ដោយ ដែន អយុធ្យា
2012-06-12
សហរដ្ឋអាមេរិកមានការបារម្ភចំពោះចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ឲ្យពលរដ្ឋបឹងកក់ ១៣នាក់ ជាប់ពន្ធនាគារចាប់ពី ១ឆ្នាំ រហូតដល់ ២ឆ្នាំកន្លះ ដោយគ្រាន់តែពួកគាត់ការពារលំនៅឋានមិនឲ្យបាត់បង់។
ការតវ៉ានេះ ពលរដ្ឋបឹងកក់ ក៏បានធ្វើជាមួយស្ថាប័នក្រសួងយុត្តិធម៌ ស្ថាប័នរដ្ឋសភា និងស្ថានទូតបរទេស មានទូតអាមេរិកជាដើម ដើម្បីឲ្យជួយអន្តរាគមន៍ ដោះលែងអ្នកបឹងកក់ ពីពន្ធនាគារ។
ក្នុងទំនួញសោកសង្រេង ពលរដ្ឋបឹងកក់ទាំងក្មេងចាស់ បានដង្ហោយរកកិច្ចអន្តរាគមន៍ពីស្ថាប័នព្រះមហាក្សត្រ ឲ្យជួយដោះលែងតំណាងពួកគាត់ឲ្យបានឆាប់។
ស្ត្រីអ្នកបឹងកក់ចំនួន ១៣នាក់ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ១ឆ្នាំ ទៅ ២ឆ្នាំកន្លះ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ដោយចោទបទរំលោភកាន់កាប់ដោយខុសច្បាប់ លើអចលនៈវត្ថុរបស់នីតិបុគ្គលសាធារណៈ និងបទប្រឆាំងអាជ្ញាធរសាធារណៈ។ រីឯអ្នកបឹងកក់ពីរនាក់ទៀត ត្រូវបានចាប់ខ្លួននៅមុខតុលាការក្រុងភ្នំពេញ ខណៈពួកគាត់កំពុងរៀបចំឯកសារធ្វើសក្ខីកម្មឲ្យស្ត្រីអ្នកបឹងកក់ទាំង ១៣នាក់ ក៏ត្រូវតុលាការចាប់ខ្លួនបញ្ជូនទៅពន្ធនាគារព្រៃសភ្លាមៗ នៅថ្ងៃដដែល។
ទាក់ទងបញ្ហានេះ លោកបណ្ឌិត ជាម យៀប ជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ធនាគារ និងសវនកម្មនៃរដ្ឋសភា កាលពីថ្ងៃទី៧ ខែមិថុនា ក៏បានស្នើឲ្យតុលាការពិនិត្យសំណុំរឿងកាត់ទោសអ្នកភូមិបឹងកក់ជាថ្មី។ ព្រោះលោកយល់ថា សវនាការនេះមានប្រតិកម្មច្រើនពីសង្គមស៊ីវិល និងពលរដ្ឋជាបន្តបន្ទាប់។
បច្ចុប្បន្នស្ត្រី ៤នាក់ ក្នុងចំណោមពលរដ្ឋបឹងកក់កំពុងជាប់ឃុំឃាំងទាំង ១៥នាក់ បានចាប់ផ្ដើមធ្វើកូដកម្មបង្អត់អាហារខ្លួនឯង ដើម្បីទាមទាររកយុត្តិធម៌។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីបំភ្លឺលើសំណុំរឿងពលរដ្ឋបឹងកក់ទាំង ១៥នាក់ បានទេ នៅរសៀលថ្ងៃទី១២ ខែមិថុនា។
ប៉ុន្តែមន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ ធ្វើការនៅក្រសួងយុត្តិធម៌ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានផ្ញើលិខិតស្នើឲ្យសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យសើរើសំណុំរឿងក្តី របស់ពលរដ្ឋបឹងកក់ឡើងវិញ។
ប្រភពបញ្ជាក់ថា សំណើរបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពេលនេះ កើតមានក្រោយលោកបានទទួលលិខិតសុំអន្តរាគមន៍របស់ពលរដ្ឋតំបន់បឹងកក់ ស្នើជួយដោះលែងតំណាងពួកគាត់ចំនួន ១៥នាក់ ពីពន្ធនាគាររួចមក។ ប្រភពបន្តថា លិខិតអន្តរាគមន៍របស់លោករដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា បានបញ្ជូនលិខិតទៅកាន់តុលាការក្រុងភ្នំពេញ រួចហើយ ប៉ុន្តែត្រង់ថា តុលាការសម្រេចដូចម៉េច គឺស្ថិតលើអំណាចតុលាការ។
ទោះយ៉ាងណា លោក សន មគ្គិនថស្ស មន្ត្រីនាំពាក្យស្ថានទូតអាមេរិក ចង់ឃើញតុលាការកម្ពុជា ផ្តល់យុត្តិធម៌ និងអនុវត្តច្បាប់មិនលំអៀង។
លោក សន មគ្គិនថស្ស ក៏បានឲ្យដឹងថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏បានទទួលញត្តិរបស់ប្រជាពលរដ្ឋបឹងកក់ ដែលស្នើសុំឲ្យស្ថានទូតអាមេរិកជួយធ្វើអន្តរាគមន៍ឲ្យមានការដោះលែងតំណាងពួកគាត់ចំនួន ១៥នាក់ ចេញពីពន្ធនាគារនេះរួចហើយ៕




0 comments:
Post a Comment