Saturday, May 19, 2012

ចុះខ្មែរកម្ពុជាក្រោម អត់ចេះស្តាប់ចំរៀងភាសាខ្មែរទេឬអី បានជាទៅច្រៀងអោយតែយួនស្តាប់ចឹង ?

សុន ស្រីពេជ្រ ទៅ​ច្រៀង​ឲ្យ​វៀតណាម​ស្តាប់​នៅ​ហូជីមិញ  

Friday, 18 May 2012 12:01 

សេត គឹមសឿន/phnom penh post

ភ្នំពេញៈ តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្សមាស ដែល​កំពុង​ក្តោប​ក្តាប់​បទ​ចម្រៀង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​របស់​ក្រសួង ​ទេសចរណ៍​នាង សុន ស្រីពេជ្រ នឹង​ចេញ​ដំណើរ​ទៅ​ច្រៀង​ឲ្យ​ប្រជាជន​វៀតណាម​នៅ​ទីក្រុង​ហូជីមិញ​ស្តាប់​ នៅ​ព្រឹក​នេះ​។
ក្នុង​នាម​ជា​តារា​ចម្រៀង​ម្នាក់​ប្រចាំ​នៅ​ក្រសួង​ទេសចរណ៍​ផ្នែក​ចម្រៀង ​ ខេមរភាសា សុន ស្រីពេជ្រ នឹង​ត្រូវ​ចេញ​ទៅ​សម្តែង​ច្រៀង​នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​ឧសភា នេះ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ណាហ្គាវើល ។
បើ​តាម​របាយការណ៍​របស់​សណ្ឋាគារ​ណាហ្គាវើល​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​កម្ពុជា​ដែល​នឹង​លេច​វត្ត​មាន​នៅ​ក្នុង​ព្រឹត្តិការណ៍​បើក​ សម្ពោធ​សណ្ឋាគារ​ណាហ្គា​វើល​លំដាប់​ផ្កាយ​៥​មួយ​ផ្សេង​ទៀត​នៅ​ទី​ក្រុង​ ហូជីមិញ​នោះ​ គឺ​មាន​តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​នាង សុន ស្រីពេជ្រ និង​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​អឹម(​M Production) នាង សុខ ស៊ីឡាលីន ។ សុន ស្រីពេជ្រ ​នឹង​ច្រៀង​បទ​ទាក់​ទិន​នឹង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ជា​ភាសា​ខ្មែរ រីឯ​តារា​ចម្រៀង​ សុខ ស៊ីឡាលីន​ នឹង​ច្រៀង​បទ «​Kingdom of Wonder» ។
ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចេញ​ទៅ​សម្តែង​ច្រៀង​នៅ​ក្រៅ​ប្រទេស​ដែល​មាន ភូមិ​ផង​របង​ជាប់​គ្នា​នេះ នៅ​ខណៈ​ពេល​ដែល​កំពុង​ហាត់​សម​កាល​ពី​ថ្ងៃ​១៧ ខែ​ឧសភា ម្សិល​មិញ សុន ស្រីពេជ្រ បាន​បញ្ជាក់​ថា នាង​នឹង​ត្រូវ​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​នេះ​។
ខណៈ​មាន​ឱកាស​ចេញ​ទៅ​សម្តែង​ច្រៀង​លើ​ឆាក​អន្តរ​ជាតិ ប៉ុន្តែ​មាន​ចម្ងាយ​ត្រឹម​ប្រទេស​វៀតណាម​ក្តី ក៏​តារា​រូប​នេះ​នឹង​ហាត់​សម​ឲ្យ​បាន​ស្ទាត់​មុន​នឹង​ធ្វើ​ការ​បង្ហើរ​សំនៀង ​ខ្លួន​ឲ្យ​ប្រជាជន​វៀតណាម​ស្តាប់​ឲ្យ​បាន​ពីរោះ​ដែរ ចៀស​វាង​បាក់​មុខ​ក្នុង​ប្រការ​ណា​មួយ​នៅ​ពេល​សម្តែង​ច្រៀង​នោះ​។
សុន ស្រីពេជ្រ ដែល​កំពុង​រវល់​ស្ទើរ​ពេញ​មួយ​ថ្ងៃ​នៅ​កន្លែង​ហាត់​សម​ជាមួយ​នឹង​អ្នក​ សិល្បៈ​ផ្សេង​ទៀត បាន​ឆ្លៀត​ពេល​បន្តិច ហើយ​និយាយ​ថា៖​ «​ឥឡូវ​ហ្នឹង ខ្ញុំ​កំពុង​ហាត់​សម​បង ដើម្បី​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​វៀត​ណាម​ស្អែក​ហ្នឹង(​ថ្ងៃ​ទី​១៨ ឧសភា)»។
