Friday, July 20, 2012

អាស៊ាន​ឯកភាព​គ្នា​លើ​គោលការណ៍​៦​ចំណុច​ស្ដីពី​ជម្លោះ​សមុទ្រ​ចិន


2012-07-20
ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ថ្ងៃ​ទី​២០ នេះ បាន​ប្រកាស​ថា រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន បាន​ឯកភាព​លើ​គោលការណ៍​ចំនួន ៦​ចំណុច ស្ដីពី​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ជា​ឧប​នាយក​
រដ្ឋមន្ត្រី ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ដំណោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​
ខាង​ត្បូង នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១២។
សេចក្តី​ប្រកាស​នេះ គឺ​នៅ​គ្រា​ដែល​មាន​ការ​យល់​ព្រម​ថ្មីៗ​នេះ ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) បាន​ជួប​ពិភាក្សា និង​ស្វែង​រក​ការ​ឯកភាព​ពី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម ហ្វីលីពីន និង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន មួយ​ចំនួន​ទៀត។
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ប្រកាស​ថា គោលការណ៍​ចំនួន ៦​ចំណុច ដែល​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ទើប​បាន​យល់​ព្រម​គ្នា​នេះ គឺ​ជា​ការ​បើក​ផ្លូវ​សំខាន់​មួយ ដើម្បី​បន្ត​ចរចា និង​ដោះស្រាយ​ជម្លោះ​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន ស្ដីពី​វិបត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។
ឯកសារ​ដែល​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចែក​ដល់​ដៃ​អ្នក​កាសែត​នោះ មាន​ចំនួន ៦​ចំណុច ដូច​តទៅ ទី១ អនុវត្ត​ទាំង​ស្រុង​នូវ​សេចក្តី​ប្រកាស​ពាក់ព័ន្ធ​នឹង​ការ​ប្រតិបត្តិ នៃ​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ឆ្នាំ​២០០២។ ទី២ គោលការណ៍​ណែនាំ​សម្រាប់​ការ​អនុវត្ត​សេចក្តី​ប្រកាស​ពាក់ព័ន្ធ នៃ​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ឆ្នាំ​២០១១។ ទី៣ សម្រេច​ឲ្យ​បាន​ឆាប់​នូវ​ក្រម​ប្រតិបត្តិ​តំបន់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ទី៤ គោរព​ទាំង​ស្រុង​គោលការណ៍ នៃ​ច្បាប់​អន្តរជាតិ រួម​ទាំង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្ដីពី​សមុទ្រ​ឆ្នាំ​១៩៨២ ។ ទី៥ បន្ត​រក្សា​ភាព​អត់ធ្មត់ និង​ការ​មិន​ប្រើ​កម្លាំង នៃ​ភាគី​ទាំង​អស់ និង​ទី៦ ចុង​ក្រោយ ដោះស្រាយ​វិវាទ​នេះ ដោយ​សន្តិវិធី​ស្រប​តាម​គោលការណ៍ នៃ​ច្បាប់​អន្តរជាតិ រួម​ទាំង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ឆ្នាំ​១៩៨២។
រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណំាហុង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ឯ​វិមាន​សន្តិភាព នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​កក្កដា ថា សេចក្តី​ប្រកាស​នេះ គឺ​ជា​ជម្រើស​ល្អ​បំផុត​មួយ ដើម្បី​បន្ត​ចរចា ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ៖ «គឺ​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ក្នុង​ឋានៈ​ជា​ប្រធាន​របស់​អង្គការ​តំបន់​ដ៏​សំខាន់​នេះ នៅ​ពេល​ដែល​ជម្លោះ​គ្នា មាន​លក្ខណៈ​តឹងតែង​បំផុត​រវាង​ភាគី​ពាក់ព័ន្ធ។ ប្រធាន​អាស៊ាន មិន​ត្រូវ​យក​សាំង​ចាក់​លើ​ភ្លើង​ថែម​ទេ។ ប្រធាន​អាស៊ាន ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ធូរស្រាល។ នេះ​ជា​ជំហរ​គោលការណ៍​របស់​កម្ពុជា។ ជំហរ​គោលការណ៍​ទី៣ របស់​កម្ពុជា គឺ​កម្ពុជា​ចង់​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នេះ ទុក​បើក​ចំហ​ទ្វារ​មួយ​ឲ្យ​លទ្ធភាព​ធ្វើ​ការ​ចរចា​ទៅ​ថ្ងៃ​មុខ រវាង​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ផង ដោយ​មិត្តភាព​របស់​ប្រទេស​ពាក់ព័ន្ធ​នេះ​ក្នុង​ជម្លោះ​នេះ​ផង»
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​គោលការណ៍​ចំនួន ៦ចំណុច​នេះ៖ «ព្រោះ​វា​ជា​បទដ្ឋាន​មួយ ជា​គតិយុត្តិ​មួយ សម្រាប់​ឲ្យ​អាស៊ាន​មាន​ផ្លូវ​និយាយ​ជាមួយ​ដៃគូ​ប្រទេស​ចិន មហា​អំណាច​នេះ​បាទ»
ប្រទេស​សមាជិក​អាស៊ាន ចំនួន​១០ កន្លង​មក បាន​ចុះ​ហត្ថលេខា និង​យល់​ព្រម​លើ​សេចក្តី​ថ្លែងការណ៍​រួម ឌីអូស៊ី (DOC = Declaration of Conducts) កាល​ពី​ឆ្នាំ​២០០២ កន្លង​ទៅ ដោយ​បាន​សន្យា​ថា នឹង​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ដោយ​សន្តិវិធី។
រហូត​ដល់​ឆ្នាំ​២០១២ នៅ​គ្រា​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ក្រសួង​ការ​បរទេស​កម្ពុជា និង​ឧត្តម​មន្ត្រី​អាស៊ាន ចំនួន​១០​ប្រទេស បាន​ធ្វើ​សេចក្តី​ព្រាង នៃ​ក្រម​ប្រតិបត្តិ ស្ដីពី​ការ​ដោះស្រាយ​ដោយ​សន្តិវិធី ពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ ស៊ីអូស៊ី (COC = Code of Conducts on South China Sea)។
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម និង​ហ្វីលីពីន នៅ​ក្នុង​ប្រទេស​ចំនួន​២ទៀត មាន​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ប្រ៊ុយនេ បាន​ទាម​ទារ​ឲ្យ​កម្ពុជា ជា​ប្រធាន​អាស៊ាន យក​បញ្ហា​ជម្លោះ​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន នោះ ដាក់​បញ្ចូល​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន ប៉ុន្តែ​កម្ពុជា​មិន​បាន​យល់​ព្រម​ទេ។
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​កក្កដា ឆ្នាំ​២០១២ បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា អាស៊ាន​មិន​មែន​ជា​តុលាការ​ទេ។ លោក​បាន​ហៅ​ការ​ទាម​ទារ​នោះ គឺ​ជា​ការ​យក​បញ្ហា​របស់​ខ្លួន​ធ្វើ​ជា​ចំណាប់​ខ្មាំង មិន​ឲ្យ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​កន្លង​មក​នេះ​បាន៕

0 comments:

Post a Comment