ដោយ សុ ជីវី
2012-07-21
កម្មការិនីចំនួន៣នាក់ ដែលរងរបួសដោយសារការបាញ់រះរបស់ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បានចូលបំភ្លឺជាលើកទី៣ ទៅតាមការកោះហៅរបស់តុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកក្កដា។
![]() |
១-មីនា-២០១២៖ កម្មការិនី ប៊ុន ចិន្ដា ឬ អ៊ុន ចិន្ដា ដែលរងរបួស ធ្ងន់ដោយសារការបាញ់មកលើក្រុមកម្មករពេលកំពុងតវ៉ា សម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ កាល់ម៉ែត។ |
ការសាកសួរច្រើនលើកច្រើនសារបែបនេះ ត្រូវអ្នកការពារសិទ្ធិមនុស្ស ដែលឃ្លាំមើលរឿងក្តីនេះចាត់ទុកថា ជាទង្វើព្យាយាមសម្រាលទោសកំហុសរបស់ជនល្មើស។
ចៅក្រម និងព្រះរាជអាជ្ញានៅសាលាដំបូងខេត្តស្វាយរៀង ដោយមានការចូលរួមពីនគរបាលជំនាញរបស់ក្រសួងមហាផ្ទៃ បានបើកការសាកសួរជាថ្មីម្ដងទៀតទៅលើកម្មការិនីចំនួន៣នាក់ បម្រើការនៅរោងចក្រ កៅវ៉េ (Kaoway) ដែលជាជនរងគ្រោះពីការបាញ់រះរបស់អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត។
កម្មការិនីរងគ្រោះម្នាក់ គឺអ្នកស្រី នុត សាខន ដែលស្ថិតក្នុងចំណោមកម្មការិនី៣នាក់ចូលទៅបំភ្លឺ នៅតុលាការខេត្តស្វាយរៀង បានប្រាប់តាមទូរស័ព្ទថា មន្ត្រីនគរបាលជំនាញរបស់ក្រសួងមហាផ្ទៃបានសាកសួរអ្នកស្រីយូរជាងគេ។ ហើយការសាកសួរនៅលើកនេះ ហាក់ដូចជាមានការបង្វែរសំនួរចេញពីបទល្មើសរបស់ជនសង្ស័យ។ អ្នកស្រីបន្តថា ការសាកសួរបែបនេះទំនងមានបំណងធ្វើអោយចម្លើយរបស់ពួកគាត់ដែលជាជនរងគ្រោះ ទៅជាពុំមានតម្លៃក្នុងការចោទប្រកាន់អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត។
អ្នកស្រី នុត សាខន៖ «ដល់ពេលសួរច្រើនលើក ច្រើនសារពេក វាអាចថាជារឿង ដូចថានិយាយចុះនិយាយឡើង គេមិនអាចយកធ្វើជាការពិត។ និយាយទៅមកទៅមកអីចឹង ដល់ពេលកន្លែងណាយើងខុសអីចឹង គេអាចចាប់ចំណុចយើងបានថា យើងហ្នឹងនិយាយអត់ដូចមុនអីចឹង។ ហើយសួររហូតអីចឹង យើងមិនអាចនិយាយថា ពីដើមរហូតដល់ចប់បាន និយាយចុះឡើង យើងអាចនិយាយភ្លេច ភ្លាវ និយាយកាត់ គេអាចចាប់ចំណុចថា យើងនិយាយអត់ដូចដើមអីចឹងណា»។
កម្មការិនី៣នាក់ នៅរោងចក្រ កៅវ៉េ ត្រូវបាញ់អោយរបួសធ្ងន់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ មានឈ្មោះ អ៊ុន ចិន្តា ឬ ប៊ុន ចិន្តា របួសដើមទ្រូងលើដោះឆ្វេងធ្លាយទៅក្រោមខ្លៀកខាងឆ្វេង កៅ នី រងរបួសដៃស្កាំ និង នុត សុខន របួសដៃស្ដាំ និងខ្នង។ ពួកគេបានដាក់ពាក្យប្ដឹង លោក ឈូក បណ្ឌិត ជនសង្ស័យនៃការបាញ់ប្រហារនោះ ពីបទមនុស្សឃាតដោយចេតនា។ រហូតមកដល់ពេលនេះ ជនសង្ស័យនៅមានសេរីភាពនៅឡើយ។
មន្ត្រីអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន មានប្រសាសន៍ថា ការសាកសួរជនរងគ្រោះច្រើនលើកច្រើនសារបែបនេះ អាចជាការព្យាយាមរកលេស ដើម្បីបន្ធូរបន្ថយទោសអ្នកប្រព្រឹត្តល្មើស៖ «អីចឹង ឆន្ទៈរបស់គេ បើនៅយូរដល់កម្រិតនេះ គឺយើងយល់ទាំងអស់គ្នាថា គឺគេរកអ្វីដែលដោះបន្ទុកខាងនោះទេ ខាងជនចុងចោទ បើទោះជាមានប៉ូលិសជំនាញទៅសួរ ដូចជាសួរពីរឿងដាក់បន្ទុកកម្មករអីចឹង ដូចជាអត់មានអីចម្រើនទៅមុខទេ គឺដូចជារកកន្លែងដោះបន្ទុកលោក ឈូក បណ្ឌិត ហ្នឹង»។
វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយពីប្រធានតុលាការខេត្តស្វាយរៀង លោក ពេជ ឈឿត បានទេនៅរសៀលថ្ងៃទី២០ ខែកក្កដា។
ទោះជាយ៉ាងណា ព្រះរាជអាជ្ញាអមតុលាការខេត្តស្វាយរៀង កាលពីពេលកន្លងទៅបានសម្រេចចោទប្រកាន់ជនសង្ស័យ លោក ឈូក បណ្ឌិត ពីបទបង្ករបួសស្នាមដោយអចេតនា។ រហូតមកដល់ពេលនេះ កម្មការិនីរងគ្រោះនៅតែទទូចអោយតុលាការខេត្តស្វាយរៀង ស្វែងរកយុត្តិធម៌អោយពួកគេ អោយបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន៕




0 comments:
Post a Comment