Wednesday, August 8, 2012

ការ​ផ្សព្វផ្សាយ​ព័ត៌មាន​​ក្លែង​បន្លំ​ទាក់​ទង​នឹង​មន្រ្តី​រដ្ឋា​ភិបាល​ នាំ​ឲ្យ​មាន​​អសន្តិសុខ​សង្គម​ និង​ការ​រឹត​បន្តឹង​បន្ថែម​លើ​ប្រព័ន្ធ​អ៊ិនធើណែត​


ខុទ្ទ​​កាល័យ​​នា​យក​​រដ្ឋ​​​មន្រ្តី ហ៊ុន សែន ​បាន​​បដិ​សេធ​​លិខិត​​ក្នុង​​ទម្រង់​​ផ្លូ​វការ​​មួយ​​ដែល​​​មាន​​​ហត្ថ​លេខា​​លោក​​នាយក​​រដ្ឋ​មន្រ្តី ​​ហ៊ុន ​សែន ​​ និយាយ​​អំពី​​ការ​​ចូល​​បំភ្លឺ​​របស់​​លោក​នាយក​​​រដ្ឋ​​មន្រ្តី​​​​ក្នុង​​​រដ្ឋ​​សភាទាក់​​​ទង​​​នឹង​​បញ្ហា​ព្រំ​ដែន​ ​គឺ​ធ្វើ​​ឡើង​​តាម​​ការ​​ណែ​នាំ​​របស់​​នាយក​រដ្ឋ​​មន្រ្តី​វៀត​​ណាម​។ មន្រ្តី​ខុទ្ទកាល័យនា​យក​រដ្ឋ​មន្រ្តី​អះអាងថា ​នេះ​​​ជា​​អំ​ពើ​​​ដ៏​​​ថោក​​ទាប ​​រក​​អ្វី​​​ប្រៀប​​ផ្ទឹម​​​មិន​​បាន​​របស់​​​​ជន​​​នយោ​បាយ​​​មួយ​​ចំនួន ​​ដែល​​​ហ៊ាន​​​លេ​ង​​​ល្បែង ​​តែ​​ខ្លាច​​​ចាញ់​ម្ល៉ោះ​​ហើយ​​ត្រូវ​​​លួច​​​បន្លំ​។ ​ចំណែក​ឯ​លិខិត​របស់​លោក ហេង សំរិន ដែលត្រូវ​បាន​អះអាង​ថាក្លែង​បន្លំដែរ​នោះ បង្ហាញថា លិខិត​របស់លោ​កនាយក​​រដ្ឋមន្រ្តី ហ៊ុន សែន​ ទាក់ទង​នឹង​បញ្ហា​ព្រំដែន ​គឺ​មិន​​អាច​​ផ្សព្វ​ផ្សាយ​បានទេ ​ព្រោះអាច​នាំឲ្យ​មាន​ទំនាស់​ជាមួយ​​ប្រទេស​វៀតណាម ដែល​ជាអ្នក​មាន​​គុណ​របស់​​ប្រជា​ជន​កម្ពុជា។
អ្នកស្រាវជ្រាវឯករាជ្យជាន់ខ្ពស់ លោក កែម ឡី លើកឡើងថា នេះជាការប្រណាំង​ប្រជែង​ផ្នែក​នយោ​បាយ ដែលអាចនាំឲ្យ​មានអស្ថេរភាពក្នុងសង្គម ៖ “ខ្ញុំគិតថា ​ទីមួយ​វាឆ្នុះ​បញ្ចាំង​ពី​អសីលធម៌​ ក្នុង​ចំណោម​អ្នក​នយោបាយ​ ទោះបី​អ្នក​នយោបាយ ​ទោះបី​នយោបាយ​ស្តាំក៏ដោយ ​ឆ្វេង​ក៏ដោយ កណ្តាល​ក៏ដោយ ​យើង​ឃើញ​ថា​ភាព​អសីលធម៌​ហ្នឹង ​កាន់​តែ​ច្រើន​ឡើងៗ ​ហើយ​ទីពីរ​ខ្ញុំគិត​ថា​របៀប ​ប្រកួត​ប្រជែង​មិន​មាន​តម្លា​ភាព ​របៀប​ប្រកួត​ប្រជែង​មិន​លំហរ​ របៀប​ប្រកួត​ប្រជែង​មិន​មាន​ការ​ចូល​រួម​ អញ្ចឹង​ជា​ចំនុ​ច​ដែល​ខាតបង់​មួយ​ ទៅដល់​ស្រុក​ខ្មែរ​យើង​ ខ្ញុំ​គិត​ថា​ចំនុច​នេះ ​ប្រសិន​បើមាន​ច្រើឡើ​ងៗ ​វាធ្វើ​ឲ្យ​មាន​អស្ថេរភាព​សង្គម​ដែរ​ ផល​អវិជ្ជា​មាន​របស់​វាណា។”
