22- 01 - 2012
Filed under: អរិយធម៌ខ្មែរ
ពេលបានឃើញកំណត់ហេតុប្រជុំរដ្ឋសភាក្នុងទសវត្សរ៍៤០ ស្ដីពីសេចក្ដីស្នើច្បាប់របស់ឧកញ៉ា នូ កន កំណត់ឲ្យមន្ត្រីរាជការប្រើប្រាស់អក្សរខ្មែរដើម្បីទំនាក់ទំនងគ្នា ខ្ញុំកោតសរសើរឧត្ដមគតិរបស់លោកណាស់ ។ ផ្ទុយពីនេះ ក៏អាចមានបងប្អូនខ្លះយល់ថា លោកខិតខំប្រឹងប្រែងយ៉ាងនេះគឺដោយសារលោកពុំចេះភាសាបារាំងនឹងគេ ។ ទោះជាយ៉ាងណា ដើម្បីជាគតិសម្រាប់ត្រិះរិះពិចារណា និងដើម្បីទុកជាកាលប្បវត្តិ ខ្ញុំសូមដកស្រង់កំណត់ហេតុនេះ ដែលបានផ្សាយដោយប្លុក KI-Media (ទទួលបានពីលោកមេធាវី ទូច បូរ៉ា) មកបង្ហាញជូនដូចខាងក្រោម ៖
សេចក្ដីស្នើច្បាប់
ធ្វើនៅមន្ទីររដ្ឋសភានៅថ្ងៃ មេសា គ.ស១៩៤៨
ខ្ញុំបាទជាប្រធានគណៈកម្មការមហាផ្ទៃ និងការពារប្រទេស បានទទួលបដឺរ៉ូលោកនាយករដ្ឋមន្ត្រីលេខ ២៩១ ចុះថ្ងៃទី៣១ មីនា គ.ស១៩៤៨ ដែលបញ្ជូនចុតហ្មាយលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយនឹងពាក្យឈ្មោះ ភី ឈួន នាង កាំ ណាំ នៅឃុំកំពង់ ហៅស្រុកកំពង់លែង (កំពង់ឆ្នាំង) ។
ពាក្យចោទ និងសេចក្ដីបញ្ជូនគណៈកម្មការមហាផ្ទៃ និងការពារប្រទេស ជូនទៅលោកនាយករដ្ឋមន្ត្រីជាអក្សរខ្មែរ ។ លោកបញ្ជូនត្រលប់មកវិញ ទាំងបដឺរ៉ូ និងចុតហ្មាយក្រសួងយុត្តិធម៌ សុទ្ធតែជាអក្សរបារាំង ខ្ញុំបាទរកគេមើលឲ្យស្ដាប់ ទើបដឹងថា រឿងក្ដីនោះក្រសួងយុត្តិធម៌ថាសាលាគ្រប់ជាន់បានកាត់សេចក្ដីត្រឹមត្រូវជាយុត្តិធម៌ហើយ ។ (រឿងនេះ ចាំខ្ញុំបាទឲ្យដំណឹងចោទទៅថ្ងៃក្រោយ)
តែខ្ញុំបាទមានសេចក្ដីស្ដាយណាស់ ព្រះតេជគុណព្រះគុណនាយក និងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពុំគួរនឹងពុំមានសេចក្ដីករុណាដល់ខ្លួនខ្ញុំបាទដែលពុំចេះភាសាបារាំង បើប្រសិនណាជាលោកឆ្លើយជាអក្សរខ្មែរមកវិញ ខ្ញុំបាទក៏ពុំបាច់រកគេមើលឲ្យយូរការទេ តែត្រង់ខ្លួនខ្ញុំបាទក៏វាហីទៅចុះ គួរលោកមានសេចក្ដីអាណិតដល់មាត្រា២ នៃរដ្ឋធម្មនុញ្ញ ដែលមានអាយុមកដល់ថ្ងៃនេះ ១១ខែហើយ ម្ដេចក៏មាត្រានេះមិនចេះមានរស្មីភ្លឺឡើងបន្តិចសោះ ។
ខ្ញុំបាទបានសង្កេតមើល និងសង្កេតស្ដាប់គ្រប់មន្ទីរធ្វើការរដ្ឋាភិបាលស្ទើរតែទាំងអស់ ទាំងក្រុង និងខេត្តក្រៅ ឃើញនៅត្រូវការសួរ ឬឆ្លើយតបគ្នាទៅវិញទៅមកជាខ្មែរ និងខ្មែរ ម្ដេចក៏សរសេរជាអក្សរបារាំងទៅវិញ ។ មានមន្ទីរធ្វើការខ្លះ ប្រហែលគេប្រឹងជួយលើកអក្សរខ្មែរណាស់ដែរ បានជាកាខ្នងសៀវភៅសរសេរជាតួអក្សរខមអក្សរមូលធំៗ តែបើបើកមើលទៅខាងក្នុង គង់នៅមានអក្ខរាវិរុទ្ធដូចសម្លចាប់ឆាយ ។ ចុះវាទាស់នឹងអ្វី ? បានជាលោកទាំងអស់នោះពុំចូលចិត្តសរសេរជាអក្សរខ្មែរសោះ ។ សម្ដីនិយាយក្រៅថា យើងខ្មែរត្រូវតែជួយលើកដំកើងអក្សរសាស្ត្រខ្មែរឲ្យមានពន្លឺរស្មីថ្លៃថ្លានឹងគេឡើងដូចប្រទេសជិតខាង ។
ខ្ញុំបាទឃើញនឹងភ្នែកច្បាស់ កាលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះនាមខន្តិយកោដិមុនីវង្សទ្រង់បានរាជាភិសេកនោះ ព្រះចៅស្វីស្វាវង្ស ក្រុងហ្លួងព្រះបាង បានស្ដេចព្រះរាជដំណើរមកក្នុងពិធីនោះផង ស្ដេចព្រះអង្គនេះទៅរៀនភាសាឯក្រុងបារាំងសែសបានថ្នាក់ «បាស្សូ» តែទ្រង់មានព្រះរាជឱង្ការក្នុងពេលពិធីជាមួយនឹងបារាំងលោកអ្នកធំ មានលោករេស៊ីដង់ត៍សុប៉េរីយើជាដើម ស្ដេចមានព្រះរាជឱង្ការជាភាសាលាវដរាប ចាវជេតសារាត ជាលាមប្រែភាសា ។ ដែលគេធ្វើយ៉ាងដូច្នេះ យើងយល់ថាគេធ្វើដើម្បីអ្វី ?
ខ្ញុំបាទពុំមែនអាណិតតែត្រឹមមាត្រា២ នៃរដ្ឋធម្មញ្ញប៉ុណ្ណោះទេ ខ្ញុំបាទនឹកអាណិតដល់រូបលោករដ្ឋមន្ត្រីខ្លះ លោកជាខ្មែរហើយខ្ពើមភាសាខ្មែរ កាលលោកត្រូវទៅមានប្រសាសន៍ជាខ្មែរកណ្ដាលជំនុំជាខបញ្ហាអ្វីនីមួយ ប្រសាន៍ហូរទៅបាន តែនៅមានអាក់ ព្រោះពុំជាក់ពាក្យខ្មែរមួយម៉ាត់ៗ ក៏ងាកឆ្វេង‑ស្ដាំ មានពួកអ្នកអង្គុយជិតខាងដឹងអធ្យាស្រ័យ ជួយឆ្លើយបំពេញជម្រាបទៅ ទើបលោកថាចេញទៅទៀតបាន ។ បើម្លឹងៗ មាត្រា២ នៃរដ្ឋធម្មនុញ្ញ ដែលរដ្ឋសភាបណ្ដោះអាសន្នបានប្រឹងតវ៉ាជាយូរវេលា ទើបបានសម្រេចជាតួអក្សរ និងលេខ ត្រឹម ១៥ ពាក្យនឹងមិនទៅអសារឥតការទេឬ ?
ឱអនិច្ចាមាត្រា២ នៃរដ្ឋធម្មនុញ្ញយើងអើយ ! អភ័ព្វអីក៏អភ័ព្វម៉្លេះ ដូចព្រះអាទិត្យឱទ័យមុនគេ បន្ទាប់នឹងមាត្រា១ច្បង ចេញមកពីទិសបូព៌ាហើយ ម្ដេចឡើយមិនលឿនទៅទិសបស្ចិមសិនសឹមរលត់ ថែមគេចង់ឲ្យអស្ដង្គតត្រង់ទិសដដែលទៅវិញ មកពីហេតុអ្វី ? ខ្ញុំយល់ថា ប្រហែលមកពីរូបភាពរដ្ឋធម្មនុញ្ញនេះ ទទឹង ១៥សង់ទីម៉ែត្រ បណ្ដោយជាង ២០សង់ទីម៉ែត្រ សម្ដើងប្រហែល ២មីលីម៉ែត្រ ចំនួនតែ ១៧សន្លឹក ដូចមាឌទូកស្ដើង ហើយស្រាលផង នឹងចែវឡើងជួរទន្លេមេគង្គ ទៅមិនរួចទេដឹង បើចាញ់ខ្យល់ម៉្លេះ ?
រដ្ឋសភាពុំមែនមើលបំណាំទេ បានជួយស្ទួយលើកឡើងពេញកម្លាំង មានបើកក្ដោងហើយចែវ ថែមទាំងយកថ្នោលដោលទៀត ក៏នៅតែលឿនថយក្រោយទៅវិញ យើងនឹងបណ្ដោយឲ្យត្រលប់ក្បាលចុះទៅជា ឬរដ្ឋសភាប្រើមានខ្លះដែរ ?
ខ្លួនខ្ញុំបាទជាខ្មែរ កើតនៅស្រុកស្រែ ធ្លាប់ទទួលសម្លខ្មែរ ខ្ញុំបាទបានទៅ «មិស្យុង» ស្រុកបារាំង បានទទួលទានម្ហូបបារាំង មានឱជារសយ៉ាងប្រសើរមែន តែខ្ញុំបាទពុំភ្លេចសម្លត្រីអញ្ជាត់របស់ខ្មែរសោះ ។ ខ្ញុំបាទពុំមែនលុបលាងសម្ដី និងគំនិតអស់លោកសមាជិករដ្ឋសភាថា មិនជួយគិតផងនោះទេ អស់លោកគង់គិតដូចខ្ញុំបាទដែរ ។ តែខ្ញុំបាទដឹងថា មានតែខ្លួនខ្ញុំបាទ និងលោក សំ ញានអនុប្រធាន ដែលមិនចេះភាសាបារាំងដូចគ្នា បានប្រឹងតវ៉ាមកជាច្រើនដងច្រើនលើកហើយ ។ ពេលនេះគួរតែរដ្ឋាភិបាលយើង ឧស្សាហ៍មើលត្រលប់រដ្ឋធម្មនុញ្ញពីខាងដើមវិញផង ព្រោះសព្វថ្ងៃមានគណៈកម្មការវប្បធម៌ជ្រើសរើសពាក្យខ្មែរបានច្រើនណាស់មកហើយ ។ ខ្ញុំបាទពុំមែនមិនដឹងធុរៈគណៈរដ្ឋមន្ត្រីដែលលោកត្រូវការនឹងខានពុំបាន ដោយអក្សរបរទេសដូចរឿងថវិកាសម្រាប់ប្រទេសជាតិនោះទេ ការឯណាដែលលោកត្រូវការណាស់នឹងជៀសពុំបាន ក៏គួរនៅប្រើតាមរបៀបគេទៅចុះ ។
ហេតុនេះបើអស់លោកយល់ដូចខ្ញុំ ខ្ញុំបាទសុំអនុម័តរដ្ឋសភារួច សុំព្រះតេជព្រះគុណប្រធានរដ្ឋសភាចាត់ឲ្យគណៈកម្មការណារៀបចំជានីតិបញ្ញត្តិដោយពិសេសម្ដងទៀត ដូចមានសេចក្ដីព្រាងយ៉ៗខាងក្រោមនេះ ៖
ជំពូក១ បញ្ញត្តិអំពីអ្នករាជការគ្រប់ប៉ែក គ្រប់ជាន់ក្នុងប្រទេសខ្មែរ
- ខ្មែរ និងខ្មែរ ត្រូវនិយាយគ្នាជាខ្មែរ
- ខ្មែរ និងខ្មែរ ត្រូវសរសេរសំបុត្រចុតហ្មាយទៅវិញទៅមកជាអក្សរខ្មែរ
- ខ្មែរ និងខ្មែរ ត្រូវធ្វើបង្កាន់ដៃបើក‑ដាក់ ឬទទួលវត្ថុអ្វីផងទាំងពួងជាអក្សរខ្មែរ
- វត្ថុប្រើប្រាស់សម្រាប់ប្រទេសជាតិខ្មែរ ត្រូវប្រើអក្សរ និងលេខជាខ្មែរ
ក្នុងវេលាដែលរៀបចំធ្វើនីតិបញ្ញត្តិនេះ សុំឲ្យគណៈរដ្ឋមន្ត្រី ឬបម្រើលោកអញ្ជើញមករួបរួមជាទីប្រឹក្សាជាមួយនឹងរដ្ឋសភាផង ដើម្បីជាសារាណីយធម៌ជាមួយគ្នា ។ បើពុំសម្រេចតាមប្រាថ្នាដូច្នេះទេ យើងរដ្ឋសភានឹងគួរយកមាត្រា៨៣ រៀងទៅដល់មាត្រា៨៥ នៃរដ្ឋធម្មនុញ្ញមកសំដែងបានឬទេ ?
