Thursday, July 12, 2012

កិច្ច​ពិភាក្សា​ស្ដី​ពី​សមភាព​យេនឌ័រ​ក្នុង​ប្រទេស​ទន្លេ​មេគង្គ​ក្រោម​ទាំង​៥


2012-07-12
ក្រុម​មន្ត្រី​ជាន់​ខ្ពស់ នៃ​ក្រសួង​កិច្ចការ​នារី មក​ពី​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ​ក្រោម​ចំនួន​៥ កំពុង​ជួប​ពិភាក្សា​គ្នា​រយៈពេល​ពីរ​ថ្ងៃ នៅ​ឯ​ខេត្ត​សៀមរាប។
RFA/Hang Savyouth
រដ្ឋមន្ត្រី និង​អនុរដ្ឋមន្ត្រី នៃ​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ​ក្រោម​
ទាំង​៥ ជួប​ពិភាក្សា​គ្នា​លើ​គោល​នយោបាយ​លើក​ទី១ ស្តី​
ពី​សមភាព​យេនឌ័រ និង​ការ​លើក​កម្ពស់​ភាព​អង់អាច​របស់​
ស្ត្រី នា​សណ្ឋាគារ​សូហ្វីតែល (Sofitel Hotel) ខេត្ត​សៀ
មរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១២។
កិច្ច​ប្រជុំ​នេះ គឺ​ផ្ដើម​សន្ទនា​អំពី​គោល​នយោបាយ​លើក​ទី១ ស្តី​ពី​សមភាព​យេនឌ័រ និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី ដើម្បី​ស្វែង​រក​នូវ​គំនិត​សំខាន់ៗ​រួម​គ្នា ក្នុង​ការ​ជួយ​លើក​ស្ទួយ​ស្ថានភាព​ស្ត្រី​ឱ្យ​ប្រសើរ​ឡើង។
ប្រទេស​ទន្លេ​មេគង្គ​ក្រោម​ទាំង​៥ ដែល​កំពុង​ជួប​ប្រជុំ​នោះ​មាន ប្រទេស​មីយ៉ាន់ម៉ា (Burma/Myanmar ) ប្រទេស​ឡាវ (Lao) ប្រទេស​ថៃ (Thailand) ប្រទេស​វៀតណាម (Vietnam) និង​ប្រទេស​កម្ពុជា (Cambodia)។
អ្នកស្រី អ៊ឹង កន្ថាផាវី ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី នៃ​ប្រទេស​កម្ពុជា អ្នកស្រី​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍ បន្ទាប់​ពី​បើក​កិច្ច​ពិភាក្សា កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​កក្កដា ថា ការ​ជួប​ប្រជុំ​គ្នា​រវាង​ប្រទេស​ទាំង​៥ នៃ​ទន្លេ​មេគង្គ​ក្រោម នេះ គឺ​ជា​ការ​ស្វែង​រក​ឱ្យ​ឃើញ​បញ្ហា​រួម​គ្នា​ដែល​ជា​ឧបសគ្គ​ដល់​ស្ត្រី នៅ​ក្នុង​តំបន់ ហើយ​នឹង​ធ្វើ​ការ​ចែក​រំលែក​បទពិសោធន៍​គ្នា ដើម្បី​ដោះស្រាយ។

