Friday, March 16, 2012

អ្នក​ឃ្លាំមើល​ព្រំដែន​រិះគន់​ការ​ចុះ​ហត្ថលេខា​ផ្លាស់ប្ដូរ​ដី​រវាង​ខ្មែរ-វៀតណាម

ដោយ ខែ សុណង
2012-03-16 
គណៈកម្មាធិការ ​កិច្ចការ​ព្រំដែន​កម្ពុជា និង​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ប្រទេស​វៀតណាម បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​២ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១២។
ក្រុម​តំណាង​រាស្រ្ដ​បក្ស​សមរង្ស៊ី​និង​ពលរដ្ឋ​ប្រឈម​មុខ​នឹង​
សមត្ថកិច្ច​ខេត្ត​ស្វាយរៀង ខណៈ​ដែល​ចុះ​ពិនិត្យ​ស្ថានភាព​
នៃ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ឃុំ​សំរោង
ស្រុក​ចន្រ្ទា កាល​ពី​ថ្ងៃ​១៤ ធ្នូ ២០០៩។


កិច្ច​ព្រមព្រៀង​ទាំង​ពីរ​នោះ មួយ​គឺ​ទាក់ទង​ការ​ទទួល​ជំនួយ​ពី​ភាគី​វៀតណាម និង​ការ​អនុវត្ត​លើ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០១១ ស្ដីពី​ការ​ផ្លាស់ប្ដូរ​ដី​មួយ​ចំនួន​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា និង​វៀតណាម។
ក្រុម​អ្នក​ឃ្លាំមើល​ព្រំដែន​កម្ពុជា បាន​រិះគន់​ថា ការ​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​កិច្ចព្រមព្រៀង​ទទួល​ជំនួយ​ពី​ភាគី​វៀតណាម និង​ការ​អនុវត្ត​លើ​អនុស្សរណៈ​ស្ដីពី​ការ​ផ្លាស់ប្ដូរ​ដី​មួយ​ចំនួន​នៅ​តាម​ បណ្ដោយ​ព្រំដែន​កម្ពុជា និង​វៀតណាម​នោះ គឺ​ពុំ​មាន​ប្រយោជន៍​ដល់​កម្ពុជា​ទេ។ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​កម្ពុជា ខាត​បង់​ទឹក​ដី ដោយសារ​បង្គោល​ព្រំដែន​វៀតណាម ដែល​ចេះ​តែ​ខិត​ចូល​មក​ទឹក​ដី​ខ្មែរ។
សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ថា បង្គោល​ព្រំដែន​ភាគ​ច្រើន​មាន​ភាព​មិន​ប្រក្រតី ព្រោះ​បាន​បោះ​ចូល​មក​ទឹក​ដី​កម្ពុជា។ លោក​មិន​យល់​ស្រប​នោះ​ទេ​ចំពោះ​ការ​ចុះ​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា-​ វៀតណាម​ថា បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​នោះ ហើយ​រដ្ឋាភិបាល​គួរ​ពិចារណា​ឡើង​វិញ​ចំពោះ​ករណី​នេះ។
លោក រ៉ុង ឈុន៖ «ត្រង់​ថា​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា អះអាង​ថា មាន​ចូល​គេ​ចូល​យើង​អី​នោះ អត់​ឃើញ​ចូល​គេ​ទេ ឃើញ​តែ​ចូល​យើង​ទេ។ បង្គោល​ព្រំដែន​ចំណុច​មួយ​ទៀត​ដែល​យើង​មាន​មន្ទិលសង្ស័យ ត្រង់​ថា បង្គោល​ដែល​បោះ​ហើយ ឬ​មួយ​ត្រូវ​បាន​រឹត​បន្តឹង​ដោយ​អាជ្ញាធរ​មិន​ឲ្យ​អ្នក​តំណាងរាស្ត្រ មិន​ឲ្យ​សង្គម​ស៊ីវិល មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​មើល​ដល់​ហ្នឹង​ទេ។ នេះ​ហើយ​ដែល​ជា​ចំណុច​រសើប​ថា ក្រុមហ៊ុន​ហ្នឹង​វា​ពុំ​មាន​ភាព​ប្រក្រតី ហើយ​បាន​ជា​បិទ​បាំង​មិន​ឲ្យ​សាធារណជន​បាន​ទៅ​ឃើញ​ផ្ទាល់​ភ្នែក ពីព្រោះ​ថា ឃើញ​ផ្ទាល់​ភ្នែក​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ ទាំង​សង្គម​ស៊ីវិល​ទាំង​អី​នោះ មិន​សប្បាយ​ចិត្ត ពីព្រោះ​បង្គោល​នោះ​វា​បាន​បោះ​ចូល​ដី​ខ្មែរ​ពិត​ប្រាកដ​មែន»
កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១២ គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា និង​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ប្រទេស​វៀតណាម បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​កិច្ចព្រមព្រៀង​ចំនួន ២ ទាក់ទង​ការ​ទទួល​ជំនួយ​ពី​ភាគី​វៀតណាម និង​ការ​អនុវត្ត​លើ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០១១ ស្ដីពី​ការ​ផ្លាស់ប្ដូរ​ដី​មួយ​ចំនួន​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា និង​វៀតណាម។
ទាក់ទង​បញ្ហា​នេះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ចម្រុះ​ព្រំដែន​កម្ពុជា បាន​ថ្លែង​ថា  កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​ចុះ​កិច្ច​ព្រមព្រៀង​នេះ។ លោក​ថា កម្ពុជា​នឹង​ទទួល​បាន​ផែនទី​មួយ​ជាក់លាក់ ដែល​មាន​បង្គោល​ព្រំដែន និង​មាន​ខណ្ឌ​សីមា​ព្រំដែន​រាប់​ពាន់​បង្គោល​ទៀត ដែល​អាច​កំណត់​ព្រំដែន​មួយ​ច្បាស់លាស់​ពុំ​មាន​បាត់​បង់​ដី​ខ្មែរ​ទេ។
លោក វ៉ា គឹមហុង៖ «ប្រជាជន​យើង ទី​មួយ​គាត់​បាន​រក្សា​កន្លែង​ភូមិ​អាករ​គាត់​នៅ​សព្វថ្ងៃ គាត់​នៅ​តែ​បន្ត​បាន ស្រែ​ចម្ការ​គាត់​ធ្លាប់​ធ្វើ​គាត់​នៅ​តែ​ធ្វើ​បាន។ អ៊ីចឹង​ហើយ​បាន​ថា គេ​បោះ​នោះ​ខ្ញុំ​តែង​តែ​និយាយ​ថា បង​ប្អូន​ដែល​យើង​បោះ​នោះ ជួនកាល​ខ្ញុំ​សុំ​តែ ៣​ម៉ែត្រ​ទេ ឬ​ក៏ ៤​ម៉ែត្រ​ការ៉េ ដើម្បី​បោះ​បង្គោល​សិន​ទេ កុំ​អាល​ថា បាត់​បង់។ អ្នក​ខ្លះ​យក​ទៅ​បំផុស​បំផុល ដើម្បី​ថា អូ​បាត់​ស្រែ​បាត់​ចម្ការ​បាត់​អីៗ​គាត់​ទាំង​អស់។ យើង​ទុក​ឲ្យ​រដ្ឋាភិបាល​ គេ​គិត ថ្នាក់ដឹកនាំ​សម្ដេច​នាយក​គាត់​គិត​ហើយ ធ្វើ​ម៉េច​មិន​ឲ្យ​បង​ប្អូន​យើង​វេទនា​ទេ យើង​តែង​តែ​គិត​អ៊ីចឹង ប៉ុន្តែ​ជំហាន​ដំបូង​យើង​ត្រូវ​តែ​ធ្វើ​អ៊ីចឹង។បើ​យើង​មិន​ធ្វើ​ទេ យើង​មិន​អាច​កំណត់​ថា ត្រឹម​នោះ​ដី​យើង ត្រឹម​នោះ​ដី​គេ ហើយ​គេ​គណនា​ផ្ទែ​ក្រឡា​ដី​ដែល​យើង​ដូរ​គេ​ទេ»