ប្រធានគណៈកម្មការ
ហត្ថលេខាៈ នូ កន
លុះលោក នូ កន បានអានចប់ហើយ អស់លោកអ្នកតំណាងរាស្ត្រ មានភាគច្រើនបានទះដៃទទួលអំណរ ។ លោក នូ កន មានប្រសាសន៍តទៅទៀតថា ខ្ញុំអរគុណចំពោះអស់លោកដែលបានទះដៃទទួលអំណរនេះណាស់ ខ្ញុំពុំនឹកស្ដាយក្រដាស ទឹកខ្មៅ និងកម្លាំងសរសេរសោះ ។ តែខ្ញុំយល់ថា មានអស់លោកខ្លះមិនពេញចិត្តនឹងសេចក្ដីស្នើរបស់ខ្ញុំនេះទេ ដោយចំពោះបំផុតគឺអស់លោកដែលមានវិជ្ជាខាងបារាំង ព្រោះអស់លោកទាំងនោះ ដូចជាអ្នកធ្លាប់តែធ្វើដំណើរតាមថ្នល់កៅស៊ូ ហើយមកដើរតាមផ្លូវថ្មីមិនរាបស្មើ មុខជានឹងទោមនស្សមិនខាន ។
លោកប្រធាន (ប្រជា.) ថា ខ្ញុំសូមប្រគល់សេចក្ដីស្នើនេះ ទៅគណៈកម្មការតុលា និងរដ្ឋធម្មនុញ្ញ ។

ការពិនិត្យទៅលើសៀវភៅរបស់
ចូអេល ព្រីងឃ្លី
ដែលមានចំណងជើងថា «បណ្ដាសារបស់កម្ពុជា ៖
ប្រវត្ដិសាស្ដ្រសម័យទំនើបនៃទឹកដីដែលមានបញ្ហា»
សៀវភៅថ្មីមួយរបស់លោក ចូអេល ព្រីងឃ្លី បោះពុម្ពនៅខែមេសា ឆ្នាំ២០១១ដែលមានចំណងជើងថា «បណ្ដាសារបស់កម្ពុជា ៖ ប្រវត្ដិសាស្ដ្រសម័យទំនើបនៃទឹកដីដែលមានបញ្ហា» គឺជាការសិក្សាទូទៅដំបូងអំពីប្រទេសកម្ពុជា បន្ទាប់ពីលោក អ៊ីវេន ហ្គតថេសមេន បានសរសេរសៀវភៅ «ប្រទេសកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហម» ដែលបានបោះពុម្ពនៅឆ្នាំ២០០៤ ។ លោក ហ្គតថេសមេន បានធ្វើការរិះគន់រាងស្រាល ហើយបែបបទនៃការសរសេររបស់គាត់មានលក្ខណៈផ្លូវការជាងលោក ចូអេល ព្រីងឃ្លី ។ នៅក្នុងសៀវភៅរបស់លោក ព្រីងឃ្លី មិនមានផ្នែកណាមួយនៅក្នុងនយោបាយសង្គមជាតិ ឬបរទេសដែលគាត់លើកឡើងជាឧទាហរណ៍វិជ្ជមានទេ ហើយសូម្បីតែប្រជាជននៅក្នុងប្រទេសនោះក៏ត្រូវបានគាត់រិះគន់ក្នុងន័យអវិជ្ជមានដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមានសេចក្ដីសោមនស្ស និងគោរពចំពោះលោក ព្រីងឃ្លី ចំពោះកិច្ចប្រឹងប្រែង និងចំណង់នៃការសរសេរសៀវភៅនេះ ។
សៀវភៅនេះមានលក្ខណៈវែង និងត្រូវបានរៀបរៀងជា ១៧ ជំពូក ។ ជំពូកនីមួយៗត្រូវបានរៀបរៀងទៅតាមដំណាក់កាលនៃពេលវេលា ។ ប៉ុន្ដែគ្រប់ជំពូកនីមួយៗមិនមានចំណងជើងដែលបកស្រាយពីខ្លឹមសារចម្បងរបស់ជំពូកទាំងនោះទេ ។ លោក ព្រីងឃ្លី ព្យាយាមលើកឡើងពីគ្រប់ទិដ្ឋភាពនៃប្រទេសកម្ពុជាក្រោយអំពើប្រល័យពូជសាសន៍ គឺក្រោយពីមានអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់) ។
ជំពូកទី១
ជំពូកដំបូង បានចាប់ផ្ដើមដោយពាក្យសម្ដីរបស់អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក ចូសេប មូសូមេលី ដែលធ្លាប់និយាយថា «អ្នកត្រូវប្រយ័ត្នប្រយែងពីព្រោះប្រទេសកម្ពុជាគឺកន្លែងដែលគ្រោះថ្នាក់បំផុតក្នុងចំណោមប្រទេសដែលអ្នកនឹងទៅទស្សនា ។ អ្នកនឹងស្រលាញ់ប្រទេសនេះ ប៉ុន្ដែនៅទីបញ្ចប់ប្រទេសនេះនឹងធ្វើឱ្យអ្នកខូចចិត្ដ» ។ ខ្ញុំបានជួបលោក ចូសេប មូសូមេលី ដោយផ្ទាល់ ។ លោកគឺជាមនុស្សដែលស្រលាញ់ប្រទេសកម្ពុជាខ្លាំង ហើយក៏ជាអ្នកការពារសិទ្ធិមនុស្សដែរ ។ នៅពេលដែលលោកធ្វើជាឯកអគ្គរដ្ឋទូត ស្ថានទូតអាមេរិកបានផ្លាស់ប្ដូរមុខមាត់ និងមានលក្ខណៈរួសរាយរាក់ទាក់ចំពោះប្រជាជនកម្ពុជាច្រើនជាងមុន ។ ខ្ញុំមិនគិតថាសម្ដីរបស់ ចូសេប មូសូមេលី មិនមែនជាការរិះគន់ប្រទេសកម្ពុជាទេ ប៉ុន្ដែគឺជាការសរសើរទៅវិញទេ ។ យ៉ាងណាមិញវាហាក់ដូចជាថាលោក ព្រីងឃ្លី ប្រហែលជាធ្លាប់មានបទពិសោធន៍អាក្រក់នៅក្នុងប្រទេសកម្ពុជាដែលធ្វើឱ្យលោកនៅមានអារម្មណ៍ខឹងនៅឡើយ ។
សេចក្ដីសង្ខេប និងអនុសាសន៍ នៅក្នុងជំពូកទីមួយ អ្នកនិពន្ធបានពិភាក្សាពីប្រវត្ដិសាស្ដ្ររបស់កម្ពុជាពីសម័យអារ្យធម៌អង្គររហូតដល់ការធ្វើរដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ ទម្លាក់សម្ដេច សីហនុ នៅខែមីនា ឆ្នាំ១៩៧០ ។ ហេតុការណ៍ជាច្រើននៃសម័យកាលនោះដែលមានរៀបរាប់នៅក្នុងសៀវភៅនេះត្រូវបានគេដឹងឮគ្រប់គ្នាទៅហើយ ។
នៅក្នុងជំពូកផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ខ្ញុំយល់ឃើញថា អ្នកនិពន្ធបានចាប់យកចំណុចអវិជ្ជមានពីអតីតកាលមកធ្វើសេចក្ដីសន្និដ្ឋានទៅលើបច្ចុប្បន្នកាល ។ ពេលខ្លះ អ្នកនិពន្ធបានដកស្រង់ពាក្យសម្ដីរបស់ប្រជាជនកម្ពុជាដែលបង្ហាញពីអំពើព្រៃផ្សៃ ដូចជា ការលើកឡើងរបស់លោក ព្រីងឃ្លី ពីវិធីសាស្ត្រដែលស្ដេចខ្មែរដាក់ទណ្ឌកម្មអ្នកទោស ។ ទោះបីជានៅក្នុងសម័យដើមក៏ដោយ តើមានអ្នកណាអាចរំពឹងពីការដាក់ទណ្ឌកម្មឱ្យមានលក្ខណៈស្រាលមនុស្សធម៌ជាងមុន ?
អ្នកនិពន្ធក៏បានពិភាក្សាពីអំពើព្រៃផ្សៃនៃការលួចយកថង់ប្រមាត់ដើម្បីពង្រីកអំណាចរបស់ខ្លួន (ទោះបីជាមានតែសេនាប្រមុខ លន់ នល់ ហើយ លន់ នល់ ត្រូវបានគេដឹងថា ជាអ្នកដែលជឿលើជំនឿបែបនេះ) និងចំណុចមួយចំនួនដែលសន្មតថា ប្រជាជនកម្ពុជាខ្វះភាពវ័យឆ្លាត ខ្ជិលច្រអូស ព្រងើយកន្ដើយ ល្ងង់ខ្លៅ ស្ពឹក និងប្រកាន់យកអំពើពុករលួយបន្សល់ទុកពីប្រវត្ដិសាស្ដ្រ ។ ការអះអាងបែបនេះត្រូវបានដកស្រង់តាមពាក្យសម្ដីអ្នកស្រាវជ្រាវជនជាតិថៃ វៀតណាម និងបារាំង ខណៈពេលដែលវៀតណាម ថៃ និងកម្ពុជាធ្លាប់មានជម្លោះប្រកាន់ជាតិសាសន៍ជាមួយកម្ពុជាជាយូរណាស់មកហើយក៏ដោយ ។ ប្រជាជនកម្ពុជាក៏មានរឿងរ៉ាវជាច្រើនដែលត្រូវនិយាយពីប្រទេសវៀតណាមដែរ ។ ត្រង់ចំណុចមួយអ្នកនិពន្ធក៏បានលើកឡើងថា ភាពខ្វះខាតមហិច្ឆតា និងការតស៊ូរបស់ប្រជាជនកម្ពុជាក្នុងការធ្វើឱ្យមានការផ្លាស់ប្ដូរបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសាសនារបស់ខ្លួនគឺព្រះពុទ្ធសាសនាហិនយានដែលលោក ព្រីងឃ្លី យល់ឃើញថា មានលក្ខណៈអសកម្ម និងខ្វះខាតក្នុងការតាំងចិត្ដប្រឆាំង ។
ជំពូកទី២
ជំពូកទីពីរ ពិភាក្សាពីការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាដែលមិនមែនចេញពីទស្សនៈខាងក្នុងរបស់ប្រទេសកម្ពុជាទេ ប៉ុន្តែចេញពីសកម្មភាពរបស់សហគមន៍អន្ដរជាតិ ជាក់ស្ដែងគឺមន្ដ្រីសហរដ្ឋអាមេរិក ។ ខ្ញុំគិតថា សៀវភៅស្ដីពីប្រវត្ដិសាស្ដ្រកម្ពុជាគួរតែដាក់បញ្ចូលចរិតលក្ខណៈរបស់កម្ពុជាឱ្យបានច្រើន ។ ជំពូកនេះផ្ដើមដោយខ្លឹមសារទាក់ទងនឹងការរកឃើញរបស់អតីតឯកអគ្គរដ្ឋទូត ខេនិត ឃ្វីន ពីការដុតភូមិកររបស់ប្រជាជនដែលប្រព្រឹត្ដឡើងដោយខ្មែរក្រហម ។ លោក ខេនិត ឃ្វីនបានឃើញព្រឹត្ដិការណ៍នោះពីទីទួលមួយនៅព្រំដែនកម្ពុជាវៀតណាមកាលពីដើមទសវត្សរ៍៧០ ។ បន្ទាប់មក លោក ឃ្វីន បានសរសេររបាយការណ៍ស្រាវជ្រាវមួយនៅខែកុម្ភៈ ឆ្នាំ១៩៧៤ អំពីស្ថានភាពបច្ចុប្បន្ននាពេលនោះ និងអនាគតរបស់ខ្មែរក្រហម ។ ប៉ុន្ដែលោក ព្រីងឃ្លី នៅតែជឿថា លោក ឃ្វីន បានអះអាងខុសនៅក្នុងអត្ថបទស្រាវជ្រាវរបស់លោកដែលយល់ឃើញថា ជនកុម្មុយនីស្តកម្ពុជាទាំងអស់គឺជាក្រុមកុម្មុយនីស្តប្រឆាំងវៀតណាម តែមិនមែនសុទ្ធតែជាខ្មែរក្រហមនៅភូមិភាគនិរតី ។ តាមពិត ការអះអាងរបស់លោក ឃ្វីន មិនខុសទេ ។
អ្នកនិពន្ធក៏បានពិភាក្សាពីគោលនយោបាយរបស់អាមេរិកជាមួយនឹងកម្ពុជា គឺសំដៅលើការទម្លាក់គ្រាប់បែកនៅកម្ពុជា ។ ជំពូកនេះបញ្ចប់ដោយការរៀបរាប់ពីការចូលមកដល់ភ្នំពេញរបស់យោធាខ្មែរក្រហមនៅខែមេសា ឆ្នាំ១៩៧៥ ។ អ្នកនិពន្ធបានលើកឡើងពីបទពិសោធន៍របស់អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាម្នាក់ទៀតគឺលោក ឆាល ធ្វីននីង ដែលលោកបានមកដល់បាងកកនៅខែមិថុនា ឆ្នាំ១៩៧៥ ដើម្បីអង្កេតមើលស្ថានភាពប្រទេសកម្ពុជានៅពេលដែលការគាបសង្កត់របស់ខ្មែរក្រហមបានចាប់ផ្ដើមមានលក្ខណៈធ្ងន់ធ្ងរ ។ លោក ព្រីងឃ្លី ក៏បានរួមបញ្ចូលការពិភាក្សាមួយថា តើស្ថានភាពនៅកម្ពុជាដែលត្រួតពិនិត្យពីព្រំដែនមានការកាប់សម្លាប់ដែរឬទេ ?
