Monday, 28 May 2012 12:04
មាស សុខជា
The Phnom Penh Post
មាស សុខជា
The Phnom Penh Post
«នេះវាជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល។នរណាដែលធ្វើខុសច្បាប់ រដ្ឋាភិបាល នឹងចាប់ដាក់គុក ហើយនរណាដែលចង់ដឹងខុសត្រូវ ត្រូវតែឡើងទៅតុលាការ» - ផៃ ស៊ីផោម
ភ្នំពេញៈ ក្រុមអង្គការសិទ្ធិមនុស្ស និងគណបក្សនយោបាយ បានធ្វើការថ្កោលទោសគណបក្សកំពុងកាន់អំណាចដែលប្រើប្រាស់កម្លាំង ប្រដាប់អាវុធ និងប្រព័ន្ធតុលាការដើម្បីបាញ់ និងចាប់ពលរដ្ឋដាក់ពន្ធនាគារ ដែលបានតវ៉ាប្រឆាំងនឹងការរំលោភដីធ្លីពីក្រុមអស់លោកឧកញ៉ា ដែលស្និទ្ធនឹងរដ្ឋាភិបាល។
សមាគមសិទ្ធិមនុស្ស អាដហុក បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃម្សិលមិញ ដោយបានថ្កោលទោសការផ្តន្ទាទោសស្ត្រីចំនួន ១៣នាក់ ដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅបឹងកក់ជាមួយនឹងក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់លោក ឡាវ ម៉េងឃីន ព្រឹទ្ធសមាជិកគណបក្សប្រជាជន ដែលកាន់អំណាច ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ កាលពីថ្ងៃទី២៤ ឧសភា ដោយសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងសេចក្តីថ្លែងការណ៍នោះអាដហុក បានចាប់អារម្មណ៍លើការប្រើប្រាស់ច្បាប់ដ៏សម្រិតសម្រាំង និងបទប្បញ្ញត្តិនានាពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនៅកម្ពុជា បច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា ក្រុមហ៊ុនទាំងនេះនៅតែបន្តរំលោភច្បាប់ភូមិបាល និងអនុក្រឹត្យលេខ ១៤៦ ស្តីពីសម្បទានដីសេដ្ឋកិច្ច ដុតបំផ្លាញដីនិងផ្ទះប្រជាពលរដ្ឋ មុនពេលផ្តល់អាជ្ញាប័ណ្ណផ្លូវការ ដោយការធ្វេសប្រហែសមិនបានវាយតម្លៃពីផលប៉ះពាល់ចាំបាច់ និងមិនបានផ្តល់ប្រាក់សំណងជាថ្នូរ។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា៖ «ពលរដ្ឋដែលប្រើប្រាស់សិទ្ធិរបស់ពួកគេជុំវិញការតវ៉ាប្រកបទៅដោយសន្តិវិធី បានជួបនឹងអំពើហិង្សា និងការយាយីពីប្រព័ន្ធតុលាការ។ ម្យ៉ាងវា កំពុងតែធ្វើឲ្យបារម្ភដល់ស្ត្រីតំបន់បឹងកក់ទាំង១៣នាក់ដែល ទទួលទោសជាទម្ងន់ ដោយសារតែកាន់កាប់ដីដែលមានជម្លោះសម្រាប់រយៈពេលបីម៉ោងគត់ នៅពេលដែលក្រុមហ៊ុននេះ នៅតែបន្តធ្វើមិនដឹងមិនឮ ក្នុងការអនុវត្តច្បាប់ដែលពុំមានសារៈសំខាន់ទាំងកម្រោល»។
ស្រ្តីទាំង១៣នាក់នេះ ត្រូវចោទប្រកាន់ពីបទបះបោរ និងកាន់កាប់ដីដោយខុសច្បាប់ ដោយផ្អែកលើមាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៤ នៃច្បាប់ភូមិបាល។ ជាប់ពាក់ព័ន្ធនឹងការផ្តន្ទាទោសនេះ សមាគមសិទ្ធិមនុស្សអាដហុក បានលើកឡើងថា ការចោទប្រកាន់ពីបទបះបោរ ដែលមិនសមហេតុផល ភាពប្រញាប់ប្រញាល់នៃការជំនុំជម្រះ និងសាលក្រមបន្ទាន់របស់សាលាដំបូងរាជធានីភ្នំពេញ បានចង្អុលបង្ហាញអំពីកង្វះខាតនៃនីតិវិធីស្របច្បាប់ដែលប្រកាន់ ខ្ជាប់នូវស្តង់ដារជំនុំជម្រះដែលយុត្តិធម៌។
