Tuesday, June 5, 2012


                               ស្រីតា……សង្សាស្ទាវ
                                            (បទពាក្យប្រាំពីរ)
១.តាៗយកប្រាក់ទិញស្នេហា               ហើយតែងអួតថាពួកគាត់ឆ្លាត
    ប្រើប្រាក់ជាថ្នូរដូរស្រីស្អាត                តែដូចប្រមាថទាំងខ្លួនឯង ។
២.ស្នេហ៍ពិតបរិសុទ្ធមិនទិញលក់          ដូចជានំគ្រក់ក្នុងអំបែង
    ស្នេហ៍នេះឃើញពិតជាក់ស្តែង         គ្រាន់តែជាល្បែងកែកំសាន្ត ។
៣.តាជិះក្របីចម្លងផុក                         ស្វែងរក្តីសុខសួគា៍ឋាន
    ឯស្រីរូបស្រស់ដែលប្តូរប្រាណ         ព្រោះតែចង់បានប្រាក់ លោកតា ។
៤.នាងស្នេហ៍តាតែមាត់ក្រៅ                 តែមិនមែនខ្លៅដូចវាចា
    ដឹងច្បាស់តាមានក្រុមគ្រួសារ           ស្រីល្អឯណានឹងប្រថុយ ?
៥.អំណាចទេវប្រាក់ទាក់ចិត្តស្រី           តាមានឡានថ្មីសំបូរលុយ
    តាយកដុល្លារធ្វើជានុយ                   ស្ទួចបានប្រុយៗអណ្តើកមាស ។
៦.នាងៗកាច់រាងព្រោះអាងតា              តែងខ្លួនហ៊ឺហា ដើរតែពាស
    តាអាចមានស្រីដោតជន្លាស             ឯអណ្តើកមាសរកប្រុសក្មេង ។
៧.ប្រុសស្ទាវសម្លឹងឃើញទឹកប្រាក់       លួងលោមថ្នមថ្នាក់ឲ្យវង្វេង
    ស្រីតាផ្គត់ផ្គង់សង្សាក្មេង                   មិននិយាយលេងមានច្រើនណាស់ ។
៨.ស្រីញៀនដុល្លារ តាញៀនស្នេហ៍       ឯស្ទៀវញៀវដែរ ញៀនបោកប្រាស់
    អណ្តាតផ្អែមល្ហែមប៉ិនក្រឡាស់         លុយចាយមិនខ្វះ នាងចិញ្ចឹម ។
(និពន្ធដោយ  ព្រំ គឹមជឿន)

0 comments:

Post a Comment