ការចែករំលែកមួយដែលគួរឱ្យចាប់អារម្មណ៍របស់ ព្រីងឃ្លី គឺការរៀបរាប់ពីក្រុមមន្ដ្រីរបស់សេនាប្រមុខ លន់ នល់ ចំនួន ៨១នាក់ ដែលបានព្យាយាមត្រលប់មកប្រទេសកម្ពុជាវិញ និងខ្មែរក្រហមដួលរលំទៅហើយ ប៉ុន្ដែហេតុអ្វីបានជាអ្នកទាំង ៨១នាក់ ត្រូវសម្លាប់នៅគុកទួលស្លែងទៅវិញ ។ ជំពូកនេះបានបន្ដរៀបរាប់ពីការអង្កេតរបស់សហរដ្ឋអាមេរិកទៅលើខ្មែរក្រហម និងភាពសាហាវឃោរឃៅរបស់ខ្មែរក្រហមនៅប្រទេសកម្ពុជា ហើយជំពូកនេះក៏បញ្ចប់ដោយការរៀបរាប់ស្ដីពីការមកដល់របស់វៀតណាមនៅឆ្នាំ១៩៧៩ ។
ជំពូកទី៣
ជំពូកទីបី បន្ដរៀបរាប់ពីការដួលរលំនៃរបបខ្មែរក្រហម និងការធ្វើដំណើររបស់ប្រជាជនកម្ពុជាទៅព្រំដែនថៃ ។ ជំពូកនេះក៏បានរៀបរាប់ពីការអង្កេតការណ៍ពីស្ថានភាពរបស់ប្រទេសកម្ពុជានៅព្រំដែនថៃដោយមន្ដ្រីសហរដ្ឋអាមេរិកដូចជាលោក ស្ទីហ្វិន សូឡាហ្ស, ស៊ីនឌី ខូលមេន ដែលចង់ដឹងពីបុព្វហេតុនៃប្រទេសកម្ពុជា ។ អ្នកនិពន្ធក៏បានធ្វើកំណត់សម្គាល់យ៉ាងត្រឹមត្រូវថា ទោះបីជាមានភ័ស្ដុតាងជាច្រើនបង្ហាញពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់ខ្មែរក្រហម «ក៏មន្ដ្រីអាមេរិកហាក់ដូចជាត្រឹមតែដឹងថាវៀតណាមដែលជាសត្រូវដ៏ជូរចត់របស់សហរដ្ឋអាមេរិកបានគ្រប់គ្រងប្រទេសកម្ពុជា» ។
បន្ទាប់ពីពិភាក្សាពីសម័យកាលក្រោយរបបខ្មែរក្រហមមក ជំពូកនេះក៏បានពិភាក្សាពីការជជែកដេញដោលរបស់អង្គការសហប្រជាជាតិស្ដីពីការធ្វើជាតំណាងឱ្យប្រទេសកម្ពុជានៅក្នុងមហាសន្និបាត ។ ដូចដែលបានដឹងគ្រប់គ្នា នៅទីបញ្ចប់ខ្មែរក្រហមនៅតែបន្ដធ្វើជាតំណាងឱ្យប្រទេសកម្ពុជា ។ លោក ព្រីងឃ្លី បាននិយាយយ៉ាងត្រឹមត្រូវថា ជម្រើសនៅពេលនោះគឺអតីតរដ្ឋាភិបាលប្រល័យពូជសាសន៍ និងរដ្ឋាភិបាលដែលមានសម្ព័ន្ធភាពជាមួយសហភាពសូវៀត ។ ខ្ញុំពេញចិត្ដនឹងចំណុចដែល ព្រីងឃ្លី បាននិយាយពីចំណាប់អារម្មណ៍របស់លោកមេធាវីអាមេរិក រ៉ូបឺត រ៉ូសេនស្ទុក ដែលថា បន្ទាប់ពីជួបជាមួយ អៀង សារី «ខ្ញុំមានអារម្មណ៍ច្បាស់ថាមានអ្វីគួរឱ្យខ្ពើមនៅពេលដែលខ្ញុំចាប់ដៃ អៀង សារី» ។
អាពាហ៍ពិពាហ៍ដោយបង្ខំជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ពិធីរៀបការនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
១. ប្រវត្ដិ
នៅពេលមិនទាន់មានយុត្ដាធិការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ខ្មែរក្រហមបានរៀបចំការរៀបការជាប្រព័ន្ធឱ្យបុរស និងស្ដ្រីនៅទូទាំងប្រទេស ។ ទោះបីជាមានបុរសខ្លះបានស្នើប្រធានភូមិឱ្យជ្រើសរើសនារីដែលខ្លួនចង់រៀបការក៏ដោយក៏មានបុរស និងនារីភាគច្រើនផ្សេងទៀតមិនមានឱកាសជ្រើសរើសគូស្រករខ្លួនឯងឡើយ ។ ការបដិសេធមិនព្រមរៀបការ «អាចបណ្ដាលឱ្យមានការធ្វើទារុណកម្ម ការឃុំឃាំង និងការសម្លាប់
» ។
ពិធីរៀបការទាំងនេះរួមមានគូស្រករមិនតិចជាងបីគូ ហើយអាចមានដល់ទៅ១៦០គូ ។ ជាទូទៅ ប្រធានភូមិ ឬកម្មាភិបាលថ្នាក់ខ្ពស់នៅក្នុងសហករណ៍នឹងប្រកាសប្រាប់ភាគីទាំងពីរថាអ្នកទាំងនោះនឹងត្រូវរៀបការ បន្ទាប់មកពិធីរៀបការនឹងចាប់ផ្ដើមនៅកន្លែងនោះ ។ ជារឿយៗ គូស្រករដែលរៀបការទើបតែបានជួបមុខគ្នានៅថ្ងៃរៀបការនោះទេ ។ ឪពុកម្ដាយ និងសមាជិកគ្រួសារមិនត្រូវបានអនុញ្ញាតឱ្យជ្រើសរើសគូស្រករឱ្យកូនចៅរបស់ខ្លួន ឬចូលរួមក្នុងពិធីរៀបការទេ ។ ខ្មែរក្រហមបានអះអាងថា អំណាចរបស់ឪពុកម្ដាយមិនមានសារសំខាន់អ្វីទេ ពីព្រោះអង្គការគឺជា «ឪពុកម្ដាយរបស់អ្នកទាំងនោះ» ។
ប្រជាជនដែលរស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានទទួលរងអំពើព្រៃផ្សៃជាច្រើន ប៉ុន្ដែអំពើទាំងនោះមិនត្រូវបានយកទៅកាត់ទោសនៅក្រោមច្បាប់ព្រហ្មទណ្ឌអន្ដរជាតិទាំងអស់នោះទេ ។ ច្បាប់អន្ដរជាតិបានបង្កើនការទទួលស្គាល់ទៅលើឧក្រិដ្ឋកម្មដែលផ្អែកលើយេនឌ័រ ដូចជា ការរំលោភសេពសន្ថវៈ និងការធ្វើទាសកម្មផ្លូវភេទថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមានចម្ងល់ថាតើឧក្រិដ្ឋកម្មដែលផ្អែកលើយេនឌ័រអាចគ្របដណ្ដប់លើការខូចខាតដែលបណ្ដាលមកពីអាពាហ៍ពិពាហ៍ដោយបង្ខំក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬថាតើមានចន្លោះមួយនៅក្នុងច្បាប់អន្ដរជាតិ សម្រាប់កំណត់ឧក្រិដ្ឋកម្មនៃការបង្ខំឱ្យរៀបការដែលដាច់ដោយឡែកពីគ្នាថាជា «អំពើអមនុស្សធម៌ផ្សេងទៀត» ដែរឬទេ ។
២. ការខូចខាតបណ្ដាលមកពីអាពាហ៍ពិពាហ៍ដោយបង្ខំ
មុនរបបខ្មែរក្រហម ការរៀបចំអាពាហ៍ពិពាហ៍គឺជាបន្ទុករបស់គ្រួសារ ។ ម្ដាយ និងឪពុកត្រូវឆ្លងកាត់ការលំបាកជាច្រើនក្នុងការស្វែងរកគូស្រករឱ្យកូនប្រុសស្រីរបស់ខ្លួន ។ ម្ដាយ និងឪពុកត្រូវស៊ើបសួរពីអាយុ ស្ថានភាពគ្រួសារ និងកត្ដាផ្សេងទៀតរបស់ភាគីម្ខាងទៀតដើម្បីផ្គូផ្គងភាគីទាំងសងខាង ។ ពិធីរៀបការត្រូវចំណាយពេលបីថ្ងៃ ហើយវាគឺជាពិធីដ៏អ៊ឹកធឹកមួយដែលមានការចូលរួមពីសាច់ញាតិរបស់កូនក្រមុំ និងកូនកំលោះព្រមទាំងអ្នកភូមិផ្សេងទៀត ។ ការរៀបចំអាពាហ៍ពិពាហ៍នៅមុនពេលរបបខ្មែរក្រហមមានភាពខុសប្លែកគ្នាជាខ្លាំងពីអាពាហ៍ពិពាហ៍ដោយបង្ខំនៅក្នុងរបបខ្មែរក្រហម ។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគូស្រករជាច្រើនត្រូវរៀបការដោយបន្ទាន់ មិនមានវត្ដមានគ្រួសារ និងជាទូទៅមិនមានការរៀបចំត្រឹមត្រូវទេ ។ បុរស និងនារីដែលត្រូវបង្ខំឱ្យរៀបការគឺមិនមានការចូលរួមរបស់គ្រួសារការយល់ព្រម និងការប្រារឰពិធីត្រឹមត្រូវឡើយ ។
ទោះបីជាគូស្រករជាច្រើនដែលរៀបការនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ «មានអារម្មណ៍ខឹង និងមិនពេញចិត្ដចំពោះអាពាហ៍ពិពាហ៍ដោយបង្ខំ» គូស្រករជាច្រើនយល់ថាខ្លួនមានភារកិច្ចរស់នៅជាមួយប្ដីប្រពន្ធរបស់ខ្លួនបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ។ បន្ទាប់ពីធ្វើការប្ដេជ្ញាចិត្ដរស់នៅជាមួយគូស្រកររបស់ខ្លួនអស់មួយជីវិត បុរស និងនារីជាច្រើនត្រូវប្រឈមមុខនឹងអ្វីដែលអ្នកទាំងនោះគិតថាជាឧបសគ្គវប្បធម៌ដ៏ធំ ។ ទោះបីជាមានការទទួលស្គាល់ថាប្ដីប្រពន្ធត្រូវបានបង្ខំឱ្យរៀបការជាសហករណ៍ ប៉ុន្ដែការលែងលះក៏មិនត្រូវបានទទួលស្គាល់ដោយសង្គមដែរ ។ ប្ដីប្រពន្ធផ្សេងទៀតបន្ដនៅជាមួយគ្នាដោយសារតែអ្នកទាំងនោះជឿថាវាអាចផ្ដល់ស្ថិរភាពដល់កូនរបស់ឪពុកម្ដាយដែលត្រូវបានបង្ខំឱ្យរៀបការ ។ ប៉ុន្ដែបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គូផ្សេងដែលមិនមានធនធានគ្រប់គ្រាន់បានបែកគ្នាដោយសារខ្វះការការពារ និងធនធានហិរញ្ញវត្ថុ ។ សូម្បីតែបុរស និងនារីដែលបានយកឈ្នះទៅលើបញ្ហាវប្បធម៌ និងបែកគ្នាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅតែមិនពេញចិត្ដនឹងលទ្ធផលនៃអាពាហ៍ពិពាហ៍បង្ខំ ។ ឧទាហរណ៍បុរសម្នាក់ដឹងព័ត៌មានពីមិត្ដរបស់ខ្លួនថា ប្រពន្ធរបស់គាត់នៅក្នុងរបបខ្មែរក្រហមមានកូនស្រីម្នាក់ជាមួយគាត់ ។ ១៥ឆ្នាំបន្ទាប់ពីខ្មែរក្រហមបង្ខំឱ្យរៀបការ បុរសម្នាក់នោះបានធ្វើដំណើរទៅស្វែងរកអតីតប្រពន្ធ និងកូនស្រីរបស់គាត់ ។ បន្ទាប់ពីរកឃើញអ្នកទាំងពីរ បុរសម្នាក់នោះបានចាប់ផ្ដើមផ្ញើប្រាក់ឱ្យអតីតប្រពន្ធសម្រាប់ចិញ្ចឹមកូនស្រី ។ ការធ្វើបែបនេះបានធ្វើឱ្យមានការមិនទុកចិត្ដគ្នារវាងគាត់ និងប្រពន្ធទីពីរ ។