ស្តាប់សំឡេង៖ 
លោកថា ការផ្សព្វផ្សាយបែបនេះ អាចនាំឲ្យរដ្ឋាភិបាលកាន់តែរឹតបន្តឹងបន្ថែម​ លើការ​ប្រើប្រាស់​​អ៊ិនធើណែតនៅកម្ពុជា ជាពិសេសបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ៖ “ខ្ញុំគិត​ថា ចំនុច​ទាំង​អស់នេះ ​ជំរុញ​ឲ្យរដ្ឋាភិបាល​ បង្កើត​ច្បាប់​ហើយ ​ហើយ​ច្បាប់​នេះ ​អាច​វា​នឹង​តឹងតែង​ទៅទៀត​ណាស។”​
យោងតាមការប៉ាន់ស្មាន ​បច្ចុប្បន្ន អ្នក​ប្រើប្រាស់​​អ៊ិន​ធើណែតនៅកម្ពុជា​ មាន​​ប្រមាណ​ជិត ១លាន​នាក់​ ដែលក្នុងនោះ មានប្រមាណជា ៥០ម៉ឺននាក់ ប្រើប្រាស់ហ្វេសប៊ុក ហើយភាគ​ច្រើន​ជាយុវ​ជន។ ស្រប​ពេល​នេះ​ផង​ដែរ រដ្ឋាភិបាល​ កំពុង​តែពង្រាង​ច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ិន​ធើ​ណែត​​នៅកម្ពុជា។
អ្នកជំនាញ​ខាង​សរសេរប្លក(blog) និង​បណ្តាញ​ទំនាក់​ទំនង​សង្គម ​កញ្ញា ចក់ សុភាព មាន​ប្រសាសន៍​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ មិ​នមែនចេញ​ពីរដ្ឋាភិបាល​នោះទេ ​បើទោះបីជាការ​​ប្រើប្រាស់​​អ៊ិនធើណែត​​នៅកម្ពុជា ​កំពុង​តែកើន​ឡើងក៏ដោយ។​ កញ្ញាថា ​រដ្ឋា​ភិបាល​​ខ្លួន​ឯង ​ក៏មិន​​អាច​​​​យក​បញ្ហា​មួយ​នេះ ម​កធ្វើជា​លេស​មួយ​​ក្នុង​ការ​គ្រប់​គ្រង​ការ​ផ្ស​ព្វ​ផ្សាយ​​​ព័​ត៌​​មា​​នលើ​​ប្រព័ន្ធ​​អ៊ិន​ធើណែតនោះទេ​ ៖ “អញ្ចឹង​ខ្ញុំគិតថា វាមិនមែន​ជាហេតុ​ផល​មួយ​ ដែល​រដ្ឋាភិបាល​នៅពីក្រោយ​ខ្នង​នេះទេ។​ ប៉ុន្តែ​ដូច​នាង​ខ្ញុំនិ​យាយ​អញ្ចឹងថា ​បើទោះ​ប្រភព​នេះ ចេញ​ពីខាង​ណាក៏ដោយ​ ក្នុង​ផ្លូវ​ដូច​ថា ​ក្នុង​ផ្លូវ​មួយ​ ដែល​រដ្ឋា​ភិបាល​ មាន​គោលបំ​ណង ​ទប់ស្កាត់​ហើយ​គាត់​ចេញ​លិខិត​នេះ វា​ប្រហែល ​ទៅ​មិន​រួច​ ហើយ​មួយ​ទៀត​គេ​ថា បើសិន​ជាខាង​ ​ប្រឆាំង​ណាមួយ ​ជាមួយ​រដ្ឋាភិបាល​គាត់​ចង់ ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​ ក្នុង​គោលបំ​ណង​ប្រមាថ​អីនោះ​​ នោះគឺ​ជារឿង​មួយទៀត ​ហើយ​ខ្ញុំគិត​ថា នោះ​បើក្នុង​វិធីណាក៏ដោយ​ វាមិន​គួរ​ជាលេះមួ​យ ដែល​យើង!!!​រដ្ឋា​ភិបាល ​តាក់​តែង​គោល​នយោ​បាយ​យក​មក​ ទៀម​ទារ​លេះ​ក្នុង​ការ​ទប់​ស្កាត់ ​ប្រព័ន្ធ​អ៊ិធើណែតទេ​ចា។”​
