ភ្នំពេញៈ ពុំមានការទទួលខុសត្រូវសោះ និងគួរឲ្យខកចិត្តយ៉ាងខ្លាំង ជាអ្វីដែលរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី បានរៀបរាប់ពីបរាជ័យរបស់អាស៊ាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងការឯកភាព ទៅលើលក្ខខណ្ឌសម្រាប់ក្រមប្រតិបត្តិលើបញ្ហាតំបន់សមុទ្រចិន ខាងត្បូង ដែលកំពុងមានវិវាទយ៉ាងក្តៅគគុកនេះ។
ប្រទេសចិន ទាមទារសិទ្ធិជាស្វ័យប្រវត្តិលើដែនទឹក ដែលសម្បូរទៅដោយធនធានធម្មជាតិ ហើយជំនួបកំពូលអាស៊ានសប្តាហ៍នេះ ត្រូវគេរំពឹងថា ជាឱកាសសម្រាប់ប្រទេសជាសមាជិក ដើម្បីបង្ហាញប្រទេសមហាអំណាចនូវលក្ខខណ្ឌ នៃក្រមប្រតិបត្តិ ដែលនាំទៅរកការដោះស្រាយការទាមទារផ្សេងៗរបស់ពួកគេ។
រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី ម៉ាទី ណាតេឡេហ្កាវា ដែលខឹងសម្បា បានថ្លែងទៅកាន់អ្នកយកព័ត៌មាន កាលពីល្ងាចថ្ងៃម្សិលមិញថា ពួកគេ ចោទគួរសួរប្រទេសពាក់ព័ន្ធជម្លោះ ហេតុអ្វីអាស៊ាន បរាជ័យ មិនមានគំនិតតែមួយ ហើយមិនបានឯកភាពគ្នា ទៅលើសេចក្តីប្រកាសរួម ឬសេចក្តីថ្លែងការណ៍ចុងក្រោយនោះ? លោកបានមានប្រសាសន៍ថា៖«អ្នកសួរអ្នកចូលរួមមើល ហេតុអ្វីពួកគេមិនអាចនិយាយដោយសំឡេងតែមួយ មិនថា ជាប្រទេសហ្វីលីពីន និងមិនថា ជាប្រធានអាស៊ានទេ នរណាក៏អ៊ីចឹងដែរ»។ លោកបានបន្តថា៖ «ប៉ុន្តែខ្ញុំគិតថា វាពុំមានការទទួលខុសត្រូវទាល់តែសោះ ដែលយើងមិនអាចសម្រេចបាននូវសេចក្តីប្រកាសរួម លើបញ្ហាសមុទ្រចិនខាងត្បូង នេះជាពេលដែលអាស៊ាន គួរត្រូវគេមើលឃើញថា រួមគ្នាជាធ្លុងមួយ»។
ប្រជាជាតិអាស៊ានចំនួន៤ដែលរួមមានម៉ាឡេស៊ី ប៊្រុយណេ និងវៀតណាម បានអះអាងថា ខ្លួនមានអធិបតេយ្យភាពដែនទឹកក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែការផ្ទុះឡើងខ្លាំងនៃវិវាទរបស់ហ្វីលីពីន ជាមួយចិន លើប្រជុំកោះ ដែលគេស្គាល់ថា Scarborough Shoal បានក្លាយជាចំណុចតានតឹងគ្របដណ្តប់ជំនួបប្រជុំក្នុងសប្តាហ៍នេះ ទាំងមូល។ ហ្វីលីពីន បានចោទចិនថា បានបំពានលើកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នាទៅវិញទៅមក ដែលអាស៊ានគោរពតាម ទាក់ទងនឹងការដកនាវាចេញពីតំបន់មានជម្លោះ កាលពីថ្ងៃទី ១៥ ខែមិថុនាកន្លងទៅ។
រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន លោក Albert Del Rosario ក៏បានចាកចេញពីជំនួបរួមនៃវេទិកាថ្នាក់តំបន់អាស៊ានទាំងខឹង សម្បា ដោយបានបដិសេធមិនឆ្លើយតប នឹងអ្នកយកព័ត៌មាន តែផ្ទុយទៅវិញ បានចែកឲ្យពួកគេ នូវសេចក្តីប្រកាសជាលាយលក្ខណ៍អក្សរ បន្ទោសទៅលើការបំពានយ៉ាងកម្រោលនៃប្រទេសមហាអំណាចទៅលើដែន ទឹកមានជម្លោះ។ សេចក្តីប្រកាសនោះ សរសេរថា៖«បើសិនពុំមានការទប់ស្កាត់ទេ ការកើនឡើងភាពតានតឹងដែលកំពុងបង្កើតឡើង នៅក្នុងដំណើរការនេះ អាចដុតបញ្ឆេះបន្ថែម ក្លាយទៅជាអរិភាពជាក់ស្តែង ដែលពុំមាននរណាចង់ឃើញឡើយ»។ ដោយសំដៅយ៉ាងច្បាស់ទៅលើប្រទេសចិន សេចក្តីប្រកាសនោះបានចោទរដ្ឋសមាជិក ARF មួយថា មានភាពវៀចវេរគំរាមកំហែងនិងប្រើកម្លាំងបាយ។
