ដោយ ហង្ស សាវយុត
2012-07-11
កុមារមួយចំនួនដែលរស់នៅតាមបណ្ដាស្រុកខ្លះ ក្បែរតំបន់ព្រៃដាច់ស្រយាល របស់ខេត្តឧត្តរមានជ័យ កំពុងតែធ្វើការងារដែលស្ថិតក្នុងគ្រោះថ្នាក់ គួរឱ្យព្រួយបារម្ភ នៅពេលដែលពួកគេចាប់ផ្ដើមនាំគ្នាចូលទៅក្នុងព្រៃ ដើម្បីស្វែងរកកម្រៃប្រចាំថ្ងៃ សម្រាប់ជួយដល់គ្រួសាររបស់គេដែលក្រីក្រខ្លាំង។
គេបានមើលឃើញថា ក្នុងចំណោមកុមារខ្លះ ដែលគ្រួសាររបស់គេមានស្ថានភាពក្រីក្រ គឺមិនសូវបានចូលរៀនទៀងទាត់ និងយកចិត្តទុកដាក់ចំពោះការរៀនសូត្រទេ ក៏ប៉ុន្តែ អ្វីដែលពួកគេនិងក្រុមគ្រួសារខ្វាយខ្វល់បំផុត គឺធ្វើយ៉ាងណាឱ្យបានម្ហូបអាហារចម្អែតក្រពះ កុំឱ្យស្រេកឃ្លាន។
ភូមិឈូកមាស នៅក្នុងទឹកដីសង្កាត់កូនគ្រៀល នៃក្រុងសំរោង គឺជាតំបន់ដាច់ស្រយាលចម្ងាយប្រមាណ ៤៥គីឡូម៉ែត្រ ភាគឦសានពីទីរួមខេត្តឧត្តរមានជ័យ។ ទីនោះ មានកុមារតូចៗមួយចំនួន តែងនាំគ្នាចូលព្រៃ ស្វះស្វែងរកបេះជ័រចុង និងជីកទំពាំងព្រៃយកទៅលក់ដូរ ដើម្បីរកប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ការរៀនសូត្រ និងជួយដល់គ្រួសារ។
រ៉ូ សារ៉ាត់ អាយុ១៣ឆ្នាំ គឺជាក្មេងប្រុសតូចម្នាក់ ដែលរស់នៅក្នុងភូមិឈូកមាស ហើយឪពុកម្តាយរបស់គេមានជីវភាពក្រីក្រខ្លាំង។ កុមារ សារ៉ាត់ បាននិយាយថា ជារៀងរាល់ថ្ងៃ ដោយសារតែគ្មានលុយសម្រាប់ទៅសាលារៀន គឺបន្ទាប់ពីចេញពីសាលា គាត់តែងតែចូលទៅក្នុងតំបន់ព្រៃរបស់សហគមន៍ ដែលនៅក្បែរនោះ ដើម្បីឡើងដើមឈើធំៗ និងខ្ពស់ៗ ដោយមិនខ្លាចមានគ្រោះថ្នាក់អ្វីឡើយ ដើម្បីបេះយកជ័រចុង នៅតាមមែកឈើ និងពេលខ្លះជីកទំពាំងព្រៃយកទៅលក់ដូរ ដើម្បីបានប្រាក់ជួយខ្លួនឯងផង និងជួយគ្រួសារផង។
កុមារដដែល បានឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ គាត់តែងចូលទៅក្នុងព្រៃជ្រៅស្ងាត់ជ្រងំ ជាមួយនឹងកុមារម្នាក់ទៀតឈ្មោះ លឹម ប៉ាវ ដែលជាមិត្តដ៏ល្អរបស់គាត់៖ «អត់អង្ករហូប ដើររកទំពាំង ជីកតាមគុម្ពឫស្សី បាន ពីរបីគីឡូ។ បើអត់ទំពាំង គឺបេះជ័រ ឡើង ធ្លាប់ឡើងអីចឹងឯង»។
សារ៉ាត់ បានប្រាប់ថា ការចូលព្រៃក្នុង១ថ្ងៃៗ គាត់អាចស្វែងរកជ័រចុងបានប្រមាណ ៣គីឡូក្រាម ដោយយកទៅលក់បានប្រាក់ប្រមាណ ៤ពាន់រៀល ក្នុង១គីឡូក្រាម។ ចំណែកឯទំពាំងវិញ គឺលក់បានថ្លៃ ៥០០រៀល ក្នុង១គីឡូក្រាម។
