ដោយ ទីន ហ្សាការីយ៉ា
2012-04-06
ក្រុម
អ្នកវិភាគថ្លែងថា រដ្ឋាភិបាលកម្ពុជា គួរតែទទួលយកនូវការរិះគន់
ឬអនុសាសន៍របស់អ្នកស្រាវជ្រាវ
ដែលជាទស្សនៈដើម្បីស្ថាបនាសង្គមកម្ពុជា ព្រោះថា
ការបញ្ចេញទស្សនៈជាការឆ្លុះបញ្ចាំងអំពីសង្គមប្រជាធិបតេយ្យ
ដែលប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិរិះគន់ និងបញ្ចេញមតិ។
![]() |
|
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធកំណាត់
ផ្លូវជាតិលេខ១ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១១។
RFA/Sok Serey |
ទាក់ទងទៅនឹងបញ្ហានេះ ក្រុមអ្នកវិភាគឯករាជ្យ បានលើកហេតុផលថា
ការបញ្ចេញទស្សនៈណាមួយរបស់សង្គមស៊ីវិល ឬអ្នកវិភាគនោះ
គឺគេបានសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់អំពីបញ្ហាទាំងនោះ
មិនមែនគេដេកសុបិនឃើញ ហើយគេថានោះទេ
ហើយរាល់ការលើកឡើងទាំងនោះគឺក្នុងគោលបំណងស្ថាបនានូវសកម្មភាព
របស់រដ្ឋាភិបាល។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច បានអត្ថាធិប្បាយថា
នៅក្នុងសង្គមប្រជាធិបតេយ្យ ទោះបីភាគីណាបញ្ចេញមតិយ៉ាងណាក៏ដោយ
គេមិនត្រូវបដិសេធចំពោះការបញ្ចេញមតិរបស់ភាគីណានោះទេ
ពីព្រោះវាគ្រាន់តែជាការលើកឡើងប៉ុណ្ណោះ។
ប៉ុន្តែលោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា
ការបញ្ចេញទស្សនៈរបស់អ្នកវិភាគ
គេបានស្វែងយល់ច្បាស់លាស់អំពីបញ្ហាដែលកំពុងកើតឡើង៖ «ខ្ញុំអត់
ដឹងទេ ខ្ញុំរង់ចាំមើលកម្មវិធីប្រជុំអាស៊ានរបស់រដ្ឋាភិបាល
លោកបានចេញសេចក្ដីថ្លែងការណ៍ជម្លោះឈូងសមុទ្រចិនខាងត្បូងហ្នឹងមក
ដោះស្រាយទេ អ៊ីចឹងអ្នកវិភាគគេមើលតាមហ្នឹង
តើវាមានស្អីបានជាមិនដោះស្រាយ?
ចង់មិនចង់បញ្ហាវាពាក់ព័ន្ធនឹងប្រជាជាតិអាស៊ីអាគ្នេយ៍ មានវៀតណាម
ហ្វីលីពីន ម៉ាឡេស៊ី ជាសមាជិកនៃរឿងហ្នឹង
អ៊ីចឹងអ្នកវិភាគគេចាប់ផ្ដើមវិភាគហើយ
ប្រហែលជាមានបញ្ហាអីមួយហើយ។ ទីមួយគឺដោយសារអី?
ប្រហែលជាឥទ្ធិពលពីចិន កន្លែងមួយហើយ ទីពីរ ចុះពេលកម្ពុជា
មានបញ្ហាព្រំដែន ហេតុអីបានជាអាស៊ានមិនលើក
បានជាគេបោះដៃទៅឲ្យអង្គការសហប្រជាជាតិ និងតុលាការក្រុងឡាអេ?»។
ការលើកឡើងដូច្នេះ នៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានបញ្ចេញប្រតិកម្មរិះគន់ទៅលើអ្នកវិភាគឯករាជ្យមួយចំនួន
និងក្រុមមន្ត្រីគណបក្សប្រឆាំងនៅក្នុងសន្និសីទសារព័ត៌មានមួយ
បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី២០
បានបញ្ចប់នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា
ចំពោះការលើកឡើងរបស់អ្នកវិភាគ ដែលថា រដ្ឋាភិបាលកម្ពុជា
ក្នុងនាមជាប្រធានអាស៊ាន
មិនលើកយកបញ្ហាជម្លោះឈូងសមុទ្រចិនខាងត្បូងមកដោះស្រាយនៅក្នុង
កិច្ចប្រជុំកំពូលអាស៊ាននោះទេ ពីព្រោះថា រដ្ឋាភិបាលកម្ពុជា
នៅក្រោមឥទ្ធិពលរបស់ចិន។
លោក ហ៊ុន សែន បានបញ្ចេញប្រតិកម្មដូច្នេះ៖
«ព្រោះវាទាក់ទងនឹងជនជាតិកម្ពុជា ខ្ញុំមិននឹកស្មានថា
មានជនជាតិកម្ពុជា ល្ងង់ដល់ថ្នាក់ហ្នឹង!
