Friday, March 16, 2012

កម្ពុជា​ច្រានចោល​ឆន្ទៈ​ដូរអ្នក​ទោស​របស់​ថៃ


ទណ្ឌិត​ថៃ វីរៈ និង នាង​លេខា រ៉ាទ្រី ពេល​ឲ្យជួប​សាច់ញាតិ​។
Friday, 16 March 2012 
ដោយៈ ជាង សុខា 

ភ្នំពេញៈ មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ជាថ្មីម្តងទៀត បាន​ច្រានចោល នូវ​ឆន្ទៈ​របស់​រដ្ឋមន្រ្តី​ការបរទេស​ថៃ លោក សុរពង្ស តូវីចាក់​ឆៃគុល ដែល​ចង់​ដោះដូរ​អ្នកទោស​រវាង​ប្រទេស​ទាំងពីរ។
កាសែត​បាងកក​ប៉ុស្តិ៍​រាយការណ៍​ពីថ្ងៃ​ព្រហស្បតិ៍ ស្រង់​សម្តី​លោក សុរពង្ស មកថា ថៃ​នឹង​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការដោះដូរ​អ្នកទោស​ជាមួយ​កម្ពុជា​ដើម្បី​ ទទួលបាន​នូវសកម្ម​ជនថៃ​ពីរ​នាក់​គឺ​លោក វីរៈ ស៊ុមខ្វាមឃីត ​សកម្មជន​បណ្តាញ​អ្នក​ស្នេហាជាតិ​ថៃ និង​លេខា​គាត់​គឺនាង រ៉ាទ្រី ពីប៉ា តាណា​បៃប៊ុន​មក​ប្រទេស​ថៃ​វិញ​។
លោក សុរពង្ស បាន​ថ្លែងថា​៖«​ការដោះដូរ​បែបនេះ ប្រហែលជា​មិនផ្អែកលើ​មូលដ្ឋាន​សមភាព​នោះទេ​។ ថៃ​ប្រហែលជា​អាចផ្តល់​នូវ​អ្នកទោស​កម្ពុជា​បួននាក់ ទៅឲ្យ​ក្រុង​ភ្នំពេញ​ដើម្បី​ជា​ការដោះដូរ​នឹង​សកម្មជន​ថៃ​ទាំងពីរ​ដែល​កំពុង ​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​»។
លោក វីរៈ និង​នាង រ៉ាទ្រី ត្រូវចាប់ខ្លួន​នៅថ្ងៃទី​២៩ ធ្នូ ២០១០ ពីបទ​ចារកម្ម និង​ចូលមក​ទឹកដី​កម្ពុជា​ខុសច្បាប់ ហើយ​លោក វីរៈ ត្រូវបាន​កាត់ទោស​ដាក់ពន្ធនាគារ​ចំនួន​៨ឆ្នាំ និង​នាង រ៉ាទ្រី ត្រូវកាត់​ឲ្យជាប់​ពន្ធនាគារ​ចំនួន ៦​ឆ្នាំ​។
លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បានថ្លែងថា ការដោះដូរ​អ្នកទោស អាចធ្វើ​ទៅបាន​លុះត្រាតែ​ធ្វើក្នុង​លក្ខណៈ​ជាកញ្ចប់​។ លោក​ថ្លែងថា​៖«​បើថៃ​ស្នើសុំ​ឲ្យមាន​ការដោះដូរ​អ្នកទោស​ជាកញ្ចប់​នោះ​ កម្ពុជា​អាចនឹង​ពិចារណា​។ ខ្ញុំ​មិនផ្តោត​តែករណី​របស់ វីរៈ ទេ​។ បើ​ថៃ​ចង់​ពួកគេ​អាចធ្វើ​សំណើ​ក្នុង​លក្ខណៈ​ជា​កញ្ចប់​»។
ថៃ​នឹង​កម្ពុជា​មានកិច្ចព្រម​ព្រៀងផ្ទេរ​អ្នកទោស​គ្នាហើយ​កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ថៃ​បាន​បញ្ចូន​អ្នកទោស​កម្ពុជា​បួននាក់ ដែល​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេសថៃ​ពីបទ​ជួញដូរ​គ្រឿង​ញៀន មកដាក់​ពន្ធនាគារ​បន្ត​ក្នុង​ប្រទេស​កម្ពុជា​វិញ នូវ​ចំនួន​ទោស​ដែល​នៅសល់​»។
គំនិត​នៃ​ការដោះដូរ​អ្នកទោស​ជាកញ្ចប់​រវាង​កម្ពុជា​និង​ថៃ កើតមាន​ឡើង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​លោក សុរពង្ស នៅកម្ពុជា កាលពី​ខែធ្នូ​ឆ្នាំមុន នៅក្នុង​ជំនួប​ជាមួយ​សមភាគី​លោក គឺលោក រដ្ឋមន្ត្រី ហោ ណាំហុង​។
លោក វីរៈ និង​នាង រ៉ាទ្រី ធ្លាប់​បានស្នើ​សុំការ​ប្រទានទោស​ពីព្រះមហាក្សត្រ​កម្ពុជា​តាមរយៈ​ក្រសួង​ ការបរទេស​និង​ក្រសួង​យុត្តិធម៌ ប៉ុន្តែ ពុំទាន់​ទទួល​បាន​ការអើពើ​។
តាម​លោក កុយ គួង​ថា ការដោះដូរ​អ្នកទោស​ជា​កញ្ចប់ គឺ​កម្ពុជា​ចង់ធ្វើការ​ដោះដូរ​តែមួយលើក​រវាង​អ្នកទោស​កម្ពុជា​ទាំងអស់ ដែល​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​ថៃ ជាមួយនឹង​អ្នកទោស​ថៃ​ទាំងអស់​ដែលបាន​ជាប់​ពន្ធនាគារ​នៅកម្ពុជា​។ មាន​អ្នកទោស​ថៃ​ជិត​៤០​នាក់​កំពុង​ជាប់ឃុំ​នៅ​កម្ពុជា ប៉ុន្តែ​ពុំមាន​តួលេខ​អ្នកទោស​កម្ពុជា​នៅក្នុង​ប្រទេស​ថៃ​ទេ​៕ PS

0 comments:

Post a Comment