12 - 01 - 2012
ភ្នំពេញប៉ូស្តិ៍
ដោយៈ ឃុត សុភចរិយា
ភ្នំពេញៈ ក្មេងៗកូនអ្នកបុរីកីឡាជាច្រើននាក់ បានស្រែកយំទ្រហឹងអឺងកង ខណៈដែលសមត្ថកិច្ចរាជធានី បានចាប់ទាញទីណាត់ទីណែង ពីម្តាយរបស់ពួកគេ យកទៅញាត់បញ្ចូលឡាន នៅពេលកំពុងធ្វើការតវ៉ា នៅក្បែរសាលារាជធានីកាលពីម្សិលមិញ។
អាជ្ញាធររាជធានី បានចាប់បញ្ជូនប្រជាពលរដ្ឋ ទាំងនេះ ប្រមាណ ៣០ នាក់ ទៅកាន់មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ដែលស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ការចាប់បញ្ជូនខ្លួនអ្នកភូមិទាំងនេះ បានធ្វើឡើង បន្ទាប់ពីពួកគាត់ បាននាំគ្នា ធ្វើការតវ៉ា និងព្យាយាមបិទផ្លូវព្រះមុន្នីវង្សភាគខាងត្បូងសាលារាជធានី ក្រោយពីពួកគាត់ បានដាក់ញតិ្ត ស្នើសុំកិច្ចអន្តរាគមន៍ ពីលោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា។
លោកកើត ឆែ នាយករងរដ្ឋបាល សាលារាជធានីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អាជ្ញាធរ គ្មានជម្រើសអ្វី ក្រៅពីចាប់បញ្ជូនអតីតប្រជាពលរដ្ឋតំបន់បុរីកីឡាចំនួន ២៩ នាក់ ទៅកាន់មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺនោះទេ។ លោកអះអាងថា៖«យើងដឹកនាំពួកគាត់ទៅទីនោះ គឺដើម្បីផ្ដល់ការគាំពារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ពួកគាត់ និងដើម្បីជួយទំនុកបំរុងដល់កូនៗរបស់ពួកគាត់ ឲ្យទៅសាលារៀន»។
បើទោះបីជាក្មេងៗ កូនអ្នកបុរីកីឡា ខកខានលែងបានទៅរៀន ដោយសារតែក្រុមហ៊ុន ផានអ៊ីម៉ិច និងអាជ្ញាធររាជធានី ប្រើគ្រឿងចក្រ ឈូសបំផ្លាញផ្ទះរបស់ពួកគេ ធ្វើឲ្យពួកគេ បាត់បង់ទីជម្រកទាំងស្រុងក្តី ក៏លោកកើតឆែ បាននិយាយដោយបន្ទោសអ្នកភូមិថា៖«យើងមិនចង់ឲ្យពួកគាត់ យកកូនៗរបស់គាត់ មកធ្វើជាអាជីវកម្ម ក្នុងការតវ៉ានោះទេ ព្រោះវ័យរបស់ពួកគេ ត្រូវចូលសាលា ដើម្បីទទួលការអប់រំ»។
អ្នកភូមិម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ដែលត្រូវបានអាជ្ញាធររាជធានី ចាប់បញ្ជូនខ្លួនទៅកាន់មជ្ឈមណ្ឌលព្រៃស្ពឺ អ្នកស្រីជុំ ង៉ាន់ អាយុ ៣៦ ឆ្នាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទថា ពួកគាត់ចំនួន ៣០ នាក់ ដែលរួមទាំងកុមារា កុមារីចំនួន ៦ នាក់ ត្រូវបានគេឃុំ នៅក្នុងបន្ទប់មួយទំហំ ១០ ម៉ែត្របួនជ្រុង។ អ្នកស្រីថ្លែងថា៖«ខ្ញុំបានឮមន្ត្រីនៅទីនេះនិយាយថា ពួកខ្ញុំ ត្រូវគេឃុំនៅទីនេះ រហូតដល់សំណង់ចាស់ៗ ក្នុងតំបន់បុរីកីឡាទាំងអស់ ត្រូវបានគេវាយកម្ទេច និងរៀបចំដំណោះស្រាយរួចរាល់»។