បុរស និងនារីដែលត្រូវបានបង្ខំឱ្យរៀបការទទួលរងការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ដ ។ ជនរងគ្រោះត្រូវបាន ១‑ដកហូតឱកាសមិនឱ្យជ្រើសរើសគូស្រកររបស់ខ្លួនដែលជាសេចក្ដីសម្រេចដ៏សំខាន់បំផុតក្នុងជីវិត ២‑ប្រើប្រាស់វិធានការបង្ខំដោយគាបសង្កត់ ឬហិង្សាមុននឹងរៀបការ ៣‑ទទួលខុសត្រូវចិញ្ចឹមកូនដែលបានមកពីអាពាហ៍ពិពាហ៍ដោយបង្ខំ និង ៤‑បង្ខំឱ្យមានទំនាក់ទំនងផ្លូវភេទដែលអាចប៉ះពាល់ដល់ជីវិតរបស់អ្នកទាំងពីរទោះបីជាអ្នកទាំងពីរលែងលះគ្នាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំក៏ដោយ ។
ពិធីរៀបការនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
៣. ធាតុផ្សំនៃអាពាហ៍ពិពាហ៍ដោយបង្ខំ
នៅកម្ពុជា អាពាហ៍ពិពាហ៍ដោយបង្ខំអាចនឹងកើតឡើងនៅពេលដែល ជនដៃដល់ប្រើប្រាស់ពាក្យសម្ដី ឬដឹកនាំជនណាម្នាក់ដោយការប្រើកម្លាំងបាយ ការគំរាមដោយបង្ខំ ឬការបង្ខំឱ្យរៀបការដែលបណ្ដាលឱ្យមានការឈឺចាប់ដ៏ធ្ងន់ធ្ងរគឺបណ្ដាលឱ្យជនរងគ្រោះមានរបួសទាំងផ្លូវកាយ និងផ្លូវចិត្ដ ។ អាស្រ័យហេតុនេះដើម្បីបង្ហាញថាមានអាពាហ៍ពិពាហ៍ដោយបង្ខំ ព្រះរាជអាជ្ញាត្រូវតែបង្កើតធាតុផ្សំបី ១‑ការប្រើកម្លាំងបាយ ការគំរាមដោយបង្ខំ ឬការបង្ខំ ២‑ទំនាក់ទំនងអាពាហ៍ពិពាហ៍ ៣‑ការឈឺចាប់ដ៏ធ្ងន់ធ្ងរ ឬរបួសផ្លូវកាយ និងផ្លូវចិត្ដរបស់ជនរងគ្រោះ ។
ក. ធាតុផ្សំទីមួយ: ការប្រើកម្លាំងបាយ ការគំរាមដោយបង្ខំ ឬការបង្ខំ
ខ្មែរក្រហមគ្រប់គ្រងប្រទេសដោយប្រើប្រាស់ការដាក់ទណ្ឌកម្មជាទម្ងន់ដល់បុគ្គលសូម្បីតែវាជាកំហុសដ៏តូចតាចក៏ដោយ ។ នៅក្នុងស្ថានភាពបែបនេះ ប្រជាជនជាច្រើនមិនមានកម្លាំងប្រឆាំងនឹងបញ្ជារបស់ខ្មែរក្រហមទេ ។ ទោះបីជាមានប្រជាជនខ្លះបានបដិសេធនឹងការបញ្ជាឱ្យរៀបការជាច្រើនលើកក៏ដោយ ក៏នៅទីបញ្ចប់ប្រជាជនមួយចំនួននេះបានយល់ព្រមនឹងបញ្ជានេះដដែល ។ អ្នកដែលបដិសេធមិនព្រមរៀបការ ហើយត្រូវបានសម្លាប់គឺជាអ្នកដែលមានសំណាង ។ នៅក្នុងបរិយាកាសគាបសង្កត់បែបនេះបុគ្គលជាច្រើនបានយល់ព្រមរៀបការដើម្បីចៀសផុតពីភាពភ័យខ្លាច ។ ដូច្នេះ យើងគួរតែពិចារណាទៅលើបរិស្ថានគាបសង្កត់ដែលបង្កើតឡើងដោយខ្មែរក្រហមនៅពេលបង្កើតធាតុផ្សំនៃការបង្ខំ ។ ស្ថានភាពបែបនោះគួរតែជាភ័ស្ដុតាងសច្ចធារណ៍ដែលជនរងគ្រោះនៃអាពាហ៍ពិពាហ៍ដោយបង្ខំនៅរបបកម្ពុជាប្រជាធិបតេយ្យមិនបានយល់ស្របដោយសុច្ចចិត្ដ ។
នៅក្នុងករណី កូណារ៉ាក់ ព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្ដរជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវីបានសង្កេតឃើញថា កត្ដាបរិស្ថានជុំវិញមួយចំនួនមានលក្ខណៈបង្ខំជាខ្លាំងដែលធ្វើឱ្យជនរងគ្រោះមិនមានលទ្ធភាពយល់ស្របដោយស្ម័គ្រចិត្ដ ។ នៅក្នុងករណី កូណារ៉ាក់ ជនត្រូវចោទទទួលការចោទប្រកាន់ពីអំពើទាសភាព និងការរំលោភឈ្លើយសឹកស្ដ្រីមួយចំនួននៅពេលខុសៗគ្នា ។ អង្គជំនុំជម្រះបានបកស្រាយការបង្ខំថាគ្របដណ្ដប់លើការដឹកនាំភាគច្រើនដែលមិនមានឆ្លងកាត់ការយល់ស្របដែលធ្វើឱ្យមានការវាយតម្លៃទៅលើលទ្ធភាពរបស់ជនរងគ្រោះក្នុងការយល់ស្របនៅក្នុងបរិបទជុំវិញខ្លួន ។
នៅក្នុងករណី ក្រនជេឡាក់ ព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្ដរជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវីក៏ទទួលស្គាល់ថា បរិយាកាសបង្ខំបានបង្កឱ្យមានការសន្មតថាមិនមានការស្ម័គ្រចិត្ដ ។ បន្ទាប់ពីវិភាគទៅលើស្ថានភាពឃុំខ្លួនអ្នកទោសដែលមិនមែនជាជនជាតិស៊ើប សាលាឧទ្ធរណ៍បានអះអាងថា «ការកាត់សេចក្ដីដ៏ត្រឹមត្រូវគួរតែកើតឡើងនៅពេលធ្វើសេចក្ដីសន្និដ្ឋានគឺថា ស្ថានភាពទូទៅរបស់អ្នកត្រូវបានឃុំឃាំងបានរារាំងមិនឱ្យមានការយល់ស្របដោយសេរី» ។
តុលាការព្រហ្មទណ្ឌអន្ដរជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវីបានសង្កត់ធ្ងន់ថា «បរិយាកាសបង្ខំធ្វើឱ្យជនរងគ្រោះមិនអាចយល់ស្របដោយសេរីទេ» ។ តុលាការព្រហ្មទណ្ឌអន្ដរជាតិបានប្រើប្រាស់ការបកស្រាយរបស់តុលាការព្រហ្មទណ្ឌអន្ដរជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវីស្ដីពីការបង្ខំនៅក្នុងធាតុផ្សំនៃបទល្មើសដែលរួមមាន ការប្រើកម្លាំងបាយ ការគំរាមដោយបង្ខំ ឬការបង្ខំដែលជាធាតុផ្សំនៃការរំលោភថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងទទួលស្គាល់ថានៅក្នុងបរិយាកាសបង្ខំក៏អាចមានការរំលោភដែរ ។
មិនមែនគូស្រករទាំងអស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យសុទ្ធតែត្រូវបានបង្ខំឱ្យរៀបការទេ ។ ដោយសារតែមានអ្នកខ្លះអាចស្នើការរៀបការរបស់ខ្លួន ដូច្នេះមេធាវីការពារក្ដីអាចដាក់ភ័ស្ដុតាងនេះទៅខាងអង្គភាពមេធាវីការពារក្ដី ។ គូស្រករខ្លះអាចឆ្លៀតឱកាសរៀបចំអាពាហ៍ពិពាហ៍របស់ខ្លួនដែលធ្វើឱ្យភាគីទាំងពីរសុទ្ធតែពេញចិត្ដ ។ «អ្នកខ្លះបានស្នើរៀបការដោយពេញចិត្ដខ្លួនឯង ឬតាមការជ្រើសរើសរបស់សាច់ញាតិ ។ នៅដើម និងចុងនៃរបបគ្រួសារជាច្រើនអាចស្នើរៀបការច្រើនជាងនៅពាក់កណ្ដាលនៃរបប» ។
របៀបដាក់ឈ្មោះឲ្យកូនចៅរបស់ខ្មែរបុរាណ
តាមប្រពៃណីខ្មែរយើងនៅសម័យបុរាណ ការដាក់ឈ្មោះឲ្យកូនចៅនីមួយៗគេច្រើនប្រកាន់ណាស់ ។ គេពុំមែនចេះតែដាក់ឈ្មោះឲ្យដោយពុំបានរកគ្រូអាចារ្យដើម្បីគន់គូរទស្សទាយដោយក្បួនវេទជាមុនឡើយ ។ ផ្ទុយទៅវិញ ការដាក់ឈ្មោះនេះ គេច្រើនតម្រូវទៅតាមឫក្សពារ តាមពេលាល្អ ឡើងស័ក្ត ឡើងរាសី សមតាមលំដាប់ថ្ងៃខែនៃកំណើតទារកដែលមានអត្ថន័យសំខាន់ស្របតាមគម្ពីបាលី និងស្របតាមសេចក្ដីប្រាថ្នានៃមាតាបិតាចំពោះអនាគតនៃទារកទាំងនោះ ។
នឹងឲ្យឈ្មោះនោះទៀត គេត្រូវកម្រិតចំនួនព្យាង្គ គឺចំនួនពាក្យក្នុងឈ្មោះនីមួយៗស្របតាមវណ្ណៈគ្រួសារដើម្បីជាវិន័យមួយសម្រាប់សម្គាល់ដោយប្រាកដនូវអម្បូរ ពូជ ពង្ស នៃគ្រួសារដូចតទៅ ៖
ក. ចំពោះព្រះរាជបុត្រព្រះមហាក្សត្រ
ព្រះនាមនីមួយៗត្រូវមានពាក្យពីបួនព្យាង្គឡើងទៅ ដូចជា ព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី៧: វិរកុមារ សុរិយកុមារ ។ ព្រះបរមនាមព្រះបាទនរោត្ដម គឺ រាជាវត្តីព្រះបាទស៊ីសុវត្ថិ គឺ សេរីសុវត្ថិ ។
ខ. ចំពោះព្រះរាជវង្សានុវង្ស និងមន្ត្រី
