ដោយ យន់ សាមៀន
2012-03-24
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៅថ្ងៃសៅរ៍ ទី២៤ ខែមីនា
បានប្រកាសថា កូនសោសំខាន់នៃការវិលត្រឡប់មកកម្ពុជារបស់លោក សម
រង្ស៊ី ឋិតនៅលើការសម្របសម្រួលនយោបាយរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន និងប្រធានគណបក្សប្រឆាំងរូបនេះ។
![]() |
ប្រធានគណបក្សសមរង្ស៊ី លោក សម រង្ស៊ី
|
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានអះអាងថា
តាមបទពិសោធន៍នយោបាយកន្លងមក លោក សម រង្ស៊ី អាចវិលត្រឡប់មកកម្ពុជា
ចូលរួមការបោះឆ្នោតវិញបាន
ប្រសិនបើមានការសម្របសម្រួលនយោបាយណាមួយរវាងលោក និងលោក ហ៊ុន សែន។
លោក ផៃ ស៊ីផាន បានវិភាគផ្ទាល់ខ្លួនថា កាលពីឆ្នាំ២០០៥ លោក សម រង្ស៊ី
ត្រូវបានតុលាការកាត់ទោស
ប៉ុន្តែអាចមកចូលរួមការបោះឆ្នោតបានដោយសារការសម្របសម្រួលនឹងលោក
ហ៊ុន សែន ដូចនេះ កូនសោវិលទៅកម្ពុជារបស់លោក សម រង្ស៊ី
ឋិតនៅលើដៃលោក សម រង្ស៊ី ៖ “អ្វីដែលឯកឧត្ដម សម រង្ស៊ី
បានទន្ទេញរត់មាត់ប្រាប់គេឯង តើលោកនឹងវិលត្រឡប់មកវិញ
ជាការពិសោធន៍ពីដើមទី
ដូច្នោះលោកមានការពិសោធន៍ហើយដើម្បីសម្របសម្រួល
អ្វីដែលជាកូនសោក្នុងដៃរបស់លោក”។
លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី
ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅសប្ដាហ៍នេះ
បានស្នើឲ្យអង្គការសហប្រជាជាតិនៅបុរីញីវយ៉ក (New York)
ធ្វើពហិការមិនចូលរួមសង្កេតការណ៍បោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០១២
និងការបោះឆ្នោតសកលនៅឆ្នាំ២០១៣
ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនផ្លាស់ប្ដូរសមាសភាពសមាជិក
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
និងមានវត្តមានរបស់លោកក្នុងការបោះឆ្នោតទាំងនោះ។
លោក សម រង្ស៊ី កំពុងរស់នៅនិរទេសខ្លួន នៅប្រទេសបារាំង
ពីការតាមចាប់ខ្លួនពីសំណាក់អាជ្ញាធរទីក្រុងភ្នំពេញ
ក្រោយពេលតុលាការបានកាត់ទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ។
ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី
ហាក់ដូចជាបន្ទន់ឥរិយាបថរិះគន់លោក ហ៊ុន សែន ដោយចំៗ ប៉ុន្តែទទូចថា
ការបោះឆ្នោតត្រូវតែមានវត្តមានរបស់លោក។
លោកមានប្រសាសន៍ម្ដងហើយម្ដងទៀតថា
លោកនៅតែមានសង្ឃឹមនឹងវិលមកកម្ពុជាវិញ ប្រសិនមិនដូច្នោះទេ
លទ្ធផលបោះឆ្នោតនឹងគ្មានតម្លៃ ៖ “ស្ថានការណ៍នឹងប្រែប្រួលដូចមុន
