Tuesday, July 24, 2012

មូលហេតុ​នៃ​ជម្លោះ​ផ្ទៃ​ក្នុង​គណបក្ស នរោត្ដម រណឫទ្ធិ


2012-07-24
រចនា​សម្ព័ន្ធ​ដឹកនាំ​ក្នុង​គណបក្ស នរោត្តម រណឫទ្ធិ ចាប់​ផ្ដើម​បែក​ខ្ញែក ក្រោយ​ពេល​ដែល​គណបក្ស​នេះ​បរាជ័យ​ក្នុង​ការ​ចង​សម្ព័ន្ធភាព ដើម្បី​ច្របាច់​បញ្ចូល​គ្នា​ជា​មួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច។
RFA/Sok Serey
ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ធ្វើ​សន្និសីទ​
កាសែត នៅ​ដំណាក់ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១២។
សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី​២១ ខែ​កក្កដា ចុះ​ព្រះហស្តលេខា​ដោយ​សម្ដេច​ក្រុម​ព្រះ ប្រធាន​គណបក្ស បាន​បញ្ជាក់​ថា លោក ឈឹម សៀកឡេង ដែល​កំពុង​បំពេញ​តួនាទី​ជា​ប្រធាន​ស្ដីទី ត្រូវ​តែងតាំង​ជា​អគ្គលេខាធិការ​គណបក្ស​ជំនួស​លោក សៅ រ៉ានី ដែល​ត្រូវ​បណ្ដេញ​ចេញ។
អតីត​អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ លោក សៅ រ៉ានី នៅ​ថ្ងៃ​ទី​២៣ កក្កដា មាន​ប្រសាសន៍​ថា លោក​ដាក់​ពាក្យ​បណ្ដឹង​ជា​ផ្លូវការ​ទៅ​កាន់​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​យុត្តិធម៌។ លោក​បន្ត​ថា លោក​ចង់​ឲ្យ​មាន​ការ​បង្រួបបង្រួម​រវាង​គណបក្ស​រាជា​និយម​ទាំង​ពីរ ប៉ុន្តែ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ មិន​យល់​ស្រប​ដោយ​ជឿ​សម្ដី​មន្ត្រី​មិន​ល្អ​មួយ​ចំនួន​ទៅ​វិញ។
លោក​បញ្ជាក់​ថា ការ​ដក​ហូត​តំណែង​លោក​ចេញ​ពី​គណបក្ស ជា​អំពើ​ខុស​ច្បាប់៖ «ដំណើរ​ការ​ហ្នឹង វា​ចេញ​ដល់​កណ្ដាល​ទន្លេ​ទៅ​ហើយ ខ្ញុំ​ចង់​ថា ឲ្យ​ទូក​ហ្នឹង វា​ដល់​ច្រាំង​ខ្ញុំ​ចង់​ធ្វើ​ការងារ​សម្រប​សម្រួល​មួយ​បញ្ចប់​ការងារ​ហ្នឹង ឲ្យ​លោក​មក​ដឹកនាំ ហ៊្វុនស៊ិនប៉ិច ដង្កូវ​លោក​បែរ​ជា​ទន្លាក់​កំហុស​លើ​ខ្ញុំ​ទៅ​វិញ នៅ​ក្បែរ​លោក​ច្រើន​ពេក ខ្ញុំ​ចង់​ដក​ដង្កូវ​ចេញ»
លោក សៅ រ៉ានី បន្ត​ថា លោក​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទាម​ទារ ទី១ សូម​ឲ្យ​ទទួល​ស្គាល់​សិទ្ធិ​កាន់​កាប់ តួនាទី ភារកិច្ច អគ្គលេខាធិការ អគ្គលេខាធិការ​រង និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណបក្ស នរោត្តម រណឫទ្ធិ ជា​បណ្ដោះ​អាសន្ន។ ទី២ បង្គាប់​ឲ្យ​ចុង​ចម្លើយ​ប្រគល់​ត្រា​គណបក្ស នរោត្តម រណឫទ្ធិ ឲ្យ​ដើម​បណ្ដឹង ដើម្បី​គ្រប់គ្រង​ប្រើប្រាស់​បន្ត​និរន្តរភាព​ការងារ​ប្រចាំ​ថ្ងៃ​របស់​អគ្គលេខាធិការ​ដ្ឋាន​គណបក្ស នរោត្តម រណឫទ្ធិ និង​ទី៣ សុំ​ឲ្យ​ព្យួរ​ជា​បណ្ដោះ​អាសន្ន​នូវ​សិទ្ធិ​របស់​ចុង​ចម្លើយ ក្នុង​ការ​ដក​បញ្ចប់​ភារកិច្ច ឬ​ដក​តំណែង ឬ​បណ្ដេញ​ចេញ​ថ្នាក់​ដឹកនាំ​គណបក្ស​គ្រប់​លំដាប់​ថ្នាក់។