ដែលព្រះរាជាតាំងជាក្សត្រពេញអង្គ ព្រះនាមត្រូវមានយ៉ាងច្រើនត្រឹមតែបីព្យាង្គដូចជា វីរិយៈ ប៉ូរក្ខស៊ី ឥន្ទ្រាវង្ស (ក្រុមក្សត្រ) បលីវ័ណ្ណ ទេពអរជូន ពិស្ណុលោក (មន្ត្រីរាជវង្ស) ។
គ. ចំពោះបុត្រមន្ត្រី គហបតី និងមន្ត្រីកិត្តិយស
នាមបុត្រត្រូវមានយ៉ាងច្រើនត្រឹមតែពីរព្យាង្គ ដូចជា សម្បត្តិ ចម្រើន សុខា សម្បូរណ៍ ។ល។
ឃ. ចំពោះបុត្រប្រជារាស្ត្រសាមញ្ញទូទៅ
នាមបុត្រមានតែមួយព្យាង្គ ឬមួយម៉ាត់ទេ ពោលគឺឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។ល។
បើប្រជារាស្ត្រទាំងនេះ បានឡើងបុណ្យស័ក្តិធ្វើជាមន្ត្រីកាលណា គេគ្រាន់តែបន្ថែមទៅលើឈ្មោះទាំងនោះនូវគោរម្យងារ ដូចជា ហ្លួង ពញា ឧកញ៉ា ។ល។
រឿងព្រេងនាងកែវប្រាំពីរពណ៌ និងវត្តចេតិយ

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៨ ខ្ញុំបានទៅកាន់បិណ្ឌនៅវត្តចេតិយ ខេត្តសៀមរាប និងបានសរសេរអត្ថបទ «ភ្ជុំបិណ្ឌថ្ងៃទី៥» ដោយមានការមន្ទិលអំពីប្រវត្តិ និងដំណើរដើមទងរបស់ប្រាសាទនៅក្នុងបរិវេណវត្ត ។ ថ្ងៃនេះ ខ្ញុំសូមជូនរឿងព្រេងស្ដីពីប្រវត្តិរបស់វត្តចេតិយ ដែលបានរៀបរៀង និងចងក្រងឡើងដោយ លោក អ៊ឹង ហឿន កាលពីឆ្នាំ១៩៩៥ ដូចតទៅ ៖

តាមការតំណាលពីប្រវត្តិវត្តចេតិយគឺមានដើមកំណើតពីរឿង «នាងកែវប្រាំពីរពណ៌» ។ ខ្ញុំបាទ អ៊ឹង ហឿង ពេលដែលបានស្ដាប់ចាស់ៗនិទានរឿងនាងកែវប្រាំពណ៌នេះ ខ្ញុំបាទហាក់ដូចជាអារម្មណ៍ដិតជាប់ទៅលើដំណើរនៃសាច់រឿងនោះណាស់ ជាពិសេសចាប់អារម្មណ៍ទៅលើបណ្ដាគោលដៅទាំងឡាយលើផ្ទៃភូមិសាស្ត្រដ៏ទូលំទូលាយដែលជាប់ទុកជាមត៌កនៃដំណើររឿងជាសក្ខីភាពមានមកដល់សព្វថ្ងៃនេះ ។ អាស្រ័យហេតុនេះហើយទើបខ្ញុំបាទ ខិតខំប្រមែប្រមូលនូវពាក្យតំណាលដោយផ្ទាល់មាត់ជាច្រើន ខ្លះជាកំណិតកំណាត់ ខ្លះវែងអន្លាយឆ្ងាយលន្លង់លន្លោច ជួនកាលក៏ដូចគ្នា ជួនកាលក៏មានសភាពប្រហាក់ប្រហែលគ្នា យកមកតំរៀបផ្គូផ្គងចងក្រងឲ្យកើតបានជាសាច់រឿងនេះឡើង ។ ចំណែកឯឯកសារសាស្ត្រាស្លឹករឹតក្ដី ឬជាសៀវភៅផ្សេងៗក្ដី ក៏ប្រហែលជាមិនអាចស្ថិតស្ថេរគង់វង្សបានរហូតមកដល់សព្វថ្ងៃនេះដែរ ពីព្រោះប្រទេសជាតិយើងត្រូវបានទទួលរងនូវគ្រោះមហន្តរាយ និងការបំផ្លិចបំផ្លាញដោយសារភ្លើងសង្គ្រាមជាច្រើនលើកច្រើនសារាប់មិនអស់មកហើយ ។
តាមការតំណាលនៃដំណើររឿងនេះមកថា ក្នុងយុគសម័យមួយនៃសម័យអង្គរ គឺក្នុងសម័យដែលកសាងប្រាសាទអំពីឥដ្ឋ និងថ្មបាយក្រៀម មានស្ដេចមួយអង្គព្រះនាម «កងចក្រ» សោយរាជ្យសម្បត្តិនៅរាជធានីអង្គរ ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គព្រះនាម «នាងកែវប្រាំពីរពណ៌» ។ ហេតុដែលព្រះនាងទ្រង់មានព្រះនាមដូច្នេះពីព្រោះជាការស័ក្តិសមទៅនឹងព្រះរូបសម្បត្តិដ៏ល្អឥតខ្ចោះ មានសម្រប់លើសលប់ ប្រែប្រួលផ្លាស់ប្ដូរបានប្រាំពីរពណ៌ក្នុងមួយថ្ងៃ ព្រះនាងទ្រង់មានសម្ផស្សល្អដាច់គេនៅក្នុងនគរ ។ មានថ្ងៃមួយនោះ ព្រះនាងទ្រង់បានយាងទៅកំសាន្តព្រៃ ទ្រង់ក៏រើសបានពងក្រពើមួយយ៉ាងធំ ខុសប្លែកពីពងក្រពើទាំងពួង ព្រះនាងទ្រង់មានសេចក្ដីត្រេកអរយ៉ាងខ្លាំង ហើយព្រះនាងក៏យកពងក្រពើនោះទៅភ្ញាស់ទុកគ្រាន់នឹងចិញ្ចឹម ។
លុះពងក្រពើនោះញាស់មក ព្រះនាងទ្រង់សព្វព្រះទ័យនឹងកូនក្រពើនោះណាស់ ។ ព្រះនាងបានសុំព្រះរាជានុញ្ញាតពីព្រះវររាជបិតាដើម្បីធ្វើអាងចិញ្ចឹមក្រពើនោះនៅក្នុងអាងបារាយណ៍ទឹកថ្លា ត្រង់កន្លែងទីទួលកោះប្រាសាទមេបុណ្យ ។ ដោយព្រះនាងកាន់តែសព្វព្រះហឫទ័យ និងកូនក្រពើនោះ ព្រះនាងក៏បានផ្គត់ផ្គង់ចំណីអាហារ ចិញ្ចឹមបីបាច់ថែរក្សាកូនក្រពើ ដោយស្នាព្រះហស្តអង្គឯងផ្ទាល់ ហើយទ្រង់បានដាក់ឈ្មោះឲ្យក្រពើនោះថា «អាថុន» ។
ពេលវេលាកន្លងផុតទៅមិនយូរប៉ុន្មាន អាថុនក៏បានរីកចម្រើនធំធាត់ជាលំដាប់រហូតដល់ទៅណាស់ ធំលើសក្រពើផងទាំងពួង ។ អាថុនចេះស្គាល់ និងមានភក្ដីភាពចំពោះព្រះនាងជាម្ចាស់របស់វាណាស់ ។ វាតែងតែបង្ហាញនូវភាពស្លូតបូតចំពោះព្រះនាង ធ្វើឲ្យព្រះនាងកាន់តែស្និទ្ធស្នាលជាមួយវាជានិច្ចរហូតដល់ទ្រង់ហ៊ានយាងជិះលើក្បាលវា ធ្វើជាព្រះទីនាំងកំសាន្តលើផ្ទៃទឹកបារាយណ៍ទៀតផង ។
លុះអំណឹះតមក អាស្រ័យដោយឥទ្ធិពលព្រះរូបឆោមលោមពណ៌ និងសម្ផស្សដ៏ល្អលើសលប់របស់ព្រះនាង ក៏បានល្បីខ្ទរខ្ទាររន្ទឺសុះសាយរហូតដល់នគររាជគ្រឹះ បណ្ដាលឲ្យរាជបុត្រាស្ដេចក្រុងចិនសព្វព្រះហឫទ័យចំពោះព្រះនាងជាខ្លាំង ។ បន្ទាប់ពីបានទទួលរាជានុញ្ញាតពីព្រះវររាជបិតា មាតារបស់ព្រះអង្គរួចហើយ នគររាជគ្រឹះក៏បានរៀបចំជាក្បួននាំជំនូនយ៉ាងគគ្រឹកគគ្រេង ចូលមកចងស្ពានមានមេត្រីស្ដីដណ្ដឹងយកព្រះនាងកែវប្រាំពីរពណ៌ ដើម្បីធ្វើជាព្រះរាជអគ្គមហេសី ។
ចំណែកឯព្រះបាទកងចក្រ ក៏ទ្រង់ព្រះរាជានុញ្ញាតយល់ព្រម ដើម្បីរៀបអភិសេកព្រះរាជបុត្រីនាងកែវប្រាំពីរពណ៌ ថ្វាយទៅព្រះរាជបុត្រាស្ដេចក្រុងចិន ទៅតាមប្រពៃណីទំនៀមទម្លាប់បរមបុរាណខ្មែរយើងនាសម័យកាលនោះ ។
ព្រះនាងកែវប្រាំពីរពណ៌ ក្រោយពីទ្រង់បានដឹងថា ព្រះនាងនឹងត្រូវបានព្រះស្វាមី ហើយនឹងត្រូវឃ្លាតឆ្ងាយពីអ្វីៗនៅក្នុងព្រះរាជនគរ ទៅគង់នៅនគររាជគ្រឹះ ដែលជានគរព្រះស្វាមី ព្រះនាងក៏ទ្រង់ព្រួយព្រះហឫទ័យ នឹកសោកស្ដាយអាលោះអាល័យអាថុន ជាខ្លាំងពន់ពេកណាស់ ។ នៅថ្ងៃមួយនោះ នាព្រឹកព្រាងស្វាងអរុណោទ័យ ព្រះនាងទ្រង់បានទូលសុំព្រះរាជបិតា ដើម្បីយកចំណីអាហារទៅឲ្យអាថុនជាលើកចុងក្រោយ ។ ព្រះបាទកងចក្រក៏បានរាជានុញ្ញាតចំពោះរាជបុត្រីដូចកាលសព្វដង ។ ព្រះនាងទ្រង់បាននាំភីលៀង និងស្រីស្នំក្រមការ នាំទាំងចំណីអាហារពេញបរិបូណ៌យកទៅឲ្យអាថុន ។

រឿងព្រេងនាងកែវប្រាំពីរពណ៌ និងវត្តចេតិយ
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៨ ខ្ញុំបានទៅកាន់បិណ្ឌនៅវត្តចេតិយ ខេត្តសៀមរាប និងបានសរសេរអត្ថបទ «ភ្ជុំបិណ្ឌថ្ងៃទី៥» ដោយមានការមន្ទិលអំពីប្រវត្តិ និងដំណើរដើមទងរបស់ប្រាសាទនៅក្នុងបរិវេណវត្ត ។ ថ្ងៃនេះ ខ្ញុំសូមជូនរឿងព្រេងស្ដីពីប្រវត្តិរបស់វត្តចេតិយ ដែលបានរៀបរៀង និងចងក្រងឡើងដោយ លោក អ៊ឹង ហឿន កាលពីឆ្នាំ១៩៩៥ ដូចតទៅ ៖

តាមការតំណាលពីប្រវត្តិវត្តចេតិយគឺមានដើមកំណើតពីរឿង «នាងកែវប្រាំពីរពណ៌» ។ ខ្ញុំបាទ អ៊ឹង ហឿង ពេលដែលបានស្ដាប់ចាស់ៗនិទានរឿងនាងកែវប្រាំពណ៌នេះ ខ្ញុំបាទហាក់ដូចជាអារម្មណ៍ដិតជាប់ទៅលើដំណើរនៃសាច់រឿងនោះណាស់ ជាពិសេសចាប់អារម្មណ៍ទៅលើបណ្ដាគោលដៅទាំងឡាយលើផ្ទៃភូមិសាស្ត្រដ៏ទូលំទូលាយដែលជាប់ទុកជាមត៌កនៃដំណើររឿងជាសក្ខីភាពមានមកដល់សព្វថ្ងៃនេះ ។ អាស្រ័យហេតុនេះហើយទើបខ្ញុំបាទ ខិតខំប្រមែប្រមូលនូវពាក្យតំណាលដោយផ្ទាល់មាត់ជាច្រើន ខ្លះជាកំណិតកំណាត់ ខ្លះវែងអន្លាយឆ្ងាយលន្លង់លន្លោច ជួនកាលក៏ដូចគ្នា ជួនកាលក៏មានសភាពប្រហាក់ប្រហែលគ្នា យកមកតំរៀបផ្គូផ្គងចងក្រងឲ្យកើតបានជាសាច់រឿងនេះឡើង ។ ចំណែកឯឯកសារសាស្ត្រាស្លឹករឹតក្ដី ឬជាសៀវភៅផ្សេងៗក្ដី ក៏ប្រហែលជាមិនអាចស្ថិតស្ថេរគង់វង្សបានរហូតមកដល់សព្វថ្ងៃនេះដែរ ពីព្រោះប្រទេសជាតិយើងត្រូវបានទទួលរងនូវគ្រោះមហន្តរាយ និងការបំផ្លិចបំផ្លាញដោយសារភ្លើងសង្គ្រាមជាច្រើនលើកច្រើនសារាប់មិនអស់មកហើយ ។
