Tuesday, March 20, 2012

លោក នួន​ជា ចាត់ទុក​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច គ្មាន​តម្លៃ​ជា​សាក្សី​ទេ​

ថ្ងៃទី 20 មីនា 2012
ដោយ: សុខ ភក្តី
នួន​ ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម
 ភ្នំពេញ: អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា ដែល​ជា​បង​ទី​២ ក្នុងសម័យ​ខ្មែរក្រហម លោក នួន​ជា បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លី​ជា​លើកដំបូង ចំពោះ​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ដែល​បាន​ចូល​ផ្តល់​សក្ខីកម្ម នៅក្នុង​សវនាកា​រលើ​សំណុំរឿង​០០២ ថា លោក កាំ​ង ហ្កេ​ក​អ៊ា​វ គ្មាន​តម្លៃ ធ្វើ​ជា​សាក្សី​ទេ ព្រោះ​លោក កាំ​ង ហេ្ក​ក​អ៊ា​វ ហៅ ឌុ​ច ត្រូវបាន​តុលាការ​ខ្មែរក្រហម កាត់ទោស ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ទៅ​ហើយ​។​

​ ក្នុងពេល​ភាគី​សហ​ព្រះរាជអាជ្ញា សួរដេញដោល​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច នា​ព្រឹក​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១២ លោក នួន​ជា ពាក់​វ៉ែន​តាខ្មៅ អង្គុយ​ក្រោយខ្នង​មេធាវី បាន​ថ្លែង​យ៉ាងខ្លី​ថា "​គេ​មិន​ដែល​យក​ឈើ​ពុក ឈើ​រលួយ ឈើ​ស្អុយ មក​ឆ្លាក់​ធ្វើ​ព្រះ មក​ទេសនា​ឲ្យ​ពុទ្ធបរិស័ទ​ស្តាប់​នោះ​ទេ​"។​

​ការលើកឡើង​របស់​លោក នួន​ជា យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​ភ្លាមៗ បន្ទាប់​ពី​ភាគី​សហ​មេធាវី​បរទេស​ការពារ​ក្តី​របស់​លោក និង​សហ​មេធាវី​បរទេស​ការពារ​ក្តី​លោក អៀង​សារី បាន​ឡើង​ជំទាស់​ទៅ​នឹង​ការផ្តល់​សក្ខីកម្ម​របស់​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ក្នុងនាម​ជា​សាក្សី លើ​សំណុំរឿង​០០២ ពេលនេះ​។​

​លោក ម៉ៃ​ឃី​ល ខា​ណា​វ៉ា​ស ( Micheal G. Karnavas ) សហ​មេធាវី​បរទេស​ការពារ​ក្តី​លោក អៀង សារី បាន​សម្តែង​ការព្រួយបារម្ភ​ថា លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច មិន​និយាយ​យោង​តាម​ការចងចាំ​នោះទេ តែ​គាត់​បាន​អាន និង​រៀនសូត្រ​តាម​ឯកសារ​នានា ជុំវិញ​សំណុំរឿង​ខ្មែរក្រហម ហើយ​មក​ផ្គុំ​គ្នា ហើយ​ឆ្លើយ​ទៅ​នឹង​រាល់​សំណួរ​របស់​ភាគី​សហ​ព្រះរាជអាជ្ញា​នៅពេលនេះ​។​

​ ចំណែក​លោក មី​សែ​ល ផេស​មេន ( Michiel Pestman ) សហ​មេធាវី​បរទេស​ការពារ​ក្តី​លោក នួន​ជា ក៏​បាន​ឡើង​គាំទ្រ​នូវ​ការលើកឡើង​របស់​សហ​មេធាវី​បរទេស​ការពារ​ក្តី​លោក​អៀង ​សារី​។​

​យ៉ាងណាក៏ដោយ លោក​ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បាន​ឆ្លើយតប​ថា "​លោក​នួន​ជា គួរតែ​អត់ធ្មត់ ព្យាយាម​ស្តាប់ ដើម្បី​ត​ទល់នឹង​ការលើកឡើង​របស់​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ក្នុងនាម​ជា​សាក្សី នៅពេល​ក្រោយ​។ ចំពោះ​តម្លៃ​នៃ​ភស្តុតាង ឬក៏​ទម្ងន់​នៃ​ភស្តុតាង ដែល​ផ្តល់​ដោយ​សាក្សី​រូបនេះ យ៉ាងណា​នោះ គឺ​វា​ជា​ឆន្ទានុសិទ្ធិ​របស់​អង្គជំនុំជម្រះ ដែល​អង្គជំនុំជម្រះ នឹង​វាយតម្លៃ​លើ​ឯកសារ​ភស្តុតាង​ទាំងអស់នោះ​"​។​

