គ្រោងឆ្អឹងស្ត្រីពាក់ត្រសាល់ យុគសំរិទ្ធិ (ឯកសារថៃ)
នៅសតវត្សទីមួយ នៃគ្រិស្ដសករាជ ជនជាតិខ្មែរមួយភាគធំដែលរស់នៅតាមវាល
ទំនាបដែនដីសណ្ដរ ព្រមទាំងតាមឆ្នេរ សមុទ្រ ដូចជា ឈូងសមុទ្រសៀមសព្វថ្ងៃជាដើម បានស្ថិតក្រោមឥទ្ធិពលវប្បធម៌យ៉ាងខ្លាំងក្លានៃពួកឥណ្ឌា ដែលមករកស៊ីជួញប្រែជាមួយខ្មែរ ជាហេតុបណ្ដាលឲ្យខ្មែរនាសម័យនោះខ្ចីយកខឿន វប្បធម៌ អារ្យធម៌ក្លឹង្គ ដែលខ្លួនយល់ឃើញថា ខ្ពង់ខ្ពស់រុងរឿង ជឿនលឿន ដើម្បីអភិវឌ្ឍន៍សង្គមរបស់ខ្លួនដោយជោគជ័យ ខុសពីជនជាតិមន-ខ្មែរមួយចំនួនផ្សេងទៀតដែលរស់នៅតាមខ្ពង់រាប ឬព្រៃភ្នំ ដែលពួកគេពុំមានទំនាក់ ទំនងជាមួយជនជាតិក្លឹង្គ ។ដូច នេះហើយ បានជាសំណង់សង្គមដើមរបស់គេពុំបានកែប្រែ ឬវិវត្ដន៍តាមរបៀបក្លឹង្គឡើយ ។ ប្រការនេះ ជាហេតុបណ្ដាលឲ្យអ្នកប្រាជ្ញប្រវត្តិសាស្ដ្រម្នាក់ឈ្មោះ ហ្សក សឺដេស សរសេរនៅឆ្នាំ ១៩៦៥ថា ខ្មែរជា ព្នង ដែលបានទទួលវប្បធម៌ក្លឹង្គ ឬឥណ្ឌារូបនីយកម្ម ។ បើនិយាយឲ្យចំទៅ ចំពោះអ្នកស្រាវជ្រាវខាងលើនេះ ខ្មែរជាជនជាតិកើតនៅលើទឹកដីឥណ្ឌូចិននេះ បានតពូជពង្សរហូតដល់សព្វថ្ងៃពីបុព្វបុរស ដែលបានកាន់កាប់ភូមិភាគនេះតាំងពីមុនសម័យបុរេប្រវត្តិសាស្ដ្រ ។ បើនិយាយម្យ៉ាងទៀត មុនការបង្កើតព្រះរាជាណាចក្រភ្នំ ខ្មែរ និងខ្មែរលើជាជនជាតិតែមួយ ។
សរុបសេចក្ដីមក ក្រោមអនុភាពវប្បធម៌បរទេស សង្គមខ្មែរ-មនបុរាណបានផ្លាស់ប្ដូរទ្រង់ទ្រាយបន្ដិចម្ដងៗ ពោលគឺពីលក្ខណៈកុលសម្ព័ន្ធដែលគ្មានអំណាចកណ្ដាល ទៅជារាជានិយម ដែលមានស្ដេច សេនាប្រមុខ ព្រាហ្មបុរោហិត ព្រះសង្ឃសព្វមុខនាហ្មឺនមន្ដ្រី ដែលជាមែកធាងនៃរចនាសម្ព័ន្ធថ្មី ។
គំនូរការប្រើត្រសាល់ដោយជនជាតិ ភ្នងដើមភាគតិចវត្ថុបំណងនៃអត្ថបទនេះ គឺចង់បញ្ជាក់នូវភាពដូចគ្នារវាងប្រពៃណីប្រើត្រសាល់ត្រចៀក របស់ជនជាតិខ្មែរដែលរស់នៅតាមវាលទំនាប ដែលបានកាន់ព្រហ្មញ្ញសាសនា និងពុទ្ធសាសនា និងជនជាតិខ្មែរដែលរស់នៅតាមព្រៃភ្នំ ហើយនិងភាពចំណាស់នៃប្រពៃណីនេះ ។ ម្យ៉ាងទៀត យើងក៏ខិតខំពន្យល់នូវមូលហេតុ ដែលបណ្តាលឲ្យខ្មែរដែលរស់នៅតាមវាលទំនាបឈប់ប្រើប្រាស់គ្រឿង អលង្ការនេះ ចាប់តាំងពីសតវត្សទី១៩ នៃគ្រឹស្តសករាជ ។

