ថ្លែងនៅក្នុងសវនាការ ប្រមាណពីរ ម៉ោង រ៉ាន់ បូរ័ត្ន បាននិយាយរ៉ាយរ៉ាប់ អំពីសកម្មភាពកើតហេតុ នៅថ្ងៃទី ២៦ ខែមេសា ដោយមានទាំងការធ្វើកាយវិការផងដែរថា នៅថ្ងៃនោះ នៅពេលដែលលោក វុទ្ធី ព្រមទាំងអ្នកកាសែត ស្ត្រីពីរនាក់ បានចូលថតរូបភាព នៅក្នុងដេប៉ូក្រុមហ៊ុន ខ្លួនក៏បានឃាត់រថយន្តលោក វុទ្ធី និងបានទូរស័ព្ទទៅ ប៊ុន ឆន ឲ្យមកជួយអន្តរាគមន៍។ មួយសន្ទុះក្រោយមក ប៊ុន ឆន អ៊ិន រតនា និង សូ សុភាព ដែលសុទ្ធតែជាប៉េអឹម បានជិះម៉ូតពីរគ្រឿងមកដល់ ដោយមានស្ពាយកាំភ្លើងម្នាក់មួយដើមជាប់ខ្លួន។ បូរ័ត្ន អះអាងថា ខ្លួនបានទៅនិយាយជាមួយលោកវុទ្ធី ឲ្យលុបរូបក្នុងម៉ាស៊ីនថតចោល តែលោកវុទ្ធីមិនព្រម ថែមទាំងឲ្យស្ត្រីជាអ្នកកាសែតបរទេសម្នាក់ ថតរូបប៊ុន ឆន ហើយក៏ធ្វើឲ្យមានជម្លោះតឹងសរសៃកកើតឡើង។ នៅពេលនោះ លោកវុទ្ធី ក៏បានបញ្ជេះឡាន តែខ្លួនគេក៏បានកាច់សោពន្លត់ ដើម្បីឲ្យលោកវុទ្ធីប្រគល់មេម៉ូរី។ បូរ័ត្នអះអាងទៀតថា ៖ «អ៊ិន រតនា បានស្រែកពីខ្ទមមកថា អាតាហ្នឹងម៉េចក៏ខ្លាំងម្ល៉េះ ហើយក៏អាមេកាំភ្លើងដើរសំដៅមករថយន្ត។ ពេលនោះវុទ្ធី និយាយថា បើឯងចង់បាញ់ បាញ់មក ហើយរតនាក៏បាញ់តែម្តង ពេលនោះ ខ្ញុំក៏ស្ទុះទៅទាញកាំភ្លើងចេញ កុំឲ្យរតនាបាញ់ទៀត ពីព្រោះមានស្ត្រីអ្នកកាសែតពីរនាក់ក្នុងឡាន»។ «នៅពេលនោះ ស្រាប់តែប្រទាញប្រទងគ្នាធ្វើឲ្យដៃខ្ញុំប៉ះចំកៃកំាំភ្លើង ធ្វើឲ្យផ្ទុះពីរគ្រាប់ត្រូវ រតនា តែម្តង។ ខ្ញុំរារាំងនោះ គឺដើម្បីការពារកុំឲ្យមានរឿងកើតឡើងកាន់តែធំទៀត ពីព្រោះរតនា គាត់កំពុងតែខឹងខ្លាំង»។ បូរ័ត្ននិយាយថា៖«ខ្ញុំសូមតុលាការ មេត្តាបន្ធូរបន្ថយទោសដល់រូបខ្ញុំ...ខ្ញុំគ្មានចេតនាសម្លាប់ មនុស្សទេ»។
បូរ័ត្ន
បានអះអាងទៀតថា នៅពេលដែលស្នូរកាំភ្លើងបានផ្ទុះមួយគ្រាប់
អ្នកកាសែតដែលនៅក្នុងឡាន ក៏បានស្រែកថា កុំធ្វើអ៊ីចឹង ហើយក៏រត់ចូលព្រៃ
តែប៊ុន ឆន ក៏ហៅមកវិញ ដោយយកទូរស័ព្ទពីអ្នកកាសែតនោះ។ បូរ័ត្នបន្តថា៖ «នៅពេលដែលរតនាត្រូវរបួសនោះ ខ្ញុំពុំបានដឹងថា
លោកវុទ្ធី ត្រូវរបួសដែរទេ ស្រាប់តែឮសំឡេងជាន់ហ្គ័រឡានមួយទំហឹង
ហើយក៏ឮសំឡេងគាត់ស្រែកឲ្យគេជួយ។ ប្រហែលជា ២០នាទីក្រោយមក គាត់ក៏ស្លាប់
តែរតនាបានស្លាប់មុនគាត់»។
លោក សូ សុភាព មន្ត្រីប៉េអឹម ដែលមកធ្វើជាសាក្សី បានឆ្លើយថា បន្ទាប់ពីបានទទួលទូរស័ព្ទពីរ៉ាន់ បូរ័ត្ន ខ្លួនព្រមទាំងអ៊ិន រតនា និងប៊ុន ឆនបានជិះម៉ូតមកដល់កន្លែងកើតហេតុ ហើយនៅពេលមកដល់នោះ ប៊ុន ឆន បានសុំមេម៉ូរីពីលោកវុទ្ធី តែគាត់ពុំព្រមឲ្យ ដោយប្រកែកគ្នាតឹងសរសៃក រួចក៏ស្រាប់តែឮស្នូរផ្ទុះអាវុធ ហើយលោកវុទ្ធី ក៏ស្រែក ខ្លួនក៏បានក្រាបចុះ ក៏ឮស្នូរកាំភ្លើងពីរគ្រាប់ទៀត ពេលងើបឡើងមកវិញ ក៏ឃើញរតនាដួលដែរ ខ្លួនក៏បានស្រែកឲ្យអ្នកស្រុកជួយ។ សុភាព អះអាងទៀតថា៖ «ខ្ញុំគិតថា ការបាញ់នោះ គឺជាការបាញ់សំឡុតកុំឲ្យ វុទ្ធី ទៅមុខតែប៉ុណ្ណោះ ខ្ញុំមិនដឹងថា អ្នកណាបាញ់រតនាទេ»។
