Friday, September 28, 2012

ព្រះសង្ឃ និង​នយោបាយ

ដោយ សេក បណ្ឌិត 2012-09-27 l RFA
បព្វជិត​នៃ​ពុទ្ធសាសនា និង​អ្នក​វិទ្យាសាស្ត្រ​នយោបាយ បាន​បង្ហាញ​ថា វិស័យ​ពុទ្ធ
សាសនា​ នៅ​តែ​មាន​តួនាទី​សំខាន់ សម្រាប់​ចូល​រួម​អភិវឌ្ឍន៍​សង្គម និង​ផ្សះផ្សា​ដួង​
ចិត្ត​មនុស្ស ព្រម​ទាំង​ពន្លត់​ភ្លើង​ហិង្សា ។
កម្លាំង​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​ព្រះភិក្ខុ លួន សុវ៉ាត
 នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​រ
សៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ ។ RFA/Uon Chhin

ប៉ុន្តែ ព្រះសង្ឃ​មួយ​ចំនួន​ដែល​បាន​ព្យាយាម​អប់រំ​គាំទ្រ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ តាម​បែប​ធម៌​ព្រះពុទ្ធ​សាសនា​នោះ កំពុង​ជាប់​ចោទ​ថា​ជា​សង្ឃ​នយោបាយ និង​មាន​និន្នាការ​ទៅ​រក​បក្ស​នយោបាយ​ដែល​ប្រឆាំង​រដ្ឋាភិបាល​គ្រប់គ្រង​អំណាច ។
ការ​ប្រតិបត្តិ​របស់​ព្រះសង្ឃ​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មាន​ទស្សនៈ​យល់​ឃើញ​ផ្ទុយ​គ្នា​នៅ​ឡើយ ជុំវិញ​បញ្ហា​ព្រះពុទ្ធ​សាសនា និង​បញ្ហា​នយោបាយ ។
មាន​ទស្សនៈ​ខ្លះ​ថា ព្រះសង្ឃ​មិន​គួរ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​គ្រប់គ្រង​ប្រទេស​នោះ​ទេ ប៉ុន្តែ​ទស្សនៈ​ខ្លះ​ថា ព្រះសង្ឃ​ក៏​ស្ថិត​ក្នុង​សង្គម​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ។ ដូច្នេះ ព្រះសង្ឃ ឬ​បព្វជិត មិន​អាច​ធ្វើ​មិន​ដឹង​មិន​ឮ ចំពោះ​ចំណោទ​បញ្ហា​សង្គម​ដែល​កំពុង​កើត​មាន​ចំពោះ​មុខ​នោះ​បាន​ទេ។
ទាក់​ទង​បញ្ហា​នេះ បណ្ឌិត​ផ្នែក​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច មាន​ប្រសាសន៍​ថា ក្នុង​យុគ​សម័យ​ដែល​មាន​ការ​វិវឌ្ឍ​ទៅ​រក​បច្ចេកវិទ្យា​ជឿន​លឿន ព្រះសង្ឃ​មិន​អាច​គង់​នៅ​ផ្តាច់​ឆ្ងាយ​ពី​បញ្ហា​របស់​សង្គម​មនុស្ស​បាន​ឡើយ ។
ជា​ទ្រឹស្ដី បាន​បញ្ជាក់​ថា ព្រះសង្ឃ​មិន​កាន់ ឬ​មិន​ដើរ​តួ​ធ្វើ​នយោបាយ ប៉ុន្តែ​ច្បាប់​បាន​ចែង​ថា ព្រះសង្ឃ​មាន​សិទ្ធិ​បោះ​ឆ្នោត។ ត្រង់​ចំណុច​នេះ ចង់​ឬ​មិន​ចង់ ព្រះសង្ឃ​ត្រូវ​តែ​ជាប់​ជំពាក់​នឹង​រឿង​នយោបាយ ពីព្រោះ​ត្រូវ​ស្វែង​យល់​ពី​បញ្ហា​នយោបាយ ដើម្បី​សម្រេច​ព្រះទ័យ​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ។
