![]() |
| រូបសម្តេច ព្រះសង្ឃរាជ ជួន ណាត និង លោក បណ្ឌិតកេង វ៉ាន់ សាក់ |
មានព៌តមានខ្លះៗដែលទាក់ទង ទៅនឹងលោកអ្នកប្រាជ្ញ អក្សរសាស្រ្ត ជំនាន់មុន ដែលបងប្អូនយើងជំនាន់ក្រោយ ចេះតែនាំគ្នា គិតច្រឡំរៀងៗ អំពីអ្នកប្រាជ្ញភាសាខ្មែរជំនាន់មុន ហើយចេះតែកើតចិត្ត ស្រឡាញ់អ្នកប្រាជ្ញមួយ ស្អប់អ្នកប្រាជ្ញមួយ ឬទិទៀនអ្នកប្រាជ្ញមួយទៀត ក្នុងសង្គមខ្មែរយើង ព្រោះតែយើងពុំបានដឹង ឬពុំយល់ ច្បាស់ អំពីប្រវត្តិអ្នកប្រាជ្ញខ្មែរ និងប្រវត្តិអក្សរសាស្រ្តខ្មែរនោះឯង។ ខ្ញុំសូមចែករំលែកព៌តមានខ្លះៗ តាមដែលខ្ញុំបានដឹង ពីលោកសាស្រ្តាចារ្យ អក្សរសាស្រ្តខ្មែរ ជំនាន់មុន ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ អក្សរសាស្រ្ត យោងទៅតាម សេចក្តីត្រូវការរបស់សង្គមយើង នាបច្ចុប្បន្ននេះ ៖
1/ សម្តេចព្រះសង្ឃរាជ ជួនណាត បានទទួលពានរង្វាន់ បណ្ឌិត្យផ្នែកអក្សរសាស្រ្ត ពីគណកម្មការ អក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ ប្រចាំរាជាណាចក្រ កម្ពុជា នៅឆ្នាំ១៩៦៣ ។ រីគណកម្មការ មេប្រយោគ ដែលផ្តល់ពិន្ទុ លើសមត្ថភាពផ្នែកអក្សរសាស្រ្ត របស់ព្រះសង្ឃរាជ ជួនណាត នោះមាន លោកបណ្ឌិត កេងវ៉ាន់សាក់ លោកភឿនតុនលោកញ៉ុកថែម និងសម្តេចព្រះវនរ័តន៍ ប៉ាងខាត់។
2/ គណកម្មការ ខេមរយានកម្ម បានត្រូវបង្កើតឡើង នៅចុងសម័យសង្គមរាស្រ្តនិយម រវាងឆ្នាំ១៩៦៨-១៩៦៩ (មុនរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោកលន់នល់) ដើម្បីបំបែកនិងបង្កើតភាសាខ្មែរ បន្ថែមទៀត សម្រាប់ប្រើនៅក្នុងការសិក្សាជាន់ខ្ពស់ ខាងអក្សរសាស្រ្ត នៃ គណិតវិទ្យា គីមី រូបវិទ្យា ធម្មជាតិវិទ្យា វិស្វកម្ម ស្ថាបត្យកម្ម វេជ្ជវិជ្ជា ជីវវិទ្យា ចិត្តវិទ្យា សរិរវិទ្យា បច្ចេកវិទ្យា និងវិជ្ជាឯកទេស ជាច្រើនមុខទៀត។ ក្រុមគណកម្មការនេះ មានសមាជិកចម្រុះ មកពីគ្រប់សាខា គ្រប់ឯកទេស ក្នុងកម្ពុជា ជាច្រើនរូប។ នៅអំឡុងពេលនោះ លោក ហង្សធុនហាក់ បានត្រូវគេជ្រើសរើស តែងតាំង ជាប្រធាន របស់គណកម្មការ ដ៏ទូលាយនោះ ដោយមានសមាជិក ជាងម្ភៃនាក់ ចូលរួមផង ដូចជា សម្តេចសង្ឃរាជ ហួតតាត (ដែលបន្តវេនការងារ ពីសម្តេចសង្ឃរាជ ជួនណាត) សម្តេចព្រះវនរ័តន៍ ប៉ុន សមភាចន៍(ជាព្រះគ្រូមួយអង្គរបស់ខ្ញុំ) និងសាស្រា្តចារ្យលុចប្លែងជាដើម។ នៅក្នុងចំណោម សមាជិក គណកម្មការ ខេមរយានកម្មទាំងឡាយនោះ ពុំមានលោកបណ្ឌិត្យ កេងវ៉ាន់សាក់ ចូលរួម ជាសមាជិកទេ។ ម៉្យាងវិញទៀត សមាជិកទាំងឡាយនៃគណកម្មការខេមរយានកម្មបានធ្វើមរណកាលទៅ ស្ទើរទាំងអស់ នៅសល់តែលោក លុចប្លែងមួយរូប ដែលរស់នៅ ប្រទេសបារាំង សព្វថ្ងៃនេះ។
នៅឆ្នាំ១៩៧០ គណកម្មការ ខេមរយានកម្ម បានសម្រេចបញ្ចេញ ការប្រើអក្សរនិងភាសាខ្មែរ នៅក្នុងការសិក្សា កម្រិត មហាវិទ្យាល័យ វិទ្យាល័យ និងអនុវិទ្យាល័យ ពេញផ្ទៃកម្ពុជា ព្រោះនៅជំនាន់មុននោះ មានតែការសិក្សា នៅកម្រិត បឋមសិក្សាទេ ដែលមានប្រើអក្សរខ្មែរ ជាយាន សម្រាប់បង្រៀនវិជ្ជា ទៅពលរដ្ឋខ្មែរ តាមរយៈ សាលារៀនជាតិ។ ក្រៅពីនោះ ចាប់ពីកម្រិតសិក្សា ត្រឹមអនុវិទ្យាល័យ ឡើងលើ គេបង្រៀនមុខវិជ្ជាផ្សេងៗ ជាភាសាបារាំងទាំងអស់ ទាំងសរសេរនិងនិយាយ លើកលែងតែ ថ្នាក់អក្សរសិល្ប៍ខ្មែរមួយទេ ដែលគេប្រើភាសាខ្មែរ ក្នុងការបង្ហាត់បង្រៀន។ គណកម្មការនេះ បានធ្វើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ អក្សរសាស្រ្តខ្មែរ យ៉ាងជឿនលឿន ជាងពេលណាៗ ទាំងអស់ រហូតដល់ថ្ងៃចុងក្រោយ ដែលប្រទេសខ្មែរ ធ្លាក់ចូលក្នុងកណ្តាប់ដៃ នៃរបបខ្មែរក្រហម នៅឆ្នាំ១៩៧៥។ នៅពេលនោះ សាលារៀនទាំងឡាយ គ្រប់ជាន់ថ្នាក់ បានត្រូវបិទទ្វារចោល។ សៀវភៅសាស្រ្តាទាំងឡាយ បានត្រូវដុតបំផ្លាញជាផេះគ្មានសល់។ ចំណែកអ្នកប្រាជ្ញខ្មែរ ទាំងឡាយ ក៏បានត្រូវ ពួកខ្មែរក្រហមធ្វើទារុណកម្មយ៉ាងវេទនា រួចហើយ ក៏ត្រូវគេប្រហារជីវិតចោល ដោយឥតស្តាយស្រណោះ។ មិនត្រឹមតែអ្នកប្រាជ្ញខ្មែរ ខាងអក្សរសាស្រ្ត តែប៉ុណ្ណោះទេ ដែលត្រូវគេសម្លាប់ នរណាក៏ដោយ អោយតែចេះអាន ចេះសរសេរ ចេះនិយាយភាសា ឬមានកម្រិតវិជ្ជា លើសពីបឋមសិក្សាឡើងទៅ ត្រូវគេធ្វើឃាដទាំងអស់ អោយតែខ្មែរក្រហម បានដឹងពីប្រវត្តិ កម្រិតវិជ្ជា និងការសិក្សា របស់ជននោះ។ ថ្វីបើយ៉ាងនេះក៏ដោយ ក៏ស្នាដៃដ៏ល្អប្រណីត របស់ គណកម្មការ ខេមរយានកម្ម បាននៅសេសសល់រស់រវើក ជាកេរមរតក ដល់កុលបុត្រ ខ្មែរ ជំនាន់ក្រោយ ប្រើរៀងរមក រហូតដល់សព្វថ្ងៃនេះ ជាពិសេស ភាសាខ្មែរទាំងឡាយ ដែលយើងប្រើ នៅក្នុងមហាវិទ្យាល័យ វិទ្យាល័យ និងអនុវិទ្យាល័យ នៅក្នុងមុខវិជ្ជាផ្សេងៗ គឺនៅតែបន្ត ដូចកាលពីជំនាន់ ១៩៧០-១៩៧៥ គ្មានផ្លាស់ប្តូរ។
