![]() |
លោកហេង ពៅដើរចូលសវនាការសាលាឧទ្ធរណ៍
នាថ្ងៃ២៨ មិថុនា ២០១២នេះ។ រូបថត ម៉េង គីមឡុង
|
ភ្នំពេញៈ តុលាការឧទ្ធរណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានពន្យាសវនាការឧទ្ធរណ៍ជាលើកទី៣លើករណីលោកហេង ពៅដោយសារអវត្តមានជនជាប់ចោទម្នាក់និងមេធាវីការពារក្តីជនជាប់ចោទម្នាក់។
លោកហេង ពៅបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅរសៀលនេះថា ករណីចោទប្រកាន់នេះគឺជាករណីប្រឌិតដើម្បីចោទប្រកាន់រូបលោក ចំណែកជនប្រព្រឹត្តពិតប្រាកដ នោះលោកបានប្រាប់ទៅតុលាការ និងអាជ្ញាធរមានសមត្ថកិច្ចហើយ ប៉ុន្តែពួកគេមិនត្រូវបានចាប់ខ្លួនឡើយ។
លោកបានថ្លែងថា«ខ្ញុំគិតថាការចោទប្រកាន់ខ្ញុំ ក្នុងករណីនេះគឺអយុត្តិធម៌ណាស់សំរាប់រូបខ្ញុំ ពីព្រោះខ្ញុំមិនបានដឹង និងមិនបានប្រព្រឹត្តឡើយ។ វាគឺជាការមួលបង្កាច់និងទម្លាក់កំហុសមកលើខ្ញុំទាំងស្រុង»។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះលោកហេង ពៅបានបញ្ជាក់ថាអ្នកដែលប្រព្រឹត្តពិតប្រាកដគឺជាមនុស្សរបស់លោក ហុក ឡុងឌី ដែលអត្តសញ្ញាណពួកគេ លោកបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលនិងតុលាការហើយ ប៉ុន្តែពួកគេមិនត្រូវបានគេស៊ើបអង្កេត និងចាប់ខ្លួនឡើយ។
លោកហេង ពៅក៏បានអំពាវនាវឲ្យតុលាការរកចៅក្រមដ៏មានយុត្តិធម៌បំផុតប្រកបដោយវិជ្ជាជីវៈ និងហ៊ានស្បថ ដើម្បីមកកាត់សេចក្តីក្នុងករណីរបស់លោក ពីព្រោះការចោទប្រកាន់មកលើលោកទាំងឡាយជារឿងមិនពិត។ ទាក់ទងនឹងការចាប់ខ្លួននិងការចោទប្រកាន់របស់លោក លោកហេង ពៅបានប្រាប់ភ្នំពេញប៉ុស្តិ៍បន្ថែមទៀតថា វាគឺជារឿងប្រឌិតដើម្បីទម្លាក់កំហុស និងចាប់ខ្លួនលោក។ លោកថា អ្នកផ្តើមគំនិតសំខាន់ៗក្នុងការទម្លាក់កំហុស ធ្វើបាបនឹងចាប់រូបលោករួមមាន ៥នាក់ តែក្នុងចំណោម៥នាក់នេះស្លាប់អស់៤នាក់ហើយ គឺនៅសល់តែម្នាក់ប៉ុណ្ណោះ។
លោកបន្ថែមថា អ្នកទាំង៥នាក់ដែលបាន ទម្លាក់កំហុស ធ្វើបាបនឹងចាប់រូបលោកមានឈ្មោះ លោកឧត្តមសេនីយ៍ហុក ឡុងឌី, លោកឧត្តមសេនីយ៍សុខ សាឯម, លោកឧត្តមសេនីយ៍ម៉ុល រឿប, លោកឧត្តមសេនីយ៍ម៉ក់ ជីតូ និងលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីគ្រី សុខអ៊ី។
សូមបញ្ជាក់ថា លោកហេង ពៅត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០០៦ក្រោមបទចោទប្រកាន់ជាច្រើន ករណី ហើយក្នុងបទចោទប្រកាន់ទាំងនោះ លោកហេង ពៅត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធធាគាជាសរុប ចំនួន ១០៣ឆ្នាំ។ បច្ចុប្បន្ននេះ លោកហេង ពៅកំពុងជាប់ពន្ធធាគាព្រៃសរក្នុងរាជធានីភ្នំពេញ។




0 comments:
Post a Comment