លោក វ៉ា គឹមហុង បាន​បញ្ជាក់​ទៀត​ថា តាម​រយៈ​កិច្ច​ព្រមព្រៀង​ស្ដីពី​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​វៀតណាម ផ្ដល់​មក​ឲ្យ​កម្ពុជា ដើម្បី​ផលិត​ផែនទី​ឋានលេខា​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​មាន​ទឹក​ប្រាក់​ចំនួន ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​នោះ គឺ​ជា​ការ​បន្ត​ដេញ​ថ្លៃ​កាល​ពី​ឆ្នាំ​ទៅ​ដែល​បាន​ទៅ​លើ​ក្រុមហ៊ុន​ អន្តរជាតិ​ឈ្មោះ ប្លូន (Bloon)។ ប៉ុន្តែ​ដោយសារ​កម្ពុជា​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ទើប​ស្នើ​ឲ្យ​វៀតណាម​ជួយ។
លោក វ៉ា គឹមហុង៖ «កិច្ចការ​នោះ​ជា​កិច្ចការ​ធ្វើ​ផែនទី​នៅ​ក្រោម​ការ​ ត្រួត​ពិនិត្យ​រួម​គ្នា ចែក​ការ​គ្នា​ធ្វើ​ទាំង​សង​ខាង គឺ​ខាង​កម្ពុជា និង​ខាង​វៀតណាម ដែល​មាន​ក្រុម​ការងារ​មួយ​ទៀត​គេ​ត្រួត​ពិនិត្យ​ជា​រហូត។ ដូច​ថា ពេល​ឥឡូវៗ​នេះ ក៏​ប្រជុំ អាទិត្យ​ក្រោយ​ក៏​ប្រជុំ​ដើម្បី​រើស​មើល​គុណភាព​ផែនទី​ដែល​ធ្វើ​ហើយ ផែនទី​នោះ​វា​មាន​ពីរ​បី​ដំណាក់។ ផែនទី​ដំបូង​គឺ​ផែនទី​តាម​រូបថត​អាកាស រួច​បាន​បញ្ចូល​ទិន្នន័យ​ទាំង​អស់​ដែល​យើង​បោះ​បង្គោល​ព្រំដែន បោះ​ខណ្ឌព្រំសីមា​ទាំង​អស់​នោះ​បញ្ចូល​ទៅ​ទើប​បាន​ចេញ​ជា​ផែនទី​ឋានលេខា ដែល​មាន​ផ្លូវ​ថ្នល់ មាន​ភូមិ​មាន​អី​ទាំង​អស់ ដើម្បី​ចេញ​ជា​ផែនទី​ដែល​Update នៅ​ឆ្នាំ​២០១១ ២០១២​នេះ»
ទោះ​យ៉ាង​ណា​ក៏ដោយ លោក សុន ឆ័យ ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ គណបក្ស សម រង្ស៊ី បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ថា រដ្ឋាភិបាល ​មិន​គួរ​ទទួល​យក​អំណោយ​ពី​ប្រទេស​វៀតណាម​នោះ​ទេ ពីព្រោះ​វា​ជា​ការ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា កម្ពុជា​គ្មាន​សមត្ថភាព​ធ្វើ​បង្គោល​ការពារ​ទឹក​ដី​របស់​ខ្លួន។
លោក សុន ឆ័យ៖ «គេ​មិន​ដែល​យក​លុយ​ប្រទេស​ដែល​មាន​បញ្ហា​ព្រំដែន ​ជាមួយ​ឲ្យ​ជួយ​ទេ រឿង​បោះ​បង្គោល​ក្ដី រឿង​ធ្វើ​ផែនទី​ក្ដី​ហ្នឹង ព្រោះ​វា​បង្ហាញ​ថា យើង​មិន​មាន​លទ្ធភាព​គ្រាន់​តែ​បញ្ជាក់​ជា​ផ្លូវការ​នូវ​លក្ខណៈ​ទឹក​ដី​របស់ ​ខ្លួន មិន​មែន​លទ្ធភាព​ផង។ ដូច្នេះ​គេ​មិន​យក​ទេ​ហើយ​លុយ ៥​សែន​ដុល្លារ​ប៉ុណ្ណឹង រដ្ឋាភិបាល​ខ្មែរ​គួរ​តែ​មាន​លទ្ធភាព​ខ្លួន​ឯង។ សុខ​ចិត្ត​ឲ្យ​ជួយ​អី​ផ្សេង គេ​មិន​ដែល​ធ្វើ​របង​ឲ្យ​ជួយ គូស​ប្លង់​ផ្ទះ​ឲ្យ​យើង​បែប​ហ្នឹង​ទេ»
