Thursday, 19 April 2012 12:02
by: ស៊ូ វុទ្ធី /postkhme
ភ្នំពេញៈ កន្លងមកធ្លាប់មានតែនៅក្នុងកំណត់ត្រាពិភពលោកទេ
ដែលបុរសម្នាក់មានប្រពន្ធដល់ទៅជាង១០នាក់
ហើយស្ត្រីៗជាប្រពន្ធរបស់បុរសមហាសំណាងនោះ
ពួកគេរួមរស់ក្រោមដំបូលតែមួយជាមួយគ្នាយ៉ាងមានសេចក្តីសុខពុំ
មានការប្រចណ្ឌច្រណែនគ្នាឡើយ។
ដោយឡែកនៅស្រុកខ្មែរយើងក៏មិនចាញ់បរទេសប៉ុន្មានដែរ
ពោលគឺគាត់មានប្រពន្ធដល់ទៅ៩នាក់
ហើយថែមទាំងបែងចែកឲ្យស្ត្រីជាប្រពន្ធទាំងអស់នោះ
មានឋានៈគ្រប់គ្រងការងារក្នុងរង្វង់គ្រួសារផ្សេងៗគ្នាយ៉ាងដាច់
ស្រឡះ។
![]() |
|
លោក សាំងសូរស័ក្តិ អង្គុយនៅបង់ថ្មក្នុងបរិវេណផ្ទះជាមួយកូនប្រុសស្រី
និងបង្ហាញពានដែលទទួលពីលោក ហ៊ុន សែន ។ រូបថត សហការី
|
បុរសខ្មែរដែលមានសំណាងមានប្រពន្ធដល់ទៅ៩នាក់
ហើយរួមរស់ក្រោមដំបូលតែមួយ
និងបែងចែកក្រសួងការងារឲ្យប្រពន្ធគ្រប់គ្រងផ្សេងៗគ្នានោះ
ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា
គាត់មានសញ្ជាតិជាខ្មែរកម្ពុជាក្រោម និងជាគ្រូល្ខោនបាសាក់លោក
ថាច់ សាំង សូរស័ក្កិ
សព្វថ្ងៃកំពុងរួមរស់ជាមួយប្រពន្ធទាំង៩នោះប្រកបដោយសុភមង្គល
បំផុត ស្ថិតនៅក្នុងភូមិកំពង់សិលា ខណ្ឌដង្កោរាជធានីភ្នំពេញ។
ក្នុងជំនួបជាមួយ ភ្នំពេញ ប៉ូស្តិ៍ នៅឯគេហដ្ឋាននោះ លោក ថាច់
សាំងសូរស័ក្តិ បានឲ្យដឹងថា លោកមានវ័យ៦៤ឆ្នាំ
មាននាទីជាប្រធានល្ខោនបាសាក់មហាជនខណ្ឌដង្កោរាជធានីភ្នំពេញ។
បុរសសម្បូរស្នេហ៍រូបនេះបានទទួលស្គាល់ថា៖«ពិតណាស់
ខ្ញុំពិតជាមានប្រពន្ធដល់ទៅ៩នាក់មែន
ហើយប្រពន្ធទាំង៩របស់ខ្ញុំ មុននេះគឺរស់នៅជុំគ្នាទាំងអស់
ប៉ុន្តែពេលនេះនៅជុំគ្នាតែ៨នាក់ទេ ព្រោះប្រពន្ធទី១
គាត់បានចេញទៅនៅសហរដ្ឋអាមេរិកជាងពីរឆ្នាំហើយ
ហើយកាលដែលចេញទៅទីនោះគឺពួកយើងនៅតែមានទំនាក់ទំនងល្អនឹងគ្នា
ដដែល
ហើយគាត់ក៏នៅតែមានចំណែកផ្តល់ប្រាក់ឲ្យជួយចិញ្ចឹមកូនៗជាធម្មតា
»។
លោកបន្តថា ក្នុងការភពប្រសព្វរវាងលោក
និងប្រពន្ធទាំង៩នាក់នោះ បង្កើតបានកូនចំនួន២៥នាក់
ក្នុងនោះមានប្រុស១៣នាក់ និងស្រី១២នាក់
ហើយកូនៗទាំងនោះសព្វថ្ងៃស្ថិតនៅក្នុងបន្ទុករបស់លោកគ្រប់គ្រង
ចំនួន២៤នាក់ លើកលែងតែកូនច្បងម្នាក់គត់
ដែលរូបគេបានចេញទៅនៅអាមេរិកជាមួយម្តាយ។
បុរសដែលមានសមត្ថភាពពិសេសចេះគ្រប់គ្រងស្ត្រីជាប្រពន្ធទាំង៩
នាក់ ឲ្យចេះរស់នៅជុំគ្នា
ដោយពុំមានការឈ្លោះប្រកែកគ្នាសូម្បីតែបន្តិចបន្តួច លោក ថាច់
សាំងសូរស័ក្កិ បាននិយាយថា៖«ប្រពន្ធខ្ញុំទាំង៩នាក់
លើកលែងតែប្រពន្ធទី១ ដែលខ្ញុំឃើញ និងពេញចិត្តដោយខ្លួនឯង
ហើយត្រូវបានម៉ែឪគាត់ចូលស្តី និងរៀបការឲ្យ។
តែចាប់ពីប្រពន្ធទី២រហូតដល់ទី៩
គឺខ្ញុំទទួលបានដោយបុណ្យសំណាងទេ
ពោលគឺសុទ្ធតែត្រូវបានឪពុកម្តាយនាងៗយកមកថ្វាយខ្ញុំទាំងអស់» ។
