Sunday, August 26, 2012

ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន​ជួប​ប្រជុំ​រៀបចំ​សេចក្ដី​ព្រាង​ជូន​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន


2012-08-25
ក្រុម​ឧត្តម​មន្ត្រី​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន មក​ពី​បណ្ដា​ប្រទេស​ចំនួន​១០ បាន​ចាប់​ផ្ដើម​ជួប​ប្រជុំ​គ្នា​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​សីហា ដើម្បី​រៀបចំ​សេចក្តី​ព្រាង​ជាច្រើន ព្រម​ទាំង​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​របាយការណ៍​មួយ​ចំនួន សម្រាប់​ទុក​ជា​ឯកសារ​ត្រៀម​ដាក់​ជូន​ទៅ​ក្នុង​អង្គ​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី៤៤ ដែល​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​២ថ្ងៃ​ខាង​មុខ​ទៀត​នេះ។
ក្រុម​ឧត្តម​មន្ត្រី​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន​ទាំង​១០ ជួប​ប្រជុំ​គ្នា​ធ្វើ​
សេចក្តី​ព្រាង និង​ពិនិត្យ​ទៅ​លើ​របាយការណ៍​មួយ​ចំនួន ដើម្បី​ត្រៀម​
ដាក់​ជូន​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដែល​នឹង​ជួប​ប្រជុំ​នៅ​ពេល​ឆាប់ៗ
នា​សណ្ឋាគារ​អប្សរា​អង្គរ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១២។
ក្រុម​អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន ទាំង​នោះ កំពុង​ធ្វើ​ការ​រួម​គ្នា ដើម្បី​ស្វែងរក​ផល​ចំណេញ​ខាង​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ក្រៅ​តំបន់។
លោក កាន់ ច័ន្ទមេត្តា ជា​អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម របស់​ប្រទេស​កម្ពុជា លោក​បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​សម្រាក​ពី​កិច្ច​ប្រជុំ​ថា ក្រុម​ឧត្តម​មន្ត្រី​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​សីហា គឺ​បាន​ធ្វើ​ការ​ពិភាក្សា​រួម​គ្នា​អំពី​តំបន់​វិនិយោគ និង​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​របាយការណ៍​មួយ​ចំនួន ស្ដីពី​តំបន់​សេរី​អាស៊ាន៖ «កាល​ពី​ព្រឹក​មិញ​ហ្នឹង កិច្ចប្រជុំ​មាន​ការ​ពិភាក្សា​គ្នា ដោយ​ផ្លាស់​ប្ដូរ​នូវ​យោបល់​ជាច្រើន។ ប៉ុន្តែ​អត់​ទាន់​បាន​លទ្ធផល​នោះ​ទេ។ ប្រហែល​ជា​បាន​លទ្ធផល នៅ​ពេល​ដែល​ចប់​ព្រឹក​នេះ ឬ​ក៏​អាច​ជា​រសៀល​នេះ ឬ​ក៏​អាច​ថ្ងៃ​ស្អែក។ របាយការណ៍​នេះ​ជា​ធម្មតា កាល​ណា​ឧត្តម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន គាត់​នឹង​ជូន​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដើម្បី​អនុម័ត​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ»
ដំណើរ​ការ​នៃ​កិច្ច​ប្រជុំ​ក្រុម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដែល​មាន​រយៈពេល​៧ថ្ងៃ នៅ​ក្នុង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ក៏​នឹង​មាន​ការ​ជួប​ពិភាក្សា​រវាង​ក្រុម​រដ្ឋមន្ត្រី​បណ្ដា​ប្រទេស​អាស៊ាន ជាមួយ​នឹង​ប្រទេស​ក្រៅ​តំបន់​ចំនួន​៨​ផ្សេង​ទៀត​ដែរ។
ប្រទេស​ចំនួន​៨ គឺ​មាន​សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ឥណ្ឌា នូវែលហ្សេឡង់ រុស្ស៊ី ចិន និង​ជប៉ុន មាន​គម្រោង​បញ្ជូន​មន្ត្រី​របស់​គេ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​បណ្ដា​ប្រទេស​អាស៊ាន នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ​នេះ។
សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក​មាន​គម្រោង​នឹង​បញ្ជូន​លោក រ៉ន ខឺក (Ron Kirk) ដែល​ជា​ទីប្រឹក្សា​ពាណិជ្ជកម្ម​ជាន់​ខ្ពស់​របស់​លោក​ប្រធានាធិបតី អូបាម៉ា (Obama) មក​កាន់​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​៣០-៣១ ខែ​សីហា ដើម្បី​ចូល​រួម​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ជួប​ប្រជុំ​ផ្នែក​ធុរកិច្ច​កំពូល​រវាង​សហរដ្ឋអាមេរិក អាស៊ាន ផង៕

0 comments:

Post a Comment