សៅរ៍ 09 មិថុនា 2012
ដោយ ប៉ែន បូណា
ប៉ុន្តែ ក្រុមអ្នកវិភាគនិងតានដានការវិវឌ្ឍន៍ស្ថានការណ៍នយោបាយប្រទេសកម្ពុជាបានសម្តែងក្តីបារម្ភថា សម្រាប់អាណត្តិទី៣នេះ អធិករណ៍ទំនងជាផ្ទុះឡើងវិញជាថ្មីនៅក្នុងរដ្ឋបាលថ្នាក់មូលដ្ឋាន ហើយនិងអាចធ្ងន់ធ្ងរជាងមុនផងក៏ថាបាន។ ធ្ងន់ធ្ងរដោយហេតុថា កាលពីឆ្នាំ២០០២ ដែលមានតែគណបក្សសម រង្ស៊ីមួយប្រឈមជាមួយគណបក្សប្រជាជនក៏គង់មានបញ្ហាមិនចុះសម្រុងយ៉ាងខ្លាំងរួចទៅហើយ។ ចុះទម្រាំឥឡូវនេះ គណបក្សប្រឆាំងមានដល់ទៅពីរ ហើយម្យ៉ាងទៀត គណបក្សដែលជាសម្ព័ន្ធមិត្តរបស់បក្សកាន់អំណាចបានបាត់បង់សំឡេងស្ទើរតែអស់រលីងទៅហើយ។ ដូច្នេះ បក្សប្រឆាំងទាំងពីរច្បាស់ជានឹងសហការគ្នាដើម្បីដាក់សម្ពាធទៅលើក្រុមប្រឹក្សាមកពីគណបក្សកាន់អំណាចជាមិនខាន។ គណបក្សសម រង្ស៊ីបានសម្លឹងឃើញផ្លូវនេះរួចជាស្រេចតាមរយៈការអំពាវនាវឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសិទ្ធិមនុស្សរួមជាមួយខ្លួនដើម្បីទប់ទល់ជាមួយសមាជិកមកពីគណបក្សប្រជាជន។
ដោយ ប៉ែន បូណា
![]() |
| លោកកឹមសុខាប្រធានគណបក្សសិទ្ធិមនុស្សនិងលោកសមរង្ស៊ី |
ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី៣មិថុនាទំនងជានឹងជួបបញ្ហាច្រើននៅក្នុងដំណើរការរបស់ខ្លួន។ បញ្ហានៅត្រង់ថា សមាជិកក្រុមប្រឹក្សាមកពីគណបក្សកាន់អំណាចនឹងត្រូវប្រឈមមុខខ្លាំងជាមួយសមាជិកក្រុមប្រឹក្សាបក្សប្រឆាំងពីរគឺគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សប្រសិនបើគណបក្សទាំងពីរនេះសហការគ្នាដូចការអំពាវនាវរបស់គណបក្សសមរង្ស៊ីមែននោះ។ ដូច្នេះ ស្ថានការណ៍អាចនឹងវិលទៅរកសភាពដើមកាលពីឆ្នាំ២០០២វិញឬធ្ងន់ធ្ងរជាងនេះក៏ថាបាន។ តើហេតុអ្វីបានជាដូច្នោះ?
ការមិនចុះសម្រុងគ្នាខាងនយោបាយគឺជាបញ្ហាធ្ងន់ធ្ងរមួយកាលពីការកកើតក្រុមប្រឹក្សាឃុំសង្កាត់ដំបូងក្នុងឆ្នាំ២០០២។ កាលណោះឃុំសង្កាត់នីមួយៗត្រូវបានរំខានដោយការមិនស៊ីសង្វាក់គ្នារវាងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ី។ ប៉ុន្តែ ១០ឆ្នាំក្រោយមក ស្ថានការណ៍មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។ ការរើសអើងនយោបាយលែងជាបច្ចុប្បន្នភាពក្តៅដូចមុនទៀតហើយ។
ប៉ុន្តែ ក្រុមអ្នកវិភាគនិងតានដានការវិវឌ្ឍន៍ស្ថានការណ៍នយោបាយប្រទេសកម្ពុជាបានសម្តែងក្តីបារម្ភថា សម្រាប់អាណត្តិទី៣នេះ អធិករណ៍ទំនងជាផ្ទុះឡើងវិញជាថ្មីនៅក្នុងរដ្ឋបាលថ្នាក់មូលដ្ឋាន ហើយនិងអាចធ្ងន់ធ្ងរជាងមុនផងក៏ថាបាន។ ធ្ងន់ធ្ងរដោយហេតុថា កាលពីឆ្នាំ២០០២ ដែលមានតែគណបក្សសម រង្ស៊ីមួយប្រឈមជាមួយគណបក្សប្រជាជនក៏គង់មានបញ្ហាមិនចុះសម្រុងយ៉ាងខ្លាំងរួចទៅហើយ។ ចុះទម្រាំឥឡូវនេះ គណបក្សប្រឆាំងមានដល់ទៅពីរ ហើយម្យ៉ាងទៀត គណបក្សដែលជាសម្ព័ន្ធមិត្តរបស់បក្សកាន់អំណាចបានបាត់បង់សំឡេងស្ទើរតែអស់រលីងទៅហើយ។ ដូច្នេះ បក្សប្រឆាំងទាំងពីរច្បាស់ជានឹងសហការគ្នាដើម្បីដាក់សម្ពាធទៅលើក្រុមប្រឹក្សាមកពីគណបក្សកាន់អំណាចជាមិនខាន។ គណបក្សសម រង្ស៊ីបានសម្លឹងឃើញផ្លូវនេះរួចជាស្រេចតាមរយៈការអំពាវនាវឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសិទ្ធិមនុស្សរួមជាមួយខ្លួនដើម្បីទប់ទល់ជាមួយសមាជិកមកពីគណបក្សប្រជាជន។
ជាការពិតណាស់ បើទោះបីជាគេនៅមើលមិនទាន់មើលឃើញពីលទ្ធភាពនៃការរួមបញ្ចូលគ្នារវាងគណបក្សប្រឆាំងទាំងពីរក៏ដោយ ក៏ប៉ុន្តែ ត្រឹមកិច្ចសហការគ្នារវាងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គឺជារឿងដែលអាចធ្វើបានពីព្រោះវាមិនស្មុគស្មាញដូចជាការរំលាយចូលគ្នានោះឡើយ ហើយបើទោះជាចង់ឬមិនចង់ក៏សមាជិកក្រុមប្រឹក្សារបស់បក្សប្រឆាំងទាំងពីរមានគោលដៅតែមួយដូចគ្នាដែរគឺការទប់ទល់ជាមួយគណបក្សកាន់អំណាចនេះឯង។
ពិតហើយថា គណបក្សប្រជាជនកម្ពុជាបានឈ្នះកាន់កាប់តំណែងមេឃុំចៅសង្កាត់ដល់ទៅជាង ៩០% និងកាន់កាប់អាសនៈឃុំសង្កាត់ដល់ទៅជាង៧០% ប៉ុន្តែ គណបក្សប្រឆាំងពីរទៀតក៏ទទួលបានតំណែងលំដាប់លេខពីរច្រើនគួរសមដែរនៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ជាច្រើន។ ដូច្នេះបើទោះតិចឬក៏ច្រើនក្តី កិច្ចការមួយចំនួននឹងត្រូវរាំងស្ទះឬក៏ដំណើរការដោយភាពប្រទាំងប្រទើសដោយសារតែការមិនចុះសម្រុងគ្នាក្រោមសម្ពាធនយោបាយ។ ភាពប្រទាំងប្រទើសនេះអាចនឹងផ្តល់ផលល្អប្រសិនបើគណបក្សនីមួយៗប្រើប្រាស់សម្ពាធដាក់គ្នាក្នុងទិសដៅការពារផលប្រយោជន៍ប្រជាពលរដ្ឋឲ្យបានល្អជាងមុន និងមានតម្លាភាពជាងមុន ប៉ុន្តែ ប្រសិនបើការខ្ទាស់គ្នាទៅវិញទៅមកគ្រាន់តែដើម្បីយកឈ្នះចាញ់ឬក៏ដើម្បីប៉ែងជើងគ្នានោះ ប្រាកដណាស់ថា វានឹងផ្តល់ផលអាក្រក់ច្រើនជាង។
ជាទូទៅ ជម្លោះនយោបាយនៅកម្ពុជាមិនសូវជាផ្តល់ផលល្អប៉ុន្មានឡើយ។ គឺទឡ្ហីករណ៍សត្យានុម័តនេះហើយដែលបង្កើតបានជាក្តីបារម្ភសម្រាប់ក្រុមអ្នកវិភាគជាច្រើនចំពោះដំណើរការរបស់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីខាងមុខ ជាពិសេសនៅក្នុងបរិបទដែលរដ្ឋបាលថ្នាក់មូលដ្ឋានកម្ពុជានៅចំណុះយ៉ាងខ្លាំងក្រោមឥទ្ធិពលរបស់បក្សនយោបាយនៅឡើយ។ ប្រសិនបើដូច្នោះមែន សមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ ប្រហែលជាមិនសូវមានពេលបម្រើប្រជាជនម្ចាស់ឆ្នោតដូចការសន្យាប៉ុន្មានទេ តែពួកគេប្រហែលជានឹងត្រូវចំណាយពេលជាច្រើនដើម្បីសម្តែងឬទ្ធិខាងនយោបាយអួតដាក់គ្នាទៅវិញទៅមក។
ស្ថានភាពបែបនេះមិនមែនជាការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋអ្នកបោះឆ្នោតឡើយ។ នេះជាអ្វីដែលគណបក្សនយោបាយនីមួយៗ ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ត្រូវពិចារណា៕




0 comments:
Post a Comment