អ្នកស្រីខៀវ ម៉ាឡៃ អាយុ ៣៨ ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចនគរបាល ច្រានឲ្យដួលសន្លប់ នៅពេលពួកគាត់ បានស្រែកតវ៉ាទាមទារ និងព្យាយាមបិទផ្លូវ ដើម្បីសុំឲ្យអភិបាលសាលារាជធានីជួយអន្តរាគមន៍ ដោះលែងអ្នកភូមិចំនួន ៨ នាក់ និងសុំឲ្យក្រុមហ៊ុនផានអ៊ីម៉ិច ទទួលខុសត្រូវ សាងសង់អគារចំនួន ២ បន្ថែម សម្រាប់ពួកគាត់ជាថ្នូរនឹងការឈូសឆាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់ពួកគាត់ បានចោទប្រកាន់សមត្ថកិច្ចនគរបាលថា«ធ្វើការបម្រើផលប្រយោជន៍ ឲ្យក្រុមហ៊ុននិងធ្វើបាបពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ»។
ទោះជាបែបណាក្ដី កាលពីព្រឹកម្សិលមិញ លោកហុក ហួរលីម នាយករងទីចាត់ការច្បាប់ នៃសាលារាជធានីភ្នំពេញបានទទួលយកញត្តិពីអ្នកភូមិទាំងនេះ ហើយសន្យាថា នឹងផ្ដល់ព័ត៌មានដល់ពួកគាត់វិញ នៅពេលក្រោយ ហើយបានស្នើឲ្យអ្នកភូមិទាំងនេះ ត្រឡប់ទៅកាន់ទីកន្លែង ដែលពួកគាត់ស្នាក់អាស្រ័យវិញ ប៉ុន្តែអ្នកភូមិបាននិយាយថា ពួកគាត់គ្មានផ្ទះ ត្រូវត្រឡប់ទៅវិញទៀតទេ ដូច្នេះពួកគាត់ចង់នៅទីនេះ [កន្លែងតវ៉ាក្បែរសាលារាជធានី] បន្ទាប់មក ពួកគាត់ ត្រូវបានអាជ្ញាធររាជធានី ចាប់បញ្ចូលក្នុងរថយន្តក្រុង ហើយបញ្ជូនទៅមជ្ឈមណ្ឌលព្រៃស្ពឺ។
លោកអំ សំអាតទីប្រឹក្សាបច្ចេកទេស នៃអង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយថា អាជ្ញាធរគួរតែពិនិត្យសាជាថ្មី ទៅលើសំណើរបស់ប្រជាពលរដ្ឋទាំងនេះ ដើម្បីចៀសវាងកំហុសឆ្គងទៅថ្ងៃមុខ ព្រោះផ្ទះរបស់ពួកគាត់ ត្រូវបានឈូសកម្ទេចចោលដោយគ្មានការយល់ព្រមជាមុន។ លោកថ្លែងថា៖«ការចាប់បញ្ជូនពលរដ្ឋរងគ្រោះទាំងនេះ ទៅកាន់មជ្ឈមណ្ឌលព្រៃស្ពឺ គឺជារឿងដ៏ចំឡែកមួយ ព្រោះទីនោះកន្លងមក ធ្លាប់ត្រូវបានរងការរិះគន់ថា ជាមណ្ឌលឃុំឃាំង អ្នកសុំទាន និងក្មេងអនាថា ដែលគ្មានផ្ទះសម្បែង»។
លោកអំ សំអាត បាបន្តថា៖«អ្នកភូមិបុរីកីឡា ខុសពីអ្នកទាំងនោះ ព្រោះពួកគេ ធ្លាប់មានផ្ទះ និងមុខរបរត្រឹមត្រូវ»៕



0 comments:
Post a Comment