Tuesday, March 27, 2012

កងទ័ព​នៅតាម​ព្រំដែន​ប្រទះឃើញ​គ្រាប់រំសេវ​រាប់ពាន់​គ្រាប់

ព្រះវិហារៈ មន្រ្តី​យោធា​នៅខេត្ត​ព្រះវិហារ បាន​រកឃើញ​គ្រាប់​រំសេវ​រាប់ពាន់គ្រាប់ ដែលមិន​ទាន់​ប្រើ កប់​នៅក្រោមដី​នៅ​ភ្នំដងរែក តាម​បណ្តោយ​ព្រំដែន​ថៃ ដែល​ធ្លាប់ជា​តំបន់​អតីត​ខ្មែរ​ក្រហម​។ នេះបើ​យោងតាម​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​ដែលបានថ្លែង​។
លោក ឧត្តមសេនីយ៍​ទោ ជា ម៉ន មេបញ្ជាការ​យោធា​ភូមិភាគ ៤ បានប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា ទាហាន​កងពលតូច​លេខ ៩ ដែល​ប្រចាំការ​នៅលើភ្នំ បាន​រកឃើញ​គ្រប់​កាំភ្លើង​ផ្លោង និង​គ្រាប់កាំភ្លើង​ធម្មតា កប់នៅក្នុង​ដី កាលពី​ថ្ងៃសៅរ៍ នៅ​ចំណុច​មុំបី លើភ្នំ​ដងរែក​។
យោងតាម លោក ជា ម៉ន បានឲ្យដឹងទៀតថា មន្រ្តី​យោធា បានរកឃើញ​គ្រាប់កាំភ្លើង AK47 ចំនួន​ជិត ២០០០​គ្រាប់ គ្រាប់ ១២ ក្បៀស ជិត ២០០០ គ្រាប់ និងគ្រាប់ B40 ប្រហែល ៦០០ គ្រាប់ ដែលគេជឿថា ជា​របស់​ខ្មែរ​ក្រហម ដែល​លាក់ទុក នៅ​ក្រោមដី ដើម្បី​ប្រយុទ្ធ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​កម្ពុជា ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០។
លោក ជា ម៉ន បាន​ថ្លែងបន្ត​ថា​៖ «​គ្រាប់ទាំងនោះ​ចាស់ ហើយ​មិនអាច​ប្រើបាន​ដូចមុននោះទេ ពីព្រោះថា វាបាន​កប់​នៅក្នុងដី​អស់រយៈពេល​ជាយូរ​មកហើយ​»។ លោកបាន​បន្តទៀត​ថា​៖ «​យើងពិនិត្យ​វាមើល​សិន ឬប្រគល់​ទៅឲ្យ​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា (CMAC)​»។
ក្រោយពី​ការដួលរលំ​នៃរបបខ្មែរ​ក្រហម កាលពី​ឆ្នាំ ១៩៧៩ កងទ័ព​រដ្ឋាភិបាល ដែល​គាំទ្រ​ដោយ​វៀតណាម បានបណ្តេញ​ពួកខ្មែរ​ក្រហម​ឲ្យរត់ទៅ​រស់នៅ​ក្នុងព្រៃ នៅ​ភាគខាងលិច តាម​បណ្តោយ​ព្រំដែន​ថៃ​។
តំបន់​ពាយ័ព្យ​នៅលើ​ភ្នំដងរែក គឺជា​ជំរំ​ចុងក្រោយ​បំផុត របស់​ពួកខ្មែរ​ក្រហម ក្រោម​ការដឹកនាំ​របស់​តាម៉ុក​។
លោក ជា ម៉ន បាន​ថ្លែងបន្តទៀតថា កាលពី​ពេលមុន ក្រុម​ទាហាន​ធ្លាប់រកឃើញ​ប្រភេទ​គ្រាប់បែក​មិនទាន់​ប្រើមួយចំនួ​ កប់នៅ​ក្នុងដី ប៉ុន្តែ​វាមិនច្រើន​ដូចពេល​នេះទេ​។
ឧត្តមសេនីយ៍​ឯក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ទទួល​ស្គាល់ ចំពោះ​ព័ត៌មាន​នេះ ដោយថ្លែងថា មន្រ្តី​យោធា​មូលដ្ឋាន កំពុង​ស្ថិតនៅក្នុង​ប្រតិបត្តិការ​ស្វែងរក​គ្រាប់មិនទាន់​ប្រើបន្ថែមទៀត នៅ​តំបន់​ជិតៗនោះ ហើយ​បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ច្រើនឡើយ​។
លោក ឈុំ សុជាតិ បាន​ថ្លែង​ថា៖«​ពួកគេ​កំពុង​ប្រមូលគ្រាប់​ទាំងនោះ ឥឡូវនេះ ប៉ុន្តែ​ខ្ញុំមិនចង់​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​លម្អិត​នោះទេ ពីព្រោះ​រឿងនេះ វា​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ជាតិ​»។
លោក ហេង រតនា អគ្គនាយក នៃ​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា (CMAC) បានថ្លែង​កាលពី​ម្សិលមិញ​ថា មន្រ្តី​របស់​លោក ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​តំបន់នោះ សម្រាប់​ប្រតិបត្តិការ​បោស​សម្អាត​មីន ប៉ុន្តែ​មន្រ្តី​យោធា មិនទាន់​បាន​ជម្រាប​ឬ​ប្រគល់​គ្រាប់ចាស់ៗ​ដែលគេ​បានរកឃើញ​ទាំងនោះ មក​មន្រ្តី​(CMAC) របស់​លោក​នៅឡើយទេ​៕ PS

0 comments:

Post a Comment