ដែលធ្វើឲ្យថោកតំលៃដល់ជនជាតិដទៃទៀត
ប៉ុន្តែសូមអ្នកដទៃកុំចាត់ទុកថា
អំពើល្ងង់ខ្លៅនេះមានមនុស្សទាំងអស់បែបលោក សម រង្ស៊ី
ឬតំណាងរាស្ត្ររបស់លោក សម រង្ស៊ី ឲ្យសោះ!
យើងជាប្រទេសដែលមានកិត្តិយស និងសេចក្ដីថ្លៃថ្នូរ
ហើយក៏មិនមែនជាអ្នកអនុវត្តនយោបាយឱកាសនិយមតាមបែបបក្សប្រឆាំង
ឬក៏អ្នកវិភាគតាមបែប... បើខ្ញុំចង់និយាយ អ្នកវិភាគសេដ្ឋកិច្ច
ពួកសេដ្ឋវិទូ ខ្ញុំហៅអាល្ងង់ទូ។ បើសិនជាទស្សនវិទូ
ខ្ញុំក៏ហៅអាល្ងង់ទូដូចគ្នាដែរ
ព្រោះការវិភាគបែបនេះវាមិនស្របហៅថា បណ្ឌិតនោះទេ
ព្រោះបណ្ឌិតនោះក្បាលទំពែកទៅទៀត»។
ទោះបីជាយ៉ាងណាក៏ដោយ
នៅប្រទេសប្រកាន់យកនូវរបបលទ្ធិប្រជាធិបតេយ្យ
គេបានបែងចែកតួនាទីរវាងរដ្ឋាភិបាល គណបក្សប្រឆាំង
និងអង្គការសង្គមស៊ីវិលខុសគ្នា។
របៀបគ្រប់គ្រង ដឹកនាំប្រទេសបែបលទ្ធិប្រជាធិបតយ្យ
មានអង្គនិតិបីធំដាច់ដោយឡែកពីគ្នា គឺអង្គនីតិប្បញ្ញត្តិ
អង្គនិតិប្រណិបត្តិ និងអង្គនីតិតុលាការ។
ដូច្នេះតួនាទីរបស់រដ្ឋាភិបាល ជាអង្គនីតិប្រតិបត្តិ
ដែលប្រតិបត្តិរាល់កិច្ចការទាំងឡាយណាដែលទាក់ទងទៅក្នុងដំណើរការ
ប្រព្រឹត្តទៅរបស់រដ្ឋមួយ
ដែលធ្វើឲ្យមានសកម្មភាពទ្រទ្រង់ការរស់នៅរបស់ប្រជាពលរដ្ឋ
រួមទាំងសន្តិសុខ សេដ្ឋកិច្ច សុខុមាលភាព អនុវត្តច្បាប់ប្រជាធិបតេយ្យ
និងបញ្ហាផ្សេងៗទៀត។
គណបក្សប្រឆាំងវិញមានតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងរាល់សកម្មភាព
នៃទង្វើរបស់រដ្ឋាភិបាល
ដែលរដ្ឋាភិបាលមិនទាន់ធ្វើបានជោគជ័យនៅចំណុចណាមួយ
គឺគណបក្សប្រឆាំងត្រូវលើកបញ្ហាទាំងនោះដើម្បីរកដំណោះស្រាយ
ពីព្រោះគណបក្សប្រឆាំងគ្មានថវិកាដើម្បីអភិវឌ្ឍន៍ប្រទេសទេ
ក្រៅពីតួនាទីក្នុងការឃ្លាំមើល និងរិះគន់ ដើម្បីស្ថាបនា។
ដោយឡែក
អង្គការសង្គមស៊ីវិលវិញមានតួនាទីលើកយកបញ្ហាក្នុងសង្គមមកបង្ហាញ
ផង និងអនុវត្តការងារអភិវឌ្ឍន៍សង្គមផង
ពីព្រោះអង្គការសង្គមស៊ីវិលទទួលជំនួយពីបណ្ដាប្រទេសផ្សេងៗ
ធ្វើការដើម្បីជួយសង្គម។
ទាក់ទងទៅនឹងបញ្ហានេះ រដ្ឋាភិបាលគណបក្សប្រឆាំង និងសង្គមស៊ីវិល
មានសិទ្ធិក្នុងការបញ្ចេញមតិរបស់ខ្លួនរៀងៗខ្លួន
ដើម្បីសឲ្យឃើញថា កម្ពុជាកំពុងដើរនៅលើផ្លូវប្រជាធិបតេយ្យ។
ប៉ុន្តែការលើកឡើងរបស់ខ្លួននោះ ត្រូវមានហេតុផលឲ្យបានច្បាស់លាស់
និងត្រូវមានដំណោះស្រាយ។
បន្ថែមពីលើនេះទៀត នាយកវិទ្យាស្ថានកម្ពុជា
សម្រាប់ការសិក្សាសារព័ត៌មាន លោក មឿន ឈានណារិទ្ធ មានប្រសាសន៍ថា
មូលដ្ឋានគ្រឹះនៅក្នុងសង្គមប្រជាធិបតេយ្យ គឺជាការបញ្ចេញមតិ