ចំណែក បណ្ឌិត ហ៊ាង រិទ្ធី ប្រធាន​អង្គការ​ស៊ីអិនរ៉ូ (CNRO) និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​មួយ​នៅ​កម្ពុជា លោក​មាន​ប្រសាសន៍​មិន​យល់​ស្រប​ចំពោះ​ច្បាប់​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​ជាប់​កាតព្វកិច្ច​ចូល​រួម​បោះ​ឆ្នោត​នោះ​ទេ។ លោក​យល់​ថា បញ្ហា​នេះ​ជា​ការ​ជំរុញ​ឲ្យ​ព្រះសង្ឃ​ជាប់​ជំពាក់​នឹង​រឿង​នយោបាយ និង​នាំ​ឲ្យ​ព្រះសង្ឃ​ប្រតិបត្តិ​ខុស​នឹង​ធម៌​វិន័យ​របស់​ព្រះពុទ្ធ​សាសនា។
លោក​បន្ត​ថា ព្រះសង្ឃ​មាន​តួនាទី​សំខាន់​ណាស់​ទៅ​ហើយ ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​សង្គម​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ធម៌​អប់រំ​ផ្លូវ​ចិត្ត​មនុស្ស កុំ​ឲ្យ​មាន​ចិត្ត​គំនិត​អាក្រក់​ប្រព្រឹត្តិ​នូវ​អំពើ​ហិង្សា។
ទាក់​ទង​បញ្ហា​នេះ​ដែរ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ដែរ​ថា សព្វថ្ងៃ​នេះ ព្រះសង្ឃ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា លែង​មាន​ចិត្ត​ជា​កណ្ដាល​ទៅ​ហើយ ថ្វី​បើ​សំបក​ខាង​ក្រៅ​ថា​មិន​ដើរ​តួ​នយោបាយ ប៉ុន្តែ​ផ្លូវ​ចិត្ត​ខាង​ក្នុង ពោរពេញ​ទៅ​ដោយ​និន្នាការ​នយោបាយ។ ធម៌​ទេសនា​មួយ​ចំនួន​ធំ​បច្ចុប្បន្ន បាន​ក្លាយ​ពី​ធម៌​របស់​ព្រះពុទ្ធ​ទៅ​ជា​ធម៌​នយោបាយ ឬ​ធម៌​ទេសនា​នោះ​បាន​បង្កប់​នូវ​សារ​នយោបាយ​ជាច្រើន។
លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ស្ទើរ​គ្រប់​ធម៌​ទេសនា សុទ្ធ​តែ​មាន​ជូនពរ​ទៅ​ដល់​អ្នក​ធំ ឬ​អ្នក​នយោបាយ​មាន​អំណាច ដែល​តាម​ពិត ព្រះសង្ឃ​ត្រូវ​ជូន​ពរ​ដល់​សព្វ​សត្វ​លោក​ផង​ទាំង​ពួង ដោយ​មិន​រើសអើង។
លោក​បន្ត​ថា នៅ​សម័យ​នេះ ព្រះសង្ឃ​ពិបាក​នឹង​ផ្តាច់​ចេញ​ពី​នយោបាយ​ណាស់ ពីព្រោះ​ព្រះសង្ឃ​ខ្លះ​នៅ​តែ​ចង់​បាន​មុខ​មាត់ តំណែង​មិន​ចាញ់​គ្រហស្ថ​ប៉ុន្មាន​ឡើយ។
ទោះ​យ៉ាង​ណា​ក្តី ការ​វាយ​តម្លៃ ឬ​ការ​ដៅ​លើ​ព្រះសង្ឃ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​គេ​និយម​ហៅ​ខ្លី​ថា សង្ឃ​នយោបាយ​នោះ តែង​តែ​ផ្តល់​នូវ​វិបត្តិ​អាក្រក់​ដល់​ព្រះសង្ឃ​ទាំង​ឡាយ​ណា ដែល​ជាប់​ចោទ​ថា បាន​បម្រើ​នយោបាយ​ឲ្យ​បក្ស​ប្រឆាំង ។
ព្រះសង្ឃ​មួយ​អង្គ មាន​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម គឺ​ព្រះតេជព្រះគុណ ថាច់ កុងភួង។ សព្វថ្ងៃ ព្រះអង្គ​គង់​នៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​ព្រះអង្គ​ភៀស​ព្រះ​កាយ​ពី​ដែនដី​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម មក​កម្ពុជា ក្រោយ​មក​ទៀត ព្រះអង្គ​ត្រូវ​ភៀស​ខ្លួន​បន្ត​ចេញ​ពី​កម្ពុជា​ទៀត កាល​ពី​ប្រមាណ ៥ឆ្នាំ​មុន​នេះ ដោយ​មាន​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា​ពាក់ព័ន្ធ​រឿង​នយោបាយ ។
ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា កាល​ពី​ថ្ងៃ​ទី២៥ កញ្ញា ថា ព្រះសង្ឃ​ដែល​មាន​និន្នាការ​ទៅ​រក​អ្នក​ធំ ច្រើន​មាន​ផល​ល្អ ប៉ុន្តែ បើ​ព្រះសង្ឃ​ចង់​បញ្ចេញ​មតិ​ដើម្បី​ចូល​រួម​ស្នើ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ការពារ​ផល​ប្រយោជន៍​សហគមន៍ ដែល​ត្រូវ​អ្នក​មាន​អំណាច​គំរាម​កំហែង​នោះ ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា ជា​សង្ឃ​នយោបាយ ចូល​រួម​ជាមួយ​បក្ស​ប្រឆាំង ប្រព្រឹត្តិ​ខុស​ធម៌​វិន័យ​ជា​សង្ឃ ហើយ​ចុង​បញ្ចប់ ត្រូវ​ចាប់​ផ្សឹក​ទាំង​បង្ខំ ឬ​បណ្ដេញ​ចេញ​ពី​វត្ត​អារាម​ជាដើម ។
ព្រះភិក្ខុ​ខេមចារោ យស ហ៊ុត មាន​ថេរ​ដីកា​ថា ព្រះសង្ឃ​មាន​តួនាទី​សំខាន់​បី​យ៉ាង សម្រាប់​ជួយ​ដល់​សង្គម​ជាតិ ក្នុង​នោះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​ដោយ​ប្រយោល​ខ្លះ​ដែរ គឺ​ទី​មួយ កិច្ចការ​សាសនា ទី២ កិច្ចការ​នយោបាយ គឺ​ព្រះសង្ឃ​មាន​តួនាទី​ជួយ​រំលឹក ជួយ​ដាស់​តឿន​អ្នក​នយោបាយ ឲ្យ​ធ្វើ​ការ​បម្រើ​ជាតិ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោយ​យក​ធម៌ យក​ច្បាប់​ជា​ធំ ឲ្យ​គោរព​ការ​បែង​ចែក​អំណាច មាន​យុត្តិធម៌ ឲ្យ​ចេះ​ធ្វើ​ពលិកម្ម​ផ្ទាល់​ខ្លួន ដើម្បី​ពលរដ្ឋ និង​សង្គម​ជាតិ​ជាដើម។ ចំពោះ​បញ្ហា​សេដ្ឋកិច្ច​វិញ ព្រះសង្ឃ​ក៏​ត្រូវ​អប់រំ​ឲ្យ​អ្នក​ជំនួញ​ទាំង​ឡាយ ត្រូវ​រក​ស៊ី​ប្រកប​ដោយ​ធម៌ ដោយ​គោរព​ច្បាប់ ដោយ​សុចរិត ដើម្បី​សេចក្តី​សុខ សេចក្តី​ចម្រើន​ទាំង​អស់​គ្នា ។
ព្រះតេជព្រះគុណ​ពន្យល់​ថា សកម្មភាព​របស់​ព្រះសង្ឃ​បែប​នេះ មិន​មែន​ជា​នយោបាយ​មួយ​ដែល​ដណ្ដើម​អំណាច​ដោយ​ឈរ​ឈ្មោះ​ជា​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬ​ដើម្បី​ផល​ប្រយោជន៍​បុគ្គល​ផ្ទាល់​ខ្លួន​នោះ​ទេ។
ការ​វាយ​តម្លៃ​ព្រះសង្ឃ​ថា ជា​សង្ឃ​នយោបាយ​ខុស​ពី​ធម៌​វិន័យ​ព្រះពុទ្ធ​នោះ ទាល់​តែ​មាន​ការ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ប្រកប​ដោយ​ពុទ្ធិ ដោយ​បញ្ញា ទើប​ការ​សន្និដ្ឋាន​នោះ​មាន​តម្លៃ​ជា​សាកល មិន​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ដល់​ជន​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ ឬ​នាំ​ឲ្យ​ល្អក់​កករ​ក្នុង​វិស័យ​ពុទ្ធសាសនា ហើយ​បព្វជិត​នៃ​ព្រះពុទ្ធ​សាសនា គួរ​តែ​ធ្វើ​អ្វី​មួយ ដែល​ជា​ប្រយោជន៍​សម្រាប់​ជន​គ្រប់​រូប​ទូទៅ ៕

0 comments:

Post a Comment