ដូច្នេះ បើយើងទាំងឡាយ នាំគ្នា ក្រឡេកបែរមើល ប្រវត្តិអក្សរសាស្រ្តខ្មែរ ពីជំនាន់សម្តេចជួនណាត រហូតមកដល់ ថ្ងៃ១៧មេសា១៩៧៥ អ្នកប្រាជ្ញខ្មែរ ទាំងឡាយ ជំនាន់នោះ ធ្វើការរួមគ្នា ស្រាក់ដៃទាំងក្រុមៗ យ៉ាងសស្រាក់សស្រាំ ដើម្បីការអភិរក្សនិងអភិវឌ្ឍន៍អក្សរសាស្រ្ត ជាតិខ្មែរណាស់ មិនថា គោលជំហរ នយោបាយ របស់ប្រទេសខ្មែរ បានផ្លាស់ប្តូរ យ៉ាងណាឡើយ។ ចៃដន្យ បច្ឆាជនខ្មែរ ជំនាន់ក្រោយ បែរជានាំគ្នា លាបព៌ណ នៃសេចក្តីស្រឡាញ់ ឬស្អប់របស់ខ្លួន ទៅលើអ្នកប្រាជ្ញខ្មែរ និមួយៗ ទាំងឡាយនេះ ដោយព្រោះតែការ ដែលខ្លួនដឹងមិនច្បាស់ ចេះតែនាំគ្នា ស្រឡាញ់អ្នកប្រាជ្ញមួយ ថ្កោលទោសអ្នកប្រាជ្ញមួយទៀត ស្ទើរតែគ្រប់គ្នា ហើយចេះតែនាំគ្នាគិតថា នរណាក៏ដោយ អោយតែសរសេរខ្មែរ ខុសពីអ្វី ដែលសម្តេចសង្ឃរាជ បានចងក្រងទុក គឺចាត់ទុកជាពិរុទ្ធ ដែលគួរថ្កោលទោស គ្រប់វេលា ហើយនាំគ្នាប្រមាថ មាក់ងាយស្នាដៃ អ្នកប្រាជ្ញដទៃទៀតទាំងនោះ ថាមិនរក្សា អភិរក្ស អក្សរសាស្រ្តជាតិ។ ប៉ុន្តែ បើសិនជាយើងនាំគ្នា ស្រាវជ្រាវ ហើយពិចារណា ហេតុផល បានស្គាល់ បានដឹង ច្បាស់លាស់នោះ យើង នឹងលែងមាន Favoritism គឺការនិយមចូលចិត្ត យោងទៅលើបុគ្គលនិយម ហើយនឹងបែរខ្លួន ទៅប្រកាន់យក នូវមោទនភាព យ៉ាងខ្ពង់ខ្ពស់ ទៅលើតម្លៃអក្សរសាស្រ្តជាតិ ដែលអ្នកប្រាជ្ញខ្មែរជាច្រើន បានសម្រក់ឈាមញើស របស់លោកសម្រាប់ចែកចាយ ដល់កូនចៅ ជំនាន់ក្រោយៗ មុននឹងលោកចែកស្ថានពីយើងទៅ។ វិញ្ញាណក្ខ័ន្ធរបស់លោកច្បាស់ជាអាចញញឹម ហើយបានទទួលភាពស្ងប់សុខ បើសិនជាកូនចៅ ជំនាន់ក្រោយ អាចបង្ហាញ នូវសាមគ្គីភាព និងមោទនភាព ចំពោះភាសា របស់ខ្លួន យ៉ាងទូលំទូលាយ ជាជាងផ្តល់ទំនោរ មោទនភាព របស់ខ្លួន ទៅលើបុគ្គលនិយម តែមួយជ្រុង ហើយឈប់ថ្កោលទោស លោកទាំងឡាយទៀតដែលសម្រក់ញើសដើម្បីតម្កល់តម្កើងភាសាជាតិ ថាជាជន មិនអភិរក្ស អក្សរសាស្រ្តខ្មែរ តទៅទៀត។
សមាជិកគន្ថការីនិងសាស្រ្តាចារ្យពិគ្រោះ ៖
លោកសាស្រ្តាចារ្យ អ៊ូប៉េងសាន លោកសាស្រ្តាចារ្យ គីមមាសកូយ លោកសាស្រា្តចារ្យ អួន នឿង បណ្ឌិត្យឃូគីមទូយអ្នកស្រីសាស្រ្តាចារ្យនៅសារិម អ្នកស្រីសាស្រ្តាចារ្យ អៀងម៉ាឡា ។
អ្នកស្រីកែវចន្ទ័បូរណ៍
៧ឧសភា២០១១




0 comments:
Post a Comment