Sunday, May 27, 2012

អាជ្ញាធរ​រំខាន​ពិធី​បន់ស្រន់​សុំ​ឲ្យ​ដោះលែង​អ្នក​បឹង​កក់

(Photo: RFA/Khe Sonorng)
2012-05-26
ដោយ ខែ សុណង
Radio Free Asia
យក​ម្ចាស់​ ទៅ​ដាក់​គុក​ ឲ្យ​ អា​ចោរ​រួច​ខ្លួន
បណ្ដាញ ​អង្គការ​សមាគម​ជាតិ អន្តរជាតិ ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​មក​ពី​ខេត្ត​មួយ​ចំនួន ពលរដ្ឋ​តំបន់​បឹង​កក់ និង​ពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា​ជាង ២០០​នាក់ នាំ​គ្នា​ធ្វើ​ពិធី​បន់​ស្រន់ ដើរ​ដង្ហែ និង​ស្រែក​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​តំណាង​អ្នក​ភូមិ​បឹង​កក់ ១៥​នាក់ ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស។ សកម្មភាព​នេះ​ត្រូវ​បាន​រំខាន​ដោយ​អាជ្ញាធរ​ដែន​ដី។

អ្នក​រង​គ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​ពី​លំនៅ ឈរ​ស្រែក​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ភូមិ​បឹង​កក់ ១៥​នាក់ នៅ​មុខ​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២៦ ឧសភា ឆ្នាំ​២០១២។

អាជ្ញាធរ​សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​ រារាំង​មិន​ឲ្យ​ព្រះ​សង្ឃ​ក្នុង​វត្ត​អង្គ​មេត្រី ទទួល​ចង្ហាន់​ពី​ពលរដ្ឋ​និង​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុង​ពិធី​បន់ស្រន់​ឲ្យ​មាន​ការ​ដោះលែង​ពលរដ្ឋ​តំបន់​បឹងកក់ ១៥​នាក់ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី​២៦ ឧសភា។

ចៅ​អធិការ​វត្ត​អង្គ​មេត្រី ព្រះ​តេជគុណ យឹង ភារម្យ មាន​ថេរដីកា​ថា អាជ្ញាធរ​បាន​សាកសួរ​នៅ​ពេល​ដែល​ឃើញ​មាន​ពុទ្ធបរិស័ទ​ជា​ច្រើន​បាន​ធ្វើ​ ដំណើរ​មក​ដល់​បរិវេណ​វត្ត។ ព្រះ​តេជគុណ​មាន​ថេរដីកា​បន្ត​ថា ការ​ធ្វើ​ពិធី​អ្វី​មួយ​នៅ​ក្នុង​វត្ត​នេះ ទាល់​តែ​សុំច្បាប់​ពី​អាជ្ញាធរ​ដែនដី​ជា​មុន​សិន៖ «ពេល​ដែល​យើង​ចូល​មក​គាត់​ឃើញ​មនុស្ស​ច្រើន។ អ៊ីចឹង​គាត់​ខ្លាច​ការពារ​មនុស្ស​អត់​បាន ដល់​អ៊ីចឹង​គាត់​ថា បើ​យើង​ចូល​មក​ចូល​ទៅ​អ៊ីចឹង​ប្រគេន​ចង្ហាន់​ហើយ​សូម​កុំ​ធ្វើ​អី​នៅ​ក្នុង​ បរិវេណ​វត្ត​ឲ្យ​សោះ ព្រោះ​កុំ​ឲ្យ​វា​ប៉ះពាល់។ ជា​ទូទៅ​យើង​ធ្វើ​អី​ក៏​យើង​ត្រូវ​សុំ​ច្បាប់ គេ​ដែរ​ព្រោះ​អី​យើង​ធម្មតា យើង​នៅ​វត្ត​យើង​នៅ​ក្រោម​ច្បាប់​គេ»។
ចៅ​សង្កាត់​ព្រៃវែង រង​ទី​១ លោក គង់ សំអុល បាន​ឆ្លើយតប​ថា បន្ទាប់​ពី​លោក​បាន​ទៅ​សាកសួរ​ព្រះសង្ឃ​រួច​មក ហើយ​ដឹង​ថា ពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ លោក​ពុំ​បាន​រារាំង​អ្វី​ទេ៖ «ក្រែង​លោ​គណបក្ស​នយោបាយ​ផ្សេងៗ​យើង​ចុះ​ទៅ​ធ្វើ​សកម្មភាព​នៅ​វត្ត​អ៊ីចឹង​ ណា។ ឃើញ​លើក​ផ្លាក​លើក​អ៊ីចឹង​ទៅ​មិន​ទុក​ចិត្ត​ណា។ យើង​ទៅ​ពិនិត្យ​មើល​ផ្លាក​នោះ គឺ​សុំ​ទាមទារ​ឲ្យ​ពន្ធនាគារ​នោះ ដើម្បី​ដោះលែង​អ្នក​ទោស»។
ទន្ទឹម​នឹង​គ្នា​នេះ នៅ​ឯ​ខ្លោង​ទ្វារ​វត្ត រថយន្ត​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​ក៏​បាន​ចាក់​មេក្រូ យ៉ាង​កង​រំពង។
អនុ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក លោក ចាន់ សុវ៉េត ថ្លែង​ថា នេះ​ជា​ចេតនា​ក្នុង​ការ​រំខាន​របស់​អាជ្ញាធរ។ លោក​ថា​ការ​ជួប​ជុំ​គ្នា​នេះ ជា​សិទ្ធិ​សេរី​ភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​ចាំ​បាច់​សុំ​ ច្បាប់​ទៅ​អាជ្ញាធរ​ជា​មុន​នោះ​ទេ៖ «ខ្ញុំ​បាន​មើល​ឃើញ​ថា ទី​វត្ត​អារាម ហើយ​នៅ​ពេល​ដែល​បងប្អូន​សហគមន៍​បុរី​កីឡា ​បឹង​កក់​មក​ដល់​ទី​នេះ យើង​ឃើញ​ថា ខាង​គណបក្ស​​​នយោបាយ​​ក៏​គេ​យក​មេក្រូ​យក​អី​មក​ចាក់​ផ្សាយ រំខាន​មិន​ឲ្យ​មាន​ការ​ជជែក​គ្នា​អ៊ីចឹង។ ហើយ​យើង​ឃើញ​ថា មាន​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ច្រក​ល្ហក​ទាំងអស់ បើ​ទោះ​បី​ជា​មិន​មាន​ការ​រារាំង​ជា​ទ្រង់ទ្រាយ​ធំ ក៏​ប៉ុន្តែ​ដូច​ជា​មាន​ការ​កត់​សម្គាល់​ដូច​ជា​មាន​ការ​រើស​យក​ក្រដាស​ដែល​ ប្រជាពលរដ្ឋ​លោក​សរសេរ​ដើម្បី​ឧទ្ទិស​សុំ​ឲ្យ​មាន​ការ​ដោះលែង​មនុស្ស​នោះ ក៏​ជា​រឿង​មួយ​ដែល​យើង​ឃើញ​ថា ធ្វើ​អ្វី​ម្យ៉ាង​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ»
នៅ​ក្នុង​ពិធី​បន់ស្រន់ ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ម្នាក់ បាន​កោរ​សក់​ចំពោះ​មុខ​ព្រះ៖ «ខ្ញុំ​កោរ​សក់​នេះ​គ្មាន​អ្វី​ថ្វាយ​ព្រះ​អង្គ មាន​តែ​កោរ​សក់​ថ្វាយ​ដល់​ព្រះអង្គ ជួយ​ដល់​គ្នា​ខ្ញុំ​ដែល​មាន​ទុក្ខ។ តុលាការ​អយុត្តិធម៌ ដាក់​គំនាប... ពឹង​ផ្អែក​លើ​ឫទ្ធិ​បារមី​ព្រោះ​អី​មនុស្ស​លោក​ជួយ​គ្នា​ឯង​មិន​បាន»។

