FRIDAY, 08 JUNE 2012
15:45
LEANG PHANNARA/ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ អនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី លោកកែវ រ៉េមី បានប្រតិកម្មតបនឹងអត្ថបទរបស់លោកប្រេដ អាដាម ថាជាអត្ថបទចោទប្រកាន់ដោយងងឹតងងល់ ជឿតាមការចាក់រុករបស់បុគ្គលមួយចំនួន វាយប្រហារមកលើនាយករដ្ឋមន្ត្រីកម្ពុជា។
អត្ថបទនោះសរសេរថា ការដឹកនាំរយៈពេល ១ម៉ឺនថ្ងៃ ស្មើនឹង ២៧ឆ្នាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចគ្នាទៅនឹងក្រុមមេដឹកនាំដែលល្បីខាងការគ្រប់គ្រងប្រទេសបែបផ្តាច់ការបំផុតដែលជាក្រុមមនុស្សជើងខ្លាំងគ្រប់គ្រងបែបបំភិតបំភ័យឥតសំចៃខាង ការប្រើអំពើហិង្សា ប្រហារក្រុមអ្នកជំទាស់ដោយមិនខ្លាចច្បាប់ និងអមទៅដោយកងកំលាំងអង្គរក្សផ្ទាល់ខ្លួន បំពាក់សព្វាវុធគ្រប់ធុន ក្នុងពិភពលោកជាពិសេសប្រទេសនៅតំបន់អារ៉ាប់។
ថ្លែងក្នុងសន្និសិទ្ធសារព័ត៌មាននាព្រឹកថ្ងៃទី៨ ឧសភានេះ លោកកែវ រ៉េមី បានលើកឡើងថា អ្វីដែលលោកអាដាមសរសេរនោះ គឺខុសស្រលះពីពិភពអារ៉ាប់ជាមួយនឹងស្ថានភាពក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថាប្រទេសកម្ពុជាមានសិទ្ធិបោះឆ្នោត អំណាចថ្នាក់ក្រោមជាតិ និងសេរីភាពសារព័ត៌មាន ដែលសភាពការណ៍នៅបណ្តាប្រ ទេសអារ៉ាប់ គ្មានការបោះឆ្នោត គ្មានសេរីភាពសារព័ត៌មាន ហើយប្រទេសខ្លះនារី ឬ យុវជនគ្មានសិទ្ធិបោះឆ្នោតឡើយ ។
លោកបន្ថែមថា « ជាក់ស្តែងកម្ពុជាគ្មានការត្រួតពិនិត្យពីរដ្ឋាភិបាលចំពោះការសរសេរអត្ថបទរបស់អ្នកសារព័ត៌មានឡើយ»។
សូមបញ្ជាក់លោក ប្រេដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចុះផ្សាយក្នុងទំព័រកាសែត ឌឹ ញូវ យ៉ក ថែម (The New York Time) និងចុះផ្សាយនៅក្នុងព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។
.jpg)



0 comments:
Post a Comment