ស្ត្រីភ្នងនៅកម្ពុជាក្រោម ដើម ស.វ.ទី ២០ (ឯកសារបារាំង)
ជនជាតិភាគតិច នៅប្រទេសវៀតណាម, គំនូរពណ៌
ការស្រាវជ្រាវនេះ ជាវិភាគទានដ៏តូចមួយ ឆ្លុះឲ្យ ឃើញនូវឫសគល់របស់ជនជាតិខ្មែរយើង ដែលរួមពូជ សាសន៍ និងវប្បធម៌ អារ្យធម៌ជាមួយបងប្អូនជនជាតិខ្មែរ លើ។ ថ្វីត្បិតតែកុលសម្ព័ន្ធខ្មែរលើសព្វថ្ងៃបានក្លាយខ្លួន ទៅជាជនជាតិភាគតិចដែលរស់នៅពាសពេញដេរដាសត្រង់នេះបន្តិច ត្រង់នោះបន្តិច ក្នុងឧបទ្វីបឥណ្ឌូចិន ដោយសារតែគ្មានអំណាច កណ្តាល ដូចខ្មែរយើងក៏ដោយ ហើយមិនបានរួបរួមក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ ក៏ពួកគេនៅតែមានតួនាទី យ៉ាងសំខាន់បំផុត ក្នុងវិស័យវប្បធម៌ អារ្យធម៌ខ្មែរ ដោយហេតុថា វប្បធម៌ខ្មែរកើតចេញពីវប្បធម៌ខ្មែរលើ ដែលមានតាំងតែពីសម័យបុរេប្រវត្តិសាស្ត្រ ។
ចម្លាក់កម្ពុជាក្រោម ស.វ.ទី ១១ ភេទស្រីពាក់ត្រសាល់ (សព្វថ្ងៃនៅ សារមន្ទីរជាតិភ្នំពេញ) ស្ថានីយ៍បុរេប្រវត្តិសាស្ត្រជាច្រើនបានបន្សល់ទុកនូវវត្ថុបុរាណ ដែលបុព្វបុរសខ្មែរបានប្រើប្រាស់ជាឧបករណ៍វប្បធម៌ សំរាប់ជីវិតប្រចាំថ្ងៃដូចជា : កងដៃ កងជើង កាំបិត លំពែង ដឹង ដែលធ្វើពីសំរិទ្ធ ចាន ឆ្នាំង ក្រឡធ្វើពីដីដុតជាដើម។ ក្នុងចំណោម វត្ថុបុរាណទាំងនោះ យើងបានជួបប្រទះនូវត្រសាល់ ត្រចៀក ជាច្រើនដែលធ្វើពីឆ្អឹង សំបកខ្យង និងដីដុត។
ត្រសាល់ធ្វើអំពីថ្ម, ភូមិស្នាយ ស.វ ទី ១-៤ គ.ស (សារមន្ទីរជាតិពន្ធុវិទ្យា, ទួលគោក)
ស្ថានីយ៍ប្រវត្តិសាស្ត្រជាច្រើន មានជាអាទិ៍ដូចជា ល្អាងស្ពាន ម្លូព្រៃ សំរោងសែន (កម្ពុជា) អូរកែវ (កម្ពុជាក្រោម) តាខេ ភូមិប្រាសាទ (នគររាជសីមា សៀមបច្ចុប្បន្ន) និង ត្រឹងនិញ (លាវបច្ចុប្បន្ន) អាចបញ្ជាក់ឲ្យយើងដឹងថា ការនិយមពាក់ត្រសាល់ត្រចៀក ផ្តើមឡើងតាំងពីសម័យមុនប្រវត្តិសាស្ត្រម្ល៉េះ ។ ប្រភពឯកសារក៏បានបញ្ជាក់ទៀតថា ៖ មានតែជនជាតិអម្បូរមន-ខ្មែរទេ ដែលនិយមប្រើប្រាស់ប្រពៃណីនេះ ជាទូទៅក្នុងតំបន់នានា ដែលខ្លួនរស់នៅ តាំងពីបុរាណ កាលរហូតមកដល់សព្វថ្ងៃនេះ ។
ត្រសាល់ដីដុតមកពីសំរោងសែន រវាង ១៥០០-១០០០ មុនគ.ស. និងស្នាយរវាងទី ១-៤ គ.ស.