លោក វ៉ា គឹមហុង បាន​បញ្ជាក់​ថា បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម មាន​ចំនួន ៣១៤​បង្គោល ដែល​បង្គោល​ខ្លះ​ជា​បង្គោល​ទោល និង​ខ្លះ​ជា​បង្គោល​ភ្លោះ អាស្រ័យ​ទៅ​តាម​ទីតាំង​ភូមិសាស្ត្រ​លើ​ទីតាំង​ជាក់​ស្ដែង ដែល​បង្គោល​នីមួយៗ​សាងសង់​ពី​ថ្ម​ក្រានីត​យ៉ាង​រឹង​មាំ ដែល​ចំណាយ​ថវិកា​ចំនួន​ជាង ១៦​លាន​ដុល្លារ ហើយ​ភាគី​ទាំង​ពីរ នឹង​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ដំណាច់​ឆ្នាំ​២០១២។ លោក​បាន​បន្ត​ថា ខេត្ត​នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ គឺ​មាន​ខេត្ត​កំពង់ចាម ស្វាយរៀង និង​តាកែវ កំពុង​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​ជាង​គេ។
ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​បាក់ដៃ ឃុំ​គោកធ្លក ស្រុក​អង្គរបុរី ខេត្ត​តាកែវ ដែល​រស់​នៅ​ចម្ងាយ ១​គីឡូម៉ែត្រ​ពី​ព្រំដែន​ខ្មែរ-​វៀតណាម បាន​ត្អូញត្អែរ​ថា ជនជាតិ​វៀតណាម បាន​ចូល​មក​រក​ស៊ី​ក្នុង​ទឹក​ដី​កម្ពុជា យ៉ាង​អនាធិបតេយ្យ និង​គ្មាន​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ឡើយ៖ «យើង​ឲ្យ​គេ​បោះ​ឲ្យ​បាន​ត្រឹមត្រូវ វា​ពិតប្រាកដ កុំ​ឲ្យ​ខ្មែរ​វា​ចេះ​តែ​ភ័យ ពីព្រោះ​ព្រំ​ដែន តាម​ខ្ញុំ​មក​នៅ​នេះ​ជាង ២០​ឆ្នាំ​ហើយ ឃើញ​តែ​កិល​ចូល​តិចៗ​រហូត។ កាល​មុន​ឃើញ​នៅ​ឆ្ងាយ យូរ​មក​រាង​ជិត​ទៅៗ​ខ្ញុំ​ឆ្ងល់​ដែរ»
កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១២ មន្ត្រី​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ គឺ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម លោក ផាម បីញមីញ (Pham Binh Minh) និង​រដ្ឋមន្ត្រី ​ក្រសួង​មហាផ្ទៃ លោក ស ខេង ក៏​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​មហាសន្និបាត​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម លើក​ទី​៧ នៅ​ប្រទេស​វៀតណាម​ដែរ។ ក្នុង​ជំនួប​នោះ គេ​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ខេត្ត​ចំនួន​២០ ដែល​នៅ​ជាប់​ព្រំដែន។
ភាគី​ទាំង​ពីរ​បាន​ចេញ​សេចក្ដី​ប្រកាស​រួម​ចំនួន ១២​ចំណុច ដែល​កម្ពុជា-​វៀតណាម បាន​ព្រមព្រៀង​គ្នា មាន​ដូចជា​ការ​ពង្រឹង​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​តំបន់​ជាប់​ព្រំដែន អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​បង្កើន​ទំនាក់ទំនង​សាមគ្គីភាព​រវាង​កម្ពុជា-​វៀតណាម ទៀត​ផង៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។

0 comments:

Post a Comment