Monday, March 26, 2012

សង្គម​ស៊ីវិល ចង់ឲ្យ​រដ្ឋសភា កោះហៅ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បំភ្លឺ​ករណី​ដោះដូរ​ព្រំដែន​កម្ពុជា​-​វៀតណាម​

ថ្ងៃទី 26 មីនា 2012, ម៉ោង 01:15:PM) | ដោយ: សុខ ភក្តី
 
ភ្នំពេញ: តំណាង​ក្រុមប្រឹក្សា​គាំ​មើល​កម្ពុជា ដែលជា​អង្គការ​សង្គម​ស៊ីវិល បាន​ជម្រាប​ទៅកាន់​សម្តេច​ហេង សំរិន ប្រធានរដ្ឋសភា និង​ចម្លង​ជូន​សមាជិក​រដ្ឋ​សភា​ទាំង ១២៣ រូប ដើម្បី​ស្នើឲ្យ​រដ្ឋសភា កោះហៅ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ឱ្យ​បំភ្លឺ​ករណី​ដោះដូរ​ភូមិ​ខ្មែរ​ជាមួយ​ភូមិ​វៀតណាម ក្នុង​កិច្ចព្រមព្រៀង​ព្រំដែន ដែល​បាន​ចុះហត្ថលេខា​កាលពី​ពេល​ថ្មីៗ​នេះ​។​

​ ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១២ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ជម្រាបជូន​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន និង​សមាជិក​រដ្ឋសភា មេត្តា​ជ្រាប​ថា ក្នុង​ពេល​ថ្មីៗ​នេះ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​យល់ព្រម​ជា​មួយ​ភាគី​វៀតណាម​អំពី​ការដោះដូរ​ភូមិ​គ្នា រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​។​
​      
​លោក រ៉ុង ឈុន ដែល​ជាប់​ពន្ធនាគារ​ក្នុង​រឿង​រិះគន់​សន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែម ឆ្នាំ​២០០៥ បាន​លើកឡើង​ថា ការដោះដូរ​ភូមិ​គ្នា គឺជា​បញ្ហា​ជាតិ និង​ជា​ប្រវត្តិសាស្ត្រ ត្រូវតែ​មាន​ភាពច្បាស់លាស់ ប្រកាស​ឱ្យ​សាធារណៈជន​បាន​ដឹង​ជៀសវាង​ការសង្ស័យ នឹង​ត្រូវ​សុំ​រដ្ឋសភា​ផ្ដល់​សេចក្ដីទុកចិត្ត​លើ​ការដោះដូរ​ភូមិ​នេះ​។​

​ ដូច្នេះ​លោក រ៉ុង ឈុន បានស្នើ​ស​សូម​យ៉ាងទទូច​ដល់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​អ្នកតំណាងរាស្ត្រ​ទាំងអស់ ដើម្បី​អញ្ជើញ​រាជរដ្ឋាភិបាល កម្ពុជា ឬ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ចូលមក​បំភ្លឺ​ករណី​ដោះដូរ​ភូមិ​នេះ ឱ្យបាន​ច្បាស់ ជៀសវាង​កុំឱ្យ​កម្ពុជា​យើង​មាន​ការខាតបង់ ឬ​បាត់បង់​ទឹកដី​ដោយ​សារ ការបោះបង្គោល​ព្រំដែន​មិន​ត្រឹមត្រូវ និង​ធ្វើ​យ៉ាងណា​ត្រូវ​ឱ្យមាន​ការគោរព​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០​។​

​ មិនទាន់​មាន​អត្ថាធិប្បាយ​បែប​ណា​ពី​សម្តេច​ប្រធានរដ្ឋសភា ជុំវិញ​លិខិត​របស់​លោក​រ៉ុង​ឈុន ដែល​បាន​ស្នើសុំ​ឲ្យ​រដ្ឋសភា កោះអញ្ជើញ​តំណាង​រាជរដ្ឋាភិបាល ឬ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​មក​បំភ្លឺ​ករណី​ការដោះដូរ​ភូមិ​ រវាង​កម្ពុជា និង​វៀតណាម​នេះ​នៅឡើយ​ទេ​៕​

0 comments:

Post a Comment