Tuesday, May 8, 2012

ប្រមុខ​រាជរដ្ឋាភិបាល ចេញ​បទបញ្ជា ផ្អាក​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​

ហ៊ុន សែន បានដាក់បទបញ្ជា នៅថ្ងៃទី៧ឧសភា ឆ្នាំ២០១២ ផ្អាកផ្តល់សម្បទានដីសេដ្ឋកិច្ច ហើយពិនិត្យដកហូតដីសម្បទាន ដែលក្រុមហ៊ុនអនុវត្តខុសគោលការណ៍



ថ្ងៃទី 7 ឧសភា 2012
ដោយ: សុខ ភក្តី
Cambodia Express News

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា ស្តីពី វិធានការ​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច ដោយ​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច។ ​ ក្នុងនោះ សម្តេចប្រមុខ​រាជ​រដ្ឋាភិបាល ក៏បានដាក់បទបញ្ជាឲ្យអាជ្ញាធរ ពិនិត្យ ដកហូត ដីសម្បទានសេដ្ឋកិច្ច ពី​ក្រុម​ហ៊ុន ដែលមិនគោរពតាមគោលការណ៍ច្បាប់ផងដែរ។

​ក្នុង​បទបញ្ជា ចុះ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ក្នុង​ការធានា​សមធម៌ ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ​បទបញ្ជា ឲ្យ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​សេចក្តីសម្រេច ៤ ចំណុច ដែល​រួម​ទាំង​ការសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការផ្តល់​សម្បទាន​ដី​ សេដ្ឋកិច្ច​ផងដែរ​។​

​ការសម្រេច​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​ដូច្នេះ ដោយ​អនុលោម​តាម​គោលនយោបាយ ស្តីពី ការពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង បែងចែក និង​ប្រើប្រាស់​ដីធ្លី ដែល​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​២ របស់​រាជរដ្ឋាភិបាល និង​យោង​តាម​ស្មារតី​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១២ ជាពិសេស ដោយ​ពិនិត្យឃើញ​តម្រូវការ​ចាំបាច់ និង​បន្ទាន់​ចំពោះមុខ ក្នុង​ការធានា​សមធម៌ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច​។​


​ក្នុង​បទបញ្ជា​ដដែល សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​តម្រូវ​ឲ្យ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់ នូវ​គោលនយោបាយ និង​រាល់​លក្ខខណ្ឌ​ទាំងឡាយ នៃ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ស្តីពី ការផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច និង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការអនុវត្ត​កិច្ចសន្យា​ស្តីពី​សម្បទាន​ដី​ សេដ្ឋកិច្ច ពិសេស​គឺ​ការអនុវត្ត​តាម​គោលនយោបាយ រូបមន្ត​ស្បែក​ខ្លា និង​ការ​មិន​ធ្វើឲ្យ​ប៉ះពាល់ដ​ល់​ដីធ្លី​សហគមន៍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​ធ្វើឲ្យ​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងនេះ បាន​ផ្តល់​ផលប្រយោជន៍​ពិតប្រាកដ ជូន​ដល់​ប្រទេសជាតិ និង​ប្រជាជន ប្រកប​ដោយ​ចិរភាព​។​

​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​គោ​លករណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបា​លរួច​ហើយ តែ​មិន​បាន​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន និង​តាម​កិច្ចសន្យា ដោយ​កាប់​ឈើ​លក់ ហើយ​មិន​ធ្វើ​ការអភិវឌ្ឍ​ដី​សម្បទាន ទន្ទ្រាន​ដី​បន្ថែម ទុក​ដី​ចោល​ទំនេរ​សម្រាប់​លក់​បន្ត ធ្វើ​អាជីវកម្ម​ខុស​លក្ខខណ្ឌ​នៃ​កិច្ចសន្យា បំពាន​ដី​របស់​ប្រជាពលរដ្ឋ ឬ​ដី​សហគមន៍ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សម្រេច​ថា រាជរដ្ឋាភិបាល​នឹង​ដកហូត​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនោះ​មក​វិញ​។ ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ត្រូវបាន​ដកហូត​មក​វិញ​នោះ នឹង​ត្រូវ​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋ ដោយផ្ទាល់​។​

​ក៏ប៉ុន្តែ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សម្រេច​ថា ចំពោះ​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​បាន​ទទួល​ការអនុញ្ញាត​ជា​គោលការណ៍​ពី​រាជរដ្ឋាភិបាល​រួចហើយ មុន​ថ្ងៃ​ចេញ​បទបញ្ជា​នេះ ត្រូវ​បន្ត​អនុវត្ត​តម​គោលការណ៍​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​។​

​ចុងបញ្ចប់ សម្តេច​នាយ​រកដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាសថា គ្រប់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​បទបញ្ជា​នេះ ឲ្យបាន​ម៉ឺងម៉ាត់​បំផុត និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។​

​ជា​ការកត់សម្គាល់ បទបញ្ជា​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ដូច្នេះ បាន​ធ្វើឡើង ខណៈ​ដែល លោក សុរិយា ស៊ូ​ប៊ែ​ឌី ( Surya Subedi ) អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ស្ដីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​ទស្សនកិច្ច​ផ្លូវការ ជាថ្មីទៀត ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១១ ខែ​ឧសភា ដោយ​ផ្តោត​សំខាន់​លើ​សម្បទាន​ដី នៅ​កម្ពុជា​។

