![]() |
|
រូបថត៖ AP សាមណេរមួយអង្គគង់នៅវត្តសូរិយារោងគោ ខេត្ត សៀមរាប
ត្រូវព្រះគ្រូចៅអធិការវត្តសម្រេចឲ្យលាចាកសិក្ខាបទ ក្រោយពីរងការចោទ
ប្រកាន់ថា បានប្រព្រឹត្តខុសទៅនឹងវិន័យធម៌ ដោយការ និយាយកុហក។
|
«យើងត្រូវ
ការផ្តៀងផ្ទាត់និងវិភាគបន្ថែមទៀត គ្រាន់ថា ចំណុចនេះវាអាចមានពីរ ហើយ
ទាំងសងខាងបកស្រាយរៀងៗខ្លួន។
យើងត្រូវការផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមទៀតក្រែងមានចំណុចណាអាចឈានទៅ
ដល់តម្រុយឲ្យបានពិស្តារជាងនេះ»។
សាមណេរមួយអង្គគង់នៅវត្តសូរិយារោងគោ ក្នុងភូមិថ្លាត
ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្ត សៀមរាប
ត្រូវព្រះគ្រូចៅអធិការវត្តសម្រេចឲ្យលាចាកសិក្ខាបទ
កាលពីយប់ថ្ងៃច័ន្ទ ទី២១ ខែឧសភានេះ ក្រោយពីរងការចោទប្រកាន់ថា
បានប្រព្រឹត្តខុសទៅនឹងវិន័យធម៌ ដោយការ និយាយកុហក។
ការផ្សឹកនេះធ្វើឡើង ក្រោយពេលដែលព្រះសង្ឃអង្គនោះ
បានទៅចូលរួមក្នុងវេទិកាសាធារ ណៈមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន
នៅក្នុងស្រុកសូទ្រនិគម រៀបចំឡើងដោយអង្គការ NDI
ដែលការណ៍នេះបង្កឲ្យមានការរឹះគន់ថា ទំនងជារងសម្ពាធនយោបាយ
ព្រោះលោក បាននិមន្តទៅតាមម៉ូតូរបស់សកម្មជនគណបក្សសមរង្ស៊ី
តែការរឹះគន់ត្រូវបានបដិសេធដោយថ្នាក់ដឹកនាំសង្ឃនៅក្នុងស្រុក
នោះ។
ព្រះសង្ឃអង្គនោះព្រះនាម អ៊ុន កាំង
បានបួសកាលពីពាក់កណ្តាលខែមករាកន្លងមកនេះ
ដោយផ្តើមចេញពីការបួសមុខភ្លើង ហើយបានបន្តរហូតមកដល់ពេលនេះ។
ព្រះតេជគុណ ពត ផុន ចៅអធិការវត្តសូរិយារោងគោ
ដែលជាអ្នកបំបួសសាមណេរអង្គនោះ ផងដែរ មានសង្ឃដីកាថា
ការផ្សឹកនេះគឺដោយសារការប្រព្រឹត្តខុសវិន័យធម៌របស់សាមណេរអង្គនោះ
ត្រង់ការពោលពាក្យកុហក។
«សុំអត្មាទៅផ្ទះដើម្បីទៅយកថ្នាំមកឆាន់ ព្រោះថា
អាពាធ។ អត្មាក៏ឲ្យទៅ ទៅហ្នឹងក៏បាត់ ទៅ។
ស្រាប់តែថ្ងៃត្រង់ឃើញមន្ត្រីសង្ឃគេដឹកម៉ូតូយកមកប្រគល់ឲ្យអត្មា
នៅនឹងមុខ ជណ្តើរថា លោកទៅចូលរួមស្តាប់អីហ្នឹងគេនោះ ក៏បានថា
មើលលោកអត់ស្មោះត្រង់នឹងអត្មាទេ
ដល់ព្រះគ្រូនៅខាងលើៗក៏ប្រាប់អត្មាថា
លោកអត់មានច្បាប់មានទម្លាប់ទេ ដូច្នេះ