លឹម ប៉ាវ គឺជាកុមារាម្នាក់ទៀត អាយុ ១១ឆ្នាំ ដែលតែងតែចូលទៅក្នុងព្រៃឆ្ងាយៗ ដើម្បីស្វែងរកកម្រៃពីអនុផលព្រៃឈើដែរ។ គាត់បានមានប្រសាសន៍ថា ពេលខ្លះគាត់នាំគ្នាដើរចូលទៅក្នុងព្រៃ ដើម្បីស្វែងរកបេះជ័រចុង និងជីកទំពាំងលក់ ដោយមិនទាន់បានហូបបាយទេ គឺមានតែទឹក ១ភីដុង ដែលដាក់ទៅជាប់នឹងខ្លួនប៉ុណ្ណោះ៖ «ម៉ោង៧ ម៉ោង៨ព្រឹក គឺទៅហើយ ទៅបេះជ័រ។ ច្រកទឹកតែ១ភីដុង ទៅ ដល់ព្រៃ លោកឆ្ងាយណាស់ រកជ័របាន ២គីឡូ ៣គីឡូ ទើបមកវិញ។ មួយថ្ងៃបាន ៥-៦គីឡូ លក់បាន១គីឡូ ៥បាត (ប្រាក់ថៃ) អាធំៗ។ ព្រឹកទៅព្រៃ ថ្ងៃទៅរៀន អត់លុយ ទៅបេះជ័រ ពិបាកដើររកទាក់វល្លិទាក់ដុប ទៅហើយ។ ខ្លះណារើស ខ្លះណាឡើងបេះជ័រ។ ខ្ញុំឡើងដើមពង្រប៉ះ ស្រាំងទិច២-៣មេ»។
ថ្វីត្បិតតែពួកគេតូចៗ នាំគ្នាចូលទៅក្នុងព្រៃដ៏ស្ងាត់ជ្រងំ ក៏ប៉ុន្តែពួកគេមិនដើររកអនុផលព្រៃជុំគ្នាទេ គឺបានបែកចេញពីគ្នា ខិតខំស្វែងរករៀងៗខ្លួន។ នៅក្នុងព្រៃក្រាសឃ្មឹក ដែលគេមើលគ្នាមិនឃើញ ក៏ប៉ុន្តែនៅពេលដែលពួកគេចង់រកគ្នា គឺប្រើសញ្ញាស្រែកហៅខ្លាំងៗ។
ឪពុកម្តាយរបស់កុមារទាំងនោះ បានបង្ហាញកង្វល់ថា ពួកគេមានការព្រួយបារម្ភអំពីសុវត្ថិភាពកូនៗ ដោយខ្លាចក្រែងមានគ្រោះថ្នាក់នៅពេលដែលនាំគ្នាឡើងដើមឈើខ្ពស់ៗ ឬក៏អាចជួបប្រទះនឹងសត្វសាហាវ ជាដើម។ ក៏ប៉ុន្តែពួកគេមិនអាចរារាំងកូនៗ មិនឱ្យចូលទៅក្នុងព្រៃនោះឡើយ ពីព្រោះតែពួកគេក៏សង្ឃឹមទៅលើចំណូលដែលកូនៗរកបានពីព្រៃនោះដែរ។
អ្នកស្រី ស៊ាម សារឿត គឺជាម្ដាយរបស់កុមារ រ៉ូ សារ៉ាត់ អ្នកស្រីបានមានប្រសាសន៍ថា ជីវភាពគ្រួសាររបស់គាត់រាល់ថ្ងៃ គឺមានការខ្វះខាតយ៉ាងខ្លាំង។ ការហូបចុកប្រចាំថ្ងៃខ្លះ គឺបានពីកូនប្រុសតូចរបស់គាត់ដែលតែងតែចូលទៅក្នុងព្រៃ៖ «អត់អីហូប ក៏កូនចេះតែដើរខ្លួនវា។ ថ្ងៃណាក៏ទៅ ថ្ងៃណាក៏ខាន។ វាស្គាល់ព្រៃអស់ហើយ វាមិនដែលវង្វេង វាចេះតែទៅ ចេះតែខ្លាច តែវាទៅខ្លួនវា ហាមឃាត់មិនបាន។ ខ្ញុំហាមថា កូនអឺយ កុំឡើងខ្ពស់ៗប្រយ័ត្នធ្លាក់ងាប់។ យកមកដល់លក់ ក៏ឱ្យលុយម៉ែ ២០-៣០បាត យកទៅទិញប៊ីចេង ទិញខ្ទឹម ស្ករ ហូប អត់ហើយ អត់មាន សព្វថ្ងៃក្រ ចេះតែឱ្យកូនដើររក។ សព្វថ្ងៃព្រួយបារម្ភអត់បាយក៏អត់ អីក៏អត់ គឺចេះតែព្រួយ»។
