(ថ្ងៃទី 13 មិថុនា 2012, ម៉ោង 07:44:AM) | ដោយ: លីនណា
ភ្នំពេញ: ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បើកជំនុំជម្រះ និងបានសម្រេចផ្ដន្ទាទោស កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ ឲ្យពិន័យជាប្រាក់ចំនួន ១០.០០០.០០០(ដប់លានរៀល) ពីបទជេរប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការបើកសវនាការជំនុំជម្រះផ្តន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹង ប្តឹងលោក សម រង្ស៊ី និងគណបក្សសម រង្ស៊ី កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១២ រំលោភច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣។
លោក សម រង្ស៊ី ត្រូវបានតំណាងគណបក្សប្រជាជនកម្ពុជា ប្តឹងពីបទបរិហាកេរិ៍្តសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២ ដែលជាថ្ងៃឃោសនាចុងបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នៅសួនច្បារមុខរដ្ឋសភាចាស់ តាមរយៈវីដេអូ ខិនហ្វ្រើរិន ពីក្រៅប្រទេសមកកាន់សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្ស។
លោក លុន ឆេងកៃ ប្រធានក្រុមជំនុំជម្រះ នៃគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី១២ ខែមិថុនា ថា ចំពោះពាក្យបណ្តឹងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សម រង្ស៊ី និងគណបក្សសម រង្ស៊ី ពីបទជេរប្រមាថប្រមុខរដ្ឋាភិបាល ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានសម្រេចហើយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ សម្រេចផ្តន្ទាទោសឈ្មោះ សម រង្ស៊ី ឲ្យពិន័យជាប្រាក់ចំនួន ១០.០០០.០០០(ដប់លានរៀល)។ បើដើមបណ្តឹងមិនយល់ព្រមចំពោះការសម្រេចរបស់គណៈកម្មការរៀបបចំការបោះឆ្នោតរាជធានីភ្នំពេញទេ មានសិទ្ធិប្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៀត។
ចំពោះការពិន័យជាប្រាក់វិញ តាមនីតិវិធីច្បាប់ ពិន័យពី ៥លានទៅ ២៥លានរៀល លោកបានបញ្ជាក់ថា “តាមមាត្រា១៧៨ថ្មី គេអាចដកសិទ្ធិបោះឆ្នោត តែយើងមិនធ្វើទេ យើងគ្រាន់តែពិន័យជាប្រាក់បានហើយ”។
ប្រធានក្រុមជំនុំជម្រះ នៃគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានមានប្រសាសន៍ទៀតថា “ចំពោះពាក្យបណ្តឹងប្តឹងពីលោក សម រង្ស៊ី និងគណបក្ស សម រង្ស៊ី បានចាក់វីដេអូខិនហ្វ្រើរិន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២ ថ្ងៃបញ្ចប់ឃោសនា ដែលបានជេរប្រមាថដល់សម្តេចនាយករដ្ឋមន្ត្រី ដែលថា លោក ហ៊ុន សែន និងរាជរដ្ឋាភិបាល ហ៊ុន សែន ជារដ្ឋាភិបាលក្បត់ជាតិ”។ ពាក្យនេះ វាខុសនឹងក្រមសីលធម៌ និងច្បាប់ឃោសនាដែលគណបក្សនីមួយៗត្រូវប្រកាន់យក ហើយដល់លោក សម រង្ស៊ី មកពោលពាក្យបែបនេះ គណបក្សគេមិនអាចទទួលយកបានទេ។
សូមរម្លឹកថា នៅថ្ងៃចុងបញ្ចប់នៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ ឆ្នាំ២០១២(១មិថុនា២០១២) គណបក្សសម រង្ស៊ី បានធ្វើការចាក់បញ្ចាំងរូបភាព និងសំឡេងលោក សម រង្ស៊ី តាមរយៈវីដេអូខិនហ្វ្រើរិនពីក្រៅប្រទេស នៅសួនច្បារមុខវត្តបទុមវត្តី ទល់មុខតុលាការកំពូល អតីតរដ្ឋសភាចាស់ ដោយបានជេរប្រមាថសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា រដ្ឋាភិបាលហ៊ុន សែន ក្បត់ជាតិ បានធ្វើសម្បទានដីទៅឲ្យក្រុមហ៊ុនឯកជនទាំងជាតិ ទាំងបរទេស ដល់ ៩៩ឆ្នាំនោះ គឺក្បត់ជាតិ រដ្ឋាភិបាលសម រង្ស៊ី ឆ្នាំក្រោយនឹងយកដីនោះមកវិញ៕




0 comments:
Post a Comment