ឬការិះគន់។ លោកបញ្ជាក់ទៀតថា ឥស្សរជននយោបាយទាំងអស់
មុននឹងពួកគាត់ប្រឡូកក្នុងឆាកនយោបាយ
ត្រូវគិតពីបញ្ហាប្រឈមនឹងការរិះគន់ពីសាធារណជន និងសារព័ត៌មាន
ហើយបញ្ហានេះជារឿងសាមញ្ញដែលកើតមាននៅក្នុងសង្គមប្រជាធិបតេយ្យ។
លោក មឿន ឈានណារិទ្ធ៖ «អ៊ីចឹងការបញ្ចេញសំឡេងហ្នឹង
ជាឧទាហរណ៍ដ៏ល្អមួយដល់ប្រជាពលរដ្ឋដទៃទៀត
ឲ្យគាត់ហ៊ានបញ្ចេញសំឡេងដូចគ្នា។ ខ្ញុំព្រួយបារម្ភដែរ
ដោយសារតែការធ្វើប្រតិកម្មតបមកវិញរបស់រដ្ឋាភិបាលក្នុងលក្ខណៈ
រិះគន់ធ្ងន់ធ្ងរនេះ
មិនឲ្យប្រជាពលរដ្ឋដទៃទៀតគាត់ហ៊ានបញ្ចេញទស្សនៈតទៅទៀត»។
ជាងនេះទៅទៀត
នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព
លោក ឈៀង វណ្ណារិទ្ធ បានឲ្យដឹងថា នៅក្នុងបរិបទកម្ពុជាបច្ចុប្បន្ន
គ្រប់ភាគីទាំងអស់ត្រូវបើកចំហការគិតបន្ថែមទៀត
ពិសេសត្រូវទទួលយកនូវទស្សនៈផ្សេងៗគ្នា៖ «គំនិត
ទស្សនៈផ្សេងៗហ្នឹង ដើម្បីជាការពិសោធទាំងអស់គ្នាទេ យើងពុំដឹងថា
តើទ្រឹស្ដីណាមួយ គំនិតណាមួយត្រឹមត្រូវ ១០០% នៅឡើយទេ
ដូច្នេះគួរបើកចំហដើម្បីទទួលយកគំនិតរិះគន់ផ្សេងៗហ្នឹង
ដើម្បីយកមកត្រិះរិះទាំងអស់គ្នា»។
ទោះបីជាយ៉ាងណាក៏ដោយ វប្បធម៌ស្ងៀមស្ងាត់
បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា
ជាពិសេសនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម
ដែលប្រជាពលរដ្ឋគ្រប់រូប
នៅពេលនោះបានលាក់បាំងនូវប្រវត្តិរបស់ខ្លួន
និងមិនហ៊ានបញ្ចេញមតិប្រឆាំងនឹងរបបនោះទេ។
ប៉ុន្តែការឆ្លើយឆ្លងគ្នារវាងរដ្ឋាភិបាល គណបក្សប្រឆាំង
និងសង្គមស៊ីវិលនៅពេលនេះ ត្រូវបានគេមើលឃើញថា វាជាការប្រសើរ
ជៀសវាងនៃការប្រើអំពើហិង្សានានា កើតមានចំពោះអ្នកបញ្ចេញមតិ
ឬអ្នករិះគន់រដ្ឋាភិបាល ដូចជាករណីតុលាការចាប់ខ្លួនឥស្សរជននយោបាយ
និងមន្ត្រីអង្គការសង្គមស៊ីវិលដាក់គុក កាលពីឆ្នាំ២០០៥
ដោយសារតែពួកគេហ៊ានបញ្ចេញមតិ និងរិះគន់រដ្ឋាភិបាល រួមមានលោក កឹម
សុខា ជាប្រធានគណបក្សសិទ្ធិមនុស្ស លោក រ៉ុង ឈុន
ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក ម៉ម សូណង់ដូ
ប្រធានវិទ្យុសំបុកឃ្មុំ
និងករណីប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ
ត្រូវបានរដ្ឋាភិបាលប្ដឹងពីបទផ្សាយព័ត៌មានមិនពិត និងញុះញង់
ដោយសារតែលោកបញ្ចេញមតិទាក់ទងនឹងការព្រួយបារម្ភពីបញ្ហាដាក់
អំពូលភ្លើងតាមជញ្ជាំងប្រាសាទអង្គរវត្ត កាលពីឆ្នាំ២០០៩
រហូតមកទល់ពេលនេះ លោក មឿន សុន
កំពុងនិរទេសខ្លួននៅក្រៅប្រទេសនៅឡើយ៕




0 comments:
Post a Comment