 |
ផែនទីទឹកដីកម្ពុជាក្រោមដែលបានបាត់បង់ទៅវៀតណាមនៅឆ្នាំ១៩៤៩។ ផែនទីផ្ដល់ឲ្យដោយ
KKF.ORG (Credit: ABC Licensed) |
គណៈកម្មាធិការអង្គការក្រៅរដ្ឋាភិបាលដែលមាន១៩ប្រទេស បានធ្វើការពិនិត្យទៅលើការដាក់ពាក្យរបស់អង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកកាលពីខែឧសភា ឆ្នាំ២០១២កន្លងទៅ។ ប៉ុន្ដែតំណាងពីប្រទេសវៀតណាមបានប្រឆាំងទៅនឹងការដាក់ពាក្យនេះកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សា ECOSOC របស់អង្គការសហប្រជាជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ ខាងមុននេះនឹងធ្វើការបោះឆ្នោតជាទូទៅមួយដើម្បីសម្រេចថាតើនឹងអនុញ្ញាតឲ្យអង្គការក្រៅរដ្ឋាភិបាលសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកចូលជាសមាជិកពេញសិទ្ធិ ឬក៏យ៉ាងណា។
លោក ថាច់ ង៉ុកថាច់ ដែលជាប្រធានអង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកបានមានប្រសាសន៍ប្រាប់ Radio Australia ជុំវិញរឿងនេះ។
ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយប្រទេសវៀតណាមបានធ្វើការប្រឆាំងនឹងការចូលជាសមាជិកភាពនេះ។ វិទ្យុអូស្រ្ដាលីទទួលបាននូវសេចក្ដីប្រកាសមួយរបស់ឯកអគ្គរដ្ឋទូត Le Hoai Trung តំណាងអចិន្រ្តៃយ៍នៃប្រទេសវៀតណាមនៅក្នុងគណៈកម្មាធិការអង្គការក្រៅរដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិ ដោយវៀតណាមបានលើកឡើងថា អង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកគឺជាអង្គការបរទេសមិនមែនជាអង្គការនៅក្នុងប្រទេសវៀតណាម ហើយក៏មិនជាតំណាងនៃពលរដ្ឋខ្មែរក្រោមនោះដែរ។ វៀតណាមចាត់ទុកថាខ្មែរក្រោមគឺជាជនជាតិភាគតិចនៅក្នុងប្រទេសវៀតណាម។
ចំណុចមួយទៀតដែលវៀតណាមបានលើកឡើងផងដែរនោះ គឺគេបានចោទអង្គការសហព័ន្ធខ្មែរពិភពលោកថា ជាអង្គការដែលធ្វើការញុះញ៉ុងចង់ឲ្យមានការបង្កើតរដ្ឋឯករាជ្យដាច់ចេញពីប្រទេសវៀតណាម។ ទាំងនេះប្រទេសវៀតណាមបានលើកឡើងថា ផ្ទុយទៅនឹងគោលការណ៍លក្ខន្ដិកៈរបស់អង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណាក៏ដោយ លោក ថាច់ ង៉ុកថាច់ ប្រធានអង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមបានបកស្រាយប្រាប់ Radio Australia ថា រឿងនេះមិនមែនដូច្នេះនោះទេ។
(សំឡេងលោក ថាច់ ង៉ុកថាច់ ២)
ទាក់ទងនឹងការជួយជ្រោមជ្រែងពីសំណាក់ស្ថានទូតខ្មែរនៅបរទេសវិញ នៅពេលដែល Radio Australia សាកសួរទៅលោក ថាច់ ង៉ុកថាច់ លោកបានឲ្យដឹងថា ទូតខ្មែរនៅបរទេសមិនដែលបានផ្ដល់ការគាំទ្រជាផ្លូវការនោះទេ។
(សំឡេងលោក ថាច់ ង៉ុកថាច់ ៣)
សូមជម្រាបថា តាមព័ត៌មានដែលវិទ្យុអូស្រ្ដាលីទទួលបានពីអង្គការសហព័ន្ធខ្មែរក្រោមពិភពលោក ខ្មែរកម្ពុជាក្រោមរស់នៅក្នុងទឹកដីវៀតណាមខាងត្បូងសព្វថ្ងៃមានចំនួនប្រមាណ៨លាននាក់ ប៉ុន្ដែមិនមានស្ថិតិផ្លូវការណាមួយបញ្ជាក់អំពីតួលេខនេះទេ។
តាមប្រវត្ដិសាស្រ្ដទឹកដីខ្មែរក្រោមត្រូវបានអាណានិគមនិយមបារាំងកាលពីជំនាន់ត្រួតត្រាតំបន់ឥណ្ឌូចិន បានកាត់ទឹកដីខ្មែរក្រោមទៅឲ្យវៀតណាមនៅក្នុងឆ្នាំ១៩៤៩ ដោយធ្វើឲ្យពលរដ្ឋខ្មែរជាច្រើននាក់រហូតដល់សព្វថ្ងៃមានការខឹង និងសោកស្ដាយយ៉ាងខ្លាំងចំពោះទឹកដីដែលបានបាត់បង់ទៅយ៉ាងស្រោះៗបែបនេះ៕
0 comments:
Post a Comment