​លោក​ចៅក្រម និល ណុន បាន​បន្ថែមថា "​ឌុ​ច មិនមែន​មក​ផ្តល់​សក្ខីកម្ម ក្នុងនាម​ជា​សាក្សី ដោយ​ចិត្ត​ឯង​ទេ គឺ​អង្គជំនុំជម្រះ មិនមែន​ត្រឹមតែ​កោះហៅ​ទេ តែ​បាន​បង្គាប់​ឲ្យ​នាំខ្លួន ឌុ​ច មក​បង្ហាញខ្លួន​ថែមទៀត​ផង​។ ដូច្នេះ​គឺ​យើង ជា​ប្រធាន​អង្គជំនុំជម្រះ បាន​បង្គាប់​ឲ្យ​នាំខ្លួន​ឌុ​ច មក​ទី​នេះ​"​។​

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោក​ចៅក្រម និល ណុន ក៏​បាន​ព្រមាន​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ដែល​បាន​ព្យាយាម​បកស្រាយ ដោយ​ចង់​លើក​យក​ឯកសារ​មក​បញ្ជាក់ថា អ្វីដែល​គាត់​បាន​ផ្តល់​សក្ខីកម្ម និង​ឆ្លើយតប​ទៅ​នឹង​សហ​ព្រះរាជអាជ្ញា​ពេលនេះ គឺជា​ការពិត​ជាក់ស្តែង ដែល​បាន​កើតឡើង នៅក្នុង​សម័យ​ខ្មែរក្រហម​។​

​ប៉ុន្តែ​លោក​ចៅក្រម និល ណុន បាន​កាត់ មិន​ឲ្យ​ឌុ​ច វែកញែក​អ្វី​ឡើយ ព្រោះថា ឌុ​ច ក្នុងនាម​ជា​សាក្សី មាន​សិទ្ធិ​ត្រឹមតែ​ឆ្លើយតប​នឹង​សំណួរ ដែល​គ្រប់​ភាគី​ចោទសួរ​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ មក​ដល់​សវនាការ​នៅ​ពេល​រសៀល​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១២ លោក កាំ​ង ហ្កេ​ក​អ៊ា​វ បាន​បកស្រាយ​យ៉ាងច្រើន​ទៅកាន់​ភាគី​សហ​ព្រះរាជអាជ្ញា ពាក់ព័ន្ធ​នឹង​ឯកសារ​ភស្តុតាង​ទង់​បដិវត្ត ក្នុងសម័យ​ខ្មែរក្រហម​។ ក៏​ប៉ុន្តែ​លោក កាំ​ង ហ្កេ​ក​អ៊ា​វ បាន​អះអាង​ថា លោក​មិន​បានដឹង​ពី​ការជម្លៀស​ប្រជាជន​កម្ពុជា ចេញពី​ទីក្រុង​ភ្នំពេញ នៅពេល​ខ្មែរក្រហម ឡើង​កាន់​អំណាច នៅ​ថ្ងៃ​ទី​១៨​មេសា ឆ្នាំ​១៩៧៥ នោះឡើយ​។ មូលហេតុ​ច្បាស់លាស់​នៃ​ការជម្លៀស​ប្រជាជន​កម្ពុជា​ពី​ទីក្រុង​ភ្នំពេញ ក៏​ឌុ​ច​បាន​បដិសេធថា មិន​ដឹង​ផង​ដែរ​។​

​លោក កាំ​ង ហ្កេ​ក​អ៊ា​វ បានបញ្ជាក់​ថា "​ខ្ញុំ​អត់​បាន​ដឹង អត់​បាន​ឃើញ​ការជម្លៀស​ទេ​។ ពេល​ខ្ញុំ​មក​ដល់​ភ្នំពេញ គឺ​អស់​តែម្តង​។ ទាហាន​ចូលមក​ភ្នំពេញ មុនគេ​"​។​

​ សូម​រម្លឹកថា លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ដែល​តុលាការ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​មួយជីវិត បាន​ចូល​ធ្វើ​ជា​សាក្សី នៅ​តុលាការ​ខ្មែរក្រហម ចាប់តាំងពី​សវនាការ កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​១៩ ខែ​មីនា ឆ្នាំ​២០១២​។

​ លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ត្រូវ​បំភ្លឺ​តុលាការ​ខ្មែរក្រហម ក្នុង​សំណុំរឿង​០០២ អំពី​អង្គហេតុ​ពាក់ព័ន្ធ​នឹង​បរិបទ​រចនាសម្ព័ន្ធ​រដ្ឋបាល ប្រព័ន្ធ​ទាក់ទង​នឹង​ការងារ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​តួនាទី​មុខងារ​របស់​ជនជាប់ចោទ​ទាំង​បី​រូប គឺ​លោក នួន​ជា លោក​អៀង​សារី និង​លោក​ខៀវ​សំផន​៕​
 

0 comments:

Post a Comment