Friday, March 30, 2012

មន្ត្រី​យោធា​អាស៊ាន​ចុះ​ហត្ថលេខា​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អន្តរជាតិ

ដោយ សុខ សេរី 
2012-03-29 
មន្ត្រីយោធា​ជាន់​ខ្ពស់​នៃ​ប្រទេស​សមាជិក​អាស៊ាន បាន​ឯកភាព​គ្នា​ជា​លាយលក្ខណ៍អក្សរ​ដើម្បី​ពង្រឹង​សន្តិសុខ និង​សន្តិភាព​នៅ​តំបន់​អាស៊ាន​ទាំង​មូល។
RFA/Sok Serey
២៩-មីនា-២០១២៖ អគ្គ​មេបញ្ជាការ​កងទ័ព​អាស៊ាន
ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួម​គ្នា​ដើម្បី​ប្រយុទ្ធ​
ប្រឆាំង​ ឧក្រិដ្ឋកម្ម​អន្តរជាតិ នា​រាជធានី​ភ្នំពេញ។
ការ​ឯកភាព​គ្នា​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​នៃ​ប្រទេស​ជា​រដ្ឋ​សមាជិក​អាស៊ាន បាន​សន្យា​ថា នឹង​បង្កើត​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ខាង​មុខ។
អគ្គ​មេបញ្ជាការ​កង​ទ័ព​នៃ​ប្រទេស​សមាជិក​អាស៊ាន ចំនួន ១០ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១២ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួម​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដូចជា ការ​ជួញដូរ​គ្រឿង​ញៀន ការ​ជួញដូរ​មនុស្ស និង​ការ​ជួញដូរ​អាវុធ​ខុស​ច្បាប់​ជាដើម។
ឯកសារ​ដែល​បាន​ចុះ​ហត្ថលេខា​នោះ ត្រូវ​បាន​គេ​រក្សា​ទុក​ជា​ឯកសារ​សំងាត់ គឺ​មិន​ចែកចាយ​ឲ្យ​អ្នក​កាសែត​ផ្សព្វផ្សាយ​ទេ។ ចំណែក​ឯ​បញ្ហា​ជំលោះ​ព្រំដែន​រវាង​ថៃ និង​កម្ពុជា និង​បញ្ហា​ជំលោះ​ដណ្ដើម​កោះ​ស្ព្រាតលី (Spratly) នៅ​សមុទ្រ​ចិន ខាង​ត្បូង រវាង​ប្រទេស​ចិន និង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន ក៏​មិន​ត្រូវ​បាន​យក​មក​ពិភាក្សា​ដែរ។
អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា លោក​នាយ​ឧត្ដមសេនីយ៍ ប៉ុល សារឿន និង​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ អគ្គ​មេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​៩ បាន​មាន​ប្រសាសន៍​ថា ជា​រួម​កិច្ច​ប្រជុំ​នេះ​បាន​ផ្ដល់​លទ្ធផល​ជោគជ័យ៖ «ការ​រួប​រួម​ដើម្បី ​សហគមន៍​ពោរពេញ​ដោយ​សន្តិសុខ និង​សុខដុមរមនា និង​អ្នក​ចូល​រួម​ក្នុង​វេទិកា​ទាំង​អស់​ផ្ដោត​សំខាន់​លើ​ចំណង​មិត្តភាព​ រវាង​ស្ថាប័ន​យោធា​របស់​រដ្ឋ​ដែល​ជា​សមាជិក។ អ្នក​ចូល​រួម​ក្នុង​វេទិកា​ទាំង​អស់ ផ្ដោត​សំខាន់​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ជំនួយ​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ ក៏​ដូច​ជា​បញ្ហា​ប្រឆាំង​អំពើ​ភេរវកម្ម​ផង​ដែរ»
អគ្គ​មេបញ្ជាការ​កង​ទ័ព​មក​ពី​ប្រទេស​ម៉ាឡេស៊ី (Malaysia) លោក ហ្ស៊ុល គីហ្វីលី (Zulkifeli) បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ក្រោយ​សន្និសីទ​កាសែត​នោះ​ថា កិច្ច​ប្រជុំ​នេះ​បាន​ផ្ដល់​លទ្ធផល​ល្អ ហើយ​លោក​ពេញ​ចិត្ត ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​រឿង​ជំលោះ​ព្រំដែន​រវាង​ កម្ពុជា និង​ថៃ​នោះ។
នៅ​ពេល​ដែល​អ្នក​កាសែត​បាន​ចោទ​សួរ​លោក​ថា តើ​លោក​មាន​ការ​ព្រួយ​បារម្ភ​ទេ​ជុំវិញ​រឿង​ជំលោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ នោះ? លោក​បាន​ឆ្លើយ​ថា នេះ​ជា​ការ​ព្រួយ​បារម្ភ​មួយ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ៖ «យើង​ត្រូវ​តែ​បង្កើត​ឲ្យ​មាន​កម្មវិធី​ដោះស្រាយ​ល្អ​ប្រសើរ​មួយ ដូចជា​ការ​បង្កើត​វិធានការ​ឲ្យ​ជឿ​ទុក​ចិត្ត​គ្នា»
នៅ​មុន​កិច្ច​ប្រជុំ​នៃ​អគ្គ​មេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​៩ ដែល​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា  ឆ្នាំ​២០១២ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​បញ្ជាក់​នៅ​សប្ដាហ៍​កន្លង​ទៅ​នេះ​ថា ក្នុង​នាម​កម្ពុជា ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០១២​នេះ នឹង​មិន​លើក​យក​បញ្ហា​ជំលោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មក​ពិភាក្សា និង​ដោះស្រាយ​ទេ ពីព្រោះ​កម្ពុជា មិន​ចង់​ឲ្យ​ធ្វើ​អន្តរជាតិ​ភាវូបនីយកម្ម ឬ​ក្លាយ​ជា​បញ្ហា​អន្តរជាតិ​លើ​បញ្ហា​នេះ។
ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​មាន​ជំលោះ​ជាមួយ​ប្រទេស​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ  មាន​ដូច​ជា​ប្រទេស​វៀតណាម (Vietnam) ហ្វីលីពីន (Philippines) ប្រទេស​ប្រ៊ុយណេ (Brunei) និង​ម៉ាឡេស៊ី (Malaysia) ជាដើម។
នៅ​មុន​ការ​បិទ​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ អគ្គ​មេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​៩ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១២ នេះ អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក​នាយ​ឧត្ដមសេនីយ៍ ប៉ុល សារឿន បាន​ប្រកាស​ផ្ទេរ​សិទ្ធិ​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​នេះ​ទៅ​ឲ្យ​អគ្គ​ មេបញ្ជាការ​កងទ័ព​នៃ​ប្រទេស​ប្រ៊ុយណេ ជា​ប្រធាន ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​នេះ​លើក​ទី​១០ នៅ​ឆ្នាំ​២០១៣ ខាង​មុខ។
កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ អគ្គ​មេបញ្ជាការ​កងទ័ព​អាស៊ាន ត្រូវ​បាន​ផ្ដួច​ផ្ដើម​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០០១ ក្រោយ​ពី​ក្រុម​ភេរវជន​បាន​បើក​យន្តហោះ​បុក​អគារ​ភ្លោះ​ពាណិជ្ជកម្ម​ពិភពលោក ​នៅ​ទីក្រុង​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ កន្លង​ទៅ៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។

0 comments:

Post a Comment