ដែរ។ មុនមានបញ្ហាដូចគ្នា គឺគេបានបង្កើតចំពោះខ្ញុំ
ចង់រារាំងខ្ញុំមិនឲ្យខ្ញុំចូលរួមក្នុងការបោះឆ្នោត
តែទីបញ្ចប់គឺមានដំណោះស្រាយជានិច្ច
ហើយលើកនេះមិនខុសពីលើកមុនៗទេ
នឹងមានដំណោះស្រាយនយោបាយទៅនឹងបញ្ហានយោបាយនេះ”។
កាលពីឆ្នាំ១៩៩៥ និង២០០៥
លោកត្រូវបានរដ្ឋាភិបាលបណ្ដេញចេញពីរដ្ឋសភា និងកាត់ទោស
ប៉ុន្តែកាលនោះ លោកអាចវិលមកធ្វើនយោបាយនៅកម្ពុជាឡើងវិញ
ក្រោយពីលោកបានសម្របសម្រួលនឹងលោក ហ៊ុន សែន។ លោក សម រង្ស៊ី
បានចោទក្នុងលិខិតអំពាវនាវរបស់លោកថា រយៈពេល ១៥ឆ្នាំ
ក្នុងឆាកជីវិតនយោបាយ
លោកអាចគេចផុតពីការប៉ុនប៉ងធ្វើឃាតដោយការបោកគ្រាប់បែក
កាលពីឆ្នាំ១៩៩៧ និង១៩៩៨។
អង្គការសង្គមស៊ីវិលឃ្លាំមើលសិទ្ធិមនុស្ស
និងដំណើរការបោះឆ្នោតកាលពីថ្ងៃទី១៥ មីនា
បានសំដែងក្តីបារម្ភចំពោះសេរីភាព និងយុត្តិធម៌ក្នុងការបោះឆ្នោត
ដែលនៅតែចោទជាបញ្ហា
ដោយសារតែការរឹតត្បិតសេរីភាពនៃការប្រកួតប្រជែង
ការប្រើប្រាស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមិនស្របច្បាប់
និងអសមធម៌ក្នុងប្រព័ន្ធផ្សព្វផ្សាយ។
សេចក្ដីថ្លែងការណ៍រួមបញ្ជាក់បន្ថែមទៀតថា
ទីលានប្រកួតប្រជែងនៅបន្តមិនស្មើភាពគ្នា
ដោយសារវាឋិតនៅក្រោមការត្រួតត្រារបស់គណបក្សកាន់អំណាច
ចំណែកប្រព័ន្ធផ្សព្វផ្សាយ និងធនធានមនុស្សរបស់រដ្ឋ
ត្រូវបានគណបក្សប្រជាជនកម្ពុជាប្រើប្រាស់ជាប្រយោជន៍ក្នុងការ
ប្រកួតប្រជែង។ អង្គការសិទ្ធិមនុស្សបានសំណូមពរឲ្យព្រះមហាក្សត្រ
និងរដ្ឋាភិបាលសម្របសម្រួលនយោបាយ
អាចផ្ដល់ឱកាសឲ្យប្រធានគណបក្សសមរង្ស៊ីចូលរួមការបោះឆ្នោតឃុំ
សង្កាត់ និងការបោះឆ្នោតសកលឆ្នាំ២០១២។
កាលពីដើមខែមីនា ឆ្នាំ២០១២ លោក សម រង្ស៊ី
បានស្នើសុំឲ្យតំណាងរាស្ត្រអន្តរជាតិសាមគ្គីគ្នា
ចូលរួមបង្កើតគណៈកម្មាធិការ សមាជិកសភាអន្តរជាតិ
ស្ដីពីការបោះឆ្នោតដោយសេរីនៅកម្ពុជា
ដើម្បីជំរុញឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យលោកអាចវិលទៅចូលរួមការបោះ
ឆ្នោតឃុំ-សង្កាត់ នៅខែមិថុនា ឆ្នាំ២០១២
និងការបោះឆ្នោតជាសកលនៅឆ្នាំ២០១៣ ខាងមុខនេះ។
អ្នកវិភាគនយោបាយយល់ឃើញថា គម្រោងរបស់លោក សម រង្ស៊ី
ប្រហែលជាគ្មានប្រសិទ្ធភាព ហើយបំណងវិលត្រឡប់របស់លោក សម រង្ស៊ី
មុនការបោះឆ្នោត អាចនឹងមិនជោគជ័យ។
ទន្ទឹមនឹងនេះដែរ រដ្ឋសភាជាតិកម្ពុជា កាលពីដើមខែមីនា
ឆ្នាំ២០១២ បានលុបឈ្មោះលោក សម រង្ស៊ី ចេញពីសមាជិកតំណាងរាស្ត្រ
ដោយសារតែសាលដីកាតុលាការដំបូលបានចូលជាធរមាន៕
0 comments:
Post a Comment