បណ្ដាញ​អង្គការ​សមាគម​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​បាន​ដើរ​ដង្ហែ​ឆ្ពោះ​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ម១ និង​ម​២ ហើយ​បាន​ឈរ​ស្រែក​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស ទាមទារ​ឲ្យ​ដោះលែង​ពលរដ្ឋ​តំបន់​បឹង​កក់​ទាំង​១៥​នាក់៖ «យក​ម្ចាស់​ទៅ​ដាក់​គុក​ឲ្យ​អា​ចោរ​រួច​ខ្លួន។ សុំ​ឲ្យ​តុលាការ​រួច​ខ្លួន។ អនុសាសន៍​របស់​សម្ដេច​ប្រមុខ​រដ្ឋាភិបាល អ្នក​ដែល​មាន​ជម្លោះ​ដីធ្លី​គឺ​មិន​ត្រូវ​ជាប់​ពន្ធនាគារ​ដាច់​ខាត»

ស្វាមី​របស់​តំណាង​អ្នក​ភូមិ​បឹងកក់​ម្នាក់ ឈ្មោះ តុល ស្រីពៅ គឺ​លោក ប៉ោ គុណ្ណារ៉ា អះអាង​នៅ​មុខ​ពន្ធនាគារ​ថា តុលាការ​ផ្ដន្ទាទោស​អ្នក​ភូមិ​ដោយ​អយុត្តិធម៌៖ «កូន ​វា​លំបាក​ហើយ​ព្រោះ​អី​កូន​វា​ធ្លាប់​ដេក​ជាមួយ​ម្ដាយ​វា ឥឡូវ​កូន​វា​យំ​រាល់​យប់។ សូម​អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​ប្រពន្ធ​ខ្ញុំ​មក​វិញ។ ដោះលែង​អ្នក​ទាំង ១៥​នាក់​នោះ​មក​វិញ។ ព្រោះ​តុលាការ​កាត់​តាម​ផ្លូវ​ច្បាប់​ខ្ញុំ​អស់​ចិត្ត​ហើយ ព្រោះ​តុលាការ​អត់​បាន​កាត់​តាម​ផ្លូវ​ច្បាប់​សោះ ធ្វើ​នេះ​ធ្វើ​តាម​បញ្ជា​គេ​ហ្មង»

ក្រុម​អ្នក​តវ៉ា​បញ្ជាក់​ថា ពួកគេ​នឹង​ទាមទារ​ជា​បន្ត​ទៀត រហូត​ទាល់​តែ​មាន​ការ​ដោះ លែង​ពលរដ្ឋ​បឹងកក់​ទាំង ១៥​នាក់​នោះ​មក​វិញ៕

0 comments:

Post a Comment