ដោយ សុ ជីវី
2012-08-07
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ដែលតែងរិះគន់ពីបញ្ហាព្រំដែន បានស្វាគមន៍ចំពោះព័ត៌មានដែលថា ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នឹងចូលទៅឆ្លើយដោយផ្ទាល់មាត់នៅរដ្ឋសភា ពីការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម នៅថ្ងៃទី៩ ខែសីហា។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានស្នើទៅប្រធានរដ្ឋសភាថា ការចូលទៅបំភ្លឺជាលើកដំបូងពីបញ្ហាព្រំដែនរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រភេទការពិភាក្សា ពោលគឺមានការចោទសួរដែលអាចផ្ដល់ព័ត៌មានច្បាស់លាស់ពីការបោះបង្គោលព្រំដែនរវាងកម្ពុជា និងប្រទេសវៀតណាម។
លិខិតស្នើសុំដែលចុះហត្ថលេខាដោយតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចំនួន ៩រូប ផ្ញើជូនប្រធានរដ្ឋសភា លោក ហេង សំរិន នៅថ្ងៃទី៦ ខែសីហា បានអោយដឹងថា ការជជែកពិភាក្សាផ្លាស់ប្តូរយោបល់គ្នារវាងអ្នកតំណាងរាស្ត្រ និងតំណាងរដ្ឋាភិបាល នឹងផ្ដល់ព័ត៌មានកាន់តែច្បាស់ទៅដល់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេស និងបង្ហាញពីការទទួលខុសត្រូវរបស់ស្ថាប័នទាំងពីរ គឺនីតិប្បញ្ញត្តិ ឬរដ្ឋសភា និងនីតិប្រតិបត្តិ ឬរដ្ឋាភិបាលចំពោះមុខប្រទេសជាតិ។
អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី មានប្រសាសន៍ថា អ្នកតំណាងរាស្ត្រក៏ដូចជាពលរដ្ឋខ្មែរទូទាំងប្រទេស គឺចង់ដឹងពីចំណុចសំខាន់ៗមួយចំនួន រួមមានមូលហេតុនៃការបោះបង្គោលដោយពុំមានការឃ្លាំមើលពីភាគីទី៣ ការចរចាដោះដូរភូមិ និងការកំណត់បែងចែកព្រំប្រទល់ដែនសមុទ្រ។
អ្នកតំណាងរាស្ត្រគណបក្ស សម រង្សី បានដាក់លិខិតជាច្រើនដងមកហើយ ដោយស្នើអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលទៅបំភ្លឺនៅក្នុងសភាពីបញ្ហាបោះបង្គោលព្រំដែន។ លិខិតចុងក្រោយមួយចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ របស់លោក សុន ឆ័យ បានស្នើអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបំភ្លឺនឹងសំណួរចំនួន ៤ ពីការបោះបង្គោលព្រំដែន។ សំណួរទាំងនោះផ្ដោតលើការដោះដូរភូមិចំនួន២ ក្នុងខេត្តកំពង់ចាម និងគម្រោងការបោះបង្គោលព្រំដែនទឹក ដែលនឹងបន្តពីបង្គោលព្រំដែនលេខ ៣១៤ នៅព្រំប្រទល់ខេត្តកំពត និងខេត្តគៀងយ៉ាង ដែលទើបសម្ពោធក្នុងពេលថ្មីៗកន្លងមក។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានពន្យល់ថា ការចូលទៅបំភ្លឺដោយផ្ទាល់នៅក្នុងសភាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺរបត់ថ្មីមួយសម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។លោក ផៃ ស៊ីផាន ពុំបានបញ្ជាក់អោយច្បាស់លាស់ថា តើលោកនាយករដ្ឋមន្ត្រីនឹងបើកអោយមានការចោទសួរបញ្ជាក់ពីអ្នកតំណាងរាស្ត្រនោះឡើយ ដោយគ្រាន់តែអះអាងថា វេទិកាសភា គឺជាការចោទសួរ និងការបំភ្លឺ។
អ្នកតំណាងរាស្ត្រ លោក ជាម យៀប មានប្រសាសន៍ថា តាមគម្រោង គឺលោកនាយករដ្ឋមន្ត្រីនឹងមកឆ្លើយនឹងសំណួរទាំង៤ ដែលបានស្នើឡើងដោយលោក សុន ឆ័យ ដោយលោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា មួយសំណួរលោកនឹងឆ្លើយក្នុងរយៈពេលមួយម៉ោង។
លោក ជាម យៀប បន្តថា ការដេញដោលណាមួយអាចធ្វើទៅបាន គឺត្រូវមានការយល់ព្រមពីសាមីខ្លួនអ្នកចូលទៅបំភ្លឺ និងពីប្រធានរដ្ឋសភា។
តាមការអះអាងរបស់លោក ជាម យៀប បើរាប់ទាំងការឆ្លើយបំភ្លឺរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង តំណាងរដ្ឋាភិបាលបានឆ្លើយបំភ្លឺពីបញ្ហាព្រំដែនចំនួន ៤ លើកហើយ ចាប់តាំងពីការបោះឆ្នោតជាតិអាណត្តិទី១ ឆ្នាំ១៩៩៣មក។ ប៉ុន្តែការបំភ្លឺទាំងនោះត្រូវសាធារណៈមតិ និងបក្សប្រឆាំងរិះគន់ថា គ្រាន់តែជាការអានរបាយការណ៍ គឺពុំបានផ្តល់ឱកាសអោយមានការចោទសួរបញ្ជាក់បន្ថែមណាមួយឡើយ៕




0 comments:
Post a Comment