ដោយ​សារ​ទីក្រុង​ហូជីមិញ​មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី ភ្នំពេញ ការ​ចេញ​ច្រៀង​នៅ​វៀត​ណាម​លើក​នេះ សុន ស្រីពេជ្រ សុខ ស៊ីឡាលីន និង​អ្នក​រួម​ដំណើរ​ជា​ច្រើន​ទៀត​នឹង​ត្រូវ​ជួប​ជុំ​គ្នា​នៅ​សណ្ឋាគារ​ ណាហ្គាវើល​នៅ​ពេល​ព្រឹក​ ហើយ​នឹង​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​របស់​សណ្ឋាគារ​ណាហ្គា​វើល​ ភ្លាម​តែ​ម្តង​ ហើយ​នាង​នឹង​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ។
ប្រវត្តិ​ខ្លី​ៗ​របស់ សុន ស្រីពេជ្រ
ធ្លាប់​បណ្តែត​ខ្លួន​ជា​ក្មេង​លក់​ត្រកួន​ព្រលឹត​មាន​ជីវ​ភាព​ខ្វះ​ខាត​ ដែល​ មាន​ឪពុក​ជា​អ្នក​ចម្រៀង​ក្នុង​ក្រុម​ភ្លេង​មង្គល​ការ​មួយ​នៅ​ខេត្ត​ បាត់ដំបង​ នៅ​ពេល​នេះ សុន ស្រី​ពេជ្រ បាន​និង​កំពុង​ហក់​ឡើង​កូដ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​តាម​រយៈ​អាជីព​ជា​តារា ចម្រៀង​របស់​នាង​ តែ​តារា​ចម្រៀង​រូប​នេះ​នៅ​តែ​ចង​ចាំ​អតីត​កាល​របស់​ខ្លួន​មិន​អាច​បំភ្លេច បាន​។
រំឭក​ដល់​សំឡេង​ក្មេង​ស្រី​ម្នាក់ «​ត្រកួន​អើយ​ត្រកួន​ៗ មីង​ទិញ​ត្រកួន​ទេ អ៊ំ​ទិញ​ត្រកួន​ទេ​!» សុន​ ស្រីពេជ្រ ស្ទើរ​ស្រក់​ទឹក​ភ្នែក​ ខណៈ​ពេល​នេះ​នាង​មាន​ហូប​ចុក​គ្រប់​គ្រាន់ មាន​សម្លៀក​បំពាក់​ស្អាត​បាត​ តែ​ភាព​អត់​ឃ្លាន ភាព​ហេវ​ហត់​របស់​នាង​ជា​ក្មេង​ស្រី​ក្នុង​ត្រកូល​ក្រីក្រ​ម្នាក់​នៅ​ខេត្ត​ បាត់ដំបង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ហាក់​នៅ​សើមៗ​នៅ​ឡើយ​។
សុន ស្រីពេជ្រ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង។ ឪពុក​របស់​នាង​គឺ​តារា​កំប្លែង​ជើង​ចាស់ និង​ជា​តារា​ចម្រៀង​កំប្លុក​កំប្លែង​លោក សង់ ស៊ីស ដែល​មាន​ឈ្មោះ​ពិត​ថា ម៉ារី សុន វ័យ​៦៨​ឆ្នាំ​។ រីឯ​ម្តាយ​ឈ្មោះ សុន សឿត ជា​មេ​ផ្ទះ​មាន​អាយុ​៦៦​ឆ្នាំ​។ ស្រីពេជ្រ មាន​បង​ប្អូន​៧​នាក់​(​ប្រុស​៣​ស្រី​៤​) នាង​ជា​កូន​ទី​៥​។
ដោយ​សារ​មាន​ឪពុក​ជា​អ្នក​សិល្បៈ និង​ដោយ​មាន​ការ​តស៊ូ​យ៉ាង​ស្វិតស្វាញ សុន ស្រីពេជ្រ ដែល​ជា​ក្មេង​មាន​ចរិត​អៀនប្រៀន​ច្រើន​ បាន​បណ្តុះ​ខ្លួន​ក្លាយ​ជា​អ្នក​សិល្បៈ​។ ស្ថិត​ជា​អ្នក​សិល្បៈ​មិន​សូវ​ល្បី​ជា​ច្រើន​ឆ្នាំ សុន ស្រីពេជ្រ ក៏​មាន​រាសី​ឡើង​ខ្ពស់​មិន​ធ្លាប់​ស្រមៃ​ដល់ ខណៈ​ដែល​ត្រូវ​បាន​ក្រសួង​ទេសចរណ៍​ជ្រើសរើស​ឲ្យ​ច្រៀង​បទ​ចម្រៀង​ ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ ចំណុច​នេះ​ហើយ​ដែល​តារា​វ័យ​២៨​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ផលិតកម្ម​រស្មី​ហង្ស​មាស​ មើល​ឃើញ​ និង​ចុះ​កុង​ត្រា​ឲ្យ​នាង​ក្លាយ​តារា​ចម្រៀង​របស់​រស្មី​ហង្ស​មាស​ពេញ សិទ្ធិ​រហូត​ដល់​សព្វ​ថ្ងៃ​៕

 


0 comments:

Post a Comment