តាមការតំណាលនៃដំណើររឿងនេះមកថា ក្នុងយុគសម័យមួយនៃសម័យអង្គរ គឺក្នុងសម័យដែលកសាងប្រាសាទអំពីឥដ្ឋ និងថ្មបាយក្រៀម មានស្ដេចមួយអង្គព្រះនាម «កងចក្រ» សោយរាជ្យសម្បត្តិនៅរាជធានីអង្គរ ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គព្រះនាម «នាងកែវប្រាំពីរពណ៌» ។ ហេតុដែលព្រះនាងទ្រង់មានព្រះនាមដូច្នេះពីព្រោះជាការស័ក្តិសមទៅនឹងព្រះរូបសម្បត្តិដ៏ល្អឥតខ្ចោះ មានសម្រប់លើសលប់ ប្រែប្រួលផ្លាស់ប្ដូរបានប្រាំពីរពណ៌ក្នុងមួយថ្ងៃ ព្រះនាងទ្រង់មានសម្ផស្សល្អដាច់គេនៅក្នុងនគរ ។ មានថ្ងៃមួយនោះ ព្រះនាងទ្រង់បានយាងទៅកំសាន្តព្រៃ ទ្រង់ក៏រើសបានពងក្រពើមួយយ៉ាងធំ ខុសប្លែកពីពងក្រពើទាំងពួង ព្រះនាងទ្រង់មានសេចក្ដីត្រេកអរយ៉ាងខ្លាំង ហើយព្រះនាងក៏យកពងក្រពើនោះទៅភ្ញាស់ទុកគ្រាន់នឹងចិញ្ចឹម ។
លុះពងក្រពើនោះញាស់មក ព្រះនាងទ្រង់សព្វព្រះទ័យនឹងកូនក្រពើនោះណាស់ ។ ព្រះនាងបានសុំព្រះរាជានុញ្ញាតពីព្រះវររាជបិតាដើម្បីធ្វើអាងចិញ្ចឹមក្រពើនោះនៅក្នុងអាងបារាយណ៍ទឹកថ្លា ត្រង់កន្លែងទីទួលកោះប្រាសាទមេបុណ្យ ។ ដោយព្រះនាងកាន់តែសព្វព្រះហឫទ័យ និងកូនក្រពើនោះ ព្រះនាងក៏បានផ្គត់ផ្គង់ចំណីអាហារ ចិញ្ចឹមបីបាច់ថែរក្សាកូនក្រពើ ដោយស្នាព្រះហស្តអង្គឯងផ្ទាល់ ហើយទ្រង់បានដាក់ឈ្មោះឲ្យក្រពើនោះថា «អាថុន» ។
ពេលវេលាកន្លងផុតទៅមិនយូរប៉ុន្មាន អាថុនក៏បានរីកចម្រើនធំធាត់ជាលំដាប់រហូតដល់ទៅណាស់ ធំលើសក្រពើផងទាំងពួង ។ អាថុនចេះស្គាល់ និងមានភក្ដីភាពចំពោះព្រះនាងជាម្ចាស់របស់វាណាស់ ។ វាតែងតែបង្ហាញនូវភាពស្លូតបូតចំពោះព្រះនាង ធ្វើឲ្យព្រះនាងកាន់តែស្និទ្ធស្នាលជាមួយវាជានិច្ចរហូតដល់ទ្រង់ហ៊ានយាងជិះលើក្បាលវា ធ្វើជាព្រះទីនាំងកំសាន្តលើផ្ទៃទឹកបារាយណ៍ទៀតផង ។
លុះអំណឹះតមក អាស្រ័យដោយឥទ្ធិពលព្រះរូបឆោមលោមពណ៌ និងសម្ផស្សដ៏ល្អលើសលប់របស់ព្រះនាង ក៏បានល្បីខ្ទរខ្ទាររន្ទឺសុះសាយរហូតដល់នគររាជគ្រឹះ បណ្ដាលឲ្យរាជបុត្រាស្ដេចក្រុងចិនសព្វព្រះហឫទ័យចំពោះព្រះនាងជាខ្លាំង ។ បន្ទាប់ពីបានទទួលរាជានុញ្ញាតពីព្រះវររាជបិតា មាតារបស់ព្រះអង្គរួចហើយ នគររាជគ្រឹះក៏បានរៀបចំជាក្បួននាំជំនូនយ៉ាងគគ្រឹកគគ្រេង ចូលមកចងស្ពានមានមេត្រីស្ដីដណ្ដឹងយកព្រះនាងកែវប្រាំពីរពណ៌ ដើម្បីធ្វើជាព្រះរាជអគ្គមហេសី ។
ចំណែកឯព្រះបាទកងចក្រ ក៏ទ្រង់ព្រះរាជានុញ្ញាតយល់ព្រម ដើម្បីរៀបអភិសេកព្រះរាជបុត្រីនាងកែវប្រាំពីរពណ៌ ថ្វាយទៅព្រះរាជបុត្រាស្ដេចក្រុងចិន ទៅតាមប្រពៃណីទំនៀមទម្លាប់បរមបុរាណខ្មែរយើងនាសម័យកាលនោះ ។
ព្រះនាងកែវប្រាំពីរពណ៌ ក្រោយពីទ្រង់បានដឹងថា ព្រះនាងនឹងត្រូវបានព្រះស្វាមី ហើយនឹងត្រូវឃ្លាតឆ្ងាយពីអ្វីៗនៅក្នុងព្រះរាជនគរ ទៅគង់នៅនគររាជគ្រឹះ ដែលជានគរព្រះស្វាមី ព្រះនាងក៏ទ្រង់ព្រួយព្រះហឫទ័យ នឹកសោកស្ដាយអាលោះអាល័យអាថុន ជាខ្លាំងពន់ពេកណាស់ ។ នៅថ្ងៃមួយនោះ នាព្រឹកព្រាងស្វាងអរុណោទ័យ ព្រះនាងទ្រង់បានទូលសុំព្រះរាជបិតា ដើម្បីយកចំណីអាហារទៅឲ្យអាថុនជាលើកចុងក្រោយ ។ ព្រះបាទកងចក្រក៏បានរាជានុញ្ញាតចំពោះរាជបុត្រីដូចកាលសព្វដង ។ ព្រះនាងទ្រង់បាននាំភីលៀង និងស្រីស្នំក្រមការ នាំទាំងចំណីអាហារពេញបរិបូណ៌យកទៅឲ្យអាថុន ។
ពេលដែលបានជួបនឹងសត្វជាទីស្រលាញ់ពេញហឫទ័យរបស់ព្រះនាងហើយ ទន្ទឹមគ្នានឹងឲ្យចំណីអាហារវាបណ្ដើរ ព្រះនាងក៏ទ្រង់មានព្រះឱស្ឋទៅកាន់វាបណ្ដើរថា «អាថុនអើយអាថុន នជគឺជាលើកចុងក្រោយហើយដែលយើងបានជួបឯង ។ ចាប់ពីពេលនេះតទៅ យើងនឹងត្រូវឃ្លាតឆ្ងាយពីឯងហើយ ពីព្រោះយើងត្រូវព្រះវររាជបិតាទ្រង់ព្រះរាជានុញ្ញាតឲ្យមានព្រះស្វាមីដែលជាព្រះរាជបុត្រានគរស្ដេចក្រុងចិន ។ ពេលរៀបអភិសេកហើយ យើងយាងទៅជាមួយព្រះស្វាមីនៅឯនគររាជគ្រឹះឯណោះ ។ យើងហាក់ដូចជាមិនដាច់ព្រះទ័យពីឯងសោះ ហាក់បីដូចជានៅអាឡោះអាល័យឯងខ្លាំងណាស់ ។ តែណ្ហើយចុះ ! សូមឯងនៅឲ្យបានសុខ យើងសូមលាសិនហើយ យើងនឹងត្រូវបែកគ្នា មិនដឹងជាថ្ងៃណាបានជួបគ្នាទៀតទេ» ។
ចំណែកឯអាថុន ពេលដែលបានស្ដាប់ឮបន្ទូលព្រះនាងដូច្នោះ វាក៏កាន់តែរំកិលខ្លួនទៅជិតកៀកនឹងព្រះនាង ហាក់បីដូចជាចង់បង្ហាញថា វាសូមទ្រង់យាងព្រះនាងឡើងគង់លើក្បាលវា ធ្វើជាព្រះរាជទីនាំងដើម្បីលំហេកំសាន្តលើផ្ទៃគង្គានាអាងបារាយណ៍ទឹកថ្លានោះ ។
បន្ទាប់ពីទ្រង់បានទតយល់អំពីរបៀបបែបបទរបស់អាថុន ដែលហាក់បីដូចជាចង់បង្ហាញថា អាថុនក៏មានស្វាមីភក្ដិ និងក្ដីអាឡោះអាល័យចំពោះព្រះនាងជាម្ចាស់ណាស់ដែរ ព្រះនាងក៏សព្វព្រះទ័យទ្រង់យាងគង់លើក្បាលអាថុនដូចកាលសព្វដង ។
ក្រោយពីបានរៀបចំព្រះរាជដំណើរព្រះនាងស្រេចបាច់ហើយ ព្រះរាជទីនាំងក្រពើហៅអាថុន ក៏ថយខ្លួនបង្វិលក្បាលពីទិសខាងកើតនាំព្រះរាជធីតាកែវប្រាំពីរពណ៌ឆ្ពោះទៅកាន់ទិសខាងត្បូងក្នុងល្បឿនដ៏គួរឲ្យភ័យខ្លាចខុសពីធម្មតា ។ ព្រះនាងកើតក្ដីវិត្កកៈ ភិតភ័យស្លន់ស្លោឥតឧបមា ទ្រង់ក៏ភ្លាត់ព្រះឱស្ឋទៅកាន់អាថុនថា «នែ៎ ! អាថុន ម្ដេចក៏ឯងធ្វើដូច្នេះ យើងភ័យណាស់ ! ប្រយ័ត្នយើងមានគ្រោះថ្នាក់ណា ព្រោះយើងជិតដល់ថ្ងៃរៀបអភិសេកហើយ» ។ គ្រាន់តែចប់ព្រះឱស្ឋភ្លាម អាថុនក៏គ្រលៀសលេបព្រះធីតាកែវប្រាំពីរពណ៌នាព្ធដ៏គ្រានោះឯងហោង ។
អាថុនដឹងថា គេនឹងតាមចាប់ខ្លួន វាក៏ខំប្រឹងមុជគេចចេញពីអាងបារាយណ៍ទឹកថ្លា តាមដងស្ទឹងដែលចេញពីបារាយណ៍ទៅទិសខាងត្បូង ឆ្ពោះទៅកាន់បឹងទន្លេសាបដើម្បីរកទីលាក់ខ្លួនពួនអាត្មា ។
ចំណែកឯភីលៀង ស្រីស្នំក្រមការ ឃើញព្រះរាជធីតាទ្រង់ទទួលនូវមហាគ្រោះភយន្តរាយយ៉ាងដូច្នោះ ក៏កើតមានសេចក្ដីភិតភ័យញ័ររន្ធត់អស់ស្មារតី ស្ទុះស្ទានាំគ្នាម្នីម្នាទៅទូលដល់ព្រះវររាជបិតារបស់ព្រះនាង ។
ព្រះបាទកងចក្រកើតក្ដីរន្ធត់ ក្រេវក្រោធឥតគណនា ក៏ចាត់អាមាត្យ នាហ្មឺនសព្វមុខមន្ត្រីរាជការ ស្រីស្នំក្រមការ អស់ពលសេនា យោធា ឲ្យគោះគង ទូងភេរីអំពាវនាវជ្រើសរើស រកអ្នកមានថ្វីដៃខ្លាំងពូកែជំនាញខាងចាប់ក្រពើ និងកៀងគរអស់ប្រជានុរាស្ត្រ ដើម្បីតាមរកក្រពើអាថុនឲ្យឃើញ និងចាប់ឲ្យបាន ។
ដោយសារព្រះរាជបារមីនៃព្រះរាជាជាអម្ចាស់ សេចក្ដីអំពាវនាវដ៏ប្រញាប់ប្រញាល់នោះក៏បានលេចឡើងនូវអ្នកស្ម័គ្រចិត្ត ជាគ្រូអាលម្ដាយម្នាក់ឈ្មោះ «តាដោក» ដែលជាអ្នកមានមន្តអាគមខ្លាំងពូកែ និងស្ទាត់ជំនាញខាងចាប់ពស់ ចាប់ក្រពើ ។ ចំណែកអស់ប្រជានុរាស្ត្រ ក្រោយពីបានទទួលដំណឹងដ៏មហាទុក្ខសោកនោះហើយ ក៏នាំគ្នាម្នីម្នារូតរះមកចោមរោម មូលមីរដេរដាស់ ជុំជិតទីកើតហេតុនាអាងបារាយណ៍ទឹកថ្លានោះ ។