​សេចក្ដីប្រកាស របស់​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា លើកឡើងថា លោក ស៊ូ​ប៊ែ​ឌី នឹង​បង្ហាញ​របាយការណ៍​មួយ ស្ដីពី សម្បទាន​ដី​សេដ្ឋកិច្ច និង​សម្បទាន​ដី​ដទៃទៀត នៅ​កម្ពុជា ជូន​សម័យប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក្នុង​ខែ​កញ្ញា​ខាងមុខ​។

​សេចក្តីប្រកាស​លើក​ឡើង​ថា គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ចម្បងៗ​ដទៃទៀត នៃ​របាយការណ៍​របស់​លោក​ស៊ូ​ប៊ែ​ឌី គឺ​ការបង្កើត​តម្លាភាព​ក្នុង​ការផ្ដល់ និង​ការគ្រប់គ្រង​សម្បទាន​ដី នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​ទស្សនកិច្ច​លើក​នេះ លោក ស៊ូ​ប៊ែ​ឌី បាន​ស្នើសុំ​ជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​សំខាន់ៗ​របស់​រដ្ឋាភិបាល មកពី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម ក្រសួង​រៀបចំ​ដែនដី និង​គណៈកម្មការ​សុរិយោដី ក្រសួង​សេដ្ឋកិច្ច ព្រម​ទាំង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​។ អ្នក​រាយ​កាណ៍​ពិសេស ក៏​រំពឹង​ផងដែរ​ថា នឹង​ជួប​ប្រជុំ​ជាមួយ​តំណាង​មក​ពី​វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​នានា​។​

​តាម​កម្មវិធី នៅក្នុង​អំឡុងពេល​បំពេញបេសកកម្ម​នៅ​កម្ពុជា លោក​ស៊ូ​ប៊ែ​ឌី នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​សម្បទាន​ក្នុង​ខេត្ត​រតនគិរី ក្រចេះ និង​ស្ទឹងត្រែង ព្រមទាំង​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​ទាំងនោះ​។

​លោក ស៊ូ​ប៊ែ​ឌី បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ថា នៅក្នុង​អំឡុងពេល​បំពេញ​បេសកកម្ម​​នេះ លោក​គ្រោង​ពិនិត្យមើល​អំពី​ស្ថានភាព​សម្បទាន​ដី​សេដ្ឋកិច្ច និង​សម្បទាន​ដី​ដទៃទៀត និង​អំពី​ផលប៉ះពាល់​របស់​សម្បទា​ន​ទាំងនោះ លើ​សិទ្ធិមនុស្ស​របស់​សហគម​ន៍​មូលដ្ឋាន​។ ​លោក​ស៊ូ​ប៊ែ​ឌី នឹង​ពិនិត្យមើល​ផងដែរ អំពី​តួនាទី និង​ការ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​សាជីវកម្ម ក្នុង​ការទទួល​អត្ថប្រយោជន៍​ពី​សម្បទាន​ដី​ទាំងនោះ​។​

​សូម​បន្ថែមថា សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​កម្ពុជា ត្រូវបាន​អង្គការ​សិទ្ធិមនុស្ស អាដហុក លើកឡើងថា ក្នុង​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ចំនួន ១២៣ ដើម្បី​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន ចំនួន ៧៥១.៨៨២ ហិកតា​។ ផ្ទៃ​ដី​ជាង ២ ភាគ ៣ បាន​កាត់​ចេញពី​ដី​ការពារ​ដោយ​ព្រះរាជក្រឹត្យ ដែល​ជា​តំបន់​ការពារ​សត្វព្រៃ និង​ព្រៃឈើ​។

​របាយការណ៍​លើកឡើង​ថា គិត​មក​ទល់​នឹង​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ប្រមាណ ២.២៧៦.៣៤៩ ហិកតា ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន ២២៥ ក្រុមហ៊ុន តាមរយៈ​ក្រសួង​កសិកម្ម និង​តាមរយៈ​អនុក្រឹត្យ ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដោយផ្ទាល់​។

​អាដហុក លើកឡើងថា ចំនួន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កម្ពុជា អាច​មាន​ច្រើន​ជាង​នេះ​ទៀត ព្រោះ​មាន​ក្រសួង​មួយចំនួន​ទៀត ក៏​មាន​សិទ្ធិ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច សម្រាប់​វិស័យ​ផ្សេងៗ ដូចជា ដី​សម្បទាន សម្រាប់​រុករក​រ៉ែ ៥៦ សម្បទាន តាមរយៈ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល និង​មាន​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច សម្រាប់​ពង្រីក​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មាន​ចំនួន ២២ សម្បទាន​ផ្សេងទៀត​។​

​ប្រធាន​អង្គការ អាដហុក លោក ធន សារាយ បាន​លើកឡើង​ថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ច្រើន​នេះ ជា​មូលហេតុ​ដ៏​ចម្បង​ដែល​បង្ក​ឲ្យមាន​ទំនាស់​ដីធ្លី​នាពេល​បច្ចុប្បន្ន និង​ទៅ​បណ្តា​ឆ្នាំ​ខាងមុខៗ​ទៀត​៕​

0 comments:

Post a Comment