Monday, March 19, 2012

កម្ពុជា​រកបាន​មេធាវី ២​នាក់ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ៣៨​នាក់ ដែល​ថៃ​ចាប់​

(ថ្ងៃទី 19 មីនា 2012, ម៉ោង 01:31:PM) | ដោយ: មុនីរ័ត្ន
ភ្នំពេញ: មកដល់ពេលនេះ កម្ពុជា​រក​មេធាវី​បាន​ចំនួន ២​នាក់ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣៨ នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់​កាលពី ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១២​។ នេះ​បើតាម​ការ​អោយដឹងពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​។​

​ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ថ្លែងប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅ​ព្រឹក ថ្ងៃទី​១៩ មីនា ឆ្នាំ​២០១២ ថា មកដល់ពេលនេះ អាជ្ញាធរខេត្ត ដែលមាន​ព្រំប្រទល់​ជាប់​ព្រំដែន បាន​ខិតខំ​ស្វែងរក អោយមាន​ការដោះលែង ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ៣៨​នាក់​នោះ ប៉ុន្តែ​តាមរយៈ​អគ្គ​កុងស៊ុល ខ្មែរ​យើង ប្រចាំខេត្ត​ស្រះកែវ ដែល​បាន​ចុះទៅ​ធ្វើការ​ផ្ទាល់​ជាមួយ​អាជ្ញាធរ​ថៃ គឺ​ខាង​ភាគី​ថៃ គេ​ចង់​ធ្វើការ​ដោះស្រាយ តាមផ្លូវ​ច្បាប់ របស់​ប្រទេស​ថៃ​។​

​លោក កុយ គួ​ង បាន​បន្តថា ប្រសិនបើ​អាជ្ញាធរ​ថៃ គេ​ចង់​ធ្វើតាម​ផ្លូវច្បាប់ មកដល់ពេលនេះ អគ្គ​កុងស៊ុល​របស់​យើង​រកបាន​មេធាវី ២​នាក់ ហើយ​ដើម្បី​ជួយ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ៣៨​នាក់ តាមផ្លូវ​ច្បាប់ និង​រក​យុត្តិធម៌​តាមផ្លូវ​ច្បាប់​។ ទោះជា​យ៉ាងណា មកដល់ពេលនេះ មិនទាន់មាន​ការកំណត់ អំពី​កាលបរិច្ឆេទ នៃ​ការបើក​សវនាការ​នៅឡើយ​ទេ​។​

​ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​បន្តទៀតថា ភាគី​ថៃ​បាន​ចោទប្រកាន់ថា​ទី​១ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលក្នុង​ទឹកដី​ថៃ​ខុសច្បាប់ និង​ទី​២ ចោទប្រកាន់ ពីបទ​រុករក​អនុផល​ព្រៃឈើ​ផ្សេងៗ​។

​ទាក់ទង​ទៅនឹង​បញ្ហា​ពលរដ្ឋ​ ខ្មែរ​នេះដែរ លោក កុយ គួ​ង បាន​បញ្ជាក់ថា ចាប់ពី​ដើមឆ្នាំ​២០១២ រហូតមកដល់​ចុង ខែកុម្ភៈ ឆ្នាំ​២០១២ មាន​ពលរដ្ឋ​រងគ្រោះ បាត់បង់​ជីវិត ដោយសារ​ទាហាន​ថៃ​បាញ់​ចំនួន ៧ នាក់​៕

0 comments:

Post a Comment