ក្រៅពីក្តីព្រួយបារម្ភចំពោះការខ្វះអាហារប្រចាំថ្ងៃ អ្នកស្រី ស៊ាម សារឿត បានឱ្យដឹងថា គាត់ព្រួយបារម្ភអំពីកូននេះ មិនដឹងថា តើអាចនឹងរៀនដល់ថ្នាក់ណាឡើយ បើជីវភាពរស់នៅរបស់គ្រួសារគាត់ក្រីក្រដូច្នេះ។ អ្នកស្រី បានមានប្រសាសន៍ថា គាត់មានកូនទាំងអស់ចំនួន៥ ក៏ប៉ុន្តែ កូនធំៗរបស់គាត់ចំនួន២នាក់ គឺរៀនបានត្រឹមតែថ្នាក់ទី៨ នៃអនុវិទ្យាល័យ ប៉ុណ្ណោះ ក៏បោះបង់ចោលការសិក្សា ហើយចាកចេញទៅស្វែងរកការងារធ្វើនៅឯប្រទេសថៃ។
អង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះ សមាគមអភិវឌ្ឍន៍កុមារ (CDA) កំពុងធ្វើការងារជួយដល់កុមារក្រីក្រប្រមាណ ២ពាន់នាក់ នៅតាមភូមិជាង១០ នៃតំបន់ដាច់ស្រយាលរបស់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នោះ។
លោក រឹត បូ ជាប្រធានកម្មវិធីរបស់សមាគមអភិវឌ្ឍន៍កុមារ បានមានប្រសាសន៍ថា កុមារជាច្រើនចាប់ពីអាយុ៥ឆ្នាំ រហូតដល់១៦ឆ្នាំ ដែលរស់នៅតំបន់ដាច់ស្រយាល របស់ខេត្តឧត្តរមានជ័យ គឺតែងតែធ្វើការងារចូលទៅក្នុងព្រៃ ហើយមិនសូវយកចិត្តទុកដាក់លើការទៅសាលារៀនទេ។ លោក រឹត បូ បានមានប្រសាសន៍ទៀតថា កុមារខ្លះក្នុងចំណោមនោះ បានទៅសាលារៀនដែរ ក៏ប៉ុន្តែ ការសិក្សារបស់គេមានកំរិតអន់ខ្សោយខ្លាំង បើប្រៀបធៀបជាមួយនឹងកុមារដែលរស់នៅក្នុងទីក្រុង។
លោក រឹត បូ៖ «វាពិតជាប៉ះពាល់ណាស់ ព្រោះការរុកដុប រុកព្រៃ។ គាត់ធ្វើការហ្នឹងហាក់ដូចហួសពីកម្លាំងពលកម្មរបស់គាត់ ពេលខ្លះគាត់ត្រូវឡើងដើមឈើ ដើមអី។ អាហ្នឹង វាមិនដឹងធ្វើម៉េច ដោយសារតែជីវភាព ជំរុញឱ្យពួកគាត់ធ្វើអីចឹង។ យើងចង់អំពាវនាវឱ្យអង្គការជាតិ អន្តរជាតិ ជួយគិតបន្តទៅទៀតទាក់ទងនឹងកុមារ នៅតំបន់ដាច់ស្រយាល គឺគាត់មិនបានទៅរៀន។ កុមារខ្លះ បានរៀនហើយ ក៏ប៉ុន្តែចប់ថ្នាក់បឋមសិក្សា អត់ចេះអាន ចេះសរសេរទេ។ នៅតាមតំបន់ដាច់ស្រយាល ខេត្តឧត្តរមានជ័យ ភាពរងទុក្ខរបស់កុមារ វានៅតែមានខ្លាំងនៅឡើយ»។
ទោះយ៉ាងណា សមាគមអភិវឌ្ឍន៍កុមារ មិនបានដឹងពីតួលេខច្បាស់ថា តើនៅទូទាំងខេត្តឧត្តរមានជ័យ មានកុមារក្រីក្រចំនួនប៉ុន្មានម៉ឺននាក់ ដែលកំពុងរស់តាមតំបន់ដាច់ស្រយាលឡើយ។ គេគ្រាន់តែដឹងថា នៅក្នុងក្រុងសំរោង ដែលគេធ្វើការជួយកុមារចំនួនជាង ២ពាន់នាក់ គឺមានកុមារប្រមាណ៦០% មានជីវភាពក្រីក្រ៕



0 comments:
Post a Comment