ភ្នំពេញ:
ដោយសារការព្យាបាលតាមបែបវិទ្យាសាស្ដ្រជាច្រើនឆ្នាំហើយនៅតែ
មិនជានៅឡើយនោះ ទូច
ស៊ុននិច បានបែរមករកការព្យាបាលបែបបុរាណ
វិញដោយអំពាវនាវសូមឲ្យបងប្អូនខ្មែរមេត្តាជួយតាមរយៈការធ្វើសមាធិដើម្បី
ឧទ្ទិសដល់នាងឲ្យរួចផុតពីជំងឺ។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក
VOA
កាលពីដើមខែមិថុនា ២០១២ អតីតតារាចម្រៀង
ទូច ស៊ុននិច បានសំណូមពរដល់ព្រះសង្ឃ តាជី យាយជី លោកតា លោកយាយ អ៊ំ ពូ មីង
មិត្តយុវវ័យ ព្រមទាំងបងប្អូនខ្មែរប្រមាណ ១៥.០០០ នាក់ធ្វើសមាធិ
ដើម្បីជួយនាងបានរួចចាកផុតពីភាពអស់សង្ឃឹមនិងពីពិការភាព
បន្ទាប់ពីការព្យាបាលតាមបែបវិទ្យាសាស្ដ្រមិនទាន់ជាសះស្បើយ។
នេះបើតាមទស្សនាវដ្ដីអង្គរធំចេញថ្ងៃទី១១-១៧មិថុនា២០១២។
ទូច ស៊ុននិច បាននិយាយថា
”
សូមបងប្អូនទាំងអស់មេត្តាជួយខ្ញុំផង
តាមរយៈការធ្វើសមាធិ ដើម្បីឧទ្ទិសដល់ខ្ញុំឲ្យរួចផុតពីជំងឺ។
ខ្ញុំសង្ឃឹមថាព្រះនឹងមើលឃើញអំពើល្អរបស់ខ្ញុំដែលបានសាងកន្លងមក”។
ការអំពាវនាវបែបនេះ
មកពីទូច ស៊ុននិច បានជួបបុរសម្នាក់ជាជនជាតិខ្មែរដូចគ្នា
និងបានណែនាំនាងឲ្យជួបបុរសម្នាក់ទៀតឈ្មោះកុសល្យ
ដែលពូកែខាងធ្វើសមាធិឲ្យអារម្មណ៍ស្ងប់និងជម្រះអំពើបាបទាំងឡាយចេញពីក្នុងខ្លួន។
លោកកុសល្យ
បានបង្ហាញពីរបៀបធ្វើសមាធិឧទ្ទិសកុសលដល់ទូច ស៊ុននិច
ដោយឲ្យបងប្អូនខ្មែរគ្រាន់តែចំណាយពេល១០នាទី សមាធិ ដោយអង្គុយនៅលើតុ កៅអី
ឬកន្លែងដែលស្ងាត់ ។ បន្ទាប់មកយកដៃទាំងពីរដាក់ស្របដងខ្លួន
ធ្វើអារម្មណ៍ឲ្យស្ងប់ ហើយនិយាយ ” បារមី សូមមេត្តាជួយទូច ស៊ុននិច
ឲ្យជាសះស្បើយពីជំងឺផង”។
ធ្វើដូចនេះ១-២ដង ផលបុណ្យទាំងឡាយនឹងបញ្ជូនទៅដល់ទូច ស៊ុននិច ជាមិនខាន។
គួររម្លឹកថា ទូច ស៊ុននិច
ត្រូវខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារកាលពីថ្ងៃទី២១តុលា
ឆ្នាំ២០០៣ នៅក្បែរផ្សារដើមគ រាជធានីភ្នំពេញ បណ្ដាលឲ្យម្ដាយនាងស្លាប់
ចំណែកនាងរងរបួសយ៉ាងធ្ងន់ និងបញ្ជូនទៅព្យាបាលនៅប្រទេសថៃ
និងបន្ដទៅព្យាបាលនៅអាមេរិកកាលពីឆ្នាំ២០០៧ រហូតសព្វថ្ងៃ។
សូមឲ្យការធ្វើសមាធិនេះជួយទូច
ស៊ុននិច បានជាសះស្បើយនិងចាកផុតពីពិការភាពដូចសេចក្តីប៉ងប្រាថ្នា៕




0 comments:
Post a Comment