ដោយឡែកមុន
និងសម្រេចចិត្តទទួលស្រ្តីដែលឪពុកម្តាយនាងយកមកថ្វាយនោះ
គ្រូល្ខោនរូបនេះ បានឲ្យដឹងថា
លោកមិនមែនឃើញហើយចេះតែទទួលដោយអត្តនោម័តនោះទេ
ពោលគឺលោកសុទ្ធតែសុំការសម្រេចពីប្រពន្ធមុនៗទាំងអស់
បើមានការយល់ព្រមពីប្រពន្ធទាំងនោះ ទើបលោកសម្រេចទទួលយក។
ដោយសារមើលទៅលោកគ្មានអ្វីជាភាពអស្ចារ្យលើសមនុស្សទាំងពួង
ទាំងរូបសម្បត្តិ និងទ្រព្យសម្បត្តិ
មានមនុស្សជាច្រើនបានដាក់ការសង្ស័យថា បុរសវ័យ៦៤ឆ្នាំ
ប្រពន្ធ៩នាក់រូបនេះ អាចនឹងមានសមត្ថភាពពិសេសអ្វីមួយ
ដែលគេតែងហៅថា «ធ្វើស្នេហ៍»
ទើបបានជាមានគេយកកូនមកថ្វាយស្រស់ៗដូច្នេះនោះ តែបញ្ហានេះ
ត្រូវលោកសូរស័ក្តិ បដិសេធ។
លោកនិយាយថា៖«ខ្ញុំសព្វថ្ងៃគ្មានចេះអ្វីក្រៅពីជំនាញសិល្បៈ
និងចេះទស្សន៍ទាយមើលពីជោគវាសនាឡើយ»។លោកបានបញ្ជាក់ថា៖«បន្ទាប់ពី
ខ្ញុំទទួលពួកគាត់ធ្វើជាប្រពន្ធហើយនោះ
ខ្ញុំបានបែងចែកការងារឲ្យគាត់គ្រប់គ្រងរៀងៗខ្លួន»។
ការចាត់ចែងនេះ លោកបានឲ្យដឹងបន្តថា ប្រពន្ធទី២សព្វថ្ងៃ
គាត់ទទួលឋានៈជំនួសប្រពន្ធទី១គឺជាអ្នកគ្រប់គ្រងទូទៅ
ប្រពន្ធទី៣ជាអ្នករៀបចំតុបតែងផ្ទះ
និងរៀបចំតុបតែងឆាកល្ខោន(អ្នកសម្អាងការល្ខោន) ប្រពន្ធទី៤
ជាគ្រូពេទ្យ មើលថែសុខភាពសមាជិកគ្រួសាររួម ប្រពន្ធទី៥
ក៏ជាពេទ្យដែរ តែខាងពេទ្យសត្វ (មើលថែមាន់ ទា) ប្រពន្ធទី៦
ជាអ្នកមើលការងារផ្ទះបាយ(ផ្គត់ផ្គង់បាយទឹកក្នុងគ្រួសារ)
ប្រពន្ធទី៧ ជាអ្នកចិញ្ចឹមត្រី និងដាំបន្លែ(ផ្នែកកសិកម្ម)។
ដោយឡែកប្រពន្ធទី៨ និងទី៩ នាងនៅក្មេង
អាយុជាង២០ឆ្នាំមិនទាន់ឲ្យកាន់ការងារទេ
គឺទុកឲ្យនាងនៅផ្ទះធម្មតា។
លោក ថាច់ សាំង សូរស័ក្កិ
បានសម្តែងអារម្មណ៍ថា៖«ខ្ញុំមានមោទនភាពណាស់កើតមកជាតិនេះ
ក្រៅពីមានប្រពន្ធ៩ចេះយល់ចិត្តគ្នា
ខ្ញុំក៏បានសម្រេចនូវក្តីបំណងបង្កើតក្រុមល្ខោនបាសាក់ដោយជោគជ័យ
ថែមទាំងទទួលបានពានរង្វាន់លើកទឹកចិត្តពីសម្តេចនាយករដ្ឋ
មន្ត្រីទៀតផង កាលពីឆ្នាំ២០១១កន្លងទៅនេះ
ហើយមិនត្រឹមតែទទួលបានពានមួយផ្នែកទេ
សម្តេចក៏បានជ្រាបថាខ្ញុំមានប្រពន្ធច្រើន ហើយចេះអប់រំប្រពន្ធ
រស់នៅក្រោមដំបូលផ្ទះតែមួយបានយ៉ាងមានសេចក្តីសុខនោះ
លោកក៏ប្រទានពានប្រាក់មួយទៀត
ដែលតំណាងឲ្យអ្នកដឹកនាំគ្រួសាររស់នៅយល់ចិត្តគ្នាបានល្អ។
ប្រពន្ធទី២លោក ថាច់ សាំង សូរស័ក្កិ សុំមិនបញ្ចេញឈ្មោះ
បានឲ្យដឹងថា៖«ខ្ញុំក៏ដូចជាប្រពន្ធទី៣រហូតទី៩របស់គាត់ដែរ
ពោលគឺសុទ្ធតែត្រូវឪពុកម្តាយយកមកថ្វាយគាត់(ប្តី)ដូចគ្នា
ដែលមុននោះពួកខ្ញុំម្នាក់ៗមិនដែលមានទំនាក់ទំនងជាមួយគាត់សូម្បី
តែមួយម៉ាត់។ ឪពុកម្តាយខ្ញុំប្រាប់ថា
ខ្ញុំជំពាក់កម្មពៀរពីជាតិមុនជាមួយគាត់(ប្តី)
ហើយជាតិនេះខ្ញុំត្រូវមកសងគាត់ឲ្យអស់»៕




0 comments:
Post a Comment