នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម សម្ពោធបង្គោលព្រំដែនចុងក្រោយលេខ ៣១៤
ថ្ងៃទី 9 មិថុនា 2012
ដោយ: គ្រីទិច
Cambodia Express News
ថ្ងៃទី 9 មិថុនា 2012
ដោយ: គ្រីទិច
Cambodia Express News
ភ្នំពេញ: សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យុង ( Nguyen Tan Dung ) នឹងជួបជុំដើម្បីបើកសម្ពោធបង្គោលព្រំដែនចុងក្រោយលេខ ៣១៤ នៅក្នុងខេត្តកំពត និងខេត្តហាលទៀង ( Ha Tien ) ប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២។ ពិធីសម្ពោធបង្គោលព្រំដែននោះ គឺធ្វើឡើង ចំខួប ៥០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។
ក្រោយពិធីនោះ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏ចូលរួមក្នុងវេទិកាសន្និសីទរួមគ្នានៅខេត្តឆ្នេរសមុទ្ររបស់វៀតណាម ដើម្បីទាក់ទាញអ្នកវិនិយោគរវាងកម្ពុជា និងវៀតណាម។
លោក វ៉ា គីមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន របស់រាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា បង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ ៣១៤ ក្នុងខេត្តកំពតដែលជាបង្គោលព្រំដែនចុងក្រោយគេ រវាងប្រទេសកម្ពុជា និងវៀតណាម បានបោះរួចរាល់ ហើយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញទៅបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២។
លោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង បានបន្ថែមថា បន្ទាប់ពីពិធីបើកសម្ពោធបង្គោលព្រំដែនចុងក្រោយរវាងកម្ពុជា និងវៀតណាម សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីវៀតណាម នឹងចូលរួមក្នុងសន្និសីទរួមគ្នា និយាយពីការទាក់ទាញអ្នកវិនិយោគកម្ពុជា និងវៀតណាម។ សន្និសីទនោះនឹងធ្វើឡើងនៅខេត្តហាលទៀង ប្រទេសវៀតណាម។
ទោះជាបង្គោលព្រំដែនលេខ ៣១៤ ត្រូវបានបើកសម្ពោធ ប៉ុន្តែមិនមានន័យថា កម្ពុជា និងវៀតណាម បានបញ្ចប់ទាំងស្រុងនូវការបោះបង្គោលកំណត់ព្រំដែនគោកនោះឡើយ។ តាមគម្រោង ការបោះបង្គោលកំណត់ព្រំដែនដែលទទួលរងនូវការរិះគន់ពីគណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនថាធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីទៅខាងវៀតណាមនោះ នឹងត្រូវបិទបញ្ចប់រួចរាល់ជាស្ថាពរនាដំណាច់ឆ្នាំ២០១២។
តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ប្រវែង ១.២៧០ គីឡូម៉ែត្រ រដ្ឋាភិបាលកម្ពុជា និងវៀតណាម បានឯកភាពគ្នាពីដំបូងថា នឹងបោះបង្គោលព្រំដែនចំនួន ៣៧៥ បង្គោល។ ក្នុងនោះដំណើរការបោះបង្គោលកំណត់ព្រំដែនគោកបានចាប់តាំងពីឆ្នាំ២០០៦។ការបោះបង្គោលកំណត់ព្រំដែននោះ ធ្វើឡើងស្របតាមសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមដ៏ចម្រូងចម្រាសដែលត្រូវបានអនុម័តកាលពីឆ្នាំ២០០៥៕




0 comments:
Post a Comment