ដោយ សុ ជីវី
23-03-2012/RFA
អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានរកឃើញថា នៅក្នុងឆ្នាំ២០១១ កន្លងទៅ មានការកើនឡើងនូវចំនួនការឆ្លើយតបរបស់សមាជិករដ្ឋាភិបាលចំពោះ សំណួររបស់អ្នកតំណាងរាស្រ្ត។![]() |
| RFA/Sochivy |
២១-មីនា-២០១២៖
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ក្នុងសន្និសីទសារព័ត៌
មាន នាទីស្នាក់ការគណបក្ស សម រង្ស៊ី នារាជធានីភ្នំពេញ។
បើទោះជាយ៉ាងណា នៅមានចំណុចខ្វះខាតដែលត្រូវការកែលំអ អោយស្របតាមរដ្ឋធម្មនុញ្ញ ក្នុងនោះការខកខានមិនចូលទៅឆ្លើយបំភ្លឺរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី រួមនឹងភាពយឺតយ៉ាវនៃការឆ្លើយតបនឹងសំណួររបស់តំណាងរាស្ត្រ។
អ្នកតំណាងរាស្ត្របក្សប្រឆាំងបានចាត់ទុកភាព ខ្វះខាតនៃការឆ្លើយ តបនឹងសំណួរអ្នកតំណាងរាស្ត្រនោះថា ពុំបានឆ្លើយតប និងអនុវត្តអោយបានខ្ជាប់ខ្ជួនតាមខ្លឹមសារដែលមានចែងក្នុងរដ្ឋ ធម្មនុញ្ញ។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមាននៅថ្ងៃពុធ ទី២១ ខែមីនា ថា នៅក្នុងសង្គមប្រជាធិបតេយ្យនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាញឹកញយត្រូវឆ្លើយនឹងសំណួររបស់អ្នកតំណាងរាស្ត្រ ចំពោះគម្រោងផែនការសំខាន់ៗដែលត្រូវការអោយបំភ្លឺដល់ប្រជាពលរដ្ឋជា ម្ចាស់ឆ្នោត។
លោក សុន ឆ័យ៖ «ប្រទេស កាន់ប្រជាធិបតេយ្យ គេធ្វើគ្រប់ប្រទេសទាំងអស់។ លើកលែងតែប្រទេសយើងទេ មិនដែលបាននាយករដ្ឋមន្ត្រីមកឆ្លើយម្ដងសោះ។ ហើយរដ្ឋមន្ត្រីយើងសុំបានមួយឆ្នាំគឺបានម្នាក់។ ស្រុកគេ ដូចសិង្ហបុរី នាយករដ្ឋមន្ត្រីមកឆ្លើយរាល់ព្រឹក ១៥នាទី មានការអីត្រូវសួរ។ ប្រទេសយើងអត់អ៊ីចឹងទេ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ធ្វើតាមអំពើចិត្ត អត់មានថា ពន្យល់ដល់ប្រជារាស្ត្ររបស់ខ្លួនទេ»។
មាត្រា ៩៦ នៃរដ្ឋធម្មនុញ្ញចែងថា អ្នកតំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រដ្ឋាភិបាល។ សំណួរត្រូវសរសេរជាលាយលក្ខណ៍អក្សរ ប្រគល់តាមរយៈប្រធានរដ្ឋសភា។ ចម្លើយរបស់រដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឬសរសេរជាលាយលក្ខណ៍អក្សរ។ ចម្លើយត្រូវធ្វើឡើងក្នុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីបានទទួលសំណួរ។
ចាប់ពីខែមីនា ដល់ខែធ្នូ ក្នុងឆ្នាំ២០១១ តំណាងគណបក្សប្រឆាំង ដាក់លិខិតចំនួន ១៦១ ទៅនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមួយចំនួន។ ប្រមាណពាក់កណ្ដាលនៃលិខិតទាំងនោះបានចោទសួរពីបញ្ហាដីធ្លី ក្រៅពីនេះពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ រួមនឹងករណីផ្សេងៗទៀត។ សមាជិករដ្ឋាភិបាលបានឆ្លើយតបចំនួន ៨០ ជាការឆ្លើយតបតាមលិខិត។ រាល់ការឆ្លើយតបគឺមានរយៈពេលលើសពី១សប្ដាហ៍ ដែលបង្ហាញថា មិនបានគោរពតាមគោលការណ៍ ដែលចែងក្នុងរដ្ឋធម្មនុញ្ញទេ។
មានការស្នើឲ្យរដ្ឋមន្ត្រីក្រសួងការងារមកឆ្លើយបំភ្លឺផ្ទាល់ មាត់នៅមន្ទីររដ្ឋសភាចំនួនពីរដងតែមិនអនុវត្តតាមសំណើ។ លិខិតសុំឲ្យរដ្ឋាភិបាលបំភ្លឺលើករណីនៃការកាប់បំផ្លាញព្រៃពុំបាន ឆ្លើយតប ហើយករណីដូចគ្នាដែលសំណួរពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យមានការសាងសង់ ទំនប់វារីអគ្គិសនីនៅទន្លេសេសាន នៅស្ទឹងតាតៃ និងស្ទឹងអារ៉ែង ក្នុងខេត្តកោះកុង។
ករណីនេះ លោក សុន ឆ័យ ស្នើអោយរដ្ឋាភិបាលយកចិត្តទុកដាក់អនុវត្តអោយបានខ្ជាប់ខ្ជួនតាម រដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា៖ «កម្ពុជា យើង សភាយើងអន់ខ្សោយ ដែលហៅថា សភាប្រថាប់ត្រានៅត្រង់ហ្នឹង អត់ហ៊ានសួររដ្ឋាភិបាលទេ ហើយគណបក្សប្រឆាំងសួរអត់ហ៊ានឆ្លើយទៀត។ អ៊ីចឹងយើងជំរុញអោយមានការឆ្លើយទៀតក្នុងឆ្នាំនេះ អោយបានច្រើន។ ដូច្នេះយើងនឹងបន្តហៅរដ្ឋមន្ត្រីក្រសួងការងារ ក្រសួងកសិកម្ម ក្រសួងសុខាភិបាល តាមចំណុចសំខាន់ៗដែលចង់អោយបំភ្លឺ»។
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បណ្ឌិតរដ្ឋ ជាម យៀម។ លោកមានប្រសាសន៍ថា ក្នុងឆ្នាំ២០១១ ការឆ្លើយតបចំពោះការចោទសួរនានា របស់អ្នកតំណាងរាស្ត្រ គឺមានភាពប្រសើរ ដែលបង្ហាញថា រដ្ឋាភិបាលមិនបានព្រងើយកន្តើយឡើយ។ បើទោះជាយ៉ាងណា លោកក៏មានបំណងអោយប្រមុខរដ្ឋាភិបាល និងសមាជិករដ្ឋាភិបាលចូលទៅឆ្លើយក្នុងសភាដែរ ដើម្បីអោយមានការស្រាយបំភ្លឺកាន់តែច្បាស់លាស់។