យ៉ាង​ណា​ក៏​ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា មាន​ប្រសាសន៍​ថា ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ បាន​ឡាយ​ព្រះហស្តលេខា​បញ្ឈប់​តំណែង​លោក សៅ រ៉ានី និង​មន្ត្រី​គណបក្ស​មួយ​ចំនួន​ទៀត។ លោក​បន្ត​ថា មូលហេតុ​ដែល​បញ្ចប់​តួនាទី​មន្ត្រី​គណបក្ស​ទាំង​នោះ មក​ពី​ពួក​គាត់​ទៅ​ចរចា​នឹង​លោក ញឹក ប៊ុនឆៃ ដោយ​មាន​បំណង​បណ្ដេញ​សម្ដេច​ក្រុម​ព្រះ ចេញ​ពី​ឆាក​នយោបាយ៖ «អ្វី​ដែល​ខ្ញុំ​ចង់​និយាយ គឺ​ថា​លិខិត​គឺ​ជា​លិខិត​ផ្លូវ​ការ​របស់​គណបក្ស នរោត្តម រណឫទ្ធិ និង​ហត្ថលេខា​ដែល​មាន​សុពលភាព​របស់​សម្ដេច​ក្រុម​ព្រះ។ ព្រះអង្គ​ក៏​បាន​ធ្វើ​លិខិត​មួយ ដើម្បី​បញ្ជាក់​ពី​ការ​ពិត​ទៀត​ផង»
លោក​បន្ត​ថា ការ​ប្ដឹង​ផ្ដល់​របស់​លោក សៅ រ៉ានី ជា​បញ្ហា​ផ្ទាល់​ខ្លួន​របស់​លោក សៅ រ៉ានី។
បញ្ហា​ទាំង​អស់​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា ជា​ការ​បរាជ័យ​ថ្មី​មួយ​ទៀត​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ក្នុង​ការ​ដឹកនាំ​គណបក្ស​នយោបាយ បន្ទាប់​ពី​ការ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ជម្លោះ​ផ្ទៃ​ក្នុង​របស់​គណបក្ស នរោត្តម រណឫទ្ធិ បណ្ដាល​មក​ពី​ការ​ដឹកនាំ​របស់​សម្ដេច​ក្រុម​ព្រះ​មិន​មាន​ជោគជ័យ។
លោក​បន្ត​ថា សមាជិក​នៅ​ក្នុង​គណបក្ស​នោះ​អស់​ជំនឿ​ចិត្ត​លើ​ថ្នាក់​ដឹកនាំ។ លោក​បញ្ជាក់​ថា មាន​កត្តា​ផ្សេង​ពី​ខាង​ក្រៅ​ខ្លះ​ដែរ ដូច​ជា​ការ​លូក​ដៃ​ពី​ខាង​ក្រៅ​របស់​គណបក្ស​ដទៃ ដែល​ចង់​បំបែក​បំបាក់ និង​ជា​ពិសេស​ផល​ប្រយោជន៍​បុគ្គល​តែ​ម្តង៖ «ថ្នាក់​ដឹកនាំ​អស់​អនុភាព កាល​ណា​បរាជ័យ​ជាប់ៗ​គ្នា​អីចឹង តាម​ធម្មតា​គេ​ត្រូវ​លា​ឈប់។ អ្នក​ថ្មី​គឺ​ថ្មី មាន​គំនិត​ថ្មី ដែល​ដឹកនាំ​ទៅ​វិញ អាច​មាន​គំនិត​ថ្មី កាល​ណា​នៅ​ដដែលៗ​ហ្នឹង គឺ​ដឹកនាំ​អត់​ទៅ​មុខ​ទេ»