ការតាមចាប់ក្រពើក៏បានបែងចែកជារូបភាពឲ្យទៅជាពីរផ្នែកធំៗ គឺមួយផ្នែកតាមរកចាប់ក្រពើក្នុងអាងបារាយណ៍ និងលុបស្ទឹងដែលចេញពីបារាយណ៍ កាត់តាមភូមិសណ្ដាន់ចុះទៅក្រោម ទៅទិសខាងត្បូង ។ មួយផ្នែកទៀត លុបស្ទឹងពីព្រៃរនាម មាត់បឹងទន្លេសាបឡើងមកខាងលើវិញ មកទិសខាងជើង ។ រីឯចុងស្ទឹងដែលនៅសេសសល់ មិនបានលុប ស្ថិតក្នុងព្រៃរនាម ចាប់ពីបឹងទន្លេសាបរហូតមកទល់នឹងដីដែលគេលុបនោះ អំណឹះតមកអ្នកស្រុកហៅថា «ស្ទឹងកំបុត» ។ ស្ទឹងកំបុតនេះស្ថិតនៅក្នុងព្រៃរនាមមាត់បឹងទន្លេសាប ភាគខាងត្បូងឃុំកែវពណ៌ ស្រុកពួក ។
តាមព្រះតេជគុណ លី សុខ ចៅអធិការវត្តចេតិយមានសង្ឃដីកាថា «ក្បួនចាប់ក្រពើទាំងពីរផ្នែកមានមនុស្សច្រើនឥតគណនា គ្រាន់តែដីមួយក្ដាប់ដៃម្នាក់គេអាចលុបស្ទឹងពីទិសខាងជើង ទៅទិសខាងត្បូង និងពីទិសខាងត្បូងមកទិសខាងជើងវិញ មកទល់គ្នានឹងអន្លង់មួយធំហើយជ្រៅ ស្ថិតនៅជាប់ក្បែរនឹងគោកតាសួស» ។
ទីអន្លង់នេះហើយដែលតាដោក គាត់បានធុំចំហាយក្លិនសាក្រពើ រួចហើយគាត់ក៏សន្មតថា ក្រពើអាថុន ពិតជាកំពុងតែលាក់ខ្លួនពួនអាត្មាក្នុងទីនោះ ។ អន្លង់ដែលអាថុនលាក់ខ្លួននោះ ក្រោយមកអ្នកស្រុកហៅថា «អន្លង់សា» ។ ទន្ទឹមនឹងការរៀបចំពិធីសែនព្រេន បន់ស្រន់លោកអ្នកតាសួសតាមទំនៀមទម្លាប់ប្រពៃណីបរមបុរាណ តាដោកក៏បានចាត់ចែងរុករកបោចផ្ដៅ យកមកធ្វើជាខ្សែពួរដើម្បីទាក់ចាប់ក្រពើអាថុននោះ ។ សូមបញ្ជាក់ថា ទីកន្លែងព្រៃដែលបោចផ្ដៅនោះ មានវត្តមួយឈ្មោះថា «វត្តល្បើកជលធីមន្នីកោះកែវ» ហៅ «វត្តព្រៃផ្ដៅ» ស្ថិតនៅក្នុងឃុំក្របីរៀល ស្រុកពួក ទិសខាងកើតអន្លង់សា ។
ក្បួនតាមចាប់ក្រពើដ៏គគ្រឹកគក្រេង ក៏បានមកចោមរោមនៅទីអន្លង់ដ៏ជ្រៅនោះ «អន្លង់សា» ។ គេបាននាំគ្នាបោះបង្គោលដោយសសរក្រាក់ធំៗរាប់សិបដើម ដើម្បីទាក់ចាប់ក្រពើដ៏កំណាចនោះ ។ សូមបញ្ញាក់ថា បង្គោលសសរក្រាក់ធំៗនោះ ទើបតែដកអស់នៅអំឡុងឆ្នាំ១៩៧៧ ពីព្រោះគេត្រូវធ្វើទំនប់ទ្វារទឹកនៅទីនោះ ។ មិនយូរប៉ុន្មាន តាដោកក៏ចាប់ក្រពើអាថុនបាន យកមកវះពោះកាត់ក្បាលដោតឆ្កាងដាក់ថ្វាយលោកអ្នកតាសួស ដែលស្ថិតនៅលើទីទួលគោកក្បែរអន្លង់នោះ ។ រហូតមកដល់សព្វថ្ងៃក៏នៅតែហៅថា គោកតាសួសៗដដែល ។
ចំណែកព្រះនាងកែវប្រាំពីរពណ៌ ពេលដែលវះយកបានពីពោះក្រពើមក ព្រះនាងទ្រង់សន្លប់ស្ដូកស្ដឹងបាត់ដង្ហើមសូន្យឈឹង នៅសល់តែជីពចរតែប៉ុណ្ណោះ ។ អស់នាហ្មឺនសព្វមុខមន្ត្រី ក៏ម្នីម្នារៀបចំគ្រែស្នែង សែងព្រះនាងយាងមកកាន់បរមរាជវាំង ក្រែងនឹងអាចព្យាបាលជួយសង្គ្រោះព្រះនាងបាន ។ សូមបញ្ជាក់ថា ទីដែលរកឃើញព្រះនាងកែវប្រាំពីរពណ៌នោះ អំណឹះតមកអ្នកស្រុកក៏ហៅថា «កែវពណ៌» សព្វថ្ងៃកើតជាឃុំកែវពណ៌ ក្នុងស្រុកពួក ខេត្តសៀមរាប ។
ប៉ុន្តែជាអកុសល ផលអាក្រក់ពន់ពេកណាស់ លុះសែងព្រះនាងបានឆ្ងាយបន្តិចពីទីនោះ មច្ចុរាជក៏តាមមកផ្ដាច់សង្ខារព្រះរាជបុត្រី របស់ព្រះបាទកងចក្រ ឲ្យដាច់ខ្យល់ផុតដង្ហើម សោយទីវង្គតលាចាកលោកនេះទៅ ។ សូមបញ្ជាក់ថា ទីព្រៃដែលព្រះនាងកែវប្រាំពីរពណ៌សោយទីវង្គតផុតរលត់សង្ខារហៅថា «ព្រៃផុតដង្ហើម» ក្រោយមកបានក្លាយទៅជា «ព្រៃដង្ហើម» ។ សព្វថ្ងៃមានវត្តមួយហៅថា «វត្តព្រៃដង្ហើម» ស្ថិតនៅខាងជើងឆៀងខាងកើតអន្លង់សា ក្នុងឃុំសំរោងយា ស្រុកពួក ។
ដោយគ្មានបង្អែបង្អង់ ក្បួនសែងសាកសពព្រះនាងក៏កាន់តែជំរុលល្បឿនលឿនទៅមុខចេញពីព្រៃផុតដង្ហើម សំដៅទៅកាន់ព្រះបរមរាជវាំង ។ កំពុងតែឆ្លងកាត់វាលធំមួយ ស្រាប់តែពេលនោះមានខ្យល់កួចបោកបក់យ៉ាងខ្លាំងគួរឲ្យចម្លែកណាស់ បណ្ដាលឲ្យកេសាព្រះនាងកែវប្រាំពីរពណ៌ ត្រូវប៉ើងរំសាយពីលើគ្រែស្នែងទៅតាមអំណាយនៃកម្លាំងព្រះពាយដែលកំពុងបោកបក់នោះ ។ អស់នាហ្មឺនសព្វមុខមន្ត្រី មានសេចក្ដីភិតភ័យស្លន់ស្លោ ខិតខំបន់ស្រន់បណ្ដើរ ដង្ហែក្បួនបណ្ដើរ រហូតទាល់តែឆ្លងផុតវាលធំនោះដល់មាត់ព្រៃមួយទើបខ្យល់ធំនោះបានស្ងប់ទៅវិញ ។ សូមបញ្ជាក់ថា វាលធំដែលសែងសាកសពនាងកែវប្រាំពីរពណ៌ឆ្លងកាត់នោះហៅថា «វាលល្ហើយសក់» ។ សព្វថ្ងៃគឺជាវាលស្រែ ចាប់ពីវត្តព្រៃដង្ហើមមកទល់នឹងភូមិស្វាយ ឃុំខ្នាត ស្រុកពួក ។
ទន្ទឹមនឹងដល់មាត់ព្រៃ ខ្យល់ក៏ស្ងប់ សែងសាកសពតាមដងព្រៃនោះ ក្លិនអសុកក៏កាន់តែជះចំហាយខ្លាំងឡើងៗ ទើបគេហៅឈ្មោះដងព្រៃនោះថា «ព្រៃស្អុយ» ។ សូមបញ្ជាក់ថា អ្នកស្រុក អ្នកស្រែ ដែលបានដើរឆ្លងកាត់តាមដងព្រៃនោះ តែងតែលាន់មាត់ថា ធុំស្អុយ ឬធុំខ្មោះៗដូចៗគ្នា ។ សព្វថ្ងៃក្លាយជាវាលស្រែស្ទើរតែអស់ព្រៃទៅហើយ ។ ព្រៃស្អុយស្ថិតនៅខាងលិចភូមិប្រយុទ្ធ ប្រហែលមួយគីឡូម៉ែត្រ ក្នុងឃុំទឹកវិល ស្រុកពួក ។
ចំណែកឯព្រះបាទកងចក្រ ពេលដែលទ្រង់ជ្រាបនូវដំណឹងដ៏មហាទុក្ខសោកខ្លោចផ្សាថា ព្រះរាជបុត្រីបានដល់ទីវង្គតទៅហើយនោះ ព្រះអង្គក៏ទ្រង់មានសេចក្ដីវិត្កកៈ សោកសង្វរេងអាឡោះអាល័យ រកអ្វីប្រៀបស្មើពុំបានឡើយ ។ ព្រះអង្គក៏ទ្រង់កើតនូវក្ដីសន្ទឹះសង្កា ទើបទ្រង់មានព្រះតម្រិះពិគ្រោះយោបល់នឹងហោរា ព្រមទាំងអ្នកមុខអ្នកការក្នុងព្រះបរមរាជវាំង ដើម្បីបានជាទីសណ្ដាប់ពិចារណា ។ រួចហើយដោយព្រះអង្គទ្រង់យោគយល់ទៅតាមគន្លងប្រពៃណីពីបរមបុរាណតរៀងមកចំពោះមនុស្សផងទាំងឡាយដែលស្លាប់ដូច្នេះ គេហៅថា ខ្មោចតៃហោង មិនអាចនាំមកចូលផ្ទះ ឬចូលបរមរាជវាំងវិញបានទេ ។ ទើបព្រះអង្គចេញព្រះរាជបញ្ជាឲ្យរកទីកន្លែងដីដែលល្អប្រពៃ រៀបចំធ្វើចេតិយដើម្បីបញ្ចុះសាកសពព្រះនាងឲ្យបានសមរម្យ ។
អស់មុខមន្ត្រី សេនាអាមាត្យ ក៏ម្នីម្នាចេញពីព្រះបរមរាជវាំង ធ្វើដំណើររូតរះទៅស្ទាក់ស្កាត់ទាន់ក្បួនដង្ហែសាកសពនៅឯទីព្រៃស្អុយនោះ ។ ក្បួនដង្ហែសព ក៏ត្រូវសម្រាកផ្អាកដំណើរដើម្បីទទួលព្រះរាជសាររយៈពេលមួយសន្ទុះ ។ បន្ទាប់ពីបានទទួលព្រះរាជសាររួចហើយ ក្បួនដង្ហែសាកសពក៏បានហែក្បួនឆ្ពោះទៅកាន់ទិសខាងត្បូងវិញ ដើម្បីរកទីបញ្ចុះសពព្រះនាង ។ សូមបញ្ជាក់ថា កន្លែងដែលផ្អាកដំណើរទទួលព្រះរាជសារនោះ គេបានកសាងជាប្រាសាទចេតិយមួយអំពីឥដ្ឋមានសណ្ឋានដូចជាប្រាសាទវត្តចេតិយដែរ ប៉ុន្តែគ្រាន់តែមានទំហំតូចជាងបន្តិចប៉ុណ្ណោះ ទាំងបរិវេណផ្ទៃដី និងតួប្រាសាទ ។ អ្នកស្រុកទម្លាប់ហៅថា «ប្រាសាទព្រៃស្អុយ» ។ ប្រាសាទនេះត្រូវបានជនខិលខូចគាស់កកាយ បំផ្លាញរលាយហិនហោចអស់ហើយ ។ តាមដែលអ្នកស្រុកធ្វើស្រែនៅក្បែរៗនោះបានឲ្យដឹងថា ប្រាសាទព្រៃស្អុយនេះ ទើបតែរលាយខ្ទេចខ្ទីអស់នៅក្នុងឆ្នាំ១៩៨៨ ។
លុះក្បួនហែមកដល់ទីកន្លែងមួយ តាមដែលមន្ត្រីខាងភូមិសាស្ត្រ ហោរាសាស្ត្រពិនិត្យគន់គូរមើលទៅឃើញថាទីនោះជាទីល្អប្រពៃ សមគួរជាទីបញ្ចុះសាកសពព្រះនាងហើយ ទើបចាត់ចែងពិធីបុណ្យបញ្ចុះសពព្រះនាងកែវប្រាំពីរពណ៌យ៉ាងអធិកអធមទៅតាមលក្ខណៈប្រពៃណីជាតិខ្មែរយើង ។ ប៉ុន្តែដោយពិនិត្យឃើញថា ទីនោះជាទីវាលទំនាបលិចទឹកទន្លេសាប ទើបត្រូវបានចាត់ចែងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់លើកដីនោះឲ្យទៅជាទីទួលខ្ពស់ផុតពីការលិចទឹក ហាក់បីដូចជាផ្នូរមួយយ៉ាងធំអស្ចារ្យ ។ ជាមួយគ្នានោះ គេក៏បានកសាងព្រះចេតិយមួយយ៉ាងធំផុសត្រដែតខ្ពស់លលៃ លើវេហា កណ្ដាលព្រៃ មាត់បឹងទន្លេសាបពីលើដីទួលនោះ ។
