Sunday, August 12, 2012

ខ្មែរក្រោមរត់គេចចេញពីការតាមចាប់ខ្លួនរបស់អាជ្ញាធរយួនក្នុងរឿងជម្លោះដីធ្លី


ដោយ៖ ឃ្លាំង វឌ្ឍនជាតិ UAKKBM Radio
ជនភៀសខ្លួនខ្មែរកម្ពុជាក្រោម នៅប្រទេសថៃ
រឿងរ៉ាវជម្លោះដីធ្លីនៅកម្ពុជាក្រោម បានបញ្តាលឲ្យខ្មែរ ក្រោមរាប់ពាន់នាក់ក្លាយជាជនភៀសខ្លួន ព្រោះតែតវ៉ា រឿងដីធ្លីដែលត្រូវបានរដ្ឋាភិបាលយួន ប្លន់យកទៅចែក ឲ្យជនជាតិយួន កាលពី ឆ្នាំ១៩៧៥ ពលរដ្ឋខ្មែរកម្ពុជា ក្រោមទាំងនោះ បានរត់គេចចេញពីការតាមចាប់ បស់ អាជ្ញាធរយួន ហើយមកសម្ងំលាក់ខ្លួននៅប្រទេសជិត ខាង ដើម្បីសុំសិទ្ធិជ្រោកកោននយោបាយពីឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកផ្នែកខាងជនភៀសខ្លួន។ 

ពលរដ្ឋខ្មែរកម្ពុជាក្រោមជាច្រើន ដែលបានរត់ភៀសខ្លួនចេញពីស្រុកកំណើត ទៅរស់នៅប្រទេសកម្ពុជា ប្រ ទេសសៀម និង ប្រទេសមួយចំនួនទៀតនោះ គឺគេចចេញពីការប៉ិនប៉ងតាមចាប់ខ្លួន របស់អាជ្ញាធរយួន ដោយបានចោទប្រកាន់ពួកគាត់ថា បានបះបោរធ្វើបាតុកម្មបញ្តាឲ្យខូចខាតសណ្តាប់ធ្លាប់សង្គម ហើយជន ភៀសខ្លួនខ្មែរក្រោមទាំងនោះបានទៅពឹងពាក់ឧត្តមស្នងការ នៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជន ភៀសខ្លួន ឲ្យជួយធ្វើអន្តរាគមន៍ក្នុងរឿងនេះ តែឧត្តមស្នងការទទួលបន្ទុកផ្នែកខាងជនភៀសខ្លួន របស់ អ.ស.ប មិនបានទទួលពួកគាត់ក្នុងឋានៈជាជនភៀសខ្លួនស្របច្បាប់នោះទេ ព្រោះកាលពីមុនរដ្ឋាភិបាល កម្ពុជា ធ្លាប់បានប្រកាសថាៈ ខ្មែរកម្ពុជាក្រោម ជាខ្មែរដូចគ្នា ដូច្នេះរដ្ឋាភិបាលកម្ពុជាអាចទទួលពួកគាត់ឲ្យ រស់នៅហើយទទួលបានសិទ្ធិ និង ករណីយកិច្ចក្នុងនាមជាពលរដ្ឋខ្មែរដូចបងប្អូនខ្មែរកណ្តាលដែរ តែអ្វីដែល រដ្ឋាភិបាលក្រុងភ្នំពេញបានសន្យានោះ ពួកគេមិនបានអនុវត្តន៍ឡើយ ។