សេចក្តីថ្លែងការណ៍នេះ បានបន្តថា៖ «នៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យពេញលេញ ពលរដ្ឋត្រូវគេផ្តល់សិទ្ធិសម្តែងការជំទាស់ដោយសន្តិវិធី។ ការប្រើប្រាស់អំពើហិង្សា និងការចោទប្រកាន់ខាងព្រហ្មទណ្ឌ ដើម្បីបំបិទមាត់ក្រុមប្រឆាំងនឹងកិច្ចព្រមព្រៀងដីធ្លីអយុត្តិធម៌ បានបង្ហាញពីចន្លោះកាន់តែតូចទៅៗ សម្រាប់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា»។
ទន្ទឹមគ្នានេះដែរ គណបក្សប្រឆាំង សម រង្ស៊ី (SRP) និងគណបក្សសិទ្ធិមនុស្ស (HRP) ក៏បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាផងដែរនៅថ្ងៃ ម្សិលមិញនេះ ដោយធ្វើការថ្កោលទោសមកលើគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ពាក់ព័ន្ធនឹងការប្រើប្រាស់វិធានការក្តៅ ក្នុងការបង្ក្រាបពលរដ្ឋ និងបានជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវការបង្ក្រាបនេះ និងដោះលែងអ្នកទាំងនោះជាបន្ទាន់។
សេចក្តីថ្លែងការណ៍នេះ បានបន្តថា៖«[យើង] សូមស្នើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យមើល និងដាក់ទណ្ឌកម្មចៅក្រម និងព្រះរាជអាជ្ញា ដែលបានប្រើប្រាស់អំណាច ដើម្បីផ្តន្ទាទោសពលរដ្ឋយ៉ាងអយុត្តិធម៌»។
សេចក្តីថ្លែងការណ៍ គណបក្សសិទ្ធិមនុស្សបានកត់សម្គាល់ថា ៖ «គណបក្សសិទ្ធិមនុស្ស ធ្លាប់បានឮក្រុមមេដឹកនាំបក្សកាន់អំណាចប្រកាសថា មិនអនុញ្ញាតឲ្យមានការដាក់ទោសពលរដ្ឋខ្មែរណាម្នាក់ ដោយសារតែជម្លោះដីធ្លីទេ ប៉ុន្តែ ផ្ទុយទៅវិញ យើងបានឃើញការចាប់ខ្លួន ការចាប់ដាក់ពន្ធនាគារ ហើយនិងការបាញ់ពលរដ្ឋកើតឡើងជារឿយៗ»។
ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងការពារសកម្មភាពរាជរដ្ឋាភិបាលដែលបានចាត់វិធានការ ក្តៅប្រឆាំងនឹងពលរដ្ឋទាំងនោះ ដោយលើកឡើងថា រដ្ឋាភិបាលគ្រាន់តែចាប់ខ្លួន ហើយនិងដាក់គុករាល់អ្នកណា ដែលធ្វើខុសច្បាប់តែប៉ុណ្ណោះនោះទេ។
លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ទៀតថា៖ «នេះវាជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល។ នរណាដែលធ្វើខុសច្បាប់ រដ្ឋាភិបាល នឹងចាប់ដាក់គុក ហើយនរណាដែលចង់ដឹងខុសត្រូវ ត្រូវតែឡើងទៅតុលាការ»។ លោកបានបន្តថា ការលើកឡើងរបស់ក្រុមសិទ្ធិមនុស្ស និងគណបក្សប្រឆាំង គឺគ្រាន់តែជាការយល់ឃើញរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែពួកគេ ក៏គួរតែសិក្សាស្រាវជ្រាវរឿងនេះ ឲ្យបានច្រើនជាងនេះថែមទៀត៕
+09.jpg)



0 comments:
Post a Comment