លោកមានកំហុសគួរតែឲ្យលោកសឹកចេញទៅ»។
លោកអ៊ុន កាំងថ្លែងក្រោយពីការផ្សឹកថា
លោកមិនមានបំណងចង់សឹកទេគឺចង់បួសឲ្យបានពីរឬបីវស្សាសិន
ដោយសារតែលោកមានចិត្តជ្រះថ្លាក្នុងព្រះសង្ឃសាសនា។
«គេដាក់សម្ពាធរឿងចោទយើងថា ធ្វើនយោបាយ។
យើងចូលទៅស្តាប់វេទិកាសាធារណៈ វេទិកាសេរីរបស់NDI
គឺដើម្បីឲ្យយើងបានបញ្ចេញមតិ
ដើម្បីឲ្យយើងបានដឹងពីសិទ្ធិសេរីភាពរបស់ម្នាក់ៗដែលយើងរស់រានមាន
ជីវិត តើសិទ្ធិយើងធំប៉ុណ្ណា?»។
លោកអ៊ុនកាំងមិនបានបដិសេធសង្ឃដីការបស់ចៅអធិការវត្តនោះទេ។
លោកអ៊ុន កាំងត្រូវបានគេរកឃើញថា
គឺជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ
សង្កាត់របស់គណបក្សសមរង្ស៊ីនៅក្នុងឃុំខ្ចាស់ លំដាប់លេខរៀងទីបួន។
ព្រះតេជគុណ ពៅ ថេង គង់នៅវត្តប្រាសាទបន្ទាយស្រី
និងជាអនុគុណស្រុកសូទ្រនិគម មានសង្ឃដីកាថា
ការផ្សឹកសាមណេរអង្គនោះគឺមិនមានពាក់ព័ន្ធនឹងនិន្នាការនយោបាយទេ។
ព្រអង្គមានសង្ឃដីកាថា នេះជាបញ្ញត្តិ
ដែលការបួសមុខភ្លើងគឺត្រូវតែសឹកទៅវិញក្នុងពេល
២៤ម៉ោងឬយ៉ាងយូរមួយសប្តាហ៍ ព្រោះថា
ការបួសនេះមិនអាចយកជាការបានទេ។
«លោកបួសកាលដែលជីដូនស្លាប់ណា។
ពេលបំបួសហើយត្រូវតែសឹកវិញអញ្ចឹង។
បើលោកមានសទ្ធាជ្រះថ្លាចង់បួសលោកត្រូវទៅរត់ច្បាប់វិញមក។
យើងអាចបំពេញបែបបទបួសឡើងវិញទៅ អត់មានអ្នកណាបង្ខិត
បង្ខំឲ្យលោកសឹកទេ»។
លោកនូ ពុទ្ធិ
ប្រធានអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តសៀមរាបដែលបានចុះអង្កេត
រឿងនេះ មិនទាន់សន្និដ្នានថា
មានការពាក់ព័ន្ធនិន្នាការនយោបាយឬយ៉ាងណាទេ។
«យើងត្រូវការផ្តៀងផ្ទាត់និងវិភាគបន្ថែមទៀត គ្រាន់ថា
ចំណុចនេះវាអាចមានពីរ ហើយ ទាំងសងខាងបកស្រាយរៀងៗខ្លួន។
យើងត្រូវការផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមទៀតក្រែងមានចំណុចណាអាចឈានទៅ
ដល់តម្រុយឲ្យបានពិស្តារជាងនេះ»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ
ដោយមានគណបក្សនយោបាយទាំងអស់១០ចូលរួមប្រកួតប្រជែងដែលបច្ចុប្បន្ន
គណបក្សទាំងអស់កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការឃោសនារកសំឡេង
ឆ្នោត៕




0 comments:
Post a Comment