អ្នកវិភាគសង្គម លោក ឡៅ ម៉ុងហៃ វិភាគ​ថា នេះអាច​ជា​បញ្ហា​នយោបាយ​នៅពី​ក្រោយ​​ តែ​​លោក​​ថា​មាន​​បុគ្គល​អសីលធម៌​មួយ​ចំនួន ​កាត់​តក្លែង​បន្លំ​ ដូច​ដែល​កើត​ឡើង​នៅ​ប្រទេស​​ដទៃផង​​ដែរ​។ លោកថា អ្នក​ផ្សព្វផ្សាយ​ព័ត៌​មាន​នេះ ​ចង់​ឲ្យមាន​​ចលាចល​ក្នុង​​សង្គម​ ​ស្រ​បពេល​​ដែល​​កម្ពុជា ​នឹង​មាន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅឆ្នាំ២​០១៣ ៖ “ក្រែង​លោ​​ផ្សព្វ​ផ្សាយ​អញ្ចឹង ​ស្ថាន​ការណ៍​ហ្នឹង​ វា​អាប់​អួល​ទៅទៀត ​ជាពិសេស​គឺ មុន​ការ​បោះឆ្នោ​ត ២០១៣ គឺ​ឆ្នាំក្រោ​យ​អីអញ្ចឹង​ណា។”​
ទាក់ទង​នឹង​ព័ត៌មាន​ដែលថា លោក ជា ស៊ីម ទទួល​មរណភាព​នោះ លោក ឡៅ ម៉ុងហៃ​បាន​​ពន្យល់ថា ៖ ”អញ្ចឹង​ឃើញថា ​ការណា​មាន​មរណភាព​អីអញ្ចឹង​ មាន​ការ​ផ្លាស់​ប្តូរ​អញ្ចឹង​ទៅ ​មាន​ការ​គិត​ឡើង​ គិត​ចុះ ​ពី​សម្នាក់​ដែល​បាន ​អ្នក​ទទួល​ស្គាល់​ដំណឹង​ហ្នឹង។”​
ចំណែក ប្រធាន​មជ្ឈមណ្ឌលសិ​ទ្ធិម​នុស្ស​កម្ពុជា ​លោក អ៊ូ វីរៈ បាន​លើក​ឡើង​ថា ​ការ​ផ្សព្វផ្សាយ​​ព័ត៌​មាន​បែបនេះ ​គេរំពឹង​ថា នឹង​មាន​ហើយ​​នៅ​ក្នុងស​ង្គម​ ដែល​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិនធើណែត ​ហើយ​លោកថា ព័ត៌មាន​នេះ អាច​ចេញ​ពីអ្នក​ចង់​រិះគន់​រដ្ឋាភិបាល ​ហើយ​លោក​ចាត់​ទុក​​ព័ត៌​មាន​​ទាំងអស់នោះ​ ជាព័ត៌​មាន​មិនបានកា​រ ៖ “ព័ត៌មាន​ទាំងអស់​នេះ ម​ក​ពីបុគ្គល​មួយ​ចំនួនតូច​ ដែល​ចេះ​តែចង់​ បំភ្លៃ​លេង ​ពេល​ខ្លះ​ចង់​បំភ្លៃ​លេង​ ជួន​ខ្លះ​ចង់​មាន​ឆន្ទៈ​អីមួយ​ អាច​សុទ្ធ​តែ​រឿង​គ្មាន​បាន​ការ​សំរាប់​ប្រទេស​ជាតិ​ទាំង​អស់។​”
ទោះ​បីជា​យ៉ាងណាក៏​ដោយ ​លោក អ៊ូ វីរៈ ​បន្ថែម​ថា ប្រជាពល​រដ្ឋគួរ​តែ​ពិចារណា​ប្រភព​នៃ​ព័ត៌​​មាន​ឲ្យបាន​ច្បាស់​លាស់ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​នូវព័ត៌​មាន​ទំាង​អស់នោះ៕​ 

0 comments:

Post a Comment