តាមការអានចម្លើយ របស់សាក្សី កញ្ញា ផន បុប្ជា ដែលជាអ្នកកាសែតនៅក្នុងហេតុការណ៍នោះ តាមរយៈក្រឡាបញ្ជី នាងបានឲ្យដឹងថា កន្លែងដែលមានបញ្ហានោះ គឺលោក វុទ្ធី បានប្រាប់ថា កន្លែងនេះ ត្រូវចុះយកព័ត៌មាន ហើយខ្លួនក៏ដើរផ្សេងគ្នា ពីលោកវុទ្ធី។ មួយសន្ទុះក្រោយមក ខ្លួនក៏ឡើងឡានវិញ ហើយខ្លួនក៏បានអង្គុយនៅកៅអីខាងក្រោយស្រាប់តែមានមនុស្សពាក់ ម៉ាស់ ស្លៀកឯកសណ្ឋានយោធា ដែលមានក្លិនស្រា មកសុំមេម៉ូរីពីលោក វុទ្ធី តែគាត់ពុំព្រមឲ្យ។ នៅខណៈដែលខ្លួនកំពុងអង្គុយក៏ឮសំឡេងផ្ទុះអាវុធ ៣ គ្រាប់ ហើយទាហានពាក់ម៉ាស់ក៏រត់មកដណ្តើមទូរស័ព្ទពីខ្លួន។ បុប្ជានិយាយទៀតថា៖«នៅពេលខ្ញុំដើរពីព្រៃមកវិញ ខ្ញុំឃើញមនុស្សដេកមុខឡានហើយលោកវុទ្ធីអង្គុយក្នុងឡាន ខ្ញុំពុំបានឃើញអ្នកណាបាញ់អ្នកទាំងពីរឲ្យស្លាប់នោះទេ។ នៅពេលនោះ មានបុរសម្នាក់ស្គម កាន់ឯកសារក្នុងដៃ បានស្រែកថា បាញ់ ២នាក់នោះចោលទៀតទៅ»។
កាលពីថ្ងៃទី៣០ ខែមេសា រដ្ឋាភិបាល បានបង្កើតគណៈកម្មការ ស៊ើបអង្កេតចម្រុះមួយ លើរឿងបាញ់សម្លាប់នេះ ហើយនៅថ្ងៃទី ៥ ឧសភា គណៈកម្មការនេះ បានប្រកាសក្នុងសន្និសីទកាសែតមួយថា លោក ឈុត វុទ្ធី ត្រូវបានលោក អ៊ិន រតនា បាញ់សម្លាប់ ហើយលោក អ៊ិន រតនា បានត្រូវគ្រាប់កាំភ្លើង ដោយចៃដន្យ នៅពេលលោក រ៉ាន់ បូរ័ត្ន ដណ្ដើមកាំភ្លើងពីលោក រតនា។
លោក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានប៉ូលិសព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការស៊ើបអង្កេតករណីបាញ់សម្លាប់នេះ បានថ្លែងថា រឿងនេះពុំមែនជារឿងសម្លាប់សម្ងាត់ទេ។ នៅពេលឈ្លោះគ្នានោះ មានប្រជាជនឈរមើលដែរ។ លោកនិយាយថា ៖«ខ្ញុំសោកស្តាយគាត់ តែយើងបានរកឃើញអ្នកសម្លាប់គាត់ គឺអ៊ិន រតនា។ ខ្ញុំគាំទ្រ ចំពោះតុលាការ ដែលចោទប្រកាន់រ៉ាន់ បូរ័ត្ន។ បើគាត់មិនធ្វើអ៊ីចឹងទេ អាចនឹងបាញ់ត្រូវនារីពីរនាក់នោះទៀត»។
អ្នកស្រី សំ ចន្ធី ភរិយាលោកឈុត វុទ្ធី ដែលមិនបានដឹងពីការបើកសវនាការនេះ មិនពេញចិត្ត នឹងចំណាត់ការ របស់តុលាការ ខេត្តកោះកុងនេះទេ។ អ្នកស្រីបានចោទសួរថា ហេតុអ្វីរឿងទាំងអស់ បែរជាដាក់បន្ទុកទៅលើតែអ្នកដែលស្លាប់នោះទៅវិញ ហើយអ្នកដែលនៅរស់ បែរជាគ្រាន់តែចោទត្រឹមតែពីបទមនុស្សឃាតដោយអចេតនា? អ្នកស្រីនិយាយថា៖«ខ្ញុំទទូចសូមឲ្យតុលាការ រកយុត្តិធម៌ឲ្យប្តីខ្ញុំផង កុំឲ្យប្តីខ្ញុំស្លាប់ទៅដោយអយុត្តិធម៌ដូច្នេះ»។