នៅថ្ងៃទី ២ នៃដំណើរទស្សនកិច្ចមកតំបន់អាស៊ាន លោកស្រី ហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានចៀសវាង ការដាក់ទម្ងន់ ដោយផ្ទាល់ ទៅលើវិវាទនោះ នៅក្នុងសន្និសីទកាសែត ប៉ុន្តែបានមានប្រសាសន៍ថា អាមេរិកមើលឃើញឧទាហរណ៍ នៃការបង្ខិតបង្ខំសេដ្ឋកិច្ច គួរឲ្យបារម្ភ និងការប្រើប្រាស់កម្លាំងយោធា និងនាវា របស់រដ្ឋាភិបាលដែលបង្កជាបញ្ហា ពាក់ព័ន្ធទៅនឹងជម្លោះរវាងអ្នកនេសាទទាំងនោះ។ លោកស្រីបានប្រាប់ក្រុមអ្នកកាសែតថា៖ «យើងជឿជាក់ថា ប្រទេសទាំងឡាយ នៃតំបន់គួរតែធ្វើការ ដោយសហការគ្នា និងលក្ខណៈការទូត ដើម្បីដោះស្រាយជម្លោះដោយមិនមានការបង្ខិតបង្ខំ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង ហើយពិតណាស់ គ្មានការប្រើកម្លាំងបាយ»។
លោកស្រីគ្លីនតុនថ្លែងបន្តថា ទោះបីជាសហរដ្ឋអាមេរិក មិនមានចំណែកនៅក្នុងជម្លោះនោះក្តី ក៏សហរដ្ឋអាមេរិកមាន«ចំណាប់អារម្មណ៍ជាមូលដ្ឋាន»ទៅលើសេរីភាព នៃទិសដៅ ផ្លូវត្រូវដើរ ការរក្សាសន្តិភាព និងស្ថិរភាព ការគោរពច្បាប់អន្តរជាតិ និងពាណិជ្ជកម្មស្របច្បាប់ដែលមិនមានការរារាំង»។
រដ្ឋមន្រ្តីការបរទេសចិន លោក Yang Jiechi បានថ្លែងបន្តិចបន្តួចប៉ុណ្ណោះ នៅខាងក្រៅកិច្ចប្រជុំ ក្នុងអំឡុងកិច្ចប្រជុំកំពូលសប្តាហ៍នេះ។ ប៉ុន្តែបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃពុធ អនុរដ្ឋមន្រ្តីការបរទេសចិន លោកស្រី Fu Ying បានថ្លែងថា ចិន និងអាស៊ានបានព្រមព្រៀងបន្តអនុវត្តសេចក្តីណែនាំ DOC ដែលមិនចងកាតព្វកិច្ច និងមានរយៈពេលមួយទសវត្សរ៍មកហើយ ស្តីពីដែនទឹកជម្លោះនេះ។ សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ចិនសង្ឃឹមថា៖«នឹងអាចចាប់ផ្តើមការពិភាក្សា ស្តីពីក្រមប្រតិបត្តិ (COC) នៅពេលស្ថានភាពកំពុងស្ថិតនៅក្នុងពេលវេលាត្រឹមត្រូវ»។
អគ្គលេខាធិការអាស៊ាន លោក សុរិន្ទ ពិតសុវណ្ណ បានហៅការបរាជ័យ នៃរដ្ឋសមាជិកអាស៊ានទាំង ១០ ដែលមិនអាចឈានដល់ការឯកភាពព្រមព្រៀងគ្នាស្តីពីក្រមប្រតិបត្តិ (COC) នេះថា ជា «បញ្ហាតូចតាចមួយ»។ លោកបន្តថា៖ «ពួកគេនៅតែកំពុងព្យាយាម ពួកគេមិនបានបោះបង់ក្តីសង្ឃឹមនោះទេ ប៉ុន្តែវាត្រូវការការខិតខំប្រឹងប្រែងបន្តិច»។
វោហារស័ព្ទ នៃកិច្ចប្រជុំ កាលពីម្សិលមិញ គឺបង្ហាញពីភាពស្មោះត្រង់ យ៉ាង ចំហ ហើយជាការជម្រះចេញនូវគោលជំហរនៃភាគីនីមួយៗ។ លោកបន្តថា៖ «ដូច្នេះ នៅពេលនេះ យើងត្រូវតែបញ្ចេញចោលនូវអ្វីៗទាំងអស់នោះ ហើយគួរព្យាយាមស្វែងរកវិធីរបស់យើង»។
នៅកិច្ចប្រជុំកំពូលអាស៊ានកាលលើកមុន នៅក្នុងការពិភាក្សាកាលពីខែមេសា បើទោះបីជាមានការពិភាក្សាអំពីថាតើសមុទ្រចិនខាងត្បូង ត្រូវស្ថិតនៅក្នុងរបៀបវារៈឬយ៉ាងណា បញ្ហានេះនៅតែគ្របដណ្តប់លើការពិភាក្សា។
កម្ពុជាគំាទ្រជំហររបស់ចិន នៅក្នុងជម្លោះនោះ ហើយនៅពេលឥឡូវនេះ ក្រុមមន្រ្តី មានការស្ទាក់ស្ទើរខ្លាំង ក្នុងការពិភាក្សាបញ្ហានេះ៕ PS




0 comments:
Post a Comment