លោក ជាម យៀប៖ «យោង តាមច្បាប់រដ្ឋធម្មនុញ្ញ ក៏ដូចបទបញ្ជាផ្ទៃក្នុង កាលណាមានពីរអ៊ីចឹង គឺស៊ីសងទៅលើការមមាញឹករបស់រដ្ឋាភិបាល ឬក៏តាមសុច្ឆន្ទៈរបស់រដ្ឋាភិបាល។ ប៉ុន្តែក្នុងបំណងខ្ញុំ យើងចង់បានអោយទៅផ្ទាល់ល្អជាងលាយលក្ខណ៍អក្សរ ដើម្បីថា យើងឆ្ងល់កន្លែងណាថែមទៀត យើងអាចសួរក្រៅបានទៀត»។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលមិនដែលគេចវេះក្នុងការចូលទៅឆ្លើយនៅក្នុងសភាទេ ប៉ុន្តែគឺអាស្រ័យទៅលើពេលវេលា និងសំណួរដែលបានចោទសួរ។ លោកបន្តថា កន្លងមកមានសំណួរជាច្រើនរបស់គណបក្សប្រឆាំងបានចោទសួរច្រំដែល។
លោក ផៃ ស៊ីផាន៖ «អ្វីដែលជាការទិតៀន ជាព័ត៌មានសុទ្ធសាធ ដែលរដ្ឋាភិបាលគួរយកឱកាស និងអ្វីដែលជាវិញ្ញាសាដើម្បីក្នុងការឆ្លើយតប ក្នុងការពន្យល់ មិនមែនដោយកំហឹងទេ។ ហាក់បីដូចជាប្រជាពលរដ្ឋដឹងជាងគណបក្សប្រឆាំង ដែលធ្វើមិនដឹងមិនយល់ ហើយសួរដដែលៗ។ ប៉ុន្តែមិនមែនថា ប្រឆាំងនឹងវត្តមានរបស់រដ្ឋាភិបាលដែលទទួលបន្ទុកនីតិប្រតិបត្តិ ក្នុងការជំរាបជូននីតិប្បញ្ញត្តិនោះទេ គឺយើងអត់មានរុញរានឹងឆ្លើយប្រាប់ទេ ព្រោះរាល់ការងារយើងមានការទទួលខុសត្រូវខ្ពស់ដើម្បីភាពវិជ្ជមាន»។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា។ លោកទទួលស្គាល់ថា បើទោះជាមានការឆ្លើយតបតាមលិខិត និងដោយផ្ទាល់មាត់ខ្លះៗក៏ដោយ ក៏ការឆ្លើយតបនោះគួរតែមានការកែលំអ។
លោក ហង្ស ពុទ្ធា បន្តថា ទាំងអ្នកតំណាងរាស្ត្រ និងរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ពីផលប្រយោជន៍ជាតិ៖ «ការ ឆ្លើយតបហ្នឹង មានចារិតនយោបាយជាជាងចារិតអភិវឌ្ឍសង្គម។ បានន័យថា ឆ្លើយតាមរបៀបវាយបកផ្ចាញ់ផ្ចាលវិញទេ។ មន្ត្រីរដ្ឋាភិបាលក្ដី តំណាងរាស្ត្រក្ដី មិនមែនមិនដឹងច្បាប់ទេ ពួកគាត់ជាមនុស្សកំពូលនៃការយល់ដឹងច្បាប់។ ប៉ុន្តែរាល់ការសួរការឆ្លើយនៅមានការផ្ចាញ់ផ្ចាលនៅឡើយ។ អ៊ីចឹងគាត់ត្រូវការផ្សាំរវាងគ្នានឹងគ្នា អោយយល់ពីតួនាទីរបស់គាត់បន្ថែមទៀត ដើម្បីផលប្រយោជន៍ជាតិ»។
ការស្រាវជ្រាវរបស់អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានរកឃើញថា ក្នុងឆ្នាំ២០០៩ មានសំណួរអ្នកតំណាងរាស្ត្រគណបក្សនេះ ចំនួន ១៣២ សមាជិករាជរដ្ឋាភិបាលឆ្លើយតបវិញចំនួន ៣៩ គឺស្មើនឹង ២៣ភាគរយនៃសំណួរ។ ក្នុងឆ្នាំ២០១០ ពីខែមករា ដល់ខែសីហា មានសំណួរចំនួន ៤៧ ហើយរាជរដ្ឋាភិបាលបានឆ្លើយ ១៥ គឺស្មើនឹង ២៤ភាគរយ។ ក្នុងរយៈកាលនេះ មានរដ្ឋមន្ត្រីពីររូបដែលមិនឆ្លើយនឹងលិខិតរបស់អ្នកតំណាងរាស្ត្រ សោះ គឺរដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។




0 comments:
Post a Comment