Thursday, April 5, 2012

សម្ដេច​តេ​ជោ​៖ សម រង្ស៊ី អ្នកនយោបាយ​ឱកាសនិយម ដែលជា​ការនាំ​កម្ពុជា​ចេញ​ផុតពី​អាស៊ាន

(Photo: The Phnom Penh Post)

ថ្ងៃទី 4 មេសា 2012
ដោយ: រតនា
Cambodia Express News

ភ្នំពេញ: ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ ​នូវ​លិខិត​របស់​មេគណ​បក្សប្រឆាំង គឺ​លោក សម រង្ស៊ី ដែល​បាន​សរសេរ​ទៅកាន់​មេដឹកនាំ​ប្រទេស​ចិន បញ្ជាក់​ពី​ជំហរ​នយោបាយ​ចិន​តែមួយ​។ ការលើកឡើង​បែបនេះ គឺ​នៅក្នុង​សន្និសីទកាសែត កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១២ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​វិមាន​សន្តិភាព​។​

​នៅក្នុង​សន្និសីទកាសែត​នោះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៨ ខែមីនា នៅមុន​ដំណើរ​មក​ប្រទេស​កម្ពុជា របស់លោក ហ៊ូ ជិន​តាវ ប្រធានាធិបតី​ចិន លោក សម រង្ស៊ី ដែលជា​ប្រធាន​គណបក្ស​សមរង្ស៊ី បានធ្វើ​លិខិត​មួយ​ផ្ញើជូន​ប្រធានាធិបតី​ចិន ជា​ភាសា​ខ្មែរ និង​ជា​ភាសា​ចិន​ទៀតផង​។ សម្ដេច ហ៊ុន សែន បាន​ប្រាប់​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន រាប់ទាំង​ប្រធានាធិបតី​ហ្វីលីពីន​ផងដែរ​។​

​សម្ដេច​តេ​ជោ បាន​លើក​ខ្លឹមសារ​នៅក្នុង​លិខិត​លោក សម រង្ស៊ី ថា “ ​ជាការ​តបស្នង​ដឹងគុណ ប្រទេស​កម្ពុជា​ត្រូវតែ​គាំទ្រ​ពេញទំហឹង​ចំពោះ​ប្រទេស​ចិន ក្នុងការ​អនុវត្ត​នយោបាយ​ជាតិ និង​អន្តរជាតិ ឈរលើ​គោលការណ៍​ចិន​តែមួយ និង​ក្នុងការ​ការពារ​ដាច់ខាត​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ចិន​” ដែល​ចំណុច​នេះ វា​ស្របទៅនឹង​គោលជំហរ​របស់​រដ្ឋាភិបាល​។​


​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ផងដែរ​ថា “​ប៉ុន្តែ​សូម​កុំភ្លេចថា មុននេះ សម រង្ស៊ី ខ្លួនឯង គាត់​បានប្រកាស គាត់​ទទួលស្គាល់​ចិន​មួយ ប៉ុន្តែ​ចិន​ណា​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប៉ុន្តែ​ថ្ងៃនេះ គាត់​និយាយ​សរសើរ​ចិន ដល់​កម្រិត​ដែល​ហៅថា អនុវត្ត​នយោបាយ​ចិន​តែមួយ​។ ជាពិសេស ប្រទេស​កម្ពុជា​គាំទ្រ​ប្រទេស​ចិន​ពេញទំហឹង ទាក់ទង​ទៅនឹង​ប្រជុំ​កោះ​របស់​ប្រទេស​ចិន ឈ្មោះ ជី​ថា ណាន​ថា ដែល​ស្ថិតនៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។ អធិបតី​ប្រទេស​ចិន លើ​ប្រជុំ​កោះ​ទាំងពីរ​នេះ គឺ​មិនអាច​ប្រកែក​បានទេ​”​។ សម្ដេច​បាន​បញ្ជាក់ថា សហគមន៍​អន្តរជាតិ​ត្រូវតែ​យល់ថា រាល់​បញ្ហា​ជាយថាហេតុ ត្រូវតែ​ដោះស្រាយ​រវាង​ប្រទេស​ចិន និង​ប្រទេស​ណា​ដែលមាន​បញ្ហា​ក្នុង​ដែនសមុទ្រ​ជាមួយ​ចិន ដោយ​ទ្វេភាគី ដោយ​គ្មាន​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា អ្វីដែល​លោក សម រង្ស៊ី បានលើកឡើង គឺ​ទាត់ចោល DoC ទាំងស្រុង បានន័យថា ទាត់ចោល​វេទិកា​អាស៊ាន និង​ចិន អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ហើយ​ដែល​ត្រូវបាន​ចុះហត្ថលេខា​រវាង​អាស៊ាន​-​ចិន​។ ការលើកឡើង​បែបនេះ គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន ចង់​បង្ហាញថា នៅពេលដែល​តំណាងរាស្ដ្រ​គណបក្សប្រឆាំង ដែលជា​កូនចៅ​របស់លោក សម រង្ស៊ី បាន​លើកឡើងថា មិនត្រូវ​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន បែរជា​លោក សម រង្ស៊ី ប្រធាន​គណបក្ស ទាត់ចោល​នូវ​វេទិកា​អាស៊ាន​-​ចិន ស្ដីពី​សមុទ្រ​ចិន​ខាងត្បូង ហើយ​ឲ្យ​ចរចា​ទ្វេភាគី​រវាង​ប្រទេស​នីមួយៗ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​រិះគន់​គណបក្សប្រឆាំង ដែលមាន​សមត្ថភាព​អន់​បែបនេះ ដឹកនាំ​ប្រទេស​កម្ពុជា បាន​ឬ​អត់ ទាំង​ការអនុវត្ត​នយោបាយ​ផ្ទៃក្នុង និង​ការអនុវត្ត​នយោបាយ​ការបរទេស របស់​រដ្ឋ​អធិបតេយ្យ ហើយ​ក្នុងខណៈ​ជា​សមាជិក​របស់​អាស៊ាន​។ សម្ដេច​បញ្ជាក់ថា សម្ដេច​នឹង​ថតចម្លង​លិខិត​ដាក់ជូន​លោក ហ៊ូ ជិន​តាវ បញ្ជូន​ទៅគ្រប់​ស្ថានទូត​បរទេស​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។

​នៅក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមេសា​នោះដែរ សម្ដេច​បាន​ជម្រាប​ទៅកាន់​ប្រមុខ​ដឹកនាំ​ប្រទេស នៃ​សមាជិក​អាស៊ាន​ទាំងអស់ ឲ្យ​បាន​យល់​អំពី​បញ្ហា​នេះ ឲ្យ​យល់​ពី​នយោបាយ​ឱកាសនិយម​របស់​មេដឹកនាំ​បក្ស​មួយ ដែលជា​ការនាំ​កម្ពុជា​ចេញ​ផុតពី​អាស៊ាន ឯកោ​ពី​អាស៊ាន ហើយ​មិនមែនជា​ការចង់បានរ​បស់​ចិន​ទេ ចិន​ចង់បាន​ការពិភាក្សា​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​-​ចិន ហើយ​ចិន​មិន​ចង់បាន​ការពិភាក្សា​ក្រៅ​អាស៊ាន​ជាមួយ​ចិន​នោះទេ​។​

​សម្ដេច ហ៊ុន សែន បាន​បន្ថែមថា បើ​លោក សម រង្ស៊ី នៅតែ​បន្ត​អនុវត្ត​នយោបាយ​បែបនេះ​តទៅទៀត បានន័យថា DoC ត្រូវ​ហែក​គ្រវាត់ចោល​

0 comments:

Post a Comment