Thursday, 15 March 2012
ដោយ៖ ជាង សុខា
ភ្នំពេញៈ ប្រទេសកម្ពុជា កាលពីម្សិលមិញ បានទាត់ចោល គំនិតរបស់ថៃ
ដែលចង់ឲ្យតុលាការជាន់ខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ
សម្រេចកែតម្រូវ តំបន់ជុំវិញប្រាសាទព្រះវិហារ ដែលកំពុងមានទំនាស់។លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងថា បើថៃចង់កែតម្រូវ នៅក្នុងតំបន់នោះ ពួកគេអាចធ្វើវាបាន ជាមួយនឹងតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដែលគ្រោងនឹងធ្វើការ បកស្រាយសាលដីកាឆ្នាំ ១៩៦២ នៅក្នុងឆ្នាំនេះ ប៉ុន្តែថា ជំហររបស់រដ្ឋាភិបាលកម្ពុជា គឺអនុវត្តការដកកងទ័ពចេញ ពីតំបន់គ្មានយោធា ដែលជាការបង្គាប់របស់ ICJ កាលពីខែកក្កដា ឆ្នាំទៅ និងឲ្យក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី មកកាន់តំបន់នេះ។ លោក កុយ គួង មានប្រសាសន៍ថា ៖ «យើងពុំមានគំនិតណាមួយធ្វើការកែតម្រូវ ដូចអ្វីដែលប្រទេសថៃ បានលើកឡើងទេ។ ករណីនេះ បច្ចុប្បន្ន ស្ថិតក្នុងដៃរបស់ ICJ បើតុលាការសម្រេចថា វាជារបស់កម្ពុជា នោះយើងអាចធ្វើការអភិវឌ្ឍតែម្នាក់ឯងដោយពុំរួមជា មួយអ្នកផ្សេងទេ។ យើងមិនអាចយកផ្ទះជារបស់ខ្លួនឯងផ្ទាល់ទៅឲ្យអ្នកផ្សេងគ្រប់គ្រង រួមទេ»។
សារព័ត៌មានថៃ ឌឺណេសិន បានស្រង់សម្តីមេបញ្ជាការកំពូលកងទ័ពថៃ លោក ថាណាសាក់ ផាទីម៉ាប្រាខន (Thanasak Patimapakorn) ដែលបានថ្លែងថា ថៃគ្រោងនឹងស្នើឲ្យ ICJ កំណត់តំបន់គ្មានយោធានៅក្បែរប្រាសាទព្រះវិហារដ៏ចម្រូងចម្រាសឡើង វិញ។ លោកត្រូវកាសែតស្រង់សម្តីដែលថ្លែងថា៖ «តុលាការពិភពលោក បានកំណត់តំបន់គ្មានយោធា តែឥឡូវនេះ ប្រទេសទាំង ២ មានទំនាក់ទំនងល្អនឹងគ្នា យើងគិតថា យើងអាចពិភាក្សាបញ្ហានេះមុន»។ លោកបានពន្យល់បន្តថា៖ «យើងមិនដឹងថា នរណាបង្កើតតំបន់នោះ ឬនរណាកំណត់ចំណុចទីតាំង ABCD ទេ។ ដូច្នេះ បើយើងអាចចរចាជាមួយកម្ពុជា យើងអាចរស់នៅជាមួយគ្នាដោយសន្តិភាព។ តុលាការពិភពលោក ក៏ចង់ឲ្យយើងរស់នៅជាមួយគ្នាដោយសន្តិភាពដែរ»។
កាលពីខែមេសាឆ្នាំទៅ ប្រទេសកម្ពុជាបានស្នើតុលាការជាន់ខ្ពស់បំផុតរបស់អង្គការសហ ប្រជាជាតិ ឲ្យបកស្រាយឡើងវិញ សាលដីការបស់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចតាមព្រំដែនបង្ហូរឈាមនៅក្បែរប្រាសាទ ព្រះវិហារ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច ១០ នាក់បាត់បង់ជីវិត។
នៅឆ្នាំ ១៩៦២ ICJ បានសម្រេចថា ប្រាសាទព្រះវិហារជារបស់កម្ពុជា ប៉ុន្តែពុំបានបញ្ជាក់ឲ្យបានច្បាស់លាស់ អំពីតំបន់នៅជុំវិញប្រាសាទទេ។ រដ្ឋាភិបាលថៃទើបតែបានបង្កើតក្រុមការងារ ដើម្បីសហការជាមួយកម្ពុជា លើបញ្ហាដកកងទ័ពចេញពីតំបន់គ្មានយោធាដែលបង្គាប់ដោយ ICJ កាលពីខែកក្កដា ឆ្នាំទៅ ដើម្បីត្រួសត្រាយផ្លូវឲ្យក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី។
លោក ថាណាសាក់ ក៏បានអះអាងដែរថា នៅក្នុងជំនួបកាលពីពេលថ្មីៗនេះ សមភាគីឥណ្ឌូនេស៊ីរបស់លោក បានលើកឡើងថា ពួកគេចង់ឲ្យប្រទេសទាំង ២ សម្រេចកិច្ចព្រមព្រៀងគ្នា លើបញ្ហានេះជាមុនសិន។ លោកបានបញ្ជាក់ថា ៖ «បើប្រទេសទាំង ២ យល់ថា អ្នកសង្កេតការណ៍ចាំបាច់ ឥណ្ឌូនេស៊ី នឹងបញ្ជូនពួកគេមក»។ លោកបានកត់សម្គាល់ថា ក្រុមការងារថៃ នឹងពិភាក្សាបញ្ហានេះជាមួយកម្ពុជា។
លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានថ្លែងកាលពីថ្ងៃ ម្សិលមិញថា កម្ពុជាបានរៀបចំក្រុមការងារខ្លួនរួចរាល់ហើយ ប៉ុន្តែ ថៃទើបតែបង្កើតក្រុមការងាររបស់ខ្លួន ដើម្បីធ្វើការលើការដកកងទ័ព ពីតំបន់គ្មានយោធា នៅក្បែរប្រាសាទព្រះវិហារប៉ុណ្ណោះ។
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «មកទល់ពេលនេះ យើងពុំទាន់បានអនុវត្តបញ្ជារបស់ ICJ នៅឡើយទេ ហើយយើងនឹងជំរុញការអនុវត្តនេះ។
បញ្ហាចម្បងសំខាន់ គឺអនុវត្តបញ្ជារបស់ ICJ។ ឧបសគ្គសម្រាប់យើង ចំពោះការដកទ័ពចេញពីតំបន់គ្មានយោធា គឺថា យើង(កម្ពុជា និងថៃ) មិនទាន់កំណត់កិច្ចព្រមព្រៀងនៅពេលណានឹងចាប់ផ្តើមធ្វើវានៅឡើយ »។
លោក ទៀ បាញ់ បានបន្តថា ឥណ្ឌូនេស៊ីបានរៀបចំក្រុមអ្នកសង្កេតការណ៍របស់ពួកគេជាយូរមក ហើយ ប៉ុន្តែ ពួកគេអាចធ្វើដំណើរមកបាន លុះត្រាតែ កម្ពុជានិងថៃព្រមព្រៀងគ្នាថា ពួកគេអាចចូលមកសង្កេតការណ៍បាន។
ជម្លោះព្រំដែន នៅតំបន់ប្រាសាទព្រះវិហារ កើតឡើងចាប់តាំងពីឆ្នាំ ២០០៨ មក នៅពេលដែលកម្ពុជា បានដាក់ប្រាសាទនេះចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក៕ CR




0 comments:
Post a Comment