ត្រូវ​ដោះ​លែង​វិញ»។

យោង​តាម​លិខិត​របស់​ក្រសួង​មហាផ្ទៃ និង​សាលា​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​មិន​ត្រូវ​ជឿ​លើ​ឈ្មោះ សុខ​ តង់ ប៊ុន ឈន និង ​ប៊ុន រដ្ឋា ដែល​ជា​មេ​ខ្លោង​បោក​ប្រាស់​អ្នក​ភូមិ​នោះ​ទេ ហើយ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​នៅ​តំបន់​នោះ​ផ្ទុយ​ពី​ច្បាប់​។

លោក លី ហួត តំណាង​ក្រុមហ៊ុន​បាន​បដិសេធ​ មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទេ ហើយ​ថ្លែង​ថា៖«ខ្ញុំ​គ្មាន​ពេល​និយាយ​ទេ»។

ក្រុមហ៊ុន កាសូទីម បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច ឆ្នាំ ២០០៨ ចំនួន​១៥​ពាន់​ហិកតា ក្នុង​ឃុំ​កញ្ជរ ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ដើម្បី​ដាំ​ដើម​កៅស៊ូ។

លោក ជួង ស៊ាងហាក់ ស្នងការ​នគរបាល​ខេត្ត​ក្រចេះ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ទេ។

ទាក់ទិន​នឹង​ឧបទ្ទវហេតុ​ពី​ម្សិលមិញ​នៅ​ឃុំ​កំពង់ដំរី​នោះ គណបក្ស​ប្រឆាំង​សមរង្ស៊ី ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​នៅ ភូមិ​ប្រមា​នេះ​ដែរ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​នាំ​ខ្លួន​ឃាតក​មក​ដាក់​ទោស​ឲ្យ​បាន​។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។ ប៉ុន្តែ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ចាត់​ទុក​ក្រុម​​ដែល​ដឹកនាំ​ដោយ​ឈ្មោះ ប៊ុន​ រដ្ឋា ដែល​ថា​ជា​មេខ្លោង​នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ​ថា ជា​ក្រុម​អនាធិបតេយ្យ ប្រព្រឹត្ត​ល្មើស​ច្បាប់​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​រដ្ឋ​ស្ថិត​ជា​ធរមាន​ក្នុង​ប្រទេស​។

ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ​ ក៏​បាន​កត់​សម្គាល់​ថា ក្រុម​នេះ​បាន​តាំង​ខ្លួន​ជំនួស​អាជ្ញាធរ​រដ្ឋ ចុះ​វាស់​ដី​ចែក​ឲ្យ​អ្នក​ដែល​ខ្លួន​បោក​បញ្ឆោត រារាំង​ការ​ចុះ​ធ្វើ​ស្ថិតិ​អ្នក​ស្នាក់​នៅ និង​ថា បាន​ដឹក​នាំ​បាតុកម្ម​ខុស​ច្បាប់​បិទ​ផ្លូវ​ជាតិ​ជាច្រើន​លើក រហូត​ដល់​គាប​សង្កត់​មិន​ឲ្យ​អ្នក​ដឹក​នាំ​ភូមិ​ឃុំ​ និង​ប្រជាជន​ទី​នោះ​ទាក់ទង​និង​មិន​ឲ្យ​ចេញ​ពី​តំបន់​ដែល​គេ​គ្រប់គ្រង ដែល​វាជា​ការ​ប៉ុនប៉ង​ឈាន​ទៅ​បង្កើត​​តំបន់​អបគមន៍​ផង​។ ជាមួយ​គ្នា​ដែរ​សេចក្តី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​បង្ខំ​ចិត្ត​ប្រើប្រាស់​វិធានការ​ស្រប ច្បាប់​កាល​ពី​ម្សិលមិញ ដើម្បី​ឈាន​ទៅ​គ្រប់គ្រង​រដ្ឋបាល​តំបន់​នោះ​ឡើង​វិញ​តែ​ប៉ុណ្ណោះ​ ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​យោធា​ពីរ​នាក់​បង្ខាំង​ទុក និង​ដក​ហូត​អាវុធ​ពីរ​ដើម​​ដក​យក​គ្រាប់​ចេញ​៕

0 comments:

Post a Comment