ចំណែកឯព្រះបាទកងចក្រ ព្រះអង្គទ្រង់នៅតែមានសេចក្ដីសោកស្ដាយ អាឡោះអាល័យ និងគិតគូរដល់ព្រះរាជបុត្រីព្រះអង្គខ្លាំងណាស់ ព្រះអង្គក៏ទ្រង់មានព្រះរាជតម្រិះពិចារណាថា គប្បីត្រូវតែរកឆ្មាំចាំថែរក្សា និងសម្អិតសម្អាងទីព្រះចេតិយនោះ ។ ម្យ៉ាងទៀតត្រូវធ្វើឲ្យបានជាទីកុះករ គឺការធ្វើបុណ្យទានរបស់អ្នកស្រុក អ្នកភូមិជិតឆ្ងាយ ហើយបានជាលក្ខណៈងាយស្រួលសម្រាប់ព្រះអង្គទ្រង់យាងទៅធ្វើបុណ្យទាន ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធព្រះរាជបុត្រីផង ។
ក្រោយពីទ្រង់មានព្រះរាជតម្រិះដូច្នេះហើយ ព្រះអង្គទ្រង់បានតែងតាំងងារ ជាយសសក្តិដល់តាដោក ឲ្យធ្វើជាឆ្មាំចាំថែរក្សា ការពារ សម្អិតសម្អាត ទីព្រះចេតិយនោះ ។ រីឯវត្តអារាមក៏ត្រូវបានកសាងឡើងមានព្រះសង្ឃ មានពុទ្ធបរិស័ទចេញចូល ធ្វើបុណ្យទានហូរហែជារៀងរហូតដល់សព្វថ្ងៃនេះ ។ វត្តនេះ ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យឲ្យឈ្មោះថា «វត្តកោះនាងកែវចូឡាមណីធម្មចេតិយ» ដែលក្លាយមកជា «វត្តចេតិយ» ឬ «ចៃដី» សព្វថ្ងៃ ។ សូមបញ្ជាក់ថា វត្តចេតិយ ស្ថិតនៅខាងត្បូងឆៀងខាងកើតវត្តព្រៃដង្ហើម ។
លុះអំណឹះតមក ក្រោយពីលោកតាដោកបានទទួលអនិច្ចកម្មទៅ គេក៏បានកសាងជារូបសំណាកលោកតាដោក មួយនៅពីមុខផ្លូវចូលព្រះចេតិយ ចម្ងាយប្រហែល ៧០ ម៉ែត្រ ពីព្រះចេតិយ ជានិមិត្តរូបក្នុងការទទួលខុសត្រូវលើកិច្ចការការពារ និងថែរក្សាទីព្រះចេតិយនោះ ។
តាមការតំណាលតៗគ្នាមកថា រូបសំណាកតាដោកនេះ អ្នកស្រុកទម្លាប់ហៅថា អ្នកតាដោក មានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ សូម្បីតែសត្វក៏មិនអាចហើររំលងបានដែរ ឲ្យតែហ៊ានហើររំលងគឺត្រូវតែធ្លាក់ ។ ម្យ៉ាងទៀត ចំពោះគោក្របីណា ដែលចូលស៊ីស្មៅក្នុងស្រះ ឬលើទួលព្រះចេតិយនោះ គឺពិតជាត្រូវអ្នកតាដោកលាក់បាត់ ម្ចាស់ពុំអាចរកឃើញភ្លាមៗទេ ទាល់តែបួន ឬប្រាំថ្ងៃ ទើបអាចរកឃើញវិញ ។ អាស្រ័យហេតុនេះហើយបានជាបច្ចុប្បន្ន ពុំឃើញមានរូបសំណាកតាដោកទេ នៅសល់តែកន្លែងដាក់រូបសំណាកប៉ុណ្ណោះ ។ តាមការសន្និដ្ឋានប្រហែលជាម្ចាស់គោ ម្ចាស់ក្របីនោះគេខឹង គេស្អប់នឹងអ្នកតាដោក គេក៏មានការគុំគួននឹងរូបសំណាកនោះ ។ ពេលដែលប្រទេសជាតិយើង ឈានដល់សម័យកាលដ៏ខ្មៅងងឹត «សម័យប៉ុលពត» គេក៏បានឱកាសវាយបំបាក់សែងទម្លាក់ទឹកស្រះនោះទៅ ។ តាមព័ត៌មានថា អភិរក្សអង្គរបានដឹករូបសំណាកនោះទៅទុកហើយ ។
ចំពោះទីតាំងវត្តចេតិយ ព្រះតេជគុណ លី សុខ មានសង្ឃដីកាថា កាលដើមឡើយមិនស្ថិតនៅជាប់ជាមួយព្រះចេតិយនាងកែវប្រាំពីរពណ៌ដូចសព្វថ្ងៃនេះទេ ដែលនៅជាប់នឹងព្រះចេតិយត្រង់កន្លែងព្រះវិហារសព្វថ្ងៃនេះ កឺមានត្រឹមតែកោដមួយប៉ុណ្ណោះ ។ ឯទីតាំងវត្តគឺស្ថិតនៅខាងលិចព្រះចេតិយនោះប្រហែល ៦០ ម៉ែត្រ ឆ្លងស្រះធំមួយទើបដល់វត្ត ។ ទីនោះក៏មានដីទួលមានសណ្ឋានជាដីលើក ព្រោះមានស្រះជុំវិញ ដូចទីទួលកោះព្រះចេតិយដែរ ប៉ុន្តែហាក់ដូចជាមានកម្ពស់ទាបជាង ។ ការប្រែប្រួលបង្ខិតទីតាំងវត្តគឺបណ្ដាលមកពីសម័យកាលមួយដែលប្រទេសជាតិជួបប្រទះនូវគ្រោះកលិយុគ អសន្តិសុខ ទុរ្ភឹក្សវឹកវរ អត់ឃ្លាន កើតមានមនុស្សអាក្រក់ ចោរលួច ចោរប្លន់ទាំងយប់ ទាំងថ្ងៃ លែងស្គាល់បុណ្យ ស្គាល់បាប ឆ្លៀតពេលព្រះសង្ឃជាប់ចង្ក្រមភាវនា និងចូលព្រះវិហារនៅឯបោដឯណោះ ចោរក្មួញវាក៏លួចប្រមូលរបស់របរ គរុភ័ណ្ឌ នៅឯវត្តឯណោះអស់រលីងទៅ ។ ដោយមិនអាចទ្រាំទ្រគង់នៅទីនោះបានតទៅទៀត ទីតាំងវត្តក៏ត្រូវបានផ្លាស់ប្ដូរនាសម័យកាលនោះឯង «ប្រហែលជាជំនាន់ឥស្សរៈ» ។ ចំណែកឯព្រះវិហារនោះ ការកសាងឡើងគឺ ចំកណ្ដាលផ្លូវពីមុខចេតិយ ត្រង់ចន្លោះព្រះចេតិយ និងអ្នកតាតាដោក ។
ព្រះតេជគុណ លី សុខ មានសង្ឃដីកាឲ្យដឹងទៀតថា វត្តចេតិយពីមុនបានរក្សាទុកក្រាំងមួយដែលមានចំណាស់ជាងគេ ។ ក្រាំងនោះមានទំហំទទឹងប្រហែលមួយតឹក បណ្ដោយប្រហែលមួយតឹកកន្លះ និងកម្រាស់ប្រហែលបីហ៊ុន ធ្វើពីក្រដាសពណ៌ខ្មៅ សរសេរជាអក្សរពណ៌ស ជាភាសាបាលីផង សំស្ក្រឹតផង និងភាសាខ្មែរតិចតួចផង ។ ក្នុងក្រាំងនោះក៏មានគូរជាយ័ន្ត និងមានក្បូរក្បាច់ផ្សេងៗទៀតខ្លះផងដែរ ។ ព្រះតេជគុណសន្និដ្ឋានថា ក្រាំងនេះប្រាកដជានិយាយអំពីរឿងរ៉ាវរបស់នាងកែវប្រាំពីរពណ៌ និងប្រវត្តិចេតិយជាក់ជាមិនខាន ។ ព្រះតេជគុណបានទទួលបន្តថែរក្សាក្រាំងនោះដោយផ្ទាល់ព្រះហស្ត ។ ប៉ុន្តែគួរឲ្យសោកស្ដាយណាស់ ក្នុងសម័យប៉ុលពត ព្រះតេជគុណ និងព្រះសង្ឃទាំងអស់ គ្រប់អង្គត្រូវបានជន្លៀសចេញពីវត្ត ។ ឯក្រាំងនោះ ព្រះតេជគុណមានការភ្លេចភ្លាំង មិនបានយកទៅតាមផងទេ ។ ពេលដែលព្រះតេជគុណនឹងឃើញត្រលប់មកយកវិញ ក៏ស្រាប់តែបាត់ក្រាំងនោះ ព្រមទាំងគម្ពីរដីកាផ្សេងៗទៀតអស់ទៅ ។
តាមដែលធ្លាប់បានទៅដល់ទីអារាមវត្តចេតិយឃើញថា វត្តចេតិយស្ថិតនៅដាច់ស្រយាលពីភូមិម្កររបស់អ្នកស្រុក ស្ថិតនៅចុងខាងត្បូងនៃភូមិជ្រៃ ឃុំសំបូរ ស្រុកសៀមរាប មានចម្ងាយពីទីតាំងឃុំសំបូរ ប្រហែលជាងពីរគីឡូម៉ែត្រ ។ ទីវត្តនោះគឺជាទីទួលខ្ពស់ជិតប៉ុនកូនភ្នំមួយមានទទឹងប្រហែល ១០០ ម៉ែត្រ និងបណ្ដោយ ១២០ ម៉ែត្រ ហ៊ុំព័ទ្ធទៅដោយស្រះធំជាគូជុំវិញទីទួលនោះ ។ នៅពីលើចំកណ្ដាលទួលមានព្រះវិហារមួយសង់អំពីថ្មប្រក់ក្បឿងដ៏សមរម្យ ។ នៅខាងលិចជាប់នឹងព្រះវិហារ មានព្រះចេតិយជំនាន់បុរាណមួយយ៉ាងធំ កសាងអំពីឥដ្ឋ និងថ្មបាយក្រៀម ដែលមានទំហំបាតក្រោមប្រហែលប្រាំពីរម៉ែត្រកន្លះ កម្ពស់ជិតប្រហែល ២០ ម៉ែត្រ ។ នៅជុំវិញព្រះវិហារ និងព្រះចេតិយ មានព្រៃឫស្សីស្រោងៗ ដើមឈើធំៗ ខ្ពស់ៗជាម្លប់ដ៏ត្រឈឹងត្រឈៃ ។ វត្តចេតិយនៅរដូវវស្សា បើទឹកទន្លេធំ អ្នកភូមិស្រុកជិតឆ្ងាយ មិនអាចទៅធ្វើបុណ្យទានដោយធ្វើដំណើរតាមផ្លូវគោកបានទេ ពីព្រោះទឹកទន្លេបានឡើងលិចជុំវិញនៅសល់តែទីទួលកោះប៉ុណ្ណោះ ។ ពេលនោះ ទិដ្ឋភាពវត្តទាំងមូល កាន់តែមានសោភ័ណភាពស្រស់បំព្រងថែមទៀតគួរជាទីគាប់ចិត្តគយគន់ ជាទីត្រជាក់មនោរម្យ សមនឹងទៅធ្វើបុណ្យទាន ទៅកំសាន្តលំហែយ៉ាងពន់ពេកណាស់ ។
ការសរសេររៀបរាប់ជាត្រួសៗអំពីរឿងនិទាន រឿងនាងកែវប្រាំពីរពណ៌ និងវត្តចេតិយ ដែលខ្ញុំបានដឹង សន្មតថាចប់ត្រឹមនេះ ។ ប៉ុន្តែក្រែងមានបទត្រង់ណាសង្ស័យថាមិនច្បាស់ មិនពិត អក្ខរាវិរុទ្ធ ខ្វះចន្លោះខុសឆ្គង សូមលោកមេត្តាអធ្យាស្រ័យ អភ័យទោស សូមកុំឲ្យខ្ញុំបាទមានបាបកម្ម និងពៀរវេរាតទៅមុខទៀត ពីព្រោះនេះគ្រាន់តែជាការស្ដាប់ឮតៗគ្នាតែប៉ុណ្ណោះ ៕






0 comments:
Post a Comment