Tuesday, March 27, 2012

កាសែត​អូស្រ្តាលី​ថា ក្មួយ​ប្រុស​នាយក​រដ្ឋមន្រ្តី​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ជួញ​ដូរ​គ្រឿង​ញៀន


ថ្ងៃច័ន្ទទី 26 មីនា 2012 
ដោយ សារព័ត៌មានសេរី
កាសែត​របស់​អូស្រ្តាលី​ឈ្មោះ The Age បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី២៦ ខែ​មីនា ថា ក្មួយ​ប្រុស​របស់​លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន គឺ​លោក ហ៊ុន តូ មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង​ញៀន និង​លាង​លុយ​ក្រខ្វក់។

លោក ហ៊ុន តូ ក្មួយប្រុសនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន ខាងស្តាំ

បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​កាសែត​ដដែល លោក ហ៊ុន តូ ត្រូវ​បាន​អាជ្ញាធរ​អូស្រ្តាលី​រៀប​គម្រោង​ចាប់​ខ្លួន​នៅ​ទីក្រុង​ម៉ែល​ប៊ន ប៉ុន្តែ​ត្រូវ​អាក់​ខាន​ទៅ​វិញ ដោយ​សារ​តែ​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​ទីក្រុង​ភ្នំពេញ​បាន​បដិសេធ​ ទិដ្ឋាការ​ដល់​លោក។
កាសែត​បាន​បន្ត​ថា ផែន​ការ​តាម​ចាប់​ខ្លួន​លោក ហ៊ុន តូ ដែល​មាន​ឈ្មោះ​ថា ប្រតិបត្តិ​ការ Operation Illipango បាន​ស៊ើប​អង្កេត​លើ​ការ​ដឹក​គ្រឿង​ញៀន​ហេរ៉ូអ៊ីន​មក​ពី​ប្រទេស​កម្ពុជា​ចូល​ ក្នុង​ប្រទេស​អូស្រ្តាលី ដោយ​លាក់​ជាមួយ​ឈើ។ ហើយ​ថា ពេល​នោះ​ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​គ្រឿង​ញៀន​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ កាស៊ីណូ​ឈ្មោះ​ក្រោន​ក្នុង​ទីក្រុង​ម៉ែល​ប៊ន​មក​កាន់​តំបន់​អាស៊ី​ក្រោម​ បង្គាប់​របស់​លោក ហ៊ុន តូ។
របាយការណ៍​របស់​កាសែត The Age បាន​អះអាង​ថា លោក ហ៊ុន តូ ក៏​ជា​មុខ​សញ្ញា​របស់​គណៈ​កម្មការ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ​អូស្រ្តាលី​នៅ​ ក្នុង​រង្វង់​ឆ្នាំ​២០០២ និង​២០០៤​ផង​ដែរ ដែល​គ្រា​នោះ​ឈ្មោះ ផៃនី ថៃ ជា​អ្នក​មាន​ទំនាក់ទំនង​ជិត​ស្និត​ជាមួយ​លោក​លោក ហ៊ុន តូ ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ដោយ​តុលាការ​ប្រទេស​អូស្រ្តាលី។
កាសែត The Age ក៏​បាន​រាយ​ការណ៍​ផង​ដែរ​ថា ក្រុម​ឧក្រិដ្ឋ​ជន​ធំៗ​នៅ​ទីក្រុង​ស៊ីដនី​មួយ​ចំនួន ក៏​បាន​វិនិយោគ​លុយ​រាប់លាន​ទៅ​លើ​អាជីវកម្ម​ដែល​សង្ស័យ​ថា មាន​ពាក់​ព័ន្ធ​ទៅ​នឹង​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​រួម​មាន​ការ​ពាក់​ព័ន្ធ​ជាមួយ​នឹង​មន្រ្តី​រដ្ឋាភិបាល និង​ឈ្មួញ​ធំៗ​សព្វថ្ងៃ។
របាយការណ៍​បាន​បន្ត​ថា ក្នុង​ចំណោម​ជនជាតិ​អូស្រ្តាលី​ដែល​មាន​ការ​សង្ស័យ​ពាក់ព័ន្ធ​ទៅ​នឹង​ ឧក្រិដ្ឋ​កម្ម​នៅ​ប្រទេស​កម្ពុជា គឺ​មាន​គ្រួសារ​យួន​កាត់​ចិន​មួយ​គ្រួសារ ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ភោជនីយ​ដ្ឋាន​អាស៊ាន​ស៊ីដនី​ដ៏​ល្បីល្បាញ​មួយ។ ប៉ូលិស​បាន​រក​ឃើញ​ថា ជាង​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ គ្រួសារ​យួន​កាត់​ចិន​នេះ​បាន​ជួយ​ផ្ញើ​លុយ​ជាង​១០លាន​ដុល្លារ​មក​កាន់​ ប្រទេស​កម្ពុជា ហើយ​ក្នុង​នោះ​គេ​រក​ឃើញ​ថា មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​ផង​ដែរ។ ភាគ​ខ្លះ​ក្នុង​ចំណោម​លុយ​ជាង​១០​លាន​ដុល្លារ​នោះ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទ្រទ្រង់​ដល់​កាស៊ីណូ​មួយ​នៅ​ក្នុង​ប្រទេស​ កម្ពុជា ហើយ​លុយ​មួយ​ចំណែក​ផ្សេង​ទៀត​ត្រូវ​គេ​រក​ឃើញ​ថា បាន​វិនិយោគ​ទៅ​លើ​ការ​បង្កើត​នាវា​កាស៊ីណូ​នៅ​ក្នុង​ប្រទេស​នេះ៕

0 comments:

Post a Comment