ទន្ទឹម​នឹង​នេះ លោក សៅ រ៉ានី ឲ្យ​ដឹង​ថា លោក​បាន​ដើរ​តាម​សម្ដេច​ក្រុម​ព្រះ​ជា​យូរ​មក​ហើយ ដោយ​សុខ​ចិត្ត​ចោល​តំណែង​ជា​មន្ត្រី​នគរបាល​ជាន់​ខ្ពស់ ប៉ុន្តែ​ទ្រង់ រណឫទ្ធិ នៅ​តែ​បោះបង់​រូប​លោក​ចោល​ទៀត ដោយ​សុខ​ចិត្ត​ជឿ​តាម​ពាក្យ​សម្ដី​អ្នក​នៅ​ជុំវិញ​ព្រះអង្គ។ ទោះ​ជា​យ៉ាង​ណា​ក្តី លោក ប៉ែន សង្ហា បដិសេធ​លើក​ឡើង​របស់​លោក សៅ រ៉ានី ដោយ​លោក​អះអាង​ថា ការ​ដឹកនាំ​របស់​សម្ដេច​ក្រុម​ព្រះ​ប្រកប​ដោយ​សេចក្តី​សន្តោស​ប្រណី និង​ការ​អត់​ឱន​ដល់​កូន​ចៅ​នៅ​ក្រោម​បង្គាប់ តែ​អ្នក​នៅ​ក្រោម​បង្គាប់​តែង​តែ​ក្បត់​ព្រះអង្គ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​មិន​គិត​ពី​ប្រយោជន៍​ជាតិ។
គណបក្ស នរោត្តម រណឫទ្ធិ កើត​ឡើង​បន្ទាប់​ពី​ការ​បែកបាក់​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​បាន​បណ្ដេញ​ព្រះអង្គ​ចេញ​ពី​តំណែង​ជា​ព្រះ​ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច។ ព្រះអង្គ​ត្រូវ​បាន​គេ​ចោទ​ថា មិន​គិត​ការងារ​បក្ស គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ប៉ុន្តែ​សម្ដេច​ក្រុម​ព្រះ​បាន​ធ្វើ​ការ​បដិសេធ​ជា​ញយ​ដង​រួច​ទៅ​ហើយ។
កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា លោក សៅ រ៉ានី បាន​សរសេរ​លិខិត​មួយ​ថ្វាយ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ពី​កំណត់ហេតុ​នៃ​ការ​ចរចា​រវាង​រូប​លោក និង​គណបក្ស ហ៊្វុនស៊ិនប៉ិច ពី​គម្រោង​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ទាំង​ពីរ ព្រម​ទាំង​ស្នើ​ឲ្យ​ព្រះអង្គ​ចាក​ចេញ​ពី​ឆាក​នយោបាយ​ទៀត។ លោក សៅ រ៉ានី ក៏​បាន​ដាក់​លិខិត​ថ្វាយ​ទៅ​ព្រះមហាក្សត្រ និង​បិតា​ព្រះអង្គ​ទៀត​ផង។
ចលនា​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​បក្ស​តែ​មួយ​រវាង​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​បក្ស នរោត្តម រណឫទ្ធិ បាន​លេច​ជា​រូប​រាង​ឡើង​វិញ ដោយ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួម​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ នា​វិមាន​សន្តិភាព ដើម្បី​ស្ដារ​កិត្តិយស​បក្ស​រាជា​និយម ដែល​ធ្លាប់​ឈ្នះ​ឆ្នោត​កាល​ឆ្នាំ​១៩៩៣។ ប៉ុន្តែ​គម្រោង​នេះ​បាន​ជាប់​គាំង​ជា​ថ្មី​ទៀត គឺ​នៅ​រយៈពេល​មិន​ដល់​២​ខែ​ផង បន្ទាប់​ពី​មាន​ការ​ព្រមព្រៀង​នោះ។
អ្នក​វិភាគ​យល់​ថា ការ​បែក​បាក់​គណបក្ស ហ៊្វុនស៊ិនប៉ិច ពី​ពេល​មុន និង​គណបក្ស នរោត្ដម រណឫទ្ធិ ជា​កំហុស​ដ៏​ធំ​របស់​ថ្នាក់​ដឹកនាំ​បក្ស ដែល​ពួក​គេ​តែងតែ​មិន​មាន​សាមគ្គីភាព និង​ចង់​បាន​ផល​ប្រយោជន៍​រៀងៗ​ខ្លួន ហើយ​ប្រការ​ទាំង​អស់​នេះ​នឹង​នាំ​ឲ្យ​ពលរដ្ឋ​លែង​សូវ​មាន​ជំនឿ​លើ​គណបក្ស​រាជា​និយម៕

0 comments:

Post a Comment