លោក ចៅក្រម ខាំ សុផារី បានថ្លែងថា លោកនឹងប្រកាសសាលក្រម ក្នុងករណីមនុស្សឃាតដោយអចេតនានេះ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១២ នៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹក។
ក្រុមអង្គការសង្គមស៊ីវិលបានសម្តែងការសោកស្តាយចំពោះចំណាត់ ការរបស់តុលាការខេត្តកោះកុង ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះទាំង ២ នាក់ ទាំងលោក ឈុត វុទ្ធី និងទាំងលោកអ៊ិន រតនា។ កាលពីក្រោយថ្ងៃកើតមានការបាញ់ប្រហារ មន្ត្រីអង្គការសង្គមស៊ីវិលមួយក្រុម បានចុះទៅធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ ហើយបានធ្វើការសន្និដ្ឋានថា ទាំងលោកឈុត វុទ្ធី និងលោក អ៊ិន រតនា អាចត្រូវជនទី ៣ បាញ់សម្លាប់។
លោកអ៊ូ វីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសម្តែងការសោកស្តាយការដែលតុលាការលើកចោលមិនចាត់ការសំណុំរឿងបាញ់សម្លាប់លោកឈុត វុទ្ធី។ លោកនិយាយថា៖«តាំងពីដើមទីមក យើងមើលឃើញថា សមត្ថកិច្ចរបស់រដ្ឋាភិបាលមិនមានឆន្ទៈពិតប្រាកដ ក្នុងការធ្វើការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះទេ»។
លោកអ៊ូ វីរៈ បានថ្លែងទៀតថា រដ្ឋាភិបាលគួរតែធ្វើការស៊ើបអង្កេតឲ្យបានត្រឹមត្រូវថាតើមាន អ្នកណា នៅពីក្រោយការបាញ់សម្លាប់លោក ឈុត វុទ្ធី និងលោកអ៊ិន រតនា? ហើយក៏ត្រូវធ្វើការស៊ើបអង្កេតផងដែរ ពីបទល្មើសព្រៃឈើនៅក្នុងតំបន់នោះដែលជាដើមហេតុនាំឲ្យមានការ បាញ់ប្រហារកើតឡើង។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេត និងលោក អ៊ិន គង់ជិត សកម្មជនអង្គការសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តកោះកុង បានថ្លែងថា រឿងក្តីនេះនៅតែមានភាពមិនប្រក្រតីជាច្រើន ពីព្រោះការសន្និដ្នានលើកដំបូង របស់កងរាជអាវុធហត្ថខេត្តថា អ៊ិន រតនា បានបាញ់លោកវុទ្ធីស្លាប់ ហើយបានបាញ់សម្លាប់ខ្លួនឯង។តែនៅពេលស៊ើបលើកទី២ បែរជាបង្ហាញថា រ៉ាន់ បូរ័ត្ន បានចូលទៅឃាត់ ធ្វើឲ្យរាលកៃត្រូវរតនាស្លាប់ទៅវិញ។ លោកសំអាតថ្លែងថា៖«យើងនៅតែមានមន្ទិលសង្ស័យ ហើយនៅតែមិនទាន់អាចទទួលយកបាន ពីព្រោះរឿងនេះហាក់បីដូចជាមានចេតនា បិទបាំងតាំងពីដើមទីមក»។
លោកនាង បូរាទីណូ មន្ត្រីសម្របសម្រួលនៃសមាគមអាដហុកប្រចាំខេត្តកោះកុង បានថ្លែងថា ក្នុងរឿងនេះ សាក្សីសំខាន់ៗ មិនត្រូវបានកោះហៅឲ្យចូលបំភ្លឺទេ ហើយក៏មិនបានសួរបញ្ជាក់ច្បាស់លាស់ ទាក់ទិនទៅនឹងអ្នកពាក់ព័ន្ធផ្សេងៗទៀតដែរ។ លោកថ្លែងថា៖ «យើងទទូចឲ្យមានការស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យដឹងថា តើអ្នកណាជាអ្នកបញ្ជាឲ្យមានការបាញ់សម្លាប់នេះ ពីព្រោះការធ្វើការគឺមានមេមានកើយ គេមិនអាចធ្វើការសម្រេចតាមតែចិត្តខ្លួនឯងបែបនេះបានទេ»៕
0 comments:
Post a Comment