អ្នកស្រី អ៊ឹង កន្ថាផាវី បាន​បញ្ជាក់​ថា ប្រទេស​ទាំង​៥ បាន​រក​ឃើញ​បញ្ហា​ចំនួន ៤​ចំណុច ដែល​គេ​នឹង​ដាក់​លើ​តុ​ជជែក​ជាមួយ​គ្នា៖ «ពាក់ព័ន្ធ​ទៅ​លើ​ការ​អប់រំ ពាក់ព័ន្ធ​ទៅ​លើ​បញ្ហា​សុខភាព ពាក់ព័ន្ធ​ទៅ​លើ​បរិស្ថាន និង​ពាក់ព័ន្ធ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​យើង​នឹង​ពិគ្រោះ​យោបល់​គ្នា​ក្នុង​រវាង​ប្រទេស​ទាំង​៥ ហ្នឹង។ ដោយ​សារ​តែ​ស្ត្រី​បច្ចុប្បន្ន​ក្នុង​រវាង​ប្រទេស​ទាំង​៥ ហ្នឹង ឃើញ​ថា វប្បធម៌ និង​ប្រពៃណី នៅ​មាន​គាប​សង្កត់​ទៅ​លើ​ផ្នត់​នៃ​គំនិត​របស់​ស្ត្រី ក៏​ដូច​មាតា​បិតា ដែល​ចេះ​តែ​បញ្ជូន​ស្ត្រី​ទៅ​រៀន​សូត្រ នៅ​លើ​ចំណេះ​ដែល​គាត់​យល់​ឃើញ​ថា​ជា​ចំណេះ​សម្រាប់​ស្ត្រី»
សហរដ្ឋអាមេរិក គឺ​ជា​អ្នក​ដែល​បាន​ផ្ដួចផ្ដើម​ឱ្យ​មាន​កិច្ច​ពិភាក្សា​ស្តី​ពី​សមភាព​យេនឌ័រ និង​ការ​លើក​កម្ពស់​ភាព​អង់អាច​របស់​ស្ត្រី​នេះ ក្នុង​បំណង​ឱ្យ​បណ្ដា​ប្រទេស​នៃ​ទន្លេ​មេគង្គ​ក្រោម ចាប់​ផ្ដើម​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​ដល់​ស្ត្រី​នៅ​តំបន់​អាស៊ីអាគ្នេយ៍។
អ្នកស្រី ម៉ាឡេន វើវៀ (Melanne Verveer) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​បញ្ហា​ស្ត្រី​សកល បាន​មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក និង​ប្រទេស​ចំនួន​៥ ដែល​ជួប​ពិភាក្សា​គ្នា​ពេល​នេះ​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ហើយ​ក៏​ជា​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ថ្មី​មួយ ដើម្បី​ចែក​រំលែក​បទពិសោធន៍​ក្នុង​ការ​ជួយ​ដល់​ស្ត្រី​នៅ​ក្នុង​តំបន់ ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ផ្នែក​សង្គម។
អ្នកស្រី ម៉ាឡេន វើវៀ ៖ «យើង​ដឹង​ថា ស្ត្រី​ម្នាក់​គឺ​ជា​ឆ្អឹង​ខ្នង​នៃ​គ្រួសារ​របស់​គេ ជា​ឆ្អឹង​ខ្នង​របស់​សហគមន៍ និង​របស់​ជាតិ​ទាំង​មូល​ផង។ អំណាច​របស់​ស្ត្រី គឺ​ជា​មូលដ្ឋាន​ដ៏​ចម្បង​មួយ ដែល​អាច​ឈាន​ទៅ​រក​ការ​ពិភាក្សា​ដើម្បី​យក​ទៅ​អនុវត្ត​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ពី​សេដ្ឋកិច្ច ដែល​មាន​ឱកាស​ឱ្យ​ក្លាយ​ទៅ​ជា​សន្តិសុខ ហើយ​យើង​នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទម្លាប់​ដែល​មាន​ការ​គាប​សង្កត់​ជា​យូរ​មក​ហើយ ឱ្យ​ឆ្ពោះ​ទៅ​រក​ភាព​ប្រសើរ​មួយ​សម្រាប់​ស្ត្រី​ពេល​អនាគត»
រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី នៃ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​កំពុង​អនុវត្ត​គោល​នយោបាយ ជំរុញ​ឱ្យ​សមភាព​យេនឌ័រ និង​ការ​លុប​បំបាត់​អំពើ​ហិង្សា​ដល់​ស្ត្រី ដោយ​រដ្ឋាភិបាល​បាន​បង្កើន​ថវិកា​ទៅ​លើ​កម្មវិធី​ជាច្រើន​ជា​រៀង​រាល់​ឆ្នាំ។
ក្នុង​១ឆ្នាំៗ ក្រសួង​កិច្ចការ​នារី​បាន​ចំណាយ​ប្រាក់​ប្រមាណ ៣លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ធ្វើ​ការងារ​ជាច្រើន​ជួយ​ដល់​ស្ត្រី​កម្ពុជា​ហើយ។ កាល​ពី​ពេល​ថ្មីៗ ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល​ផ្ដល់​ថវិកា​ចំនួន ២០០​លាន​រៀល ដើម្បី​ធ្វើ​កិច្ចការ​ជំនួយ​ផ្នែក​ច្បាប់ ជួយ​ទៅ​ដល់​ស្ត្រី​ដែល​ជា​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា៕

0 comments:

Post a Comment