ត្រសាល់ធ្វើអំពីដីដុត ភូមិស្នាយ ថ្វីត្បិតតែនៅដើមសតវត្សទីមួយ នៃគ្រិស្ដសករាជ ឥទ្ធិពលនៃអារ្យធម៌ វប្បធម៌ក្លឹង្គ មានសន្ទុះខ្លាំងយ៉ាងណាក៏ដោយ ក៏ខ្មែរនៅសម័យនោះ(នគរភ្នំ និងចេនឡា ឬជាន់លើ) នៅតែប្រើប្រាស់ប្រដាប់ប្រដាតុបតែងខ្លួន ដូចខាងលើនេះដដែល ។
ត្រសាល់សំរិទ្ធិមកពីភូមិស្នាយ ស.វ.ទី ១-៤ គ.ស (សារមន្ទីរជាតិពន្ធុវិទ្យា, ទួលគោក)
ត្រសាល់សំរិទ្ទិមកពីស្វាយចេក ស.វ.ទី ១-៤ គ.ស (សារមន្ទីរជាតិពន្ធុវិទ្យា, ទួលគោក) តើហេតុដូចម្តេច បានជាអាទិទេពសំខាន់ៗ នៃលទិ្ធព្រហ្មញ្ញសាសនា និង ព្រះពុទ្ធអង្គ ព្រមទាំងអវលោកេស្វរៈ មិនពាក់ត្រសាល់ដូចអាទិទេពថ្នាក់ក្រោមទៅវិញ(ដូចជាយក្ខ, ស្វាជាដើម?) នេះបញ្ហាមួយ ដែលគេត្រូវតែចាប់អារម្មណ៍កាលបើយើងពិនិត្យបដិមាកម្មខ្មែរ នាសម័យបុរាណ ។
ចម្លាក់រឿងរាមកេរ្តិ៍ ស.វ ទី ១១, រចនាបថបាពួន ប្រាសាទបាពួន (សៀមរាប) មានពាក់ត្រសាល់
សូមជម្រាបថា ចាប់តាំងពីខ្មែរកាន់សាសនាថ្មីទាំងពីរខាងលើនេះមក ការអប់រំរបស់មនុស្សខ្មែរបានឈានឆ្ពោះទៅរកការអភិវឌ្ឍន៍ថ្មីមួយ ហើយទំនៀមទំលាប់របស់ពួកគេ ក៏ឈានទៅតាមបែបវប្បធម៌ឥណ្ឌាដល់កម្រិតខ្ពស់បំផុត ។ ដូច្នេះហើយការដែលតម្រូវឲ្យពួកគេ ដែលជាព្រហ្មញ្ញសាសនិក ឬពុទ្ធសាសនិក បោះបង់ចោលបន្ដិចម្ដងៗ នូវប្រពៃណីពាក់ត្រសាល់នេះ គឺជាការប្ដេជ្ញាដើរតាមសម័យទំនើប ពោលគឺតាមគន្លងធម៌នៃសាសនាថ្មី។ ប្រការនេះបានជំរុញបង្កើតទំរង់ ឬសញ្ញាណនៃសោភ័ណភាពថ្មី ដែលនិយមគ្រឿងលំអត្រចៀកតូចជាងមុន ដូចជាងាកមកប្រើ កាវ ឬទំហ៊ូជាដើមវិញ ៕F
(ម.ត្រាណេ)



0 comments:
Post a Comment