Friday, May 11, 2012

ចៅក្រម កោះហៅ​ស្ត្រី​កម្មករ​កាត់ដេរ​រងរ​បួស ៣ នាក់ នៅ​បាវិត ចូល​បំភ្លឺ នៅ​ថ្ងៃ​ទី​១៨​ឧសភា​


ថ្ងៃទី 11 ឧសភា 2012, ម៉ោង 12:09:PM)
 ដោយ: សុខ ភក្តី/ CEN
ភ្នំពេញ: ចៅក្រម​ស៊ើបសួរ​របស់​តុលាការខេត្ត​ស្វាយរៀង បាន​ចេញ​ដីកា​កោះហៅ​ស្ត្រី​កម្មករ​កាត់ដេរ ដែល​រងរបួស ៣ នាក់ នៅ​រោងចក្រ​កាត់ដេរ កៅ​វ៉េ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បាវិត ជាប់​ព្រំដែន​វៀតណាម ចូល​ឆ្លើយបំភ្លឺ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មេធាវី​។​

​ លោក ជិន លីដា មេធាវី​ការពារ​ក្តី​ឲ្យ​ស្ត្រីក​ម្មករ​កាត់ដេរ​រងគ្រោះ​ទាំង​បី​នាក់ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១២ ថា "​ក្រុម​ស្ត្រី​កម្មករ​កាត់ដេរ​រងរ​បួស​ទាំង​បី​នាក់ បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​មុខ​ព្រះរាជអាជ្ញា​រួចហើយ​។ ឥឡូវ​ព្រះរាជអាជ្ញា ចោទប្រកាន់​លើ​ជនសង្ស័យ ហើយ​បញ្ជូន​ទៅកាន់​ចៅក្រម​ស៊ើបសួរ​។ ដូច្នេះ​ក្រុម​ស្ត្រី​រងគ្រោះ ត្រូវ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​មុខ​ចៅក្រម​ស៊ើបសួរ ដែល​បាន​ចេញ​ដីកា​កោះហៅ​គាត់ ឲ្យចូល​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២"​។​
លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ ជាអ្នក​បាញ់​កម្មករ​អោយរបួសធ្ងន់
សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ នៅក្នុង​ព្រឹត្តិការណ៍​តវ៉ា​របស់​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ទីក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​កាលណោះ ជា​អភិបាលក្រុង​បាវិត បាន​ដក​កាំភ្លើងខ្លី បាញ់​បំបែកហ្វ៊ូង​បាតុកម្ម​តវ៉ា បណ្តាលឲ្យ​ស្ត្រីក​ម្មករ ៣ នាក់ រងរបួស​ធ្ងន់​។​


​ស្ត្រី​រងគ្រោះ​ ទាំងនោះ រួមមាន​៖ ទី​១-​ប៊ុន ចិន្តា អាយុ ២១​ឆ្នាំ ទី​២-​កែវ នា អាយុ ១៦​ឆ្នាំ និង​ទី​៣-​នុត ស​ផន អាយុ ២៣​ឆ្នាំ​។ ស្ត្រី​រងគ្រោះ​ឈ្មោះ ប៊ុន ចិន្តា ត្រូវរបួស​មួយ​គ្រាប់​ចំ​គល់​ដោះ​ខាងឆ្វេង ធ្លាយ​មក​ក្រោម​ឃ្លៀក​ខាងឆ្វេង​។ ចំណែក កែវ នា ត្រូវរបួស​ដើម​ដៃស្តាំ មួយ​គ្រាប់ និង​នុត ស​ផន ត្រូវរបួស​ឆ្អឹងខ្នង ធ្លាយ​គ្រាប់​បៀម នៅ​ដើមដៃ​ខាងស្តាំ​។​

​ក្នុង​ពាក្យបណ្តឹង ដែល​បាន​ដាក់​ទៅកាន់​តុលាការខេត្ត​ស្វាយរៀង ស្ត្រី​រងគ្រោះ​ទាំង​បី​នាក់ បានទាមទារ​ជំងឺ​ចិត្ត​ពី​ជនល្មើស ដែល​បាញ់​នាង​ឲ្យ​របួស ប្រមាណ ៤៥.០០០ ដុល្លារ ក្នុង​ម្នាក់ៗ និង​សុំ​ឲ្យ​តុលាការ ចាប់​ជនដៃដល់ កាត់ទោស ដាក់ពន្ធនាគារ​ទៅតាម​ច្បាប់​។

​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត កាលពី​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០១២ រួម​ជាមួយ​មេធាវី​ម្នាក់ បាន​ចូលខ្លួន​មក​បំភ្លឺ​ចំពោះ​មុខ​ព្រះរាជអាជ្ញា​តុលាការខេត្ត​ស្វាយរៀង ក្នុង​រឿង​បាញ់​កម្មការិនី ៣ នាក់ ឲ្យ​របួស​នៅ​ក្រុង​បាវិត មុន​ដីកា​កំណត់​មួយថ្ងៃ​។ លោក ឈូក បណ្ឌិត មិនត្រូវបានចាប់ឃុំខ្លួនឡើយ។

​ ក្រោយមក ព្រះរាជអាជ្ញា​ខេត្តស្វាយរៀង លោក ហ៊ីង ប៊ុន​ជា បានសម្រេច​ចោទប្រកាន់ លោក ឈូក បណ្ឌិត ពីបទ "​បង្ក​របួសស្នាម ដោយ​អ​ចេតនា​" ក្នុង​ករណី​បាញ់ប្រហា​រលើ​ស្ត្រី​កម្មករ​កាត់ដេរ ៣ នាក់ ឲ្យ​របួសធ្ងន់ ក្នុង​ព្រឹត្តិការណ៍​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ កៅ​វ៉េ ធ្វើ​បាតុកម្ម​តវ៉ា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​។​

ការសម្រេច​ចោទប្រកាន់​ដូច្នេះ នាំ​ឲ្យ​សង្គម​ស៊ីវិល សហជីព​កម្មករ និង​សកម្មជន​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​រិះគន់​យ៉ាង​ខ្លាំងក្លា​៕​

0 comments:

Post a Comment