ដូច្នេះជាការរាំងស្ទះក្នុងការសម្រេចចិត្តរបស់ អ.ស.ប ទទួលបន្ទុកផ្នែកខាងជនភៀសខ្លួន។ ក្នុងចំណោម ជនភៀសខ្លួនខ្មែរក្រោមទាំងនោះ គឺមានជនភៀសខ្លួនជាច្រើនដែលត្រូវបាន អាជ្ញាធរយួនចាប់ដាក់ពន្ធនា គារជាបន្តបន្ទាប់ផងដែរ គេមិនបានកាត់ទោសតាមប្រព័ន្ធច្បាប់ ដោយសេរី និងយុត្តិធម៌ទេ ដូចជាករណី សកម្មជនដីធ្លី ខ្មែរកម្ពុជាក្រោមម្នាក់ ដែលធ្លាប់បានដឹកនាំបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលយួនពីការរំលោភ យកដីធ្លីត្រូវបានអាជ្ញាធរយួនកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងនោះមានលោក វិញ បា ជាកសិករខ្មែរក្រោម មួយរូបនៅខេត្តឃ្លាំង ដែលហ៊ានចេញមុខដឹកនាំខ្មែរក្រោមធ្វើការតវ៉ាទាមទាររឿងដីធ្លី ដែលកុម្មុយនីស្តយួន រំលោភយកតាំងពី ឆ្នាំ១៩៧៥។ ហើយត្រូវបានជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ចំណែកឯលោក ចៅ ហេនត្រូវបានអាជ្ញាធរយួនចាប់ខ្លួន គឺបន្ទាប់ពីរូបគាត់ និង ប្រពន្ធបានវិលត្រឡប់មកពីប្រទេសសៀមវិញ ក្រោយ ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំទីក្រុង បាងកក បានបដិសេធសិទ្ធិ ជ្រកកោន។ លោក ចៅ ហេន គឺជាសកម្មជនខ្មែរកម្ពុជាក្រោមម្នាក់ដែលបានដឹកនាំពលរដ្ឋខ្មែរក្រោម នៅ ខេត្តមាត់ជ្រូកឲ្យក្រោកឡើងធ្វើការប្រឆាំងតវ៉ាទាមទារឲ្យអាជ្ញាធរយួនប្រគល់ដីធ្លីជាកេរដូនតាមកវិញ ដែល ការនោះបានធ្វើឲ្យអាជ្ញាធរយួនចេញដីកាចាប់ខ្លួនរូបគាត់ ហើយរហូតមកដល់ពេលនេះគេមិនដឹងថា លោកចៅ ហេន ស្លាប់ឬរស់ឡើយ ព្រោះស្ងាត់បាត់ដំណឹងសូន្យឈឹង សូម្បីតែកូនៗ និងសាច់ញាតិរបស់គាត់ ក៏មិនបានដឹងពីវាសនារបស់គាត់ដែរ។ 

បញ្ហាស្រដៀងនេះក៏បានកើតឡើងនៅខេត្តព្រះត្រពាំង មានការរឹប អូសយកដីស្រែចម្ការ ពីប្រជាពលរដ្ឋខ្មែរក្រោមដែលមានម្ចាស់ដីឈ្មោះអ្នកស្រី ត្រឹង ធីចូវ រងការចាប់ខ្លួន តាំងពី ឆ្នាំ២០១០ ជាប់ពន្ធនាគាររហូតមកដល់សព្វថ្ងៃ។ បញ្ហាខ្មែរកម្ពុជាក្រោមពិតជាស្មុកស្មាញណាស់ ព្រោះពុំមានអង្គការសង្គមស៊ីវិលណាមួយមានវត្តមាននៅឯដែនដីកម្ពុជាក្រោមទេ ហេតុនេះហើយបានជា មិនមានក្រុមឯករាជណាមួយចុះធ្វើការស៊ើបអង្កេតករណីរំលោភសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមនោះផងដែរ។ 

លោក ថាច់ ស៊ុង ជាជនភៀសខ្លួនខ្មែរក្រោមម្នាក់ក្នុងចំណោមជនភៀសខ្លួនខ្មែរក្រោម ៣០០នាក់ប្លាយនៅ ទីក្រុងបាងកក ប្រទេសសៀម បានថ្លែងប្រាប់ភ្នាក់ងារវិទ្យុសំឡេងសហគមព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភព លោកថា៖ រូបខ្ញុំក៏ដូចជាជនភៀសខ្លួនខ្មែរក្រោមដទៃទៀតអញ្ចឹង! កុំពុងតែព្រួយបារម្ភពីវាសនា អនាគត របស់កូនៗ ដ្បិតពួកគេមិនបានចូលសាលារៀន នេះពិតជាលំបាកណាស់ បើចង់ថយក្រោយក៏ថយមិនបាន តែបើចង់ទៅមុខក៏ទៅមិនបាន ដូច្នេះបណ្តោយខ្លួនផ្សងតាមព្រេងវាសនា ដល់ណាគិតដល់ហ្នឹង! 

បច្ចុប្បន្នមិនថាពលរដ្ឋខ្មែរក្រោមប៉ុណ្ណោះទេ សូម្បីតែព្រះសង្ឃពុទ្ធសាសនា ដែលជាទីគោរពសក្ការៈរបស់ ជនជាតិខ្មែរទូទាំងពិភពលោក ក៏ត្រូវបានអាជ្ញាធរយួនតាមចាប់ខ្លួនដែរដ្បិតព្រះសង្ឃខ្មែរក្រោម ទាំងនោះ បានចេញមុខប្រឆាំងតវ៉ា នឹងភាពអយុត្តិធម៌ ដែលរដ្ឋាភិបាលយួន បានជិះជាន់ធ្វើទុក្ខបុកម្នេញ ដល់ព្រះ សង្ឃ និង ពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក៕

0 comments:

Post a Comment