Wednesday, May 23, 2012

ទ័ពខ្មែរ​ទៅ​បណ្តេញ​អ្នក​ភូមិ​នៅ​ក្រចេះ​ខ្លះ​ពាក់​មួក មាន​រូប​ទង់ជាតិ​អាមេរិក

មួក​​ទ័ព​ខ្មែរ ដែល​មាន​រំលេច​ទង់​ជាតិ​អា​មេរិក​។ រូបថត ហេង ជីវ័ន
Wednesday, 23 May 2012 12:06
Joseph Freeman/ phnom penh post

ក្រចេះ : ក្រោយ​ពី​មាន​ប្រតិបត្តិការ​យោធា​មួយ ​កាល​ពី​សប្ដាហ៍​មុន​ ដែល​មាន​ការ​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ​ ១៤ ​ឆ្នាំ​ម្នាក់ នៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ក្រុម​អ្នក​សង្កេត​ការណ៍​នានា បាន​កត់​សម្គាល់​ពី​ឯក​សណ្ឋាន​ចម្លែក របស់​ទាហាន​មួយ​ចំនួន។
អ្វី​ដែល​ចម្លែក​នោះ មួក​ការពារ​របស់​ពួក​គេ ​មាន​រូប​សញ្ញា​ទង់​ជាតិ​អាមេរិក​ពណ៌​ឆើត លេច​ឡើង​ នៅ​ចន្លោះ​ក្បូរ​ក្បាច់​ពណ៌​បៃតង​និង​ពណ៌​ប្រផេះ​ មាន​លក្ខណៈ​ដូច​ឯក​សណ្ឋាន​ទាហាន​ប៉ារ៉ា។
អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក បាន​បញ្ជាក់​ពី​ថ្ងៃ​ម្សិលមិញ​ថា ឯក​សណ្ឋាន ​ដែល​ទាហាន​ខ្លះ​បាន​ពាក់​ក្នុង​ការ​ចុះ​ទៅ​បណ្តេញ​អ្នក​ភូមិ​នោះ គឺជា​ផលិតផល​មក​ពី​អាមេរិក។ ប៉ុន្តែ​មួក​ការពារ​ដែល​គេ​បាន​រចនា​ម៉ូដ​នោះ មិន​មែន​ផ្លូវ​ការ​ទេ។
លោក Sean McIntosh មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​សាធារណៈ ស្ថានទូត​អាមេរិក ថ្លែង​ថា៖​ «​នោះ​មិន​មែន​ជា​ពួក​យើង​ទេ​។ នៅ​ពេល​យោធា​អាមេរិក ផ្ដល់​ឯកសណ្ឋាន​ទាំង​នេះ​ មិន​មាន​សញ្ញា​អាមេរិក​ណា​មួយ​ នៅ​លើ​ឯក​សណ្ឋាន​ទាំង​នោះ​ទេ»។ ​បើ​តាម​លោក McIntosh ឯក​សណ្ឋាន ​ដែល​ត្រូវ​បាន​គេ​ទិញ តាម​រយៈ​ការ​ផ្ដល់​ប្រាក់​របស់​អាមេរិក​ ហើយ​ដឹក​ជញ្ជូន​មក​កាន់​កម្ពុជា​ទាំង​នេះ​ ត្រូវ​បាន​សមាជិក​កង​ទ័ព​ជើង​ទឹក​ និង​ជើង​គោក​ យក​ទៅ​ពាក់​។ ការ​ដោះ​ដូរនូវ​ស្លាក​សញ្ញា​ឯកសណ្ឋាន និង​ក្រុម​ឆត្រ​យោង​ ក៏​បាន​កើត​ឡើង​រវាង​ទាហាន​កម្ពុជា​និង​អាមេរិក​ដែរ​។
ដោយ​ត្រូវ​បាន​សួរ​ថា តើ​លោក​មាន​ការ​ព្រួយបារម្ភ​ថា​ ផ្កាយ​និង​ឆ្នូត​នៅ​លើ​មួក​ការពារ នៃ​ទាហាន​កម្ពុជា​ អាច​បញ្ជូន​សារ​ដ៏​មាន​គ្រោះថ្នាក់​មួយ​ ទៅ​កាន់​អ្នក​ភូមិ​រងគ្រោះ​ដែរ​ឬ​យ៉ាង​ណា​នោះ? លោក​បាន​រៀបរាប់​យោង​ទៅ​ដល់​សេច​ក្ដី​ថ្លែងការណ៍​មួយ​ ដែល​ចេញ​កាល​ពី​សប្ដាហ៍​មុន​។ លោក​បាន​ថ្លែង​ថា៖​«យើង​មិន​ចោទ​អំពើ​ហិង្សា​នេះ​ ទៅ​លើ​ផ្នែក​នៃ​ភាគី​ណាមួយ ដើម្បី​ឲ្យ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ទេ។ តើ​ទាំង​នេះ ​ជា​ឯកសណ្ឋាន​របស់​សហរដ្ឋ​អាមេរិក​ជា​ផ្លូវ​ការឬ? យើង​និយាយ​ថា ទេ»។
ទាហាន​នៅ​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ ​កំពុង​ធ្វើ​ការ​ជាមួយ​កង​រាជ​អាវុធហត្ថ ក្នុង​ការ​បណ្ដេញ​អ្នក​ស្រុក​ដោយ​បង្ខំ​ឲ្យ​ចេញ​ពី​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង។ អ្នក​ស្រុក​ទាំង​នេះ​ មាន​ជម្លោះ​ដី​ធ្លី ជា​យូរ​មក​ហើយ​ជាមួយ​ក្រុមហ៊ុន​កាប់​ឈើ​នៅ​លើ​ដី​នេះ​ ប៉ុន្តែ​ក្រុម​មន្ត្រី​ បាន​និយាយ​ថា ការ​បង្រ្កាប​នេះ ​គឺជា​លទ្ធផល​ នៃ​ចលនា​អបគមន៍ ​ដែល​ចាប់​ផ្ដើម​នៅ​ទី​នោះ។
ក្មេង​ស្រី​ឈ្មោះ ហេង ចន្ថា​អាយុ​ ១៤ ​ឆ្នាំ បាន​ត្រូវ​គ្រាប់​ស្លាប់​ បន្ទាប់​ពី​អ្នក​ភូមិ ​បាន​ចោទ​ប្រកាន់​ថា ទា​ហាន​និង​កង​រាជ​អាវុធហត្ថ​ រាប់​រយ​នាក់​ បាន​បើក​ការ​បាញ់រះ ទៅ​លើ​ពួក​គេ​។ តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រមា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ ដែល​ថា ពួកគេ​កំពុង​បង្កើត​តំបន់​អបគមន៍ ខណៈ​ពួក​គេ​គ្មាន​អាវុធ និង​គ្មាន​អង្គការ​ចាត់​តាំង​អ្វី​ទាល់​តែ​សោះ